យន្តហោះពាណិជ្ជកម្មមួយគ្រឿងរបស់កោះតៃវ៉ាន់ដែលដឹកមនុស្ស៥៨នាក់ បានប៉ះស្ពានហើយធ្លាក់ចូលក្នុងទន្លេនៅខាងក្រៅរដ្ឋធានីតៃប៉ិនៅព្រឹកថ្ងៃពុធនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច២៣នាក់ បើតាមប្រភពពីក្រុមមន្រ្តី។
រូបភាពនិងវីដេអូដែលថតចេញពីកាមេរ៉ាដាក់នៅក្នុងរថយន្តដែលបានចុះផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញពីស្លាបរបស់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ TransAsia ជើងហោះហើរលេខATR-72 បានប៉ះស្ពានហើយធ្លាក់ចូលក្នុងទន្លេ Keelung។
យន្តហោះនោះមិនបានបុកអាគារខ្ពស់ៗជាច្រើននៅក្បែរនោះទេ។
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងទូកជាច្រើនគ្រឿងបានឡោមព័ទ្ធយន្តហោះដែលលិចពាក់កណ្តាលនិងក្រឡាប់ចុះក្រោម ហើយបានទាញក្រុមអ្នកដំណើរជាច្រើនមកកាន់ទីកន្លែងសុត្ថិភាព រួមមានកូនក្មេងម្នាក់។ នៅមិនទាន់ដឹងពីចំនួនមនុស្សដែលស្លាប់នៅឡើយ ហើយក្រុមអាជ្ញាធរមានការភ័យខ្លាចថា ចំនួនមនុស្សស្លាប់ អាចកើនឡើងយ៉ាងឆាប់រហ័ស។
លោក Chen Xinde អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ TransAsia ឱនក្បាលគោរពយ៉ាងខ្លាំងនៅឯសន្និសីទកាសែតនៅថ្ងៃពុធនេះ នៅពេលដែលលោកសុំអភ័យទោសចំពោះការធ្លាក់យន្តហោះនេះ។
លោកនិយាយថា «ជាដំបូងបង្អស់ តំណាងឲ្យក្រុមហ៊ុន TransAsia ខ្ញុំសុំអភ័យទោសម្តងទៀតដល់អ្នកដំណើរនិងសមាជិកអាកាសយានិកដែលបានបាត់បង់ជីវិតក្នុងមហន្តរាយនេះ។ ជាការពិតណាស់ មនុស្សខ្លះនៅបាត់ខ្លួននៅឡើយ។ យើងមានការសោកស្តាយយ៉ាងខ្លាំង»។
យន្តហោះបានធ្លាក់បន្ទាប់ពីហោះចេញពីចំណតអាកាសយាន Sungshan ក្នុងតំបន់ទីប្រជុំជននៃទីក្រុងតៃប៉ិ ហោះទៅកាន់កោះ Kinmen។ គេមិនទាន់ដឹងពីមូលហេតុនៃការធ្លាក់ ដែលបានកើតមានឡើងក្នុងអំឡុងពេលមានអាកាសធាតុស្រឡះល្អនោះ៕