ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ដែល​ករណី​ជំងឺកូវីដ១៩ នៅ​ឥណ្ឌូណេស៊ីកើនឡើង​ខ្លាំង បុគ្គលិក​វេជ្ជសាស្ត្រ ទទួល​បន្ទុក​ខ្លាំង​ជាង​គេ


បុគ្គលិកពេទ្យម្នាក់​ពិនិត្យ​បន្ទាប់​ដាក់​នៅដាច់ដោយឡែក​បណ្តោះអាសន្ន​នៅកីឡដ្ឋាន​ Patriot Candrabhaga សម្រាប់​ប្រជាជន​ដែល​មានរោគសញ្ញា​ជំងឺកូវីដ១៩ ជាយក្រុងហ្សារកាតា​ប្រទេស​ឥណ្ឌូណេស៊ី។
បុគ្គលិកពេទ្យម្នាក់​ពិនិត្យ​បន្ទាប់​ដាក់​នៅដាច់ដោយឡែក​បណ្តោះអាសន្ន​នៅកីឡដ្ឋាន​ Patriot Candrabhaga សម្រាប់​ប្រជាជន​ដែល​មានរោគសញ្ញា​ជំងឺកូវីដ១៩ ជាយក្រុងហ្សារកាតា​ប្រទេស​ឥណ្ឌូណេស៊ី។

នៅពេល​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​រាយការណ៍​អំពី​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ច្រើនជាង​បណ្តាប្រទេស​ផ្សេងទៀត​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍ មកដល់​ពេល​នេះ​ប្រទេស​នេះ​ក៏​មាន​ចំនួន​បុគ្គលិក​វេជ្ជសាស្ត្រស្លាប់​ច្រើនជាងគេ​ក្នុង​តំបន់​ដែរ ដែល​នាំ​អោយ​មានផល​ប៉ះពាល់​លើ​ប្រព័ន្ធ​ថែទាំសុខភាព​ដ៏​ផុយស្រួយ​របស់​ប្រទេស​នេះ។

ទុក្ខវេទនា​ដែល​បុគ្គលិក​ថែទាំ​សុខភាព​ឥណ្ឌូណេស៊ី​បាន​ស៊ូទ្រាំ​គឺ​ស្រដៀង​នឹង​អ្នក​ផ្សេងទៀត​នៅ​ទូទាំងសាកល​លោក​ដែរ ដែល​មាន​ដូចជា​ត្រូវ​ធ្វើការ​ថែម​ម៉ោង​ច្រើន មន្ទីរពេទ្យ​ផ្ទុក​អ្នក​ជំងឺពេញ​ហើយ​ខ្វះ​ធនធាន​នានា​ដូចជា​ឧបករណ៍​ការពារ​ខ្លួន​ជាដើម។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ផ្តល់​ឧបករណ៍​ការពារ​ខ្លួន( PPE) ដល់​បុគ្គលិក​ថែទាំសុខភាព​បន្ទាប់​ពី​កង្វះ​ខាតនៅដំណាក់​កាលដំបូង​រហូត​ដល់​មាន​វេជ្ជបណ្ឌិត​ពាក់​អាវភ្លៀង​ប្លាស្ទិក​នៅពេល​កំពុង​ធ្វើការ។ ប៉ុន្តែ​បញ្ហា​ផ្សេងទៀត​នៅតែ​មាន​ក្នុងប្រទេស​ដែល​មាន​បុគ្គលិក​វេជ្ជសាស្ត្រ​ជាង​២០០​នាក់ ភាគច្រើនជា​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាក បាន​ស្លាប់​ដោយសារ​វីរុស​នេះ។

យោង​តាម​លោក​វេជ្ជបណ្ឌិត Halik Malik អ្នក​នាំពាក្យ​របស់​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូណេស៊ី​អ្នក​ជំងឺវីរុស​កូរ៉ូណា និង​អ្នក​ជំងឺឯទៀត ជារឿយៗ​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរ​សុខភាព​ដូចគ្នា ដែល​ធ្វើ​ឲ្យបុគ្គលិក​ពេទ្យ​កាន់​តែ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ លោក​បន្តថា មាន​តែ​បុគ្គលិក​ដែល​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ហើយ​លទ្ធផល​តេស្ត​ជារឿយៗ​ត្រូវបាន​ពន្យារ​ពេល។

លោក Malik ​និយាយ​ថា៖ «យើង​បារម្ភ​ថា​បើសិន​ជា​ករណី​វិជ្ជមាន​នៅ​ក្នុង​សហគមន៍​នៅ​តែ​បន្ត​កើន​ឡើង នឹង​មាន​ករណីជាច្រើន​ដែល​មិនបាន​ដោះស្រាយ​ត្រឹមត្រូវ»។

កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ករណី​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ឡើង​លើស ២០០.០០០ ករណី ដែល​ជា​ចំនួន​សរុប​ខ្ពស់បំផុត​ទីពីរ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បន្ទាប់ពី​ប្រទេស​ហ្វីលីពីន ដែល​បាន​រាយការណ៍​ករណី​ឆ្លង​ជាង​២៤១.០០០​ករណី។ ក្នុង​ទ្វីបអាស៊ី​ទាំងមូល ករណីស្លាប់​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​៨.២៣០​ករណី​នោះ​គឺ​ស្ថិត​នៅ​លំដាប់​ទី​ពីរ​បន្ទាប់ពី​ឥណ្ឌា​ដែល​មាន​ករណីស្លាប់​ជាង​៧៣.០០០​ករណី។

យ៉ាង​ហោច​ណាស់ មាន​បុគ្គលិក​ថែទាំ​សុខភាព​ចំនួន ២១៣ ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ក្នុងប្រទេស​ឥណ្ឌូណេស៊ី ដែល​រួម​មាន​វេជ្ជបណ្ឌិត​ចំនួន ១០៧​នាក់ និង​គិលានុបដ្ឋាក​ចំនួន​៧៤ ​នាក់​។ នេះបើយោង​តាម​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូណេស៊ី។

ប្រទេស​ហ្វីលីពីន​ដែល​មាន​ករណី​ស្លាប់​ជាង​៣.៩០០​ករណី​នោះ មាន​បុគ្គលិក​វេជ្ជសាស្ត្រ​៣៣​ នាក់​បាន​ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​នេះ​ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុតទីពីរ​ក្នុង​តំបន់​អាស៊ី។ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ទៀត​ដែល​មាន​ចំនួន​ករណី​ស្លាប់ជាង​១០០ ​នាក់​គឺ​នៅ​ម៉ាឡេស៊ី​ដែល​មាន​ចំនួន ​១២៨ ​ករណី។

ប្រទេស​ឥណ្ឌូណេស៊ី​ក៏​ជា​ប្រទេស​មួយ​ដែល​មាន​ចំនួន​វេជ្ជបណ្ឌិត​ទាប​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរ​គឺ​មានត្រឹម​តែ ​៤.២៧​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រជាជន​ចំនួន​១ ម៉ឺន​នាក់​។ នេះ​បើយោង​តាម​អង្គការ​សុខភាព​ពិភពលោក WHO។

​ការ​ស្លាប់​របស់​វេជ្ជបណ្ឌិត​ដ៏​ច្រើន​ដោយសារ​ជំងឺកូវីដ១៩នៅ​ឥណ្ឌូណេស៊ី​នឹង​ប៉ះពាល់​ដល់​កម្លាំង​ពលកម្មក្នុង​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Nurul Nadia អ្នកជំនាញ​សុខភាព​សាធារណៈ​នៃ​មជ្ឈមណ្ឌល​គំនិតផ្តួចផ្តើម​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់​ឥណ្ឌូណេស៊ីដែល​ជា​អង្គការ​ផ្តោត​លើ​សុខភាព។

អ្នក​ស្រី Nadia និយាយ​ថា៖ «ប្រព័ន្ធ​សុខាភិបាល​របស់​យើង​មាន​ភាព​ទន់ខ្សោយ​។ ចំនួន​វេជ្ជបណ្ឌិត​មាន​មិន​សូវ​ច្រើន។​វេជ្ជបណ្ឌិត​ជំនាញ​មាន​តិច ហើយ​ភាគ​ច្រើន​បាន​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​ជំងឺ​កូវីដ​១៩​ឥឡូវនេះ»។

ហើយ​ការ​រាតត្បាត​នៃ​វីរុស​នេះ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​បណ្ដុំ​កោះ​ដែល​មាន​ប្រជាជន​ចំនួន​ជាង​២៧០ លាន​នាក់​នេះ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក WHOកាល​ពី​ខែ​សីហា ប្រទេស​ឥណ្ឌូណេស៊ី​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ចំនួន ៦៦.៤២០ ករណី ដែល​ជា​កំណើន​២៨ ភាគរយ​ពីខែ​កក្កដា។ នៅពេល​ដែល​ករណី​ភាគ​ច្រើន​កើត​មាន​នៅ​ខេត្ត​កោះជ្វា​ខាងកើត​និង​ទីក្រុង​ហ្សាការតា រដ្ឋធានី​របស់​ឥណ្ឌូណេស៊ី និង​កន្លែង​មួយ​ចំនួន​ទៀត​ដែល​ទើប​តែ​កើត​មាន។ ចំនួន​ករណី​ពិតប្រាកដ​ត្រូវបាន​គេ​សង្ស័យ​ថា​មាន​ច្រើន​ជាង​នេះ​ខ្លាំង នៅពេល​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​តែជា​ប្រទេស​ដែល​មាន​អត្រា​ធ្វើតេស្ត​ទាបជាង​គេ​បំផុត​ក្នុង​ពិភពលោក៕

ប្រែសម្រួល​ដោយ​ទុំ ម្លិះ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG