ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​​ជិត​១០០​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក្នុង​៣​សប្តាហ៍​នៃ​ការ​រឹត​បន្តឹង​ប្រឆាំង​វីរុស​បំប្លែង​ថ្មី Delta


រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

៣​សប្តាហ៍​នៃ​ការ​រឹត​បន្តឹង​វិធានការ​សុខា​ភិបាល និង​រដ្ឋបាល ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ មនុស្ស​ជិត​១០០​នាក់​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ រឿង​បំពាន​វិធានការ​រឹត​បន្តឹងខណៈ​ជាង​៣៥.០០០​នាក់ ត្រូវ​បាន​«អប់រំ និង​ពិន័យ»។ នេះ​បើ​យោង​តាម​របាយ​ការណ៍ដែល​ចង​ក្រង​ដោយអនុ​គណៈកម្មការ​ដឹកនាំ​ការ​អនុវត្តន៍​ច្បាប់​នៃ​គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩។

ទិន្នន័យ​នេះ​ត្រូវ​បាន​ចង​ក្រង​ចាប់​ពី​ថ្ងៃ​ទី​២​ខែ​សីហា ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា បើ​ទោះ​យុទ្ធនា​ការ​រឹត​បន្តឹង ចាប់​ផ្តើម​តាំង​ពីថ្ងៃ​ទី​២៩ ខែ​កក្កដា​ក៏​ដោយ។

ទិន្នន័យ​បង្ហាញ​ថា​ប្រជា​ពលរដ្ឋ​សរុប​៩៤​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ទូទាំង​ប្រទេស។ ចំណែក​មនុស្ស​៣៥.៣៦០​នាក់ ត្រូវ​បាន​«អប់រំ​និង​ពិន័យ»។ ចំណែក​ទឹក​ប្រាក់​ពិន័យ​សរុប​មានជាង​១៧​ម៉ឺន​ដុល្លារ​អាមេរិក។ អាជ្ញាធរ​ក៏​ឃាត់​បាន​យាន​យន្ត​ដែល​មាន​ទាំង​រថយន្ត​និង​ម៉ូតូ​រាប់ពាន់​គ្រឿង​ផង​ដែរ។

នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​រឹត​បន្តឹង​ទូទាំង​ប្រទេស​និង​ថ្ងៃ​បញ្ចប់​ដាក់​បម្រាម​គោចរនៅ​រាជធានី​ភ្នំពេញ ទិន្នន័យ​របស់​អនុ​គណៈ​កម្មការ​ដឹកនាំ​ការ​អនុវត្តច្បាប់ឲ្យ​ដឹង​ថា​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​នៅ​ទូទាំង​ប្រទេស​ដើម្បី​«អប់រំ និង​ពិន័យ» ចំនួន​៩៤៧​នាក់ និង​បញ្ជូន​ទៅ​តុលាការ​១​នាក់។

លោក គឹម សន្តិភាព រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​១៩ ប្រាប់​វីអូអេ​នៅសប្តាហ៍​នេះថា​វិធានការ​ដែល​អាជ្ញាធរ​អាច​ធ្វើ​បាន មាន​ចែង​នៅ​ក្នុង​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​អប់រំ ពិន័យ និង​បញ្ជូន​ទៅ​តុលាការ។ លោក​បន្ថែម​ថា​ភាគ​ច្រើន អាជ្ញាធរ​អនុវត្ត​វិធាន​អប់រំ។ លោក​ឲ្យ​ដឹង​ទៀត​ថា​ការ​អប់រំ​នោះ​បាន​កើត​ឡើង​ចំពោះ​អំពើ​ល្មើស​វិធានការ​សុខាភិបាល ដែល​ក្នុង​នោះ​មាន​ការ​មិន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព នៅ​ក្នុង​តំបន់​ដែល​កំណត់​ជា​កាតព្វ​កិច្ច។ លោក​បន្ត​ថា​ករណី​ផ្សេង​ទៀត គឺ​ការ​ចេញ​ពី​ធ្វើ​ការ​យឺត​យ៉ាវ​ដែល​អាជ្ញាធរ​ប្រកាន់​វិធានការ​អប់រំ ដោយ​មិន​ពិន័យ​នោះ​ទេ។

ចំពោះ​ករណី​បញ្ជូន​ទៅ​តុលាការ លោក គឹម សន្តិភាព បញ្ជាក់​ថា​ភាគ​ច្រើន​ជា​ករណី​ដែល​មាន​ការ​ជួប​ជុំ​សេព​គ្រឿង​ស្រវឹង និង​បន្ត​បើក​កន្លែង​រក​ស៊ី​ដែល​បំពាន​វិធានការ​រដ្ឋបាល​ក្នុង​ពេល​រឹត​បន្តឹង។

រូប​ឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរតាមដងផ្លូវអំឡុងបំរាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង៨យប់ដល់៥ព្រឹក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរតាមដងផ្លូវអំឡុងបំរាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង៨យប់ដល់៥ព្រឹក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​ចោទ​ប្រកាន់​និង​កាត់​ទោស​របស់​តុលាការលើ​អ្នក​បំពាន​វិធានការ​សុខាភិបាល​និង​រដ្ឋបាល​ដោយ​យោង​តាម​ច្បាប់​ស្តីពី​កូវីដ១៩ ដែល​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​មីនា ឆ្នាំ​២០២០។​ មាត្រា​១១​នៃ​ច្បាប់​នេះ​ចែង​ថា​អំពើ​រារាំង​ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុវត្តវិធានការ​ដែល​បាន​ដាក់​ចេញ ស្រប​តាម​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦ខែ​ទៅ​៣ឆ្នាំ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​បាន​ប្រកាស​បញ្ចប់​«យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩»​នៅ​ទូទាំង​ប្រទេស​ដែល​ដាក់​ចេញ​តាំង​ពី​ចុង​ខែ​កក្កដា។ នេះ​បើ​យោ​ងតាម​សេចក្តី​ណែនាំ​មួយ​របស់​នាយក​រដ្ឋមន្រ្តី​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា។

​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថាជា​រួម​«ការ​អនុវត្ត​ដោយ​ម៉ឺង​ម៉ាត់ និង​តឹងរ៉ឹង​»នូវ​យុទ្ធនាការទប់​ស្កាត់​២១​ថ្ងៃ​នេះ​«បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដែល​បាន​ជួយ​ដល់​ការ​គ្រប់​គ្រង​និង​ការ​ពន្យារ​ពេល​បាន​មួយ​កម្រិត​នូវ​ការ​ឆ្លង​រាល​ដាល​ទ្រង់​ទ្រាយ​ធំ​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ​១៩​ប្រភេទ​ដែលតា​(Delta)»។

រដ្ឋាភិបាល​បាន​សម្រេច​បិទ​បញ្ចប់​ការ​អនុវត្ត​យុទ្ធនា​ការ​នេះនៅ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១។ ប៉ុន្តែ​បន្ត​អនុវត្ត​រឹត​បន្តឹង​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដោយផ្អែក​តាម​សភាព​ការណ៍​វិវត្ត​ជាក់​ស្ដែង​នៃ​ជំងឺ​នេះ​នៅ​តាម​ភូមិ​សាស្រ្ត​រាជធានី​ខេត្ត​នីមួយៗ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បញ្ចប់​បម្រាមគោចរ​ដែល​បាន​ដាក់​អស់​រយៈ​ពេល​៣​សប្តាហ៍​មក​ហើយ។ ប៉ុន្តែ​នៅ​បន្ត​កំហិត​អាជីវកម្ម​និង​សកម្ម​ភាព ដែល​មាន​ហានិ​ភ័យ​ខ្ពស់។

លោក យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព បាន​ប្រាប់វីអូអេ​នៅ​ថ្ងៃ​សុក្រនេះថាមាន​កត្តា​៣ ដែល​លោក​មើល​ឃើញ​ពាក់ព័ន្ធ​នឹង​បញ្ហា​រឹត​បន្តឹង​វិធានការ​សុខាភិបាល និង​ការ​ផាក​ពិន័យ​នេះ។​ទី១​ប្រជាពលរដ្ឋមិន​បាន​តៀម​ខ្លួន​ទាន់​ពេល​វេលា​ជាមួយ​ការ​រស់​នៅ​ក្នុងរបត់​ថ្មី។ ទី២ ការ​យល់​ឃើញ​របស់ប្រជាពល​រដ្ឋនិង​ផ្នត់គំនិត​គិត​ថា​ការ​អនុវត្តន៍​ច្បាប់​នេះ​មិន​តឹង​រ៉ឹងនិង​ទី៣អាជ្ញាធរ​ថ្នាក់​ក្រោម​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ។លោក​បន្ថែម​ថា​អាជ្ញាធរ​គួរ​តែ​បន្ធូរ​បន្ថយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​ជាអ្នកប្រកប​របរ​រក​ស៊ី​ពេល​យប់ និង​អ្នក​ដឹក​បន្លែ​ជា​ដើម។

លោកថ្លែងថា៖ «ការ​រក​ទទួល​ទាន​កូវីដទាញ​ទម្លាក់ជីវភាព​មួយ​ហើយ។​ហើយ​បើ​ការ​ដែល​គ្នា​[ប្រជាពលរដ្ឋ]​រក​មិន​បាន​ទៀត​[និង]មិន​អាច​ចេញ​ទៅ​រក​ស៊ី​បាន​វា​រឹត​តែ​ពិបាក​ទៀត»។

ទោះ​ជាយ៉ាង​ណា រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​យុទ្ធនាការ​រឹតបន្តឹង​៣សប្តាហ៍​នេះ «មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ដុំកំភួន​ដល់​សកម្មភាព​ខាង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ក៏ដូចជា​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន»នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG