ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ឆ្នាំ២០២០ ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកមាន​ភាព​ខ្លាំង​ក្លា​ជាង​មុន


រូបឯកសារ៖ ការជជែកដេញដោលក្នុងចំណោមបេក្ខជនគណបក្សប្រជាធិបតេយ្យនៅក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ការជជែកដេញដោលក្នុងចំណោមបេក្ខជនគណបក្សប្រជាធិបតេយ្យនៅក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

នៅ​ពេលមិន​ដល់មួយ​ខែ​ផងមុន​ការ​បោះឆ្នោត​ Caucus នៅ​ក្នុង​រដ្ឋ​ Iowa ដែល​ជា​ការ​ប្រកួតប្រជែង​លើកទី​មួយនៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដើម្បី​ជ្រើសរើស​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​គូ​ប្រជែង​នឹង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ​កំពុង​មានភាព​ខ្លាំង​ក្លា។

បេក្ខជនមាន​អំបូរ​ Latino តែ​ម្នាក់គត់​នៅ​ក្នុង​ការ​ប្រកួត​ប្រជែងនេះ​គឺ​លោកអតីត​អភិបាល​ក្រុង Julian Castro បាន​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ប្រកួត​ប្រជែង​នេះ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​ពីរ​ខែ​មករា ​ស្របពេល​ដែល​តួ​លេខ​នៃ​ការ​អង្គាស​ប្រាក់ថ្មីៗ​បង្ហាញ​ថា​បេក្ខភាព​របស់​លោក Bernie Sanders មាន​ភាព​ខ្លាំង​ក្លា​ជាង​ការ​រំពឹង​ទុក​ពី​មុន។

ឆ្នាំ​បោះឆ្នោត​២០២០​ចាប់​ផ្តើម​ជាមួយ​ការ​ចាក​ចេញ​របស់​បេក្ខជន​ម្នាក់ទៀត។

លោក​ Julian Castro ដែល​ជា​អតីត​មន្ត្រី​នៃ​រដ្ឋបាល​លោក Obama ជា​បេក្ខជន​អំបូរ​ Latino តែ​ម្នាក់​គត់​ដែល​បានឈរ​ឈ្មោះ​សម្រាប់តំណែង​ប្រធានាធិបតី ដោយ​លោកបានកត់​សម្គាល់អ្វី​ដែល​លោកឃើញ​ថា​ជា​ការខ្វះភាព​ចម្រុះគ្នា​ក្នុង​ចំណោម​ពួក​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យនៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បានថ្លែង​កាល​ពី​ឆ្នាំ​ទៅ​មិញ។

លោក​ Julian Castro និយាយ​ថា៖ «ខ្ញុំ​មិន​គិត​ថា​ ដោយសារ​នរណាម្នាក់​ជា​មនុស្ស​មិន​មែន​ជា​ជន​ស្បែក​ស​ នោះ​គួរ​ត្រូវ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទេ។ ​អ្វី​ដែល​ខ្ញុំមានជំនឿ​គឺ​ថា​ ប្រសិន​បើលោកអ្នកមាន​មនុស្ស៧ឬ៨ឬ៩នាក់​នៅលើវេទិកា​នៃ​ការ​ជជែក​ដេញ​ដោល​គ្នា ហើយ​យើង​ជា​គណបក្សមួយនៃ​ភាពចម្រុះ ​នោះ​ការណ៍​នេះប្រហែល​អាច​ជា​អ្វីដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នៅលើវេទិកា​នៃ​ការ​ជជែក​ដេញ​ដោលគ្នា‍»។

ការ​ដក​បេក្ខភាព​របស់​លោក Castro ខ្លួន​ឯង​ បណ្តាល​មក​ពី​តួលេខ​នៃ​ការ​ស្ទង់​មតិ​ទាប។ ​ក៏​ប៉ុន្តែនៅ​តែ​មាន​បេក្ខជន​ប្រធានាធិបតី​១៤នាក់​ទៀតប្រកួត​ប្រជែង​គ្នា​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ជា​គូ​ប្រជែងនឹង​លោក​ប្រធានាធិបតី​ Donald Trump នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ​នៅ​ក្នុង​ចំណោម​ពួក​បេក្ខជន​នាំមុខគេ លោក​ Bernie Sanders សមាជិក​ព្រឹទ្ធសភា​ដែល​មានបញ្ហា​គាំង​បេះដូង​កាលពីចុង​ឆ្នាំ​ទៅ​មិញ មិនបាន​បន្ថយ​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​ទេ។

តួលេខ​នៃ​ការ​អង្គាស​ប្រាក់ថ្មីៗ​បំផុតបង្ហាញ​ថា​ លោក Sanders អង្គាស​ប្រាក់​បាន​ច្រើន​ជាងគេ​ក្នុងឋានៈលោក​ជា​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយបានទទួលប្រាក់ ៣៤លាន ៥សែន​ដុល្លារក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នៃឆ្នាំ២០១៩។ ​ក៏ប៉ុន្តែ​លោកជា​សមាជិក​ម្នាក់នៃព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ក្នុង​ចំណោម​បណ្តា​ពួក​សមាជិក​មួយ​ចំនួន ដែល​រង់ចាំមើល​ថា​តើ​ពួក​គេនឹងត្រូវ​ដកខ្លួនពី​ការឃាសនា​បោះឆ្នោតក្នុង​ខែមករា ដើម្បី​ចូល​រួម​ក្នុងការកាត់ក្តី​ស្តី​ពី​ការចោទប្រកាន់ដក​តំណែង​លោក Trump នៅ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ឬយ៉ាងណា។

លោក Cory Booker ដែល​ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​និយាយ​ថា៖ ‍«ការ​ឃោសនា​បោះ​ឆ្នោតមាន​ភាព​បន្ទាប់បន្សំ បើ​ប្រៀបធៀបនឹង​សម្បថ​ដ៏ពិសិដ្ឋ​ដែល​ខ្ញុំ​បាន​ស្បថ​ស្បែថា ​ការពាររដ្ឋធម្មនុញ្ញ។​ ប្រសិន​បើយើង​ធ្វើអ្វីដើម្បីដក​តំណែងប្រធានាធិបតី​ឋិត​ក្នុង​អំណាច ខ្ញុំនឹង​នៅ​ទីនោះ​ ខ្ញុំនឹង​ផ្តោត​ការ​យកចិត្តទុកដាក់ ហើយ​ខ្ញុំនឹងធ្វើ​ការងាររបស់​ខ្ញុំ‍»។

ការ​ចោទប្រកាន់​ដក​តំណែង​លោក​ Trump ក៏​បាន​ធ្វើឱ្យ​លោក Joe Biden ដែល​ជា​បេក្ខជន​នាំមុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បានការយក​ចិត្តទុកដាក់យ៉ាង​ខ្លាំង​ផង​ដែរ។ លោក​ប្រធានាធិបតី​ Trump បានអំពាវ​នាវឱ្យ​លោក Biden ផ្ដល់​សក្ខីកម្មនៅ​ក្នុង​ការ​កាត់ក្តីដកលោកពី​តំណែង​អំពី​ការ​ទាក់​ទិន​របស់កូន​លោក​នៅ​ក្នុង​ក្រុម​ហ៊ុន​ឧស្ម័ន​អ៊ុយក្រែនមួយ​ ដែល​ជា​វិធានការ​មួយអាចដក​ការ​យកចិត្តទុកដាក់ពីការចោទប្រកាន់​ដែល​ថា​ លោក Trump បានរំលោភ​អំណាច។

លោក​អតីតប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​គោរព​តាមបញ្ជា​តុលាការ ប្រសិនបើ​ពួក​សាធារណរដ្ឋ​អំពាវនាវ​ឱ្យលោក​ផ្ដល់​សក្ខីកម្ម។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍​បន្ថែម​ថា ​លោក​មិន​គិតថា ​លោកជា​សាក្សីទេ។

លោក Biden មានប្រសាសន៍​ថា៖ «ខ្ញុំ​មិនបានដឹង​ផ្ទាល់ទេ។ គ្មាន​មូលដ្ឋាន​អ្វីសម្រាប់​ការណ៍នេះទេ‍»។

លោក Biden នៅ​តែជា​អ្នកនាំមុខគេនៅ​ក្នុងការ​ស្ទង់មតិ​ថ្នាក់​ជាតិ​នៅមុនការបោះឆ្នោត​បឋម​ក្នុង​រដ្ឋ​ Iowa នៅថ្ងៃទី៣ខែកុម្ភៈ។ ​បេក្ខជន​ឯទៀតៗមានលោក Sanders លោកស្រី Elizabeth Warren សមាជិកា​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក និង​លោក Pete Buttgieg ដែល​បានបញ្ចប់អាណត្តិ​របស់​លោកជា​អភិបាល​ក្រុង​ South Bend រដ្ឋ Indiana កាល​ពី​ថ្ងៃពុធទី១ ខែ​មករា​ដើម្បី​ផ្តោត​ការ​យក​ចិត្តទុកដាក់លើការឃោសនា​បោះឆ្នោត។ ពួក​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ជួបគ្នា​នៅ​លើ​វេទិកា​ជជែក​ដេញដោល​គ្នា​នៅ​ថ្ងៃទី១៤ខែមករា​នេះ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG