ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​បារម្ភ​អំពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ​ក្រោយ​មាន​ការចាប់​ខ្លួន​បន្ត​បន្ទាប់


រូបឯកសារ៖ កង​កម្លាំង​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​រាជធានី​ភ្នំពេញ​ ឈរ​បាំង​ក្រុម​សហជីព​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​ចេញ​ដើរ​ក្បួនដាក់​ញត្តិក្នុងអំឡុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប) ផ្នែក​សិទ្ធិមនុស្ស ​នៅតែ​បារម្ភ​ពីការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា​ ក្រោយ​ពេល​សកម្មជន​និង​មន្ត្រី​គណបក្ស​ជំទាស់​ ត្រូវចោទ​ប្រកាន់ ​និង​ចាប់​ឃុំខ្លួនបន្តបន្ទាប់​។

លោក​ ជេរ៉េម៉ី ឡ័រេន​ (Jeremy Laurence) ​អ្នកនាំពាក្យ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស អ.ស.ប​ ក្នុង​ទីក្រុង​ហ្ស៉ឺណែវ​ បាន​ប្រាប់ ​VOA ​តាម​សារអេឡិច​ត្រូនិច​ ពីក្តី​បារម្ភ​របស់​លោក ចំពោះ​ការ​ធ្លាក់ចុះ​សេរីភាព​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើមថា៖ «ការ​ចាប់ខ្លួន​ជាច្រើន​ដោយ​ផ្អែក​លើ​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​ និង​យោបល់​តាម​រយ:ការនិយាយ ​និងធ្វើ​អត្ថាធិប្បាយ​អំពីរឿង​នយោបាយ​ ស្តីអំពី​កិច្ចការ​សាធារណៈ បង្កើន​នូវក្តី​បារម្ភ​ចំពោះការប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ ដើម្បី​តម្រង់​គោលដៅ​លើ​សេរីភាព​បញ្ចេញ​មតិ​ទាំង​មិន​នៅលើ​ប្រព័ន្ធ​អនឡាញ ​និង​នៅលើ​ប្រព័ន្ធ​អនឡាញ»។

លោក​បាន​បន្ថែម​ថា ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស ​អ.ស.ប ​បាន​គាំទ្រ​លោកស្រី ​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​ អ.ស.ប​ ផ្នែក​សិទ្ធិមនុស្សប្រចាំ​កម្ពុជា​ ដែលបាន​អំពាវ​នាវដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យមាន​ការ​ផ្លាស់ប្តូរ​ទៅរក​វប្បធម៌​សន្ទនា​នយោបាយ ​និងការ​អំពាវនាវ​រួមគ្នា​ជាមួយ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ផ្សេងទៀត​ ដើម្បី​ធានា​យុត្តិធម៌​សម្រាប់​លោក កឹម សុខា​ និង​ទ​ម្លាក់ការ​រឹតត្បិត​ការដាក់​ឲ្យនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ផ្តល់​សិទ្ធិសេរីភាព​នយោបាយ​ឡើងវិញ​ ហើយ​ធានា​ឲ្យមាន​សំណង​ផ្លូវចិត្ត​ និងសង​ការខូច​ខាតផង​ដែរ។

ការ​ចាប់ខ្លួន​ថ្មីៗនេះ​ធ្វើ​ឲ្យ​មានមនុស្សយ៉ាងតិច ​១៥ ​នាក់ ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង ដែល​ក្នុង​នោះ​ ១០​នាក់​ ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ប្រឆាំង​ដ៏​ធំមួយត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ ​កាល​ពី​ឆ្នាំ​២០១៧។​ លោក ​កឹម សុខា​ ជាមេដឹកនាំមួយរូបនៃគណបក្សនេះ​ ត្រូវស្ថិតនៅ​ក្រោម​ការ​ដាក់ឲ្យ​ត្រួតពិនិត្យ​របស់​តុលាការ ​ដោយ​គ្មាន​សិទ្ធិ​ធ្វើនយោបាយ​ដើរ​ចេញ​ក្រៅ​ប្រទេស​នោះទេ ​ហើយ​ត្រូវស្ថិត​ក្រោម​នីតិវិធី​របស់​តុលាការ​ពីបទ​ចោទ​ប្រកាន់​ថា មាន​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ឬប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​។ លោក​ កឹម សុខា​ បានបដិសេធ​ពីការ​ពាក់ព័ន្ទ​នឹង​រឿងនេះ ជា​បន្ត​បន្ទាប់​ទោះជា​នៅ​ចំពោះ​មុខ​តុលាការ​ក្តី។

ថ្លែង​ប្រាប់ ​VOA ​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​ ក្រោយ​ពេល​លោក​បាន​ដាក់​លិខិតទៅកាន់​ស្ថាប័ន​សិទ្ធិមនុស្ស​ និង​សហភាព​អឺរ៉ុប​នានា ​អំពីការ​ចាប់ខ្លួន​សកម្មជន​នៃគណបក្សប្រឆាំងជាបន្តបន្ទាប់ លោក​ សម រង្ស៉ី​ បាន​អះអាង​ថា​ ការចាប់​ខ្លួនថ្មីៗ​នេះនឹង​បន្ថែម​ទម្ងន់​លើ​កំណត់ត្រា​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​ដែល​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កំពុងតែ​ប្រឈម​ស្រាប់។

«ហើយ​ម្យ៉ាងទៀត​គាត់​យល់​ច្រឡំ ហើយ​គាត់​ស្មានថា ​ធ្វើអីចឹង​គេមិន​ប្រតិកម្ម​ ឥឡូវ​ហ្នឹងអន្តរជាតិ​ប្រតិកម្ម​កាន់តែ​ខ្លាំងឡើងៗ​ ពីព្រោះ​គាត់កំពុង​តែ​ប្រឈមមុខ​រឿង​នាំទំនិញ​ចេញ​ទៅ​លក់នៅខាង​ក្រៅ EBA។​ សមាគម​រោងចក្រ​កាត់ដេរ​ គឺទៅ​អង្វរ​សហភាព​អឺរ៉ុប​ថា ឲ្យ​ពន្យា​រកុំឲ្យ​ព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ​ ប៉ុន្តែ​គាត់ធ្វើ​អីចឹង​មិនខ្មាស់​គេទេ ​អឺរ៉ុប​គេចង់​ឲ្យគាត់​គោរព​សិទ្ធិមនុស្ស​ គោរពប្រជាធិបតេយ្យ​ តែគាត់​មកធ្វើ​គណបក្ស​ប្រឆាំង​ ធ្វើបាប​ប្រជារាស្ត្រ​អីចឹង​ ហើយ​គាត់នឹង​ស្មានថាគេនឹង​ពន្យារ​ទណ្ឌកម្ម​ដែលគេ​ដាក់មក​លើ​របប​គាត់»។

នៅក្នុង​សារ​លិខិត​របស់​លោក ​កាលពី​ថ្ងៃទី៧ ​ខែ​មិថុនា​ ទៅកាន់​លោកស្រី​ រ៉ូណា ស្មីត ​លោក ​សម រង្ស៉ី​ បាន​រៀបរាប់​ពីការ​ធ្វើទុក្ខ​បុកម្នេញ​ថ្មីៗ​លើ​សកម្មជន​ក្រុម​បក្សប្រឆាំង ​និង​កំណើន​នៃក្តី​បារម្ភចំពោះ​ការ​បង្ក្រាប​ក្នុង​ប្រទេស​កម្ពុជា​ថ្មីៗនេះ។

«នៅពេល​ដែល​ចំណាប់​អារម្មណ៍​របស់​ពិភពលោក​ និង​មេដឹកនាំ​ជាតិ​ និង​អន្តរជាតិ​ ផ្តោត​ទៅលើ​តែលើការ​ជួយ​សង្គ្រោះ​ជីវិត​ ជន​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩ ​ដ៏ធ្ងន់ធ្ងរ​នោះ​ ការ​រាតត្បាត​ជា​សាកល​ត្រូវបាន​ប្រើប្រាស់​ទាំង​បំពាន​ដោយ​របប​គ្រប់គ្រង​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បន្ត​រលក​នៃការកៀប​សង្កត់​លើអ្នក​ដែលហ៊ាន​បញ្ចេញ​ទស្សនៈសេរី​សេសសល់​តិចតួច»។

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបានតុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវបានតុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុងគូឡាឡំពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​ សម រង្ស៉ី​ បាន​ទទូច​ឲ្យ​សហភាព​អឺរ៉ុប ​និង​ស្ថាប័ន​អន្តរជាតិ​បន្ត​ជួយ​ស្តារ​សិទ្ធិមនុស្ស​ និងលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

លោក​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ បាន​ថ្លែងថា​ជារឿង​ធម្មតា ​និង​ជា​វប្បធម៌របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ ដែល​បរិហារ​មកលើ​រាជរដ្ឋាភិបាល​យាយី​ ធ្វើ​ទុក្ខបុក្ខ​ម្នេញ​ចូល​មកក្នុង​ប្រទេស​ តែ​លោក​ថា គេ​ពុំគួរ​គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ទេ ​ដែល​លោក​ថា​ អង្គការ​ចាត់​តាំងមួយនេះ​ត្រូវរំលាយ​ចោល​ដោយ​តុលាការ​កំពូល​រួច​ទៅ​ហើយ។​

«មេ​ឧទ្ទាម​ក្រៅច្បាប់ ​និង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​សុទ្ធតែ​ខុសច្បាប់​ទាំងអស់ ​រួមទាំង​អ្នកគាំទ្រ​ផង​។ បើថា​គាំទ្រ​នូវ​នយោបាយ​ ឬ​ឧបាយ​កល​របស់​អ្នកក្រៅច្បាប់ ​អ្នកហ្នឹង​សុទ្ធតែ​ខុសច្បាប់​ទាំងអស់ អីចឹង​ការ​ចាត់​វិធានការ​របស់​រាជ​រដ្ឋាភិបាល ​គឺជា​ការ​ត្រឹមត្រូវ​មិនមែន​ជាការ​រំលោភ​សិទ្ធិ​មនុស្ សដូចខ្ញុំ​ជម្រាប​ខាង​ដើម​អីចឹង»។​

លោក​សុខ ឥសាន​បាន​បន្ថែម​ថា៖​ «យើងដឹង​ហើយថា ​បើសិន​ណា​ជា​រាជ​រាដ្ឋាភិបាល​ធ្វើឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ ​ដើរថយ​ក្រោយ​ ឬមួយក៏មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រាកដ​ណាស់​ប្រទេស​កម្ពុជា​មិនមានសន្តិភាព​ពេញលេញ​ ហើយ​មិនមាន​ស្ថិរភាព​នយោបាយ​ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយភាព​សុខដុមរមនា​ នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ទេ»។

លោក​បាន​បន្ថែម​ថា ការ​ប៉ុនប៉ង​របស់​ក្រុម​ប្រឆាំងបំផុស​ពលរដ្ឋ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កើត​ឡើង​ជាច្រើន​ឆ្នាំមក​ហើយ ​តែ​មិនអាច​ទទួល​បាន​ជោគជ័យ​នោះទេ។

អង្គការ​ Human Rights Watch​ កាលពី​ពុធ​នេះ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បង្ក្រាបទៅ​លើ​គណបក្ស​ប្រឆាំង​ ដោយ​អង្គការ​នេះ​មើល​ឃើញ​ថា ទង្វើ​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ ​មក​ម៉្លេះ។​

ក្នុង​សេចក្តីថ្លែង​ការណ៍​ចេញ​ផ្សាយ ​នៅ​ថ្ងៃ​ទី​១៧ ​ខែ​មិថុនា អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​មាន​ទី​ស្នាក់ការ​ធំ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​រៀបរាប់​ថា​ ចាប់​តាំង​ពី​ខែ​មករា​ រហូត​ដល់​ខែ​មិថុនា ​ឆ្នាំ​២០២០​នេះ ​អាជ្ញាធរ​ខ្មែរ​បាន​ឃុំ​ខ្លួន​មនុស្ស ១៥​នាក់​ ពី​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នយោបាយ​ដែល​គេ​ប្រតិដ្ឋ​ឡើង។​មនុស្ស​ ៨០​នាក់​ ផ្សេង​ទៀត ដែល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ ក៏​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ឡើង​វិញ​គ្រប់​ពេល។​

លោក​ Phil Robertson ​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ Human Rights Watch ​បាននិយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា៖​ «រដ្ឋាភិបាល​កម្ពុជា​គួរតែ​ឈប់​ប្រើ​ការ​ចាប់​អារម្មណ៍​របស់​ពិភពលោក​ ទៅ​លើ​ការ​រីករាលដាល​ជា​សកល​នៃ​ជំងឺកូវីដ១៩​ ជា​លេស ​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង​តទៅ​ទៀត​ទៅ»។

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ​ចុះ​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​នេះ បាន​រៀបរាប់ថា​ លំហ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ការ «​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ»។​

លោក​ Peter Eriksson ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរ​ជាតិ​ស៊ុយ​អែត​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា៖​ «ការណ៍​នេះ​បង្ក​ការ​លំបាក​ដល់​ការ​បន្ត​ការ​សហការ​ដែល​ជិតស្និទ្ធ​និង​ទូលំទូលាយ។ ដូច្នេះ​រដ្ឋាភិបាល​[ស៊ុយអែត]​បាន​ជ្រើស​រើស​បង្វែរ​កិច្ច​ប្រឹងប្រែង​ការ​អភិវឌ្ឍន៍​របស់​យើង​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ប្រសើរ​ជាង​នេះ​ដល់​ការ​ផ្លាស់ប្តូរទាក់​ទង​នឹង​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ​ក្នុង​ប្រទេស​[កម្ពុជា]»។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ (អ.ស.ប)​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​គឺ​អ្នកស្រី​ មីស្សែល បាស្សេឡេត ​(Michelle Bachelet) កាលពី​សប្តាហ៍ថ្មីៗ​នេះ ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​បង្ក្រាប​លើ​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ចំនួន ១២ ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វ្រិក​ រួម​ទាំង​កម្ពុជា​ផង ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​ទី​៣​ ខែ​មិថុនា​នេះ បាន​បញ្ជាក់​ថា នៅ​កម្ពុជា​មាន​ករណី​ចាប់​ខ្លួន​បុគ្គល​ចំនួន​ ៣០​នាក់ រួម​ទាំង​ស្ត្រី​ ៦​នាក់ ​និង​ក្មេង​ស្រី​អាយុ ​១៤​ឆ្នាំ ​ម្នាក់​ដែរ ដោយ​សារ​តែ​ការ​និយាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាក់​ទង​នឹង​ជំងឺ​កូវីដ១៩។​

បុគ្គល​មួយ​ចំនួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចែកចាយ ​«ព័ត៌មាន​ក្លែងក្លាយ» ឬ​ «ព័ត៌មាន​មិន​ពិត»​ និង​ពី​បទ​ «ញុះញង់​ឱ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ»​ ហើយ​និង​បទ «រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល»​ជាដើម។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានថ្លែង​ជា​សាធារណ:​ថ្មីៗ​ថា​ លោកនឹង​បន្ត​ចាប់ខ្លួន​លើសកម្មជន​ជំទាស់​ទាំងឡាយ​ណា​ ដែលមាន​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​លោក ​តាមរយ:​ការ​ប្រើប្រាស់បញ្ហា​កូវីដ​វិទ្ធង្សនា​សេដ្ឋកិច្ច​ អំពាវនាវ​កុំឲ្យ​ពលរដ្ឋ​បង់ប្រាក់​សង​ធនាគារ​។

«ហ្អែង​ចង់​បង្កើត​ចលាចល​ដោយ​បំផុស​មនុស្ស​មិនឲ្យ​សងលុយ​ដល់​ធនាគារ​ រួចហើយ​ធ្វើឲ្យធនាគារ​រលំ​រួចហើយ ​ហ្អែង​ទាញ​យកផល​ដើម្បី​ផ្តួលរំលំ​អញមិន​ទុក​ឱកាស​ឲ្យហ្អែងទេ ​ហ្អែង​ត្រូវដឹង​ហើយអញ​ប្រាប់ហ្អែង​ឲ្យត្រង់ ​ប្រាប់ហ្អែង​ឲ្យច្បាស់​រាប់ទាំង​អាអ្នក​ធ្វើ​សកម្មភាព​ក្នុង​ស្រុក ហ្អែង​ធ្វើ​អញ​ចាប់ហើយ​វិទ្ធង្សនា​សេដ្ឋកិច្ច​ភេរវកម្ម។ ​វិទ្ធង្សនា​ភេរវកម្ម​មិន​សំដៅ​ទៅលើ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​គ្រាប់មីន​នោះទេ​ អ្នកឯង​ធ្វើវិទ្ធង្សនា​សេដ្ឋកិច្ច​បំផ្លាញជាតិ​យ៉ាង​ដូច្នេះ​ គ្មានរឿងត្រូវ​ទុកអ្នក​ឯងទេ​ រឿង​សិទ្ធិមនុស្ស​ទុកមួយ​ឡែក​សិន​ រឿងអី​និយាយ​ដល់​សិទ្ធិមនុស្ស​សិទ្ធមិនឲ្យ​បំផ្លាញ​ទេ​ឥឡូវ​មើល​នៅ​អាមេរិក»។

លោក ​ហ៊ុន សែន ​ដែល​នៅតែ​ការពារ​វិធានការ​អាជ្ញាធរ​កម្ពុជា​ប្រឆាំង​បាតុកម្ម ​និង​ក្រុម​ជំទាស់កន្លង​មក​នោះ​ បានចំអក​ដល់​លោក​ខាង​លិច​និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ដែល​រិះគន់​រដ្ឋាភិបាល​លោក​ថា​ មិនបាន​រិះគន់​រឿង​បាតុកម្ម​នៅ​អាមេរិក​ជាងពីរសប្តាហ៍​កន្លង​ទៅនេះ​ទេ។​

កាល​ពី​ខែ​កុម្ភៈ​ សហភាព​អឺរ៉ុប​បាន​សម្រេច​ថា​ នឹង​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ»​ ឬ ​Everything But Arms ​(EBA)​ ដែល​កម្ពុជា​ទទួល​បាន​ តាំង​ពី​ឆ្នាំ​២០០១។​ ការ​ព្យួរ​នេះ​នឹង​ប៉ះពាល់​ទឹក​ប្រាក់​ជាង​ ១ពាន់​លាន​ដុល្លារ​អាមេរិក​ នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប។​ ការ​សម្រេច​ព្យួរ​នេះ​ក្រោម​ហេតុ​ផល​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ការ​ព្យួរ​នេះ​ នឹង​ចូល​ជា​ធរមាន​ ចាប់​ពី​ថ្ងៃ​ទី​១២ ​ខែ​សីហា​ ឆ្នាំ​២០២០។

ក្រុមមន្ត្រី​រដ្ឋាភិបាល​នៃគណបក្ស​គ្រប់គ្រង​ប្រទេស​ រួមទាំង​លោក​ សុខ ឥសាន​ ផង មិន​បាន​ខ្វល់នឹងការ​រិះគន់​របស់​បរទេស ​ជាពិសេស​លោក​ខាងលិច​នោះ​ ដោយបាន​បញ្ជាក់​ខ្លីថា ​កម្ពុជា​ត្រូវទទួល​រងការវាយ​តម្លៃពី​ភាពខ្មៅ​ងងឹត​ មិនឆ្លុះ​បញ្ចាំង​ពីការ​ពិតនោះ​យូរមក​ហើយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG