ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់​ខ្លួន​និង​ការ​ផ្អាក​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ​​បង្ហាញ​ពី​ការ​បង្ក្រាប​របស់​វៀតណាម​ទៅ​លើ​សេរីភាព​សារព័ត៌មាន


រូបឯកសារ៖ បុរសម្នាក់កំពុងចុចទូរស័ព្ទ ខណៈដើរកាត់បដាព័ត៌មានមួយដែលបង្ហាញពីការប្រឆាំងនឹងការចែកចាយ«ព័ត៌មានមិនពិត» អំពី​ជំងឺកូវីដ១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

ក្រុម​អង្គការ​ខាង​សេរីភាព​សារព័ត៌មាន​និយាយ​ថា ការ​ចាប់​ខ្លួន​ជាច្រើន និង​ការ​ហាមឃាត់​ការ​ផ្សាយ​ព័ត៌មាន​រយៈពេល​មួយ​ខែ​ នៅ​លើ​គេហទំព័រ​ព័ត៌មាន​មួយ ​ដោយសារ​តែ​ការ​ស៊ើបអង្កេត​របស់​គេហទំព័រ​នេះ​ទៅ​លើ​ផលប៉ះពាល់​បរិស្ថាន​ បង្ហាញ​ថា វៀតណាម​កំពុង​គាបសង្កត់​ការ​រិះគន់​នៅ​មុន​សមាជ​គណបក្ស​របស់​ប្រទេស​នេះ។

កាលពី​ថ្ងៃទី១២ ខែមិថុនា អាជ្ញាធរ​បាន​ចោទប្រកាន់​លោក Le Huu Minh Tuan ដែល​បម្រើការ​ឱ្យ​សមាគម​អ្នក​កាសែត​ឯករាជ្យ​វៀតណាម ពី​បទ «ប្រឆាំង​នឹង​រដ្ឋ»។ លោក Le ជា​សមាជិក​ទី៤ ​របស់​សមាគម​នេះ ​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ ចាប់តាំងពី​ពេល​ដែល​ស្ថាបនិក​សមាគម​នេះ គឺលោក Pham Chi Dung ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ខែវិច្ឆិកា។

លោក Pham ដែល​ជា​អ្នក​រាយការណ៍​សម្រាប់​សារព័ត៌មាន​ផ្សេងៗ រួម​មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ផង​នោះ បាន​ជួយ​បង្កើត​សមាគម​នេះ​ នៅ​ក្នុង​ឆ្នាំ២០១៤។ នៅ​មុន​ពេល​លោក​ត្រូវ​ចាប់​ខ្លួន លោក Pham បាន​លេច​មុខ​នៅ​ក្នុង​ការ​ផ្សាយ​សារ​វីដេអូ​ នៅ​ក្នុង​សន្និសីទ​មួយ​ដែល​ផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប-វៀតណាម។

បើ​យោង​តាម​អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​ឈ្មោះ​ថា ​អ្នក​កាសែត​គ្មាន​ព្រំដែន ឬ Reporters Without Borders (RSF) កាលពី​ខែ​មុន អាជ្ញាធរ​ក្រុង​ហាណូយ​បាន​ចាប់​ខ្លួន​អនុប្រធាន​សមាគម លោក Nguyen Tuong Thuy និង​លោក Pham Chi Thanh។ លោក ​Nguyen Tuong Thuy ជា​អ្នក​សរសេរ​ប្លុក​ម្នាក់ ដែល​ធ្វើ​សេចក្តីរាយការណ៍​ឱ្យ​វិទ្យុ​អាស៊ី​សេរី ហើយ​លោក Pham Chi Thanh ជា​អ្នក​សរសេរ​ប្លុក​ម្នាក់ ដែល​នា​ពេល​ថ្មីៗ​នេះ​បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​អំពី​អគ្គលេខាធិការ​នៃ​គណបក្ស​កុម្មុយនិស្ត​វៀតណាម។

វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ី​សេរី​គឺជា​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​ ដែល​ទទួល​បាន​ថវិកា​គាំទ្រ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។

ស្រប​ពេល​នឹង​ការ​ចាប់​ខ្លួន​នេះ កាលពី​ថ្ងៃទី២៨ ខែឧសភា ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​វៀតណាម​បាន​ហាមឃាត់​ការ​ផ្សាយ​ព័ត៌មាន​រយៈពេល​មួយ​ខែ ​ចំពោះ​គេហទំព័រ Phu nu Online ដោយសារ​តែ​មាន​ការ​ផ្សាយ​ជាច្រើន​ដែល​បាន​ធ្វើ​ការ​ចោទប្រកាន់​ក្រុមហ៊ុន​សំណង់​មួយ​ថា បាន​បំផ្លិចបំផ្លាញ​បរិស្ថាន។

នាយក​ផ្នែក​តស៊ូ​មតិ​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch លោក John Sifton បាន​និយាយ​ថា ការ​ចាប់​ខ្លួន និង​ការ​ផ្អាក​ការ​ផ្សាយ​នេះ​អាច​ជា​សញ្ញា​ថា អាជ្ញាធរ​កំពុង​ត្រៀម​ខ្លួន​រៀបចំ​សមាជ​គណបក្ស​ថ្នាក់​ជាតិ​លើក​ទី១៣ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ។

លោក Sifton បាន​ថ្លែង​ប្រាប់ VOA ថា «ស្ថាប័ន​សារព័ត៌មាន​ត្រូវ​បាន​យាយី»។ លោក​បាន​បន្ថែម​ថា ការ​យាយី​ដល់​សកម្មជន និង​អ្នក​រិះគន់ជាច្រើន​ខែ​មុន​សមាជ​គណបក្ស​ជា​រឿង​ធម្មតា។

អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​និយាយ​ថា ការ​ចាប់​ខ្លួន​ទំនង​ជា «ការ​បញ្ជាក់​ពី​ភាព​ភ័យ​ខ្លាច នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​នា​ពេល​បច្ចុប្បន្ន​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម​រយៈពេល​៦ខែ​មុន» សមាជ​របស់​គណបក្ស។

ប្រធាន​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ លោក Daniel Bastard បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ កាលពី​ថ្ងៃទី១៥ ខែមិថុនា​ថា «តាម​រយៈ​ការ​បំបិទ​មាត់​អ្នក​បញ្ចេញ​មតិ ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនិស្ត​កំពុង​តែ​ស្វះស្វែង​ការពារ​បុព្វសិទ្ធិ​របស់​ខ្លួន»។

ប្រទេស​វៀតណាម​ជា​រដ្ឋ​ឯក​បក្ស​មួយ។ គណបក្ស​កុម្មុយនិស្ត​ជ្រើសរើស​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស (Politburo) នៅ​ក្នុង​ប្រទេស​រហូត​ដល់​១៩រូប រួម​មាន​អគ្គលេខាធិការ​បក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធាន​សភា និង​សមាជិក​ប្រមាណ​ ២០០នាក់ ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត នៅ​ក្នុង​សមាជ។

លោក Sifton បាន​និយាយ​ថា អាជ្ញាធរ​ជា​ទូទៅ​យាយី​សមាជិក​សមាគម​អ្នក​កាសែត​ឯករាជ្យ តាមដាន​ពួកគេ ឬ​ដាក់​ពួកគេ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។ លោក Sifton​ បាន​បន្ថែម​ថា អ្នក​កាសែត​ទាំង​អស់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ «ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​រដ្ឋ។​ បទ​ចោទ​នេះ​មាន​និយមន័យ​យ៉ាង​ទូលាយ ហើយ​វា​មាន​ន័យ​ថា ប្រសិន​បើ​អ្នក​និយាយ​អ្វី​រិះគន់ អ្នក​នឹង​មាន​បញ្ហា»។​

ក្រសួង​ទំនាក់ទំនង​មិន​បាន​ឆ្លើយតប​អ៊ីម៉ែល​របស់ VOA ដែល​ស្នើសុំ​អត្ថាធិប្បាយ​របស់​ក្រសួង​នោះ​ទេ។

ក្នុង​ករណី​របស់​គេហទំព័រ Phu nu Online លោក Nguyen Thanh Lam ដែល​ជា​នាយក​នៃ​អាជ្ញាធរ​សារព័ត៌មាន​ស្ថិត​ក្រោយ​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​វៀតណាម​បាន​ថ្លែង​ថា​ ក្នុង​គេហទំព័រ​ព័ត៌មាន​នោះ «បាន​រាយការណ៍​ព័ត៌មាន​ខុស ដែល​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ» នៅ​ក្នុង​ការ​រាយការណ៍​ជាច្រើន​នៅ​ក្នុង​ឆ្នាំ២០១៩​ អំពី​ក្រុមហ៊ុន Sun Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ ក្រុមហ៊ុន​សំណង់ និង​ក្រុមហ៊ុន​ប្រតិបត្តិការ​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ក្រុង Da Nang។​

នៅ​ក្នុង​អត្ថបទ​ចេញ​ផ្សាយ​ នៅ​ចន្លោះ​ពី​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ គេហទំព័រ Phu nu Online បាន​ចោទប្រកាន់​ថា ក្រុមហ៊ុន Sun Group បាន​បំផ្លាញ​បរិស្ថាន​នៅ​តំបន់​ការពារ​ធម្មជាតិ Ba Na-Nui Chua នៅ​ក្នុង​ក្រុង Da Nang និង​នៅ​ក្នុង​ឧទ្យាន​ជាតិ Tam Dao នៅ​ខេត្ត Vinh Phuc នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស។

ក្រុមហ៊ុន Sun Group និង​មន្ទីរ​ព័ត៌មាន និង​ទំនាក់ទំនង​ក្រុង Da Nang បាន​ផ្ញើ​ពាក្យ​បណ្តឹង​ដែល​រួម​មាន​ឯកសារ​កម្រាស់​ ២៥៥ទំព័រ ​ទៅ​កាន់​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

ក្រុមហ៊ុន Sun Group មិន​ឆ្លើយតប​ចំពោះ​អ៊ីម៉ែល​របស់ VOA ដែល​ស្នើ​សុំ​អត្ថាធិប្បាយ​នោះ​ទេ។​

គេហទំព័រ​សារព័ត៌មាន​ខាង​លើ​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​កែតម្រូវ​ព័ត៌មាន​ខុស និង​ត្រូវ​រង​ការ​ពិន័យ​ចំនួន​៥៥លាន​ដុង (២.៣៥៨ដុល្លារ​អាមេរិក) សម្រាប់​ការ​បំពាន​ការ​ផ្សព្វផ្សាយ និង​វិជ្ជាជីវៈ​សារព័ត៌មាន។ ការ​ផ្អាក​អាជ្ញាប័ណ្ណ​របស់​គេហទំព័រ​នេះ​មិន​ប៉ះពាល់​ដល់​ការ​បោះពុម្ព​ផ្សាយ ឬ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នោះ​ទេ។​

កាលពី​កន្លង​មក ប្រទេស​វៀតណាមបាន​ចាត់​វិធានការ​ប្រឆាំង​នឹង​បណ្តាញ​សារព័ត៌មាន ឬ​អ្នក​សរសេរ​ប្លុក ដែល​រាយការណ៍​អំពី​ការ​ចោទប្រកាន់​លើ​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន និង​រឹតត្បិត​សេរីភាព​សារព័ត៌មាន​របស់​ពួកគេ។ គណបក្ស​កុម្មុយនិស្ត​គ្រប់គ្រង​សារព័ត៌មាន ហើយ​នៅ​ក្នុង​ច្បាប់​សារព័ត៌មាន​ឆ្នាំ២០១៦ បណ្តាញ​សារព័ត៌មាន​ត្រូវ​តែ​បម្រើ​ជា​សំឡេង​របស់​គណបក្ស និង​ទីភ្នាក់ងារ​រដ្ឋ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត ហៅ​កាត់​ថា CPJ។

លោក Sifton បាន​ចាត់​ទុក​ការ​ហាមឃាត់​ការ​ចេញ​ផ្សាយ​នេះ​ថា​ជា «ការ​អន់ថយមួយ​ទៀត​សម្រាប់​សេរីភាព​សារព័ត៌មាន»។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​មិនពេញ​ចិត្ តជា​ពិសេស​ចំពោះរាល់​ការ​រិះគន់​លើ​បញ្ហា​អ្វី​ក៏​ដោយ​ទាក់ទង​នឹង​ការ​សាងសង់ បញ្ហា​ដែល​អាច​ប៉ះពាល់ដ​ល់​ជលផល និង​ការ​ធ្លាយ​ជាតិ​ពុល​ពី​រោងចក្រ​ដែក​ថែប Formosa ក្នុង​ឆ្នាំ២០១៦។

នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​មុន កសិករ​ចិញ្ចឹម​បង្គង​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ​៦ឆ្នាំ ​ចំពោះ​ការ​រិះគន់​រដ្ឋាភិបាល​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក​ អំពី​គោលនយោបាយ​បរិស្ថាន។ ហើយ​នៅ​ក្នុង​ខែ​តុលា ផលិតករ​ភាពយន្ត​ លោក Thinh Nguyen ត្រូវ​បាន​ឃាត់​ខ្លួន​មួយ​ភ្លែត​ចំពោះ​អ្វី​ដែល​សហការី​របស់​លោក​និយាយ​ថា ជា​ការ​ដាក់​ទោស​សម្រាប់​ការ​ផលិត​ភាពយន្ត​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន។

នៅ​ថ្ងៃទី២៩ ខែឧសភា សារព័ត៌មាន Phu nu បាន​ផ្តល់​ព័ត៌មាន​លម្អិត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ការ​ពិភាក្សា​ជាមួយ​នឹង​អាជ្ញាធរ​សារព័ត៌មាន និង​ពន្យល់​ពី​មូលហេតុ​ដែល​ខ្លួន​ចេញ​ផ្សាយ​អត្ថបទ​អំពី​ក្រុមហ៊ុន Sun Group។

សារព័ត៌មាន​នេះ​សរសេរ​ថា៖ «អ្វី​ដែល​យើង [ព្យាយាម​ធ្វើ] គឺ​ផ្តល់​ព័ត៌មាន​បន្ថែម​ដើម្បី​ជួយ​ឱ្យ​អាជ្ញាធរ​ត្រួតពិនិត្យ គ្រប់គ្រង​ និង​បញ្ជាក់​ពី​នីតិវិធី​វាយតម្លៃ និង​យល់ព្រម​ក្នុង​គោលដៅ​កំណត់​ផលប៉ះពាល់​បរិស្ថាន​របស់​គម្រោង​នៅ​ក្នុង​តំបន់​ព្រៃ និង​សមុទ្រ ដែល​ត្រូវ​ការពារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

អ្នកស្រី Nguyen Thu Trang ជា​ចាងហ្វាង​កាសែត Phu Nu នៅ​ក្នុង​ក្រុង​ហាណូយ​និង​ជាស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​មាន​ឥទ្ធិពល​បំផុត ​១០០នាក់ របស់​វៀតណាម​នៅ​ក្នុង​ឆ្នាំ២០១៩ ដែល​ជ្រើសរើស​ដោយ​ទស្សនាវដ្តី Forbes។ អ្នកស្រី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី​ កាលពី​ថ្ងៃទី២៨ ​ខែឧសភា​ថា៖ «គម្រោង​និង​ការ​សាងសង់​របស់​ក្រុមហ៊ុន Sun Group ភាគច្រើន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​មាន​បញ្ហា​រសើប​ដូចជា ភ្នំ ព្រៃ​ចំណាស់ កោះ និង​ព្រំដែន»។

អ្នកស្រី Nguyen និយាយ​ថា អ្នក​កាសែត​ដែល​សរសេរ​អត្ថបទ​ទាំង​នោះ​ត្រូវ​បាន​គេ​តាមដាន ដាក់​សម្ពាធ និង​គំរាមកំហែង។ អ្នកស្រី​បាន​សរសេរ​ថា៖ «យើង​បាន​ដាក់​របាយការណ៍​មួយ​ជូន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ។ ប៉ុន្តែ​អ្វី​ដែល​យើង​ទទួល​បាន​ គឺ​ការ​មិន​ឆ្លើយតប»។

លោក Nguyen Tien Trun សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ក្រុង​ហូជីមិញ​បាន​ប្រាប់​ VOA ក្នុង​សម្តី​ដើម​ថា៖ «ក្រុមហ៊ុន Sun Group ដែល​ជា​ក្រុមហ៊ុន​អចលនវត្ថុ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​វៀតណាម តែងតែ​រក្សា​ភាព​ស្ងៀមស្ងាត់​អំពី​ការ​ចោទប្រកាន់​របស់​សារព័ត៌មាន​អនឡាញ Phụ nu»។

លោក Nguyen បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «សកម្មភាព​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ជឿ​ថា ក្រុមហ៊ុន Sun Group បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ដាក់​ទោស​កាសែត Phu nu ចំពោះ​ការ​បង្ហាញ​បទ​ល្មើស​បរិស្ថាន​របស់​ក្រុមហ៊ុន Sun Group។ ក្រុមហ៊ុន​នេះបាន​ធ្វើ​ឲ្យការ​អំពាវនាវ​ទាំង​អស់​របស់​រដ្ឋាភិបាល​ឲ្យការពារ​បរិស្ថាន និង​ដាក់​ពន្ធ​ទាំង​អស់​សម្រាប់​ការ​ការពារ​បិរស្ថាន​ដែល​កំណត់​ដោយ​រដ្ឋាភិបាល មើល​ទៅគ្រាន់​តែ​ជា​ពាក្យ​លាក់​ពុត​ប៉ុណ្ណោះ»។​

អ្នក​អាន​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​កាសែត​នេះ និង​បាន​សរសើរ​ដល់​ភាព​ក្លាហាន​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ។

អ្នក​អាន​ម្នាក់​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន Phu Nu​ ថា៖ «ប្រសិន​បើ​មិន​មាន​កាសែតណា​ហ៊ាន​ប្រាប់​ពី​ការ​ពិត លាតត្រដាងពី​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​នោះ​ទេ សង្គម​នឹង​មាន​ពោរពេញ​ទៅ​ដោយ​ពាក្យ​កុហក។ សូម​អរគុណ​ដល់ អ្នក​ជា​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​សម្រាប់​បុព្វហេតុ​ត្រឹមត្រូវ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG