លោក ចូ បាយដិន (Joe Biden) បេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអង្គារបានប្រកាសថា លោកស្រីសមាជិកព្រឹទ្ធសភា ខាម៉ាឡា ហារីស (Kamala Harris) មកពីរដ្ឋកាលីហ្វ័ញ៉ា គឺជាដៃគូរបស់លោកឈរឈ្មោះប្រជែងសម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។
គេឃើញមានប្រតិកម្មជាច្រើនដែលបានកើតឡើងក្រោយពីការជ្រើសរើសនេះ។ លោកបារ៉ាក់ អូបាម៉ាបានថ្លែងតាមសារ Twitter ថា៖
«ខ្ញុំបានស្គាល់លោកស្រី Kamala Harris ជាយូរមកហើយ។ លោកស្រីមានលក្ខណ:សម្បត្តិលើសការត្រៀមទុកសម្រាប់មុខតំណែងនេះ។ លោកស្រីបានប្រើប្រាស់អាជីពរបស់លោកស្រីដើម្បីការពាររដ្ឋធម្មនុញ្ញរបស់យើង និង តស៊ូជាមួយមនុស្សដែលត្រូវការជំនួយពីសហគមន៍។ នេះគឺជាថ្ងៃដ៏ល្អសម្រាប់ប្រទេសយើង។ ពេលនេះចូរយើងយកជ័យជម្នះការបោះឆ្នោត»។
លោកសមាជិកព្រឹទ្ធសភា Bernie Sanders មកពីរដ្ឋ Vermont ដែលជាគូប្រជែងរបស់លោកបាយដិនម្នាក់សម្រាប់ការជ្រើសតាំងបេក្ខជនប្រធាននាធិបតីនៃគណបក្សប្រជាធិបតេយ្យបានថ្លែងថា៖
«សូមអបអរសាទរដល់លោកស្រី Kamala Harris ដែលបានបង្កើតប្រវត្តិសាស្ត្រជាអនុប្រធានាធិបតីអាមេរិកខាងមុខ។ លោកស្រីយល់នូវអ្វីដែលត្រូវតវ៉ាសម្រាប់អ្នកធ្វើការ តវ៉ាឲ្យមានការធានារ៉ាប់រងសុខភាពដល់មនុស្សទាំងអស់នឹងប្រឆាំងជាមួយរដ្ឋបាលពុករលួយជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ»។
លោកស្រីតំណាងរាស្ត្រមកពីរដ្ឋតិចសាស់ សីឡា ចែកសិន លី ( Sheila Jackson Lee) បានថ្លែងថាតាមសារ Twitter ថា៖ «ខ្ញុំហូរទឹកភ្នែក តែរីករាយក្នុងចិត្ត។ ខ្ញុំរំភើបខ្លាំងណាស់ ដោយសារខ្ញុំដឹងថា ស្រ្តីនៅទូទាំងប្រទេស ស្ត្រីមិនមែនស្បែកស គឺស្ត្រីស្បែកខ្មៅ នៅទីបំផុតអាចឃើញសមភាពរបស់ពួកគេក្នុងប្រទេស»។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនៃរដ្ឋ Arkansas លោក Tom Cotton និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងការជ្រើសរើសយកលោកស្រី Kamala Harris នេះ ក្រុមការងាររបស់លោក ចូ បាយដិន បានបង្ហាញឲ្យឃើញថា រដ្ឋបាលលោក បាយដិន នឹងនិយមជ្រុល ហើយនឹងគ្មានសមត្ថភាព»៕