ប្រទេសថៃ បានទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោក Hakeem al-Araibi ជនភៀសខ្លួនជាកីឡាករបាល់ទាត់ដោយបានអនុញ្ញាតឲ្យលោកវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីជាទីកន្លែងដែលលោករស់នៅ។
តុលាការថៃ បានទម្លាក់ចោលរឿងក្តីរបស់លោក al-Araibi កាលពីថ្ងៃចន្ទដោយនិយាយថា រដ្ឋាភិបាលប្រទេសបារ៉ែន ដែលជាស្រុកកំណើតរបស់លោក ដែលលោកបានរត់គេចខ្លួនកាលពីឆ្នាំ២០១៤ បានដកសំណើចេញពីប៉ូលិសអន្តរជាតិ Interpol ដើម្បីចាប់ខ្លួន។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក al-Araibi មានអាយុ២៥ឆ្នាំបានឡើងជិះយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Thai Airways នៅព្រឹកថ្ងៃអង្គារនេះវិលត្រឡប់ទៅកាន់ទីក្រុង Melbourne ប្រទេសអូស្ត្រាលីវិញ។
លោក al-Araibi ជាអ្នកលេងបាល់ទាត់ប្រចាំអាជីព បានត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំទៅ ខណៈដែលលោកក្រេបទឹកឃ្មុំនៅក្នុងប្រទេសថៃហើយបានត្រូវឃុំខ្លួនចាប់តាំងពីពេលនោះមក ដែលបានបណ្តាលឲ្យមានការរិះគន់ទូទាំងសាកលលោកអស់រយៈពេល២ខែ។
សមាគមសហព័ន្ធបាល់ទាត់អន្តរជាតិដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអន្តរជាតិ និងអង្គការសិទ្ធិមនុស្សបានអំពាវនាវឲ្យមានការដោះលែងលោកជាបន្ទាន់។ សមាគមសហព័ន្ធបាល់ទាត់អន្តរជាតិបាននិយាយថា ខ្លួនមានការសប្បាយរីករាយបំផុតដែលលោកបានត្រូវគេដោះលែងនោះ។
នៅឆ្នាំ២០១៤ តុលាការប្រទេសបារ៉ែន បានកាត់ទោសលោក al-Araibi ដោយកំបាំងមុខឲ្យជាប់ពន្ធនាគារ១០ឆ្នាំលើបទចោទប្រកាន់ពីការបំផ្លាញស្ថានីយប៉ូលិស។ លោកបានច្រានចោលការចោទប្រកាន់នេះហើយត្រូវបានគេផ្តល់ឋានៈជាជនភៀសខ្លួននៅក្នុងប្រទេសអូស្ត្រាលីនៅខែវិច្ឆិកា ឆ្នាំ២០១៧៕