អ្នកជំនាញអង្គការសហប្រជាជាតិ(អ.ស.ប) ៣រូបបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតស្ថាប័នឱ្យសារព័ត៌មានវីអូឌី (VOD ឬ Voice of Democracy)ដំណើរការឡើងវិញ ដោយលើកឡើងថា ពិភពលោកកំពុងតែមើលកម្ពុជានាពេលនេះ ខណៈនឹងមានការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកជំនាញទាំងនោះ ដែលវីអូអេទទួលបាន។
អ្នកជំនាញទាំងនោះ មានដូចជាលោក Vitit Muntarbhornអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា អ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកការពារអ្នកតស៊ូមតិ និងអ្នកស្រី Irene Khan អ្នករាយការណ៍ពិសេសទទួលបន្ទុកការលើកកម្ពស់ និងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
ពួកគេបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងមានការព្រួយបារម្ភអំពីការលុបចោលអាជ្ញាបណ្ណសារព័ត៌មានវីអូឌី ដោយមិនមាននីតិវិធីត្រឹមត្រូវ ដែលវាប៉ះពាល់ភ្លាមៗនៅមុនការបោះឆ្នោតនាខែកក្កដា ឆ្នាំនេះ ដែលមានសារសំខាន់»។
ពួកគេអះអាងថាវាស្ទើរតែលែងមានសារព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជាទៀតហើយ ក្រោយបិទសារព័ត៌មានវីអូឌី ដែលហ៊ានរាយការណ៍បញ្ហាសិទ្ធិមនុស្ស បទល្មើសបរិស្ថាន និងអំពើពុករលួយ។
អ្នករាយការណ៍ពិសេសបញ្ជាក់ថា៖ «ពិភពលោកកំពុងតែមើលមកកម្ពុជា នៅមុនការបោះឆ្នោតនាខែកក្កដាខាងមុខនេះ»។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលរបស់លោកមិនអនុញ្ញាតឱ្យសារព័ត៌មានវីអូឌីអាចដំណើរការឡើងវិញឡើយ ក្រោមហេតុផលថាការផ្សាយកន្លងទៅពាក់ព័ន្ធថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយឱ្យរដ្ឋាភិបាលប្រទេសតួកគី គឺជាការធ្វើឱ្យបែកបាក់ផ្ទៃក្នុងរបស់រដ្ឋាភិបាល។
ការដកអាជ្ញាបណ្ណវីអូឌីត្រូវបានមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងអង្គការក្នុងស្រុកមួយចំនួនចាត់ទុកថាមិនបានអនុលោមទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ អង្គការសង្គមស៊ីវិលលើកយកមាត្រា១០នៃច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ដែលចែងថាមនុស្សមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាននៅពេលដែលពួកគេយល់ថា សេចក្តីថ្លែងការណ៍មួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មានត្រូវឆ្លើយតបក្នុងរយៈពេល៧ថ្ងៃ៕