បណ្ដាមេដឹកនាំនៃគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសថៃបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃចន្ទនេះ ដោយមិនមានការលើកឡើងពីឈ្មោះរបស់លោកអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ឬក៏អំពីគោលនយោបាយរបស់លោក ឬក៏អំពីព្រះអង្គម្ចាស់ក្សត្រិយ៍ Ubolratara ដែលត្រូវគណៈកម្មការរៀបចំការបោះឆ្នោតថៃមិនអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោតនៅថ្ងៃទី ២៤ ខែមិនាខាងមុខនេះទេ។
ពួកគេមិនចាំបាច់ប្រកាសដូចនេះទេ ដោយសារតែមូលដ្ឋានគាំទ្ររឹងមាំនៅភាគឦសានប្រទេសថៃរបស់គណបក្សភឿថៃ ដឹងយ៉ាងច្បាស់អំពីភាពស្មុគស្មាញនៃការបោះឆ្នោតលើកនេះ និងបានប្ដេជ្ញាថានឹងធ្វើយ៉ាងណាឲ្យគណបក្សភឿថៃបានឡើងកាន់អំណាចវិញ។
អ្នកស្រី Sadarat Keyuraphan បេក្ខជននាយករដ្ឋមន្ត្រីនាំមុខខាងគណបក្សភឿថៃ បានសួរក្រុមអ្នកគាំទ្រ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតក្នុងខេត្ត Ubon Ratchathani យ៉ាងដូច្នេះថា៖ «តើអ្នកទាំងអស់គ្នាចាំយូរប៉ុណ្ណា? តើអ្នកទាំងអស់គ្នារងគ្រោះយូរប៉ុណ្ណា?»។
អ្នកស្រីបានប្រាប់ក្រុមអ្នកគាំទ្រថា៖ «យើងទាំងអស់គ្នាត្រូវរង់ចាំបន្តិចទៀតរហូតដល់ថ្ងៃទី ២៤ ខែមីនាខាងមុខនេះ។ ថ្ងៃនោះគឺជាថ្ងៃជ័យជម្នះសម្រាប់យើងទាំងអស់គ្នា!»។
គណបក្សភឿថៃគឺជាគណបក្សដ៏ធំបំផុតក្នុងចំណោមគណបក្សចូលរួមប្រកួតនៅក្នុងការបោះឆ្នោតនេះមួយចំនួនដែលមានទំនាក់ទំនងជាមួយនឹងលោក Thaksin។ លោក Thaksin ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ ២០០៦ ហើយបច្ចុប្បន្នលោកកំពុងរស់នៅនិរទេសឯបរទេស បន្ទាប់ពីមានពាក្យបណ្ដឹងប្រឆាំងនឹងលោករឿងពុករលួយ ដែលការប្ដឹងនោះត្រូវបានលោកចាត់ទុកថាមានលក្ខណៈនយោបាយ។
គណបក្សភឿថៃនៅតែមានការគាំទ្រខ្លាំងក្លាពីកសិករ និងប្រជាពលរដ្ឋក្រីក្រ ដោយសារតែគោលនយោបាយសុខុមាលភាពសង្គមរបស់គណបក្សនេះ ប៉ុន្តែ គណបក្សនេះប្រឈមនឹងការប្រកួតប្រជែងដ៏លំបាកនៅក្នុងការបោះឆ្នោតនេះ ដោយសារតែច្បាប់បោះឆ្នោតថ្មីរារាំងគណបក្សណាមួយមិនឲ្យទទួលបានសំឡេងភាគច្រើនលើសលុប៕