ខណៈដំណើរការបោះឆ្នោតខិតជិតមកដល់ គណបក្សនយោបាយមួយចំនួន ក្រៅពីគណបក្សកាន់អំណាច កំពុងធ្វើសកម្មភាពតាមមូលដ្ឋានយ៉ាងសកម្មជាងគណបក្សមួយចំនួនទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទទួលបានសំឡងគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងចំណោមគណបក្សទាំងនោះ គេឃើញថា គណបក្សភ្លើងទៀន កំពុងបង្ហាញសកម្មភាពរបស់ខ្លួនទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ជាក់ស្តែង បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ គឺលោក សុន ឆ័យ អនុប្រធានបក្ស កំពុងធ្វើសកម្មភាពនៅប្រទេស នូវែលសេឡង់ រីឯលោក ទាវ វណ្ណុល ប្រធានបក្ស កំពុងធ្វើសកម្មភាពនៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃអង្គារថា ក្នុងដំណើរការទៅក្រៅប្រទេសរបស់លោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ជាកិច្ចការទូទៅរបស់គណបក្ស ដូចគ្នានឹងគណបក្សផ្សេងទៀត ដើម្បីស្វែងរកនិងទទួលបានការគាំទ្របន្ថែមដល់គណបក្ស។
លោកលើកឡើងថា៖ «បើយើងមិនបានជួបជុំគេ មិនបានផ្សព្វផ្សាយទេ មិនបានរាក់ទាក់លើកទឹកចិត្ត ឱ្យគេយល់ឱ្យគេចូលរួមជួយ ពីព្រោះបញ្ហាជាតិ បញ្ហាសង្គម វាគឺជារឿងរបស់យើងទាំងអស់គ្នា មិនអាចឆ្លើយថា ទួលផែនដីទៅហើយ គឺមិនរួចទេ គឺត្រូវជួយគ្នាអ៊ីចឹងហើយ។ សកម្មភាពជួបជុំហ្នឹងគឺជាការលើកទឹកចិត្ត និងការផ្ដល់ព័ត៌មានបច្ចុប្បន្នភាព អំពីសកម្មភាពរបស់គណបក្សនៃការគាំទ្រប្រជាប្រិយភាពរបស់គណបក្សនៅខាងក្នុងប្រទេស ដើម្បីឱ្យពួកគាត់យល់»។
កាលពីចុងខែតុលា ឆ្នាំ ២០២២ ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានសារជាថ្មីថានឹងរំលាយគណបក្សភ្លើងទៀន បើសិនជាសមាជិកបក្សនេះមានសកម្មភាពនិងទំនាក់ទំនងជាមួយនឹងលោក សម រង្ស៊ី អ្នកនយោបាយជំទាស់ចាស់វស្សាមួយរូប ដែលកំពុងនិរទេសនិងរស់នៅក្រៅប្រទេស ដើម្បីធ្វើនយោបាយប្រឆាំងរបស់គណបក្សសង្គ្រោះជាតិដោយប្រយោលពីក្រៅប្រទេស។ តំណាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានច្រានចោលនិងបញ្ជាក់ជាបន្តបន្ទាប់ថា ខ្លួនមិនមានទំនាក់ទំនងអ្វីជាមួយលោក សម រង្ស៊ី និងអតីតសមាជិកដទៃទៀតនៃគណបក្សសង្គ្រោះជាតិឡើយ។
នៅពេលសួរថាតើគណបក្សព្រួយបារម្ភពីការឃ្លាំមើលរបស់រដ្ឋាភិបាលលើទំនាក់ទំនងជាមួយអតីតគណបក្សសង្គ្រោះជាតិដែលកំពុងធ្វើនយោបាយនៅក្រៅប្រទេស លោក គីមសួរ ភិរិទ្ធ បានបញ្ជាក់ថា សកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅក្រៅប្រទេសនៅពេលនេះ មិនមែនជាប់ពាក់ព័ន្ធនឹងបក្សសង្គ្រោះជាតិឡើយ។
លោកថ្លែងថា៖ «អត់មានអីព្រួយបារម្ភទេ ពីព្រោះយើងអត់ទៅទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិអីហ្នឹងទេ គឺយើងទៅធ្វើសកម្មភាពក្នុងនាមជាគណបក្សភ្លើងទៀន។ ដូច្នេះយើងធ្វើសកម្មភាពស្របច្បាប់ ពីព្រោះគ្មានអីត្រូវព្រួយបារម្ភ សូម្បីនៅក្នុងប្រទេសក៏ដោយ។ យើងធ្វើតែអ្វី តាមក្របខ័ណ្ឌនៃច្បាប់ដែលអនុញ្ញាតឱ្យយើងធ្វើ ដូច្នេះអត់មានអីដែលពិបាកទេក្មួយ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នឹងចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះចូលរួមការបោះឆ្នោតរបស់គណបក្សនយោបាយនិងបេក្ខជនរបស់ខ្លួន ចាប់ពីថ្ងៃទី ២៤ ខែមេសា ហើយនិងឈប់ទទួលពាក្យនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣។
លោក គីមសួរ ភិរិទ្ធ បានបញ្ជាក់ថា គណបក្សភ្លើងទៀន នឹងទៅចុះឈ្មោះគណបក្សនិងបេក្ខជនក្នុងបញ្ជីរបស់ គ.ជ.ប នៅខែមេសាខាងមុខនេះ។ លោកក៏លើកឡើងថា គណបក្សភ្លើងទៀនសង្ឃឹមថា នឹងទទួលបានជោគជ័យច្រើននៅក្នុងការបោះឆ្នោតខាងមុខ ស្របពេលដែលបក្សកំពុងត្រៀមសកម្មភាព ដើម្បីធ្វើការឆ្លើយតបផងដែរ។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះដែរថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងទៅចូលរួមក្នុងការចុះឈ្មោះគណបក្សនិងបេក្ខជនក្នុងបញ្ជីរបស់ គ.ជ.ប បើទោះបីជាគណបក្សមិនសូវមានសកម្មភាពចុះតាមមូលដ្ឋានក្តី។ ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា គណបក្សក៏បានរៀបចំឱ្យមានការជួបជុំជាមួយក្រុមការងារថ្នាក់រាជធានី ខេត្ត ថ្នាក់ឃុំសង្កាត់មួយចំនួនផងដែរ។
លោកថ្លែងថា៖ «ជារួមក្រុមការងារ ថ្នាក់រាជធានី ខេត្ត ថ្នាក់ឃុំសង្កាត់ហ្នឹង គាត់មានការជួបជុំជាមួយនឹងក្រុមការងារនៅមូលដ្ឋាន ជាទៀងទាត់ដែរ។ ប៉ុន្តែចង់បញ្ជាក់ផងដែរថា គណបក្សមូលដ្ឋានរបស់យើងគឺមិនទាន់ ចងក្រងបណ្តាញ ចងក្រងក្រុមអីឱ្យបានទូលំទូលាយធំ ដូចគណបក្សប្រជាជន ដូចគណបក្សភ្លើងទៀន។ អ៊ីចឹង សកម្មភាពចុះមូលដ្ឋានរបស់យើង ក៏វាមិនជាសកម្ម ដូចគណបក្សគេនៅឡើយទេបាទ»។
ចំណែកឯអនុប្រធានគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឬទ្ធិ ប្រាប់វីអូអេថា ក្រោយពីការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមកន្លងមក គណបក្សបានរៀបចំជាផែនការ ខ្លី មធ្យម និងផែនការវែង។ លោកបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នឹងមានការពង្លឿនសកម្មភាពឱ្យខ្លាំងទៅមុខទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់និងជឿទុកចិត្តលើគណបក្ស។
លោកថ្លែងថា៖ «ចំពោះខែបួនខាងមុខ ចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ៨ ខែ ៥ ដែល គ.ជ.ប ទទួលការចុះឈ្មោះគណបក្សនយោបាយនិងបញ្ជីគណបក្សនយោបាយ បេក្ខជនជាដើមនោះ គណបក្សខ្មែររួបរួមជាតិ បានសម្រេចថា នឹងចូលរួមការបោះឆ្នោត ជ្រើសតាំងអ្នកតំណាងរាស្រ្ត នៅឆ្នាំ ២០២៣ ខាងមុខនេះ»។
ជាមួយគ្នានេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្នុងចំណោមគណបក្សនយោបាយទាំងអស់នេះ ក្រៅពីគណបក្សប្រជាជន លោកយល់ថា គណបក្សភ្លើងទៀនមានភាពលេចធ្លោជាងគេ ហើយបន្ទាប់មក គណបក្សសំឡេងប្រជាធិបតេយ្យ (LDP) និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ក៏ប៉ុន្តែលោកបានកត់សម្គាល់ថា គណបក្សនយោបាយពីរចុងក្រោយនេះ ហាក់បាត់បង់សំឡេងគាំទ្រទៅវិញ។
លោកថា៖ «ក្រោយព្រឹត្តការណ៍ ២០១៧ បោះឆ្នោតឃុំសង្កាត់រហូតដល់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ហ្នឹង យើងឃើញមានតែគណបក្សភ្លើងទៀន ដែលលេចធ្លោ ដោយឡែកបក្សតូចៗពីរទៀតដែលមានភាពលេចធ្លោដែរគឺ គណបក្សសំឡេងប្រជាធិបតេយ្យ (LDP) និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)។ ប៉ុន្តែបក្សពីរហ្នឹង គាត់បាត់តម្លៃពីនយោបាយទៅវិញ ដោយសារតែមន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានហ្នឹង លោក យ៉ង សាំងកុមារ គាត់ចុះចូលជាមួយនឹងគណបក្សប្រជាជន គណបក្សកាន់អំណាចអ៊ីចឹងទៅ វាធ្វើឱ្យតម្លៃនៃនយោបាយរបស់គណបក្សហ្នឹង ធ្លាក់តាមហ្នឹងខ្លះដែរទីមួយ។ ហើយទីពីរ គឺគណបក្សសំឡេងប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា ក្រោយមានព្រឹត្តិការណ៍ Black Hole ហ្នឹងគឺធ្វើឱ្យពលរដ្ឋបាត់ជំនឿច្រើនណាស់»។
លោកបន្ថែមទៀតថា ក្រៅពីគណបក្សទាំងនេះ គណបក្សដទៃទៀតក៏មានសំឡេងដែរ តែមិនអាចគៀងគរសំឡេងគាំទ្របានច្រើនទេ បើយោងតាមលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ កាលពីខែមិថុនាកន្លងទៅនេះ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា នៅពេលដែលគណបក្សសង្គ្រោះជាតិ គាត់អត់អាចរស់រានមានជីវិត ឬក៏មេបក្សត្រូវបានជាប់ទោសបន្តទៀត អ៊ីចឹងសំឡេងដែលមិនគាំទ្រគណបក្សប្រជាជនទាំងអស់ ប្រហែលជាមូលត្រឡប់មកគាំទ្រគណបក្សភ្លើងទៀនច្រើនជាង។ អ៊ីចឹងនៅពេលបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុខនេះ ខ្ញុំគិតថាគណបក្សភ្លើងទៀនអាចមានសំឡេងប្រមូលផ្តុំបានច្រើន អាចបានច្រើនរហូត អាចដល់ ១ភាគ៣ បើតាមទស្សនៈ ឬក៏ការប៉ាន់ប្រមាណមើល បាទ»។
លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ក៏បានបញ្ជាក់ផងដែរថា គណបក្សភ្លើងទៀន គឺជាគណបក្សប្រឆាំងមួយដែលមិនរណបទៅខាងគណបក្សកាន់អំណាចទេ ហើយអាចធ្វើឱ្យមហាជនជឿជាក់ ជាពិសេសបក្សមានរចនាសម្ពន្ធទូលំទូលាយនៅតាមមូលដ្ឋានជាងគណបក្សផ្សេងៗទៀត។
ដោយឡែក គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ក៏កំពុងធ្វើសកម្មភាពចុះតាមមូលដ្ឋានយ៉ាងសកម្ម ដើម្បីបញ្ច្រៀបគោលការណ៍នយោបាយបក្សនិងពង្រីកសំឡេងគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងសកម្មភាពទាំងអស់នោះ ក៏រួមមានការទទួលយកសមាជិកបក្សថ្មីមកពីគណបក្សផ្សេងទៀត ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជា៕