ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា ក្នុង​នាម​ជា​បេក្ខនារី​អនុ​ប្រធានាធិបតី​មិនមែន​ស្បែក​ស លោកស្រី Harris ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព


អ្នកស្រី Kamala Harris បេក្ខជន​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចាំបាច់​សម្រាប់​ទទួលការតែងតាំង​បេក្ខភាព​ពី​គណបក្ស​ប្រជាធិបតេយ្យ។

លោកអតីតអនុប្រធានាធិបតី Joe Biden បានធ្វើ​ឱ្យ​មាន​ការ​កត់សម្គាល់​ក្នុងប្រវត្តិសាស្ត្រ​ដោយបាន​ជ្រើសរើស​លោកស្រី Kamala Harris សមាជិកា​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក។

លោកស្រី Harris ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អស់ និង​ជា​ស្ត្រី​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ខាង​ត្បូង​ដំបូង​គេ​បង្អស់​ផង​ដែរ ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​នៃ​គណបក្ស​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក។

អ្នកស្រី Amanda Hunter ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ទំនាក់ទំនង​នៃ​អង្គការ Barbara Lee Family Foundation និយាយ​អំពី​តុល្យភាព​ដែល​តម្រូវ​ឱ្យ​មាន​បេក្ខជន​ជា​នារី យ៉ាង​ដូច្នេះ​ថា៖ «ជា​ញឹក​ញយ ខ្ញុំ​ប្រៀបធៀប​ការ​ធ្វើ​ឱ្យ​មានតុល្យភាពនេះ​ទៅ​នឹង​ការដើរ​លើខ្សែពួរ​ដែល​មាន​ចង​ខ្ពស់​ពី​ដី។ បេក្ខនារី​គួរនិយាយ​កំប្លែង​ក៏​ប៉ុន្តែ​កុំ​ឱ្យកំប្លែង​ពេក ទទួល​យក​កិត្តិយស​តែ​ក៏​គួរ​ចែក​រំលែក​កិត្តិយស​ដែរ ស្លៀកពាក់​សមរម្យ​ក៏​ប៉ុន្តែ​កុំ​ប្រើ​សម្លៀក​បំពាក់​ថ្លៃៗ​ពេក»។

អ្នកស្រី Amanda Hunter និយាយ​បន្ថែម​ទៀត​ថា៖ «យើង​ទំនងជា​នឹងឃើញ​ការ​លើក​ឡើង​ពី​ខាង​បណ្តាញ​ផ្សាយ​ព័ត៌មាន ឬ​ពី​មេដឹកនាំ​ឯ​ទៀតៗ​អំពី​ការ​វាយតម្លៃ​លើ​រូបរាង​របស់​លោកស្រី Harris លើ​របៀបនិយាយ​របស់​លោកស្រី និង​លើ​ឥរិយាបថ​ទាំង​អស់​របស់​លោកស្រី​នៅ​ក្នុង​វិធីមួយ​ដែល​មិន​ឃើញ​ត្រូវ​បាន​អនុវត្ត​លើ​បេក្ខជន​ជា​បុរស»។

លោកស្រី Kamala Harris ជា​ស្ត្រី​ទី ៣ ដែល​ត្រូវបាន​តែងតាំង​ជា​បេក្ខនារី​អនុប្រធានាធិបតី​សម្រាប់​គណបក្ស​ធំមួយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ បេក្ខនារី​ពីរ​រូប​ទៀត​មុន​លោកស្រី Harris គឺ​លោកស្រី Sarah Palin អតីត​អភិបាល​រដ្ឋ Alaska ដែល​ជា​បេក្ខនារី​អនុប្រធានាធិបតី​របស់​លោក John McCain ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ ២០០៨ និង​លោកស្រី Geraldine Ferraro ដែល​ជា​បេក្ខនារី​អនុប្រធានាធិបតី​មុន​ដំបូង​គេ​បង្អស់ ដែល​បានឈរ​ឈ្មោះ​ជាមួយ​លោក Walter Mondale ខាង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពីឆ្នាំ ១៩៨៤។

លោកស្រី Kelly Dittmar គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ Rutgers នៃ​ទីក្រុង Camden រដ្ឋ New Jersey និង​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ស្ត្រី និង​នយោបាយ​អាមេរិកាំង (Center for American Women and Politics [CAWP])។

លោកស្រី​និយាយ​ថា៖ «យើង​ដឹង​ប្រាកដ​ថា ស្ថាប័ន​នយោបាយ​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​រឹង​ទទឹង​ទាក់ទិន​នឹង​រឿង​ជាតិសាសន៍ និង​រឿង​ភេទ។ ខ្ញុំ​យល់​ថា ប្រសិនបើ​យើង​អាច​បញ្ចៀស​កុំ​ឱ្យ​មាន រឿង​ដូច​នេះ​កើតឡើង​បាន​តាំង​ពី​ដំបូង​ម្ល៉េះ នោះ​យើង​នឹង​ឃើញ​មាន​ការ​វិវត្ត​ពិត​ប្រាកដ​នៅ​ក្នុង​ស្ថាប័ន​ទាំង​នេះ ដែល​នឹង​ធានា​ថា ស្ថាប័ន​ទាំង​នេះ​មាន​លក្ខណៈ​ស្វាគមន៍​ចំពោះ​ស្ត្រី ជា​ពិសេស​ស្ត្រី​ដែល​មិន​មែន​ជា​ជាតិសាសន៍​ស្បែក​ស ដែល​នឹង​លេចឡើង​បន្ទាប់ពី​លោកស្រី Kamala Harris»។

លោកស្រី Harris ដែល​ជា​អតីត​អគ្គរដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ California បាន​ជាប់​ឆ្នោតជា​សមាជិកា​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។ លោកស្រី​ទំនង​ជា​នឹង​ត្រូវ​ប្រឹង​ខ្លាំង​ជាង​បេក្ខជន​អនុ​ប្រធានាធិបតី​ជា​បុរស​កាល​ពី​លើក​មុនៗ ដើម្បី​បង្ហាញ​ថា លោកស្រី​មាន​គុណសម្បត្តិ និង​និស្ស័យ​ត្រឹមត្រូវ​សម្រាប់​បំពេញមុខ​នាទី​នេះ។ លោកស្រី​ត្រូវ​បារម្ភ​អំពី​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ស្រលាញ់​ចូលចិត្ត​គ្រប់គ្រាន់ ហើយ​ស្របពេល​នោះ​ដែរ ទប់ទល់​ជាមួយ​នឹង​ជំនឿ​បែប​អវិជ្ជមាន​ទាក់ទិន​នឹង​ស្ត្រី​ដែល​គេ​ចាត់ទុក​ថា«មាន​មហិច្ឆតា​ជ្រុល»។

លោកស្រី Kelly Dittmar និយាយ​ថា៖ «ចំណុច​នេះ​ផ្ដោត​ជ្រៅ​លើ​ជំនឿ​ពី​មុន​ទាក់ទិន​នឹង​យេនឌ័រ អំពី​តួនាទី​សមរម្យ​សម្រាប់​បុរស​ឬ​ក៏​ស្ត្រី ភាព​គួរសម​របស់​ស្ត្រី​ដូចជាអ្នក​មិន​គួរ​ហ៊ាន​ប្រកួត​ប្រជែង​ខ្លាំង​ពេក អ្នក​គួរ​រស់រាយ​រាក់ទាក់ អ្នកគួរ​ស្រប​តាម​មតិ​គេ​ជាដើម។ ចំណុច​ទាំង​នេះ​គឺ​បន្ថែម​ទៅលើ​ជំនឿ​ពី​មុន ដែល​យល់​ថា​ស្ត្រី​ស្បែក​ខ្មៅ​មាន​ភាព​ឆេវឆាវ​នោះ»។

លោក​អតីត​ប្រធានាធិបតី Barak Obama មាន​បញ្ហា​កាល​ពី​ឆ្នាំ ២០១៣ នៅ​ពេល​ដែល​លោក​លើកឡើង​អំពី​លោកស្រី Harris ថា​ជា «អគ្គរដ្ឋអាជ្ញា​មាន​រូប​សម្បត្តិ​ល្អ​នៅ​ក្នុង​ប្រទេស»។ ការ​និយាយបែប​នេះ​គូស​បញ្ជាក់​អំពី​ការ​កើន​ឡើង​នៃ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​រូបរាង​ខាង​ក្រៅ​របស់​បេក្ខជន​ជា​ស្ត្រី​ដោយ​ប្រៀប​ធៀប​ជាមួយ​អ្នក​នយោបាយ​ជា​បុរស។

លោកស្រី Kelly Dittmar ថ្លែង​ថា៖ «នៅពេល​យើង​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​រូបរាង​ខាង​ក្រៅ​របស់​ស្ត្រី នោះ​យើង​ប្រាកដ​ជា​មិន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​គុណសម្បត្តិ និង​លើ​សមត្ថភាពរបស់​ពួក​គេ​សម្រាប់​ការងារ​នោះ​ទេ។ មូលហេតុ​ដែល​សំខាន់​សម្រាប់​ស្ត្រី​ច្រើន​ជាង​បុរស​នោះ គឺ​ដោយសារតែ​មាន​ជំនឿ​ជា​ទូទៅ​រួច​ស្រេច​ទៅ​ហើយ​ថា ស្រ្តី​មិន​សូវ​មាន​សមត្ថភាព​និង​គុណសម្បត្តិ​ដូច​បុរស»។

អង្គការ​សិទ្ធិ​ស្ត្រី​នានា​មាន​លក្ខណៈ​កាន់តែ​សកម្ម​ជាង​មុន​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​លើ​ការ​រាយការណ៍​និង​ការ​អត្ថាធិប្បាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​លក្ខណៈ​ប្រកាន់​ខាង​ភេទ និង​ខាង​ជាតិ​សាសន៍។

អង្គការ Time’s Up Now ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​យេនឌ័រ​នៅ​កន្លែង​ធ្វើការ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​អំពាវនាវ​ដល់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ឱ្យ​ចៀសវាង «ការ​រាយការណ៍​មិនយុត្តិធម៌ មាន​ស្តង់ដារ​ពីរ និង​ប្រើ​ភាសា​ប្រកាន់​ជាតិសាសន៍ ដែល​រារាំង​ស្ត្រី ជា​ពិសេស​ស្ត្រី​ដែល​មិន​មែន​ស្បែក​ស មិន​ឱ្យ​កាន់​តំណែង​មាន​អំណាច​នៅ​តាម​ជួរ​គណបក្ស​នានា​អស់​ពេល​ជា​យូរ​មក​ហើយ»។

កន្លង​មក គេ​ឃើញ​មាន​ការ​ចោទ​ប្រកាន់​ថា បណ្តាញ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​មាន​ការ​លម្អៀង​ខាង​យេនឌ័រ នៅ​ពេល​រាយការណ៍​អំពី​លោកស្រី Palin និង​លោកស្រី Hillary Clinton អំពី​ការ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ឱ្យ​បាន​កាន់​តំណែង​កំពូល​ក្នុង​សេតវិមាន។

ក៏​ប៉ុន្តែ​សម្រាប់​ទស្សនៈ​របស់​អ្នកស្រី Amanda Hunter វិញ អ្នកស្រី​ថា ឆ្នាំ ២០២០ នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​មុន​រួច​ស្រេច​ហើយ ដោយ​មួយ​ផ្នែក​បណ្ដាល​មកពី​មាន​ចំនួន​ស្ត្រី​ច្រើន​ជាង​មុន​បាន​ជាប់​ឆ្នោត​កាន់​មុខតំណែង​សាធារណៈ​ចាប់​តាំងពី​មាន​ការ​ដើរ​ក្បួន​តវ៉ា​របស់​ក្រុម​ស្ត្រី​អន្តរជាតិ​កាល​ពី​ឆ្នាំ ២០១៧ មក។ នៅពេល​ដែល​ស្ត្រី​មាន​លក្ខណៈ​សកម្ម​ជាង​មុន​នៅ​ក្នុង​នយោបាយ ពួកគេ​ក៏​ហ៊ាន​និយាយ​ជាង​មុន​ផងដែរ។

អ្នកស្រី Amanda Hunter និយាយ​ថា៖ «យើង​បាន​ឃើញ​យ៉ាង​ពិតប្រាកដ​ថា​មាន​ការ​ប្រែប្រួល​លើ​ការ​និយាយ​អំពី​រឿង​នេះ។ យើង​បាន​ឃើញ ស្ត្រី​ទាំង​អ្នក​នយោបាយ និង​ពលរដ្ឋ​ធម្មតា ក្រោក​ឈរ​ដើម្បី​ខ្លួន​ពួកគេ​ផ្ទាល់ និង​ដើម្បី​អ្នក​ដទៃ​ក្នុង​ស្ថានភាព​ជាក់ស្ដែង​នៅ​តាម​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត»។

ទោះបីជា​លោកស្រី Harris ប្រឈម​នឹង​ឧបសគ្គ​នានា​ក៏ដោយ ក៏​លោកស្រី​មាន​ឱកាស​ថ្មីៗ​មួយ​ចំនួន​ក្នុង​នាម​ជា​ស្ត្រី​មិនមែនស្បែក​ស​ដំបូង​គេ​បង្អស់​ដែល​បាន​ក្លាយជា​បេក្ខជន​អនុ​ប្រធានាធិបតី​នៃ​គណបក្ស​នយោបាយ​ធំ​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អ្នកស្រី Amanda Hunter និយាយ​ថា៖ «មាន​ឱកាស​សម្រាប់​លោកស្រី Harris ក្នុង​ការ​ប្រឆាំង​នឹង​គំនិត​ពី​មុន​អំពី​ស្ត្រី ហើយ​ធ្វើ​តាម​គំនិត​របស់​លោកស្រី​ផ្ទាល់ ដោយសារតែ​គ្មាន​ផែនទី​បង្ហាញ​ផ្លូវពិតប្រាកដ​មួយ​នៅ​ពេល​នេះទេ ហើយ​នេះ​គឺ​ជា​ឱកាស​ដ៏​រំភើប​មួយ​សម្រាប់​លោកស្រី»៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG