ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​តម្រូវ​ឱ្យ​កម្ពុជា​តាមដាន​ឱ្យ​ដិតដល់


ស្ត្រីជនជាតិថៃម្នាក់ បានទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។
ស្ត្រីជនជាតិថៃម្នាក់ បានទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

ប្រទេស​ថៃ​ នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជា​លើក​ដំបូង​ ​ក្រោយពី​ចំណាយ​ពេល៥ឆ្នាំ​ដឹកនាំ​ដោយ​របប​យោធា។​ ​ក្រុម​អ្នកវិភាគ​បាន​លើកឡើង​ថា ​កម្ពុជា​ត្រូវ​តាមដាន​ឱ្យ​ដិតដល់​ចំពោះ​ព្រឹត្តិ​ការណ៍​នយោបាយ​ ក្នុង​ប្រទេស​ក្បែរ​ខាង​មួយ​នេះ​ ​បើ​ទោះជា​ទំនាក់​ទំនង​ កម្ពុជា​និង​ថៃ​ ​ហាក់​មាន​ស្ថិរភាព​នឹងធឹង​ក៏​ដោយ។​

ខណៈ​ដែល​ប្រទេស​ថៃ ​គ្រោង​រៀបចំ​ការ​បោះឆ្នោត​ជា​លើក​ដំបូង​បន្ទាប់​ពី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​យោធា​រយៈពេល៥ឆ្នាំ​ បណ្ដា​អ្នក​តាមដាន​ ​និង​អ្នកវិភាគ​បាន​លើកឡើង​ថា​ ​ប្រទេស​កម្ពុជា​ដែល​នៅ​ក្បែរ​ខាង​ ​គួរ​សម្លឹង​តាមដាន​ស្ថានការណ៍​វិវត្ត​នយោបាយ​ជា​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ជិត​ខាង​មួយ​នេះ​ ដោយ​ការ​យកចិត្ត​ទុកដាក់​ ​និង​ប្រយ័ត្ន​ប្រយែង។

​យ៉ាង​ណា​ក៏​ដោយ​ ​បណ្ដា​ក្រុម​អ្នកវិភាគ​បាន​អង្កេត​ឃើញ​ថា ​ទំនាក់ទំនង​កម្ពុជា​ថៃ​ទំនងជា​នឹង​មិន​រង​ផល​ប៉ះពាល់​អ្វី​ពេក​ទេ​ ​ពី​សំណាក់​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៤​ ​ខែ​មីនា​ខាងមុខនេះ​ ​ដោយ​សារតែ​រដ្ឋា​ភិបាល​កម្ពុជា​ ​និង​ក្រុម​អ្នក​កាន់​អំណាច​នៅ​ប្រទេស​ថៃ​ ​ហាក់​បាន​បន្សាំ​ខ្លួន​ទៅ​ហើយ​ ​ឆ្លើយ​តប​នឹង​ស្ថានការណ៍​ប្រែប្រួល​ចុះឡើង​នៅ​ប្រទេស​ទាំងពីរ។

​ស្ថានការណ៍​នេះ​ ​ខុសប្លែក​ស្រឡះ​ពី​រយៈពេល​១០ឆ្នាំ​កន្លង​ទៅ​ ​ពេល​ភ្នំពេញ​និង​បាងកក​មើល​មុខ​គ្នា​មិនចំ​ ​នៅ​ចំពោះ​មុខ​នៃ​ការ​ប្រឈម​មុខ​យោធា​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ ​ខណៈ​ដែល​ប្រ​ទេស​ថៃ ​ពើប​ប្រទះ​នឹង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដ៏​ជ្រាលជ្រៅ​ ​ដែល​នាំ​ឱ្យ​កម្សួល​នៃ​សញ្ចេតនា​ជាតិ​និយម​កើន​ឡើង​ពុះ​កញ្ជ្រោល​នៅ​សងខាង​ព្រំដែន​ប្រទេស​ទាំងពីរ។

​លោក​ ​ងួន គឹមលី​ ​បេក្ខជន​បណ្ឌិត​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​ ​(ANU) ​បាន​កត់​សម្គាល់​ពី​ទំនាក់​ទំនង​ដ៏​នឹងធឹង​រវាង​ប្រទេស​ទាំងពីរ​ ​កម្ពុជា​ ​និង​ថៃ​ ​ចាប់​តាំងពី​ប្រទេស​ថៃ​ធ្លាក់​ក្រោម​ការដឹកនាំ​នៃ​រដ្ឋាភិបាល​យោធា​តាំងពី​ឆ្នាំ២០១៤​មក​ ​ខុសប្លែក​ពី​ទំនាក់​ទំនង​ទ្វេភាគី​ដ៏​ប្រទូសរ៉ាយ​ដែល​ធ្លាប់​មាន​កាល​ពី១០​ឆ្នាំមុន។

​អ្នកស្រាវជ្រាវ​រូប​នេះ​ ​បាន​ប្រាប់​ VOA​ ជា​លាយ​លក្ខណ៍​អក្សរ​និង​កែ​សម្រួលក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«សាវ​តាន​យោ​បាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ ​បាន​បង្ហាញថា​ ​ក្រុម​អភិជន​នយោបាយ​នៅ​ប្រទេស​ទាំងពីរ​បាន​គៃបន្លំ​សញ្ចេតនា​ជាតិ​និយម​ ​ដែល​ទាក់ទង​ទៅ​នឹង​អធិបតេយ្យ​ភាព​លើ​បូរណភាព​ទឹកដី​ ​និង​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​របៀបវារៈ​នយោបាយ​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ​ជាពិសេស​នៅពេល​ដែល​[របប​ដឹកនាំ​របស​ពួកគេ]​ជួប​នូវ​ឱនភាព​នៃ​ភាព​ស្រប​ច្បាប់»។​

​លោក​ ​ងួន គឹមលី​ ​បាន​បន្ត​យ៉ាង​ដូច្នេះ​ថា៖​

​«យ៉ាង​ណាក្ដី​ ​បើសិនជា​និន្នាការ​បច្ចុប្បន្ន​នៃ​ទំនាក់​ទំនង​នៅតែ​បន្ត​ ​ក្រុម​អភិជន​គ្រប់គ្រង​អំណាច​នៅ​ប្រ​ទេស​ទាំងពីរ​ ​មានផល​ប្រយោជន៍​នយោបាយ​ ​និង​សេដ្ឋ​កិច្ច​ដូចគ្នា​ ​ក្នុង​ការ​រក្សា​ទំនាក់ទំនង​[ទ្វេភាគី]​មួយ​ដែល​ប្រកបដោយ​ស្ថិរភាព»។

​នៅ​ខាង​ប្រទេស​កម្ពុជា​ ​រដ្ឋាភិបាល​ដែល​កើត​ពីការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ២០១៨​ កន្លងទៅ​ ​កំពុង​ប្រឈម​មុខ​នឹង​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋ​អាមេរិក​ ​ដែល​បាន​បរិហារ​ការ​បង្ក្រាប​នយោបាយ​ដ៏​ជ្រាលជ្រៅ​មុន​ការ​បោះឆ្នោត​ ​ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ប្រមូល​អាសនៈ​គ្រប់គ្រង​ទាំងអស់​នៅ​សភា​ជាន់​ទាប។

​គណបក្ស​នយោបាយ​ជាង​៤០​ នឹង​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃទី២៤​ ​ខែមីនា​ ​ខាងមុខ​ ​ដែល​ជា​ការ​បោះ​ឆ្នោត​មាន​គេ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​យូរ​ ​ចាប់​តាំង​ពី​ក្រុម​យោធា​ថៃ​ដែល​ស្និទ្ធ​នឹង​ព្រះរាជ​បល្ល័ង្ក​ ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​នៃ​គណបក្ស​ ​Pheu​ ​Thai​ ​រណប​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី​ ​Thaksin​ ​Shinawatra​ ​ដែល​ក្រុម​អភិជន​គាំទ្រ​ព្រះរាជវាំង​មើល​ឃើញ​ថា ​ជា​ហានិភ័យ​នៃ​និរន្តរភាព​របប​រាជា​និយម។

​នាយ​ឧត្ដមសេនីយ៍​ចូលនិវត្តន៍​ ​Prayut​ ​Chan-o-cha​ ​ដែល​ជា​មេដឹកនាំ​រដ្ឋប្រហារ​ ​និង​ជា​មេដឹកនាំ​របប​សឹក​ ​បាន​បង្ហាញ​ចេតនា​នៃ​ការ​វិលត្រឡប់​មកកាន់​អំណាច​ក្រោយ​ការបោះឆ្នោត​ ​ជាមួយ​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី​ ​និង​ច្បាប់​បោះឆ្នោត​ថ្មី​ ​ដែល​សរសេរ​ដោយ​របប​យោធា​ ​និង​ទទួលការ​ឧទ្ទេសនាម​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​លោក​ ​ជាមួយ​គណបក្ស​ ​Palang​ ​Pracharat។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​ក្រុម​គណបក្ស​ដែល​គាំទ្រ​លោក​ ​Thaksin​ ​Shinawatra​ ​និង​ចរន្ត​នយោបាយ​ថ្មី​ដែល​ជំទាស់​នឹង​របប​យោធា​ ​ដូចជា​គណបក្ស​ ​Future​ ​Forward​ ​ទើប​បង្កើត​ថ្មី​ជាដើម​ ​សុទ្ធតែ​បាន​បង្ហាញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ចូលរួម​ការ​បោះ​ឆ្នោត​ដើម្បី​ទប់​ស្កាត់​ការ​វិលត្រឡប់​មក​ចូល​កាន់​អំណាច​វិញ​នៃ​មេដឹកនាំ​របប​សឹក។

​ច្បាប់​បោះ​ឆោ្ន​ត​ថ្មី​នៃ​ប្រទេស​ថៃ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​គោលដៅ​បន្សាប​សម្លេង​គាំទ្រ​នៃ​គណបក្ស​គាំទ្រ​លោក​ ​Thaksin​ ​Shinawatra​ ​និង​តម្រូវ​ឱ្យ​មានការ​បោះឆ្នោត​រួម​រវាង​សមាជិកសភា​តំណាងរាស្ត្រ​ជាប់ឆ្នោត៥០០នាក់​ ​និង​សមាជិក​ព្រឹទ្ធសភា​ដែល​ជ្រើស​តាំង​ដោយ​របប​សឹក​២៥០​នាក់​ផ្សេង​ទៀត​ ​ក្នុង​ការ​តែង​តាំង​នាយក​រដ្ឋមន្ត្រី​ ​និង​គណ​រដ្ឋមន្ត្រី​ថ្មី​ក្រោយ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ។​

លោក​ ​ងួន គឹមលី​ ​នៃ​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី បាន​បន្ត​ទៀត​ថា​ ​ស្ថានការណ៍​នយោបាយ​ផ្ទៃ​ក្នុង​រៀងៗ​ខ្លួន​នៅ​ប្រទេស​ទាំងពីរ​នេះ​ហើយ​ ​ទើប​បញ្ហា​រសើប​នានា​នៃ​ប្រទេស​ទាំងពីរ​ ​ដូច​យ៉ាង​សំណុំរឿង​បូរណភាព​ទឹកដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ​និង​បញ្ហា​នៃ​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​នឹង​មិន​លេច​ឡើង​សាជាថ្មី​ ​ក្នុង​រយៈពេល​ដ៏​ឆាប់​ខាងមុខ​នេះ​ឡើយ។​

អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​ប្រាប់​ VOA​ ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«ក៏​ព្រោះ​តែ​ចរឹត​នៃ​បរិបទ​នយោបាយ​រៀងៗ​ខ្លួន​នៅ​ប្រទេស​ទាំងពីរ​បែបនេះ​ហើយ​ ​ទើប​រដ្ឋាភិបាល​ទាំង​សង​ខាង​ទំនងជា​នឹង​ទុក​មួយ​ឡែក​នូវ​បញ្ហា​រសើប​មួយ​ចំនួន​ ​តួយ៉ាង​ការ​ទាមទារ​បូរណភាព​ទឹកដី​លើ​តំបន់​ត្រួតស៊ីគ្នា។ ពួកគេ​ ​[រដ្ឋាភិបាល​ទាំងពីរ]​ ​ផ្ដល់​អាទិភាព​ ​ទៅលើ​ការ​រក្សា​ស្ថិរភាព​នៃ​របប​ដឹកនាំ​ខ្លួន​បច្ចុប្បន្ន​ ​សំខាន់​ជាង​បញ្ហា​អ្វីៗ​ផ្សេងទៀត​ទាំងអស់»។

​អតីតភាព​នៃ​សាវតា​ជូរចត់​រវាង​របប​ដឹកនាំ​ប្រទេស​កម្ពុជា​ ​និង​រចនាសម្ព័ន្ធ​អំណាច​ដឹកនាំ​យោធា​ព្រះរាជវាំង​ថៃ​ ​បាន​បង្ហាញ​នូវ​ការអង្កេត​ជា​យុទ្ធសាស្ត្រ​ ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ថៃ​ពីសំណាក់​ទីក្រុង​ភ្នំពេញ។​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​បាន​បង្ហាញ​ការ​គាំទ្រ​ជា​ចំហរ​ ​ចំពោះ​ក្រុម​លោក​ ​Thaksin​ ​Shinawatra​ ​ចំ​ពេល​ដែល​មានការ​ប្រឈម​មុខ​គ្នា​ដោយ​ប្រដាប់​អាវុធ​ ​ជុំវិញ​ទំនាស់​បូរណភាព​ទឹកដី​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ឆ្នាំ២០០៨​ ​ដល់​ឆ្នាំ២០១១។

លោក​ ​ហ៊ុន​ ​សែន​ ​បាន​សម្រេច​តែងតាំង​លោក​ ​Thaksin​ ​Shinawatra​ ​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​នៃ​រដ្ឋាភិបាល​លោក​ ​ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​ថៃ​សម្រេច​កោះហៅ​ឯកអគ្គ​រាជទូត​របស់​ខ្លួន​ពី​ភ្នំពេញ​ ​ដែល​ក្រោយមក​ក៏​នាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កោះហៅ​ឯកអគ្គ​រាជទូត​របស់​ខ្លួន​ពី​បាងកក​ផង​ដែរ​ ​ទុកជា​ការ​តបត។

​ទំនាក់​ទំនង​បាន​វិវត្ត​ល្អ​ប្រសើរ​ជាទូទៅ​ ​ចន្លោះ​ឆ្នាំ​២០១១​ដល់​ឆ្នាំ២០១៤​ ​ក្នុង​សម័យ​កាល​ដែល​ប្រទេស​ថៃ​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​គណបក្ស​ ​Pheu​ ​Thai​ ​នៃ​អ្នកស្រី​ ​Yingluck​ ​Shinawatra​ ​មុន​ពេល​ដែល​ក្រុម​ទាហាន​សម្រុកចូល​មក​ដណ្ដើម​កាន់​កាប់​អំណាច​ ​ក្នុង​ខែឧសភា​ ​ឆ្នាំ២០១៤​ ​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​ ​បង្ក​ដោយ​ក្រុម​បាតុករ​នៅ​ទីក្រុង​បាងកក​ដែល​ទាមទារ​ឱ្យ​អ្នកស្រី​ ​Yingluck​ ​ចុះ​ចេញ​ពី​ដំណែង។

​ស្ថាន​ការណ៍​ច្របូក​ច្របល់​នា​ដើមដំបូង​នៃ​ការ​ចូល​មកកាន់​អំណាច​របស់​របប​សឹក​ ​បាន​នាំ​ឱ្យ​មានការ​រុញច្រាន​ពលករ​ខ្មែរ​ដែល​ស្នាក់នៅ​ធ្វើការ​ដោយ​ខ្វះ​ឯកសារ​ច្បាប់​ចំនួន​ប្រមាណ​២៥ម៉ឺននា​ក់​ ​ចេញពី​ប្រទេស​ថៃ​ ​មុននឹង​ការសម្រប​សម្រួល​ ​ដែល​ធ្វើឡើង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នៃ​ប្រតិភូ​យោធា​កម្ពុជា​ ​ដែល​រួមមាន​ទាំង​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​កូន​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ផង​ ​ទៅកាន់​ទីក្រុង​បាងកក​ ​និង​ជួប​ជាមួយនឹង​មេដឹកនាំ​នៃ​របប​យោធា​ផ្ដាច់ការ​របស់​ថៃ។

​មានការ​ប៉ាន់​ប្រមាណ​ថា​ ​ពលរដ្ឋ​កម្ពុជា​ក្នុងរង្វង់​ប្រហែល​មួយ​លាន​នាក់​ ​កំពុង​បំពេញ​ការងារ​រក​ប្រាក់​កម្រៃ​នៅក្នុង​ប្រទេស​ថៃ​ ​ក្នុង​ផ្នែក​សំណង់​ ​កម្មន្តសាល​ ​សេវាកម្ម​ ​និង​នេសាទ។

​លោក​ ​Thitinan Pongsudhirak​ ​នាយក​វិទ្យាស្ថាន​កិច្ចការ​សន្តិសុខ​និង​សិក្សា​អន្តរជាតិ​ ​នៅ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​ ​ប្រទេស​ថៃ​ ​បាន​លើកឡើង​ថា​ ​ការណ៍​ដែល​របប​សឹក​ថៃ​ចាត់​វិធានការ​លើ​ពល​រដ្ឋ​ខ្មែរ​ដែល​ធ្វើការ​ដោយ​ខ្វះ​ឯកសារ​ច្បាប់​នៅ​ប្រទេស​ថៃ​ ​កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​កន្លង​មក​នោះ​ ​ក្រុម​រដ្ឋាភិបាល​យោធា​ចង់​ផ្ញើ​សារ​មួយ​ដ៏​ជាក់​ច្បាស់​ ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ​និង​រដ្ឋាភិបាល​របស់​លោក​ ​ព្រមាន​កុំឱ្យ​បន្ត​«លូកដៃ»​ក្នុង​កិច្ចការ​នយោបាយ​ថៃ​បន្ត​ទៅ​ទៀត។

​លោក​ ​Thitinan​ ​Pongsudhirak​ ​ប្រាប់​ VOA​ តាម​ការឆ្លើយឆ្លង​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា៖​

​«លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ឃើញ​វិធានការ​របស់​រដ្ឋាភិបាល​យោធា​ថៃ​ក្នុង​ការ​បញ្ជូន​ពលករ​កម្ពុជា​រាប់​សែន​នាក់​នៅ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ ​ដែល​បាន​បង្កើត​បញ្ហា​ជាច្រើន​ដល់​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ខ្ញុំ​គិតថា​លោក​បាន​ទទួល​នូវ​មេរៀន​ ​និង​សារ​ ​បញ្ជូន​ដោយ​រដ្ឋាភិបាល​យោធា​ថៃ​ ​ថា​លោក​គួរតែ​ឈប់​លូក​លាន់​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ។​ ​ម្ល៉ោះហើយ​ ​ខ្ញុំ​យល់ថា​ ​សារ​ដែល​បាន​បញ្ជូន​ ​ត្រូវ​បាន​ទទួល​យល់​យ៉ាង​ពេញ​លេញ»។

ក្រោយ​មក​ ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​និង​រដ្ឋាភិបាល​លោក​ ​Prayut​ ​Chan-o-cha​ ​ក៏​មាន​ចរឹត​ស្អិត​រមួត​ ​និង​មាន​ស្ថិរភាព​ ​ក្រោម​ការ​បកស្រាយ​នៃ​ហេតុ​ផល​ផ្សេង​ៗ​ពីគ្នា។​ ​នេះ​បើ​យោង​តាម​អ្នកវិភាគ​តាមដាន។

​ទីក្រុង​បាងកក​ដែល​ធ្លាប់​ជាទី​ឈប់​សំចត​សម្រាប់​ជនភៀស​ខ្លួន​ក្រោម​ហេតុផល​នយោបាយ​ចេញពី​ប្រទេស​កម្ពុជា​ ​ប្រាថ្នា​ក្នុង​ការ​ចេញទៅ​រស់នៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទីបី​ ​បាន​ផ្លាស់ប្ដូរ​ធាតុ​របស់​ខ្លួន​ ​នៅ​ពេល​ដែល​របប​សឹក​ថៃ​មិនបាន​បង្ហាញ​ភាព​រួញរា​ឡើយ​ ​ក្នុង​ការ​ចាប់​បញ្ជូន​ពួកគេ​ត្រឡប់​មកវិញ​ ​នៅ​ពេល​ដែល​មានការ​ស្នើសុំ​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ភ្នំពេញ។​ ​ករ​ណី​ថ្មីៗ​នេះ​ ​មេដឹក​នាំ​សហជីព​ម្នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​មក​ទទួល​ទោស​នៅ​កម្ពុជា​វិញ​ ​ជុំវិញ​ការ​ចូល​រួម​ផលិត​វីដេអូ​ឯកសារ​ស្ដី​អំពី​ការ​ជួញដូរ​ផ្លូវភេទ​លើ​កុមារី​មិនទាន់​គ្រប់​អាយុ​នៅ​កម្ពុជា។

​លោក​ ​Thitinan Pongsudhirak​ ​ក៏បាន​កត់សម្គាល់​ផង​ដែរ​ ​ក្នុង​បទ​សម្ភាស​ជាមួយ​ VOA​ ​ថា ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ ​មិនថា​មក​ពី​ក្រុម​អភិរក្ស​និយម​ស្និទ្ធ​នឹង​យោធា​ ​ឬ​មក​ពី​ក្រុម​ស្និទ្ធ​នឹង​លោក​ ​Thaksin​ ​Shinawatra​ ​នោះ​ទេ​ ​នឹង​ទទួល​ស្គាល់​នូវ​សារៈសំខាន់​ដល់ការ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​កម្ពុជា។

​អ្នក​ជំនាញ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​រូប​នេះ​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

​«ការ​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ជា​ទស្សនទាន​មួយ​ដែល​ ​គេសម្រេច​ទទួល​យក​នៅ​សងខាង​ប៉ូល​នយោបាយ​ទាំងពីរ​នៅ​ប្រទេស​ថៃ...ខ្ញុំ​មិន​គិត​ថា​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​ ​[មិនថា​មក​ពី​ក្រុម​ណា​ក៏​ដោយ]​ ​នឹង​មាន​គោល​នយោបាយ​អ្វី​ខុសប្លែក​ពី​នេះ​ជាមួយ​ប្រទេស​កម្ពុជា​នោះ​ទេ។​ ​គេ​ប្រហែល​ជា​មាន​បម្លាស់​ប្ដូរ​ទៅលើ​គោល​នយោបាយ​ការបរទេស​ជាមួយ​មហាអំណាច​ធំជាង​នេះ​ ​ដូចជា​ជាមួយ​ប្រទេស​ចិន​ ​ឬក៏​សហរដ្ឋអាមេរិក​ ​តែ​សម្រាប់​ប្រទេស​ក្បែរ​ខាង​ដូចជា​ ​កម្ពុជា​ ​មីយ៉ាន់ម៉ា​ ​និង​ឡាវ​ ​ទំនាក់​ទំនង​គួរតែ​អាច​រក្សា​នៅ​ដដែល»។

​លោក​ ​សេក​ ​សុផល​ ​អ្នក​ស្រាវជ្រាវ​នៅ​ ​មជ្ឈមណ្ឌល​ Ritsumeikan ​ដើម្បី​ការសិក្សា​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ប្រទេស​ជប៉ុន​ ​បាន​លើកឡើង​ថា​ស្ថិរភាព​ដែល​រដ្ឋាភិបាល​យោធា​ថៃ​កសាង​បាន​ជាមួយ​កម្ពុជា​ ​នា​រយៈពេល​៥ឆ្នាំ​កន្លងមក​នេះ​ ​ជា​ការ​ចាំបាច់​សម្រាប់​សម្អាត​ស្ថិរភាព​ផ្ទៃក្នុង​ ​និង​កសាង​មូលដ្ឋាន​អំណាច​របស់​ខ្លួន​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ។

​អ្នកវិភាគ​រូប​នេះ​បាន​ថ្លែង​ក្នុង​កម្មវិធី​ ​Hello​ ​VOA​ ​នា​ដើម​សប្ដាហ៍​នេះ​ថា៖​

​«បើ​យើង​មើល​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ ​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​តូច ហើយ​នៅ​ជាប់​ប្រទេស​ថៃ។​ ប្រទេស​ថៃ​គឺជា​ប្រទេស​ធំ។​ ​អ៊ីចឹង​ការ​ប្រែប្រួល​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ ​ទោះបី​តិច​ក្ដីច្រើនក្ដី​ ​នឹង​មានផល​ផ្ទាល់​ ​និង​ប្រយោល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​យើង»។

​លោក​ ​សេក​ ​សុផល​ ​បាន​ថ្លែង​បន្ត​ថា៖​

​«បច្ចុប្បន្ន​ ​បើ​យើង​មើល​ទៅ​ ​គឺ​ក្រុម​ដឹកនាំ​យោធា​ ​ពេល​ដែល​គាត់​ឡើង​កាន់​អំណាច​ ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ ​មាន​ស្ថិរភាព​ច្រើន។​ ​ប៉ុន្តែ​មិន​ទៀង​ទេ​ ​ដោយសារតែ​ ​ជា​នយោបាយ​ ​ពីមុន​មក​ ​គាត់​ ​ដើម្បី​ឱ្យ​មាន​ ​ស្ថិរភាព​ក្នុង​ស្រុក​ ​រដ្ឋាភិបាល​យោធា​ ​គាត់​ព្យាយាម​មិន​បង្ក​ទំនាស់​ជាមួយ​ប្រទេស​ជិត​ខាង​ទេ។​ ​ប៉ុន្តែ​លើក​នេះ​ ​បើសិនជា​គាត់​ក្លាយជា​មេដឹកនាំ​ដែល​ស្របច្បាប់​ ​តាមរយៈ​ការបោះឆ្នោត​ ​យើង​ក៏​ពិបាក​នឹង​ព្យាករណ៍​ដែរ»។

​យ៉ាងណា​ក៏​ដោយ​ ​ទំនាក់ទំនង​ដ៏​នឹង​ធឹង​រវាង​ភ្នំពេញ​និង​បាងកក​ ​នា​រយៈពេល​៥ឆ្នាំ​កន្លងទៅ​នេះ​ ​បាន​ទទួល​នូវ​ការ​សាក​ល្បង​មួយ​យ៉ាង​ធំ​ ​កាលពីដើម​ឆ្នាំនេះ​ ​នៅពេល​ដែល​កាសែត​ ​South​ ​China​ ​Morning​ ​Post​ ​ប្រចាំ​នៅ​ទីក្រុង​ហុងកុង​ ​បាន​ចេញផ្សាយ​នូវ​របាយ​ការណ៍​ព័ត៌មាន​ផ្ដាច់មុខ​មួយ​ ​ដែល​បាន​លើក​ឡើង​ថា​ ​អ្នកស្រី​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​Yingluck​ ​Shinawatra​ ​បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា​ ​ដើម្បី​ធ្វើការ​រត់គេច​ខ្លួន​ ​ចេញពី​ការ​ចាប់ចង​នៅ​ប្រទេស​ថៃ​ ​កាលពី​ឆ្នាំ២០១៧។

​រំលង​បាន​ពីរ​ថ្ងៃ​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ឆ្លើយតប​ដោយ​ប្រយោល​ ​ដោយ​បាន​ធ្វើ​ការ​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ​ក្នុង​ការ​ដកហូត​លិខិត​ឆ្លងដែន​កម្ពុជា​ពី​សំណាក់​ជនបរទេស​ដែល​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ ​ដែល​កាយវិការ​នេះ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​យោធា​ថៃ​ ​Don​ ​Pramudvinai​ ​បាន​សាទរ​ ​ថា​ជា​សញ្ញា​បង្ហាញ​ពី​ការយល់​ចិត្ត​យល់​ថ្លើម​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ។

​សំណួរ​ដែលគេ​មាន​ជា​បន្ត​នោះ​គឺថា​ ​នៅពេល​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​បន្ត​ចំណង​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​យោធា​ថៃ​ ​ចំណង​មិត្តភាព​កម្រិត​បុគ្គល​របស់​លោក​ ​ជាមួយ​លោក​ ​Thaksin​ ​Shinawatra​ ​ដែល​ធ្លាប់​បាន​ពង្រីក​ដល់​ការ​គាំទ្រ​ផ្នែក​ស្មារតី​នយោបាយ​នោះ​ ​នឹង​រង​ផល​ប៉ះពាល់​ដល់​កម្រិត​ណា។

​លោក​ ​Jakrapob​ ​Penkair​ ​ជំនួយការ​ជំនិត​របស់​លោក​ ​Thaksin​ ​Shinawatra​ ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថៃ​ ​បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ​ចំណង​មិត្តភាព​រវាង​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​និង​បុរស​ខ្លាំង​នៃ​កម្ពុជា​ ​ចាប់ផ្ដើម​ឡើង​តាំងតែ​ពី​ពេល​ដែល​មេដឹកនាំ​ទាំងពីរ​អង្គុយ​ចរចា​គ្នា​បន្ធូរបន្ថយ​ភាព​តានតឹង​ដែល​ឈាន​ឡើង​ដល់​កម្រិត​កំពូល​ ​អំឡុង​ពេល​មាន​កុប្បកម្ម​ដុត​ស្ថាន​ទូត​ថៃ​នៅ​ភ្នំពេញ​ ​កាលពី​ឆ្នាំ២០០៣។

​លោក​ ​Jakrapob​ ​Penkair​ ​ដែល​ធ្លាប់​ធ្វើ​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ​Thaksin​ ​Shinawatra​ ​ជំនាន់​មុន​រដ្ឋប្រហារ​ឆ្នាំ២០០៦​ ​បាន​ប្រាប់ VOA​ ​ថា​លោក​ ​Thaksin​ ​និង​លោក​ ​ហ៊ុន​ ​សែន​ ​នៅតែ​បន្ត​មាន ​«ការ​ទាក់ទង​ល្អ​នឹង​គ្នា​នៅ​កម្រិត​ឯកជន»​ ​ថ្វីបើ​មិត្តភាព​នេះ​ ​ពេលខ្លះ​មាន​ភាព​រង្គោះរង្គើ​យ៉ាង​ណាក្ដី។

​«បើ​តាមដែល​ខ្ញុំ​ដឹង​ ​ពួក​លោក​ទាំងពីរ​នៅតែ​មាន​ចំណង​ទាក់ទង​នឹងគ្នា​ ​ក្នុងនាម​ជា​មិត្តភក្ដិ។​ ​តែ​លោក​នាយក​រដ្ឋមន្ត្រី​ ​Thaksin​ ​បាន​ដឹង​ច្បាស់​ថា​ ​គាត់​មិនមែន​ជា​អ្នកដឹកនាំ​ប្រទេស​ថៃ​ទេ​ ​នា​ពេល​បច្ចុប្បន្ន​ ​ហើយ​មិន​ចង់​នាំការ​លំបាក​ដល់​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ឡើយ។​ ​ដូចដែល​លោក​បាន​ជ្រាប​ ​និង​ឃើញ​ស្រាប់​ហើយ​ ​ថា​គេ​កំ​រ​ឃើញ​លោក​ ​[Thaksin]​ ​អញ្ជើញ​មក​កម្ពុជា​ណាស់។​ ​លោក​ធ្វើដំណើរ​ទូទាំង​ពិភពលោក​ជាមួយ​នឹង​យន្តហោះ​ឯកជន​របស់​លោក​ ​តែ​កម្រ​ណាស់​សម្រាប់​ការ​មក​ប្រទេស​កម្ពុជា​ ​ពីព្រោះ​លោក​ដឹង​ ​ថាបើ​លោក​មក​ ​នឹង​នាំមក​នូវ​ស្ថានភាព​ដ៏​លំបាក​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​ប្រទេស​កម្ពុជា​ ​[ដែល​ត្រូវ​ប្រឈម​នឹង​របប​សឹក]»។

​នៅពេល​ត្រូវ​បាន​សួរ​ដោយ​ VOA​ ថា​តើ​លោក​រំពឹង​ថា​បក្ស​ដែល​គាំទ្រ​លោក​ ​Thaksin​ ​Shinawatra​ ​នឹង​មាន​គោល​នយោបាយ​ការបរទេស​បែប​ណា​ចំពោះ​កម្ពុជា​ ​បើសិនជា​មាន​លទ្ធភាព​ប្រមូល​សំឡេង​គ្រប់​គ្រាន់​ទៅ​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ក្រោយ​ការ​បោះ​ឆ្នោត​ ​លោក​ ​Jakrapob​ ​Penkair​ ​បាន​ថ្លែង​ថា​ ​គេ​ត្រូវ​គិត​មើល​ថា​រដ្ឋាភិបាល​ចេញពី​បក្ស​ដែល​ស្និទ្ធ​នឹង​លោក​ ​Thaksin​ ​នោះ​ឈរជើង​យូរ​បាន​កម្រិត​ណា។

​ការផ្លាស់ប្ដូរ​រូបមន្ត​បោះឆ្នោត​ថ្មី​ ​តម្រូវ​ឱ្យ​បក្ស​គាំទ្រ​លោក​ ​Thaksin​ ​Shinawatra​ ​បំបែក​ខ្លួន​ជា​បក្ស​តូច​ជាច្រើន​ ​ដើម្បី​ប្រមូល​សំឡេង​ឱ្យ​បាន​គ្រប់គ្រាន់​ ​អនុលោម​តាមរបៀប​រាប់​សន្លឹកឆ្នោត​ថ្មី។

បក្ស​មួយ​ដែល​បាន​គាំទ្រ​លោក​ ​គឺ​គណបក្ស​ ​Thai​ ​Raksa​ ​Chart​ ​ទើបត្រូវ​បាន​រំលាយ​នៅដើម​ខែនេះ​ ​ជុំវិញ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឱ្យ​រង្គើ​ឆាក​នយោបាយ​ថៃ​ ​ក្នុង​ការ​ឧទ្ទេសនាម​ ​ព្រះនាង​ម្ចាស់​ក្សត្រី​ ​Ubolratana​ ​Rajakanya​ ​ដែល​ជា​ព្រះរាម​បង្កើត​នៃ​ព្រះមហាក្សត្រ​ថៃ​ ​រាមា​ទី១០​ ​ហើយ​បក្ស​ដែល​ប្រឆាំង​នឹង​របប​យោធា​ដទៃ​ទៀត​ ​ក៏​កំពុង​ប្រឈម​នឹង​ការ​លំបាក​ជុំវិញ​ការប្រើ​ប្រាស់​វិធានការ​ច្បាប់​ប្រឆាំង​ពួកគេ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG