មួយថ្ងៃមុនកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុបដើម្បីបោះឆ្នោតសម្រេចសំណើសមាជិកភាពរបស់ប្រទេសអ៊ុយក្រែនក្នុងប្លុកនេះនោះ កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើទីក្រុង Kharkiv ដែលជាទីក្រុងធំបង្អស់ទី២របស់ប្រទេសអ៊ុយក្រែន និងតំបន់ Donbas នៅភាគខាងកើតរបស់ប្រទេសនេះ។
កិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃរបស់មេដឹកនាំសហភាពអឺរ៉ុបចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ លោកស្រី Olha Stefanishyna ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកកិច្ចការសមាហរណកម្មជាមួយអឺរ៉ុប និងអឺរ៉ុបអាត្លង់ទិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ការបោះឆ្នោតអាចនឹងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ។
កាលពីសប្តាហ៍មុន គណៈកម្មការអឺរ៉ុបបានផ្តល់អនុសាសន៍ជាផ្លូវការអំពីបេក្ខភាពរបស់ប្រទេសអ៊ុយក្រែន និងប្រទេសម៉ុលដាវី ដែលនៅក្បែរប្រទេសអ៊ុយក្រែន ជាសមាជិកសហភាពអឺរ៉ុប។ កាលពីថ្ងៃពុធ លោកស្រី Stefanishyna បាននិយាយថា លោកស្រីមានជំនឿចិត្ត១០០ភាគរយថា ប្រទេសអ៊ុយក្រែននឹងទទួលបានឋានៈបេក្ខភាពរបស់សហភាពអឺរ៉ុប។
ឋានៈជាបេក្ខភាពនេះគឺជាជំហានទី១ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេស។ ប្រទេសអ៊ុយក្រែនត្រូវបំពេញតាមលក្ខខណ្ឌសេដ្ឋកិច្ច និងនយោបាយមួយចំនួន ដូចជាបទដ្ឋានគោលការណ៍លទ្ធិប្រជាធិបតេយ្យជាដើម។
លោកស្រី Stefanishyna បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា លោកស្រីគិតថា ប្រទេសអ៊ុយក្រែននឹងអាចក្លាយជាសមាជិករបស់សហភាពអឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ដោយឡែកមន្ត្រីអឺរ៉ុបមួយចំនួនបានលើកឡើងថា វាអាចប្រើពេលយូររហូតដល់ច្រើនទសវត្សរ៍។
លោកស្រី Stefanishyna ប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា៖ «យើងបានធ្វើសមាហរណកម្មច្រើនហើយជាមួយសហភាពអឺរ៉ុប។ យើងចង់ក្លាយជាសមាជិកដែលខ្លំាង និងមានលទ្ធភាពប្រកួតប្រជែង ដូចនេះវាអាចប្រើពេលពី២ឆ្នាំទៅ១០ ឆ្នាំ»។
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទកថាវីដេអូប្រចាំរាត្រីទៅកាន់ប្រទេសជាតិថា លោកបាននិយាយជាមួយមេដឹកនាំសហភាពអឺរ៉ុប១១ប្រទេសរួចហើយកាលពីថ្ងៃពុធ អំពីបេក្ខភាពរបស់ប្រទេសអ៊ុយក្រែន ហើយលោកនឹងហៅទូរស័ព្ទបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ។ ក្នុងពេលកន្លងទៅ លោក Zelenskyy បានបង្ហាញសុទិដ្ឋិនិយមចំពោះការចូលរួមជាមួយសហភាពអឺរ៉ុប ដោយនិយាយថា លោកជឿជាក់ថា រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបទាំង២៧ប្រទេសនឹងគាំទ្រឋានៈបេក្ខភាពរបស់ប្រទេសអ៊ុយក្រែនក្នុងសហភាពអឺរ៉ុប។
ទន្ទឹមនឹងនេះដែរ អភិបាលតំបន់ Kharkiv លោក Oleh Synehubov និយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ីទៅលើតំបន់លំនៅដ្ឋានក្នុងទីក្រុង Kharkiv និងទីក្រុងផ្សេងទៀតនៅក្នុងតំបន់នេះ កំពុងបន្តមិនស្រាកស្រាន្ត៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse