ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​គំរាម​តបត​នឹង​សហរដ្ឋ​អាមេរិក រឿង​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ


រូប​ឯកសារ៖ លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងស នៅ​ការិយាល័យ​ក្រសួង​កិច្ចការ​បរទេស​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូប​ឯកសារ៖ លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងស នៅ​ការិយាល័យ​ក្រសួង​កិច្ចការ​បរទេស​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ចិន​បាន​គំរាម​ចាត់ «វិធានការ​សមស្រប» មួយ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ចំនួន ៤ ទៀត នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​ចិន​បាន​ជំទាស់​ទៅ​នឹង​វិធានការ​កាល​ពី​ថ្ងៃ​ចន្ទ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថា​ជា «ការ​គាប​សង្កត់​បែប​នយោបាយ​ដោយ​មិន​ចេះ​អៀនខ្មាស​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន» ដែល «បង្ហាញ​ឲ្យ​ឃើញ​បន្ថែម​ទៀត​នូវ​ការ​លាក់ពុត​នៃ​អ្វី​ដែល​អះអាង​ថា​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន ដែល​សហរដ្ឋ​អាមេរិក​ចង់​សម្ញែង​នោះ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា៖ «រដ្ឋាភិបាល​ចិន​ជំរុញ​ខ្លាំងក្លា​ឲ្យ​សហរដ្ឋ​អាមេរិក​បោះចោល​នូវ​គំនិត​បែប​សង្គ្រាម​ត្រជាក់ និង​ការ​លម្អៀង​បែប​មនោគមវិជ្ជា​នេះ បើ​មិន​ដូច្នេះ​ទេ ប្រទេស​ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ចាត់​វិធានការ​ឆ្លើយតប​ដ៏​សមស្រប​នោះ​ទេ»។

ជម្លោះ​រីករាលដាល​ទាក់ទិន​នឹង​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ បាន​បន្ថែម​ទៅ​នឹង​ភាព​តានតឹង​បន្ថែម​ទៀត​រវាង​មហា​អំណាច​ទាំង​ពីរ ដោយ​ចិន​បាន​បណ្ដេញ​អ្នក​កាសែត​អាមេរិកាំង​ជាង ១២ នាក់ ចេញ​ពី​ប្រទេស​នៅ​ក្នុង​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រសួង​ការបរទេស​អាមេរិក​បាន​រិះគន់​ខ្លាំងក្លា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៤ របស់​ចិន ដែល​នោះ​គឺ​ទូរទស្សន៍ CCTV ទីភ្នាក់ងារ​ព័ត៌មាន China News Service កាសែត People's Daily និង​កាសែត Global Times ថា​ជា​បេសកកម្ម​របស់​បរទេស និង​ជា «ប្រព័ន្ធ​ផ្សព្វផ្សាយ​ឃោសនា»។ នេះ​គឺ​ជា​ការ​បន្ថែម​ទៅ​នឹង​ការ​កំណត់​ដូច្នេះ​ម្ដង​រួច​មក​ហើយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ៥ ផ្សេង​ទៀត កាល​ពី​ខែ​កុម្ភៈ។

កាល​ពី​ខែ​មីនា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​តបត​វិញ ដោយ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​នូវ​ពលរដ្ឋ​អាមេរិកាំង​ដែល​ធ្វើ​ការ​ឲ្យ​កាសែត​ចម្បង ៣ របស់​សហរដ្ឋ​អាមេរិក ដែល​នោះ​គឺ​កាសែត The New York Times កាសែត The Wall Street Journal និង​កាសែត The Washington Post៕

XS
SM
MD
LG