ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សុខាភិបាល​កម្ពុជា៖ មិន​មាន​ភាព​ចាំបាច់​ធ្វើ​តេស្ត​រក​អង់ទីគ័រ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នោះ​ទេ


រូប​ឯកសារ៖​ អ្នកស្រី ឱ វណ្ណឌីន​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ ចូលរួម​ពិធី​ទទួល​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ នៅ​ភ្នំពេញ​ កាល​ពី​​ថ្ងៃ​ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១។ (ហ៊ាន សុជាតា/​វីអូអេ)

មន្រ្តី​សុខាភិបាល​កម្ពុជា​បាន​អំពាវ​នាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ឧប​ករណ៍​ធ្វើ​តេស្ត​រហ័ស​រក​អង្គ​បដិបក្ខ​ឬ​អង់ទីគ័រ​ (Antibodies) ក្រោយ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ពីរ​ដូស​រួច​ហើយ ដោយ​អះ​អាង​ថា​លទ្ធផល​តេស្ត​មិន​អាច​ទុក​ចិត្ត​បាន ហើយ«មិន​មាន​ភាព​ចាំបាច់»នោះ​ទេ។

អ្នកស្រី ឱ វណ្ណឌីន​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារ​ព័ត៌​មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គេហ​ទំព័រ​សារព័ត៌មាន​ Freshnews ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

អ្នកស្រី ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា​ការ​បង្កើត​បាន​អង់​ទីគ័រ ក្រោយ​ចាក់​វ៉ាក់សាំង​ពីរ​ដូស​រួច​ហើយ មាន​លក្ខណៈ​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ដោយ​កត្តា​ច្រើន ដូច​ជា​អាយុនិង​លក្ខខណ្ឌ​សុខភាព។ អ្នកស្រីបន្ត​ថា៖ «មិន​មាន​ភាព​ចាំបាច់» ទៅ​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីគ័រ ដោយ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក ​(WHO)។

អ្នកស្រី​ថ្លែង​ថា៖ «ហើយ​ចេះ​តែ​នាំ​គ្នា​ផ្អើល ចេះ​តែ​នាំ​គ្នា​យក​ទៅ​ធ្វើ​តេស្ត រួច​ហើយ​ក៏​នាំ​គ្នា​បន្លឺ​ឡើង​ថា​វ៉ាក់​សាំង​នេះ វ៉ាក់​សាំង​នោះ អត់​មាន​អង់ទីគ័រ។ ឆែក​ទៅ។ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ជម្រាប​ជូន​ទៀត​ថា​ការ​ដែល​ធ្វើ​តេស្ត​នេះ ភាគ​ច្រើន​ដែល​ខ្ញុំ​សង្កេត​ឃើញ​គឺ​សំដៅ​ទៅ​លើ​តែ​វ៉ាក់​សាំង​ដែល​ផលិត​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ មូល​ហេតុ​អី? ខ្ញុំ​គ្រាន់​ដាក់​សំណួរ​ជូន ខ្ញុំ​មិន​បាច់​ចាំ​ឆ្លើយ​ទេ​ចា៎»។

អ្នកស្រី​បន្ថែម​ថា​មាន​ក្រុម​ទៅ​«ពន្យុះ» ឬ​ «បង្អើល»​ប្រជា​ពលរដ្ឋ​ឲ្យ​ធ្វើ​តេស្ត​រក​អង់​ទីគ័រ ដោយ​ប្រើ​ប្រាស់​ឧបក​រណ៍​ពុំ​មាន​ការទទួល​ស្គាល់​តាម​លក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ ហើយលទ្ធ​ផល«មិន​អាច​ទទួល​យក​បាន​ទេ»។

រូប​ឯកសារ៖ ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ (Rapid Test) នៅ​ប្រទេស​អ៊ីតាលី​ កាល​ពី​ឆ្នាំ​២០២០។
រូប​ឯកសារ៖ ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ (Rapid Test) នៅ​ប្រទេស​អ៊ីតាលី​ កាល​ពី​ឆ្នាំ​២០២០។

អ្នកស្រី ឱ វណ្ឌឌីន បាន​ឲ្យ​ដឹង​ទៀត​ថា​កោសិកា​របស់​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ស្គាល់​ភាព​បន្សាំ​ទៅ​នឹង​វីរុស​ជំងឺ​កូវីដ​១៩ ដូច្នេះ​អ្នកស្រី​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ថា​តើ​មាន​អង់ទីគ័រ​ក្នុង​កោសិកា​កម្រិត​ណា។

អ្នកស្រីថ្លែង​បន្ថែម​ថា៖ «កោសិកា​អ្នក​ខ្លះ ចូល​ទៅ គាត់​ស្គាល់​ហើយ ប៉ុន្តែ​គាត់​អត់​ធ្វើ​ការ មាន​ន័យ​ថា​ចូល​ទៅ គាត់​ដេក​បាត់​ទៅ។ គាត់​ដេក គាត់​អត់​ធ្វើ​ការ​ទេ ទៅ​ដល់​គាត់​លក់​ឈឹង​អញ្ចឹង​ទៅ។ ដល់​អញ្ចឹង​ទៅ ទោះ​បីទៅ​ធ្វើ​តេស្ត​ទាល់​ងាប់​ទៀត ក៏​វា​អត់​ឃើញ​អា​ antibodies ហ្នឹងដែរ វា​អត់​ឃើញ​អង់ទីគ័រ ព្រោះ​គាត់​អត់​ទាន់​ចេញ​ខ្លួន​មក ប៉ុន្តែ​គាត់​ស្គាល់​ហើយ កោសិកា​គាត់​ស្គាល់​ហើយ។ មួយ​ទៀត​ចូល​ទៅ​គាត់​សកម្ម​តែ​ម្តង។ កោសិកា​ហ្នឹង​គឺ​សកម្ម»។

ទាក់​ទង​នឹង​ការ​ចាក់​វ៉ាក់​សាំង​ជំរុញ ឬ​ដូស​ទី៣ អ្នកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ថាការ​សិក្សា​បង្ហាញ​ខុសៗ​គ្នា ប៉ុន្តែ​ជា​រួម​អង់ទីគ័រ​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩ អាច​ធ្លាក់​ចុះ ក្នុង​ចន្លោះ​ពី​៦​ខែ​ទៅ​១​ឆ្នាំ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី២​រួច​ហើយ។ អ្នកស្រី​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ចំពោះ​ការ​ចាក់​ដូស​ជំរុញ ដោយ​ត្រូវ​ទុក​រយៈ​ពេល​យូរ​បន្តិច​ជា​រឿង​ល្អ ដែល​ការ​សិក្សា​ទុក​ចន្លោះ​ពី​៦​ខែ​ទៅ​១​ឆ្នាំ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ ក្រសួង​សុខា​ភិបាល​បាន​ហាម​ឃាត់​ការ​ចែក​ចាយ លក់ និង​ធ្វើ​តេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​១៩ ដោយ​ប្រើ​ប្រាស់​តេស្ត​រហ័ស​គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។ ក្រសួង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា​ថា៖«ដើម្បី​ចៀស​វាង​នូវ​ការ​ខាត​បង់​ប្រាក់​កាស និង​បង្ក​ឲ្យ​មាន​ភាព​អនា​ធិបតេយ្យ​ក្នុង​សង្គម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​កំពុង​ចាក់​វ៉ាក់សាំង​កូវីដ​១៩ នៅ​ទូទាំង​ប្រទេស​នោះ ក្រសួង​សុខាភិបាល​សូម​ជូន​ព័ត៌​មាន​ដល់​សាធារណ​ជន​ទាំង​អស់ ត្រូវ​ឈប់​ជឿ​លើ​ការ​ឃោសនា​កុហក បោក​ប្រាស់ ភូតភរ​ទាំង​នោះ ដោយ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ការ​ប្រើ​ប្រាស់​តេស្ត​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ​១៩ គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខា​ភិបាល ដែល​កំពុង​ផ្សព្វ​ផ្សាយ​លក់...»។

រូប​ឯកសារ៖ យុវជនម្នាក់កំពុងចាក់វ៉ាក់សាំង Sinovac សម្រាប់​បង្ការជំងឺកូវីដ១៩ នៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុង​រាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១។
រូប​ឯកសារ៖ យុវជនម្នាក់កំពុងចាក់វ៉ាក់សាំង Sinovac សម្រាប់​បង្ការជំងឺកូវីដ១៩ នៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុង​រាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១។

លោក យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​ធ្លាប់​បាន​ឮ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​តេស្ត​រហ័ស ដើម្បី​ពិនិត្យ​អង់ទីគ័រ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​ហើយ។ លោក​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្ហាញ​ទំនុក​ចិត្ត​លើ​ការ​ចាក់​វ៉ាក់​សាំង​ថា​មាន​ប្រសិទ្ធ​ភាព និង​អាច​ផលិត​អង់ទីគ័រ​ក្នុង​កោសិកា​ការ​ពារ​បាន។

ទោះ​ជា​យ៉ាងណា លោក យង់ គិម​អេង យល់​ថា​ប្រជា​ពលរដ្ឋ​មិន​ទាន់ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ទាក់​ទង​នឹង​កម្រិត​អង់ទីគ័រ ហើយ​អ្នក​ខ្លះ​«អាច​ប្រថុយ​ប្រថាន»​ប្រើប្រាស់​វ៉ាក់សាំង​ដូ​សជំរុញ​ភ្លាមៗ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ថា​ជា​ការ​ប្រសើរ​ដែល​ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់ ប៉ុន្តែ​ត្រូវ​តែផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​ថា​តើ​ក្រសួង​ធ្វើ​យ៉ាង​ម៉េចបាន​ដឹង​ថា​អង់​ទីគ័រ វាតិច​ឬ​ក៏​ច្រើន ឈាន​ទៅ​ដល់​ការ​ចាក់​ដូសជំរុញ អាហ្នឹង​ជា​រឿង​មួយ​សំខាន់​ដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង កុំ​ចេះ​តែ​ដើរ​ទៅ​ធ្វើ​តេស្ត​ដោយ​ខ្លួន​ឯង អាច​ជា​ការ​ចាញ់​បោក អាច​ជា​អី​អញ្ចឹង​ទៅ​បាទ»។

គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា កម្ពុជា​ចាក់​វ៉ាក់​សាំង​ដល់​ពលរដ្ឋ​ចំនួន​៨​លាន​៧​សែន​នាក់ ដោយ​ប្រើ​ប្រាស់​វ៉ាក់​សាំង​៤​ប្រភេទ គឺ​វ៉ាក់​សាំង​ស៊ីណូវ៉ាក់ ​(Sinovac) ស៊ីណូហ្វាម (Sinopharm) អាស្រ្តាហ្សេនីកា ​(Astra​Zeneca) ដែល​ប្រើ​ពីរ​ដូស និង​ចនសុន ចនសុន (Johnson&Johnson) ដែល​ប្រើ​តែ​មួយ​ដូស។ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រេច​ឲ្យ​អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​ស៊ីណូវ៉ាក់ និង​ស៊ីណូ​ហ្វាម​ពីរ​ដូស​រួច​ហើយ អាច​ចាក់​ដូស​ជំរុញ​វ៉ាក់​សាំង​ប្រភេទ​អាស្រ្តា​ហ្សេនីកា ប៉ុន្តែ​ត្រូវ​ធានា​ថា​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ពីរ​រួច​ហើយ​យ៉ាង​តិច​៦​ខែ។

គួរ​បញ្ជាក់​ថា​រដ្ឋាភិ​បាល​បាន​ដាក់​ផែន​ការ​ចាក់​ដល់​ពលរដ្ឋ​ប្រមាណ​១៣​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​១៦​លាន​នាក់ ដើម្បី​បង្កើត​ភាព​ស៊ាំ​នៅ​ក្នុង​សហគមន៍៕

XS
SM
MD
LG