ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

មួយ​សប្តាហ៍​ចុង​ក្រោយ មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់​ត្រូវ​«អប់រំ​និង​ពិន័យ» ខណៈ​៥០​នាក់​បញ្ជូន​ទៅ​តុលាការ រឿង​បំពាន​បម្រាម​កូវីដ១៩


រូប​ឯកសារ៖ ប៉ូលិសហាមឃាត់អ្នកធ្វើដំណើរឆ្លងកាត់កន្លែងត្រួតពិនិត្យនៅរាជធានីភ្នំពេញ អំឡុង​វិធានការបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល ២ សប្តាហ៍ កាល​ពី​​ ខែមេសា ឆ្នាំ​២០២១ កន្លង​ទៅ។

ក្នុង​ពេល​ដែល​អាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​នានា​រឹត​បន្តឹងវិធានការ​សុខាភិបាល​របាយការណ៍​បង្ហាញ​ថា​ក្នុង​រយៈ​ពេល​១​សប្តាហ៍​ចុង​ក្រោយនេះ មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ដើម្បី​«អប់រំ​និង​ពិន័យ» ខណៈ​ប្រមាណ​៥០​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​បន្ត។

ទិន្នន័យ​របស់​អនុ​គណៈ​កម្មការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់​នៃ​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ឲ្យ​ដឹង​ថា ​ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ដែល​មាន​រយៈ​ពេល​មួយ​សប្តាហ៍ មនុស្ស​ចំនួន​១៩.៥៦៣​នាក់​ទូទាំង​ប្រទេស ត្រូវ​បានឃាត់​ខ្លួន ដើម្បី​«អប់រំ​និង​ពិន័យ» ខណៈ​៤៩​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់។ ចំណែក​ថវិកា​ដែល​ពិន័យ​បាន​មាន​ប្រមាណ​២៣៧​លាន​រៀល ដែល​ស្មើ​ប្រមាណ​៦​ម៉ឺន​ដុល្លារ​អាមេរិក។ អាជ្ញាធរ​ក៏​ឃាត់​បាន​យាន​យន្ត​រាប់​ពាន់​ផង​ដែរ​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ចុង​ក្រោយ។

បើ​តាម​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​លទ្ធផល​អនុវត្ត​វិធាន​ការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធាន​ការ​រដ្ឋបាល សម្រាប់​ថ្ងៃចន្ទ ទី១៦ ខែសីហា អាជ្ញាធរ​បានឃាត់​ខ្លួន​មនុស្ស​ចំនួន​២.៥៤០​នាក់ សម្រាប់ ​«អប់រំ​និង​ពិន័យ» ហើយ​បញ្ជូន​ទៅ​តុលាការ​ចំនួន​៨​នាក់។ ចំណែក​កាល​ពី​ថ្ងៃ​ទី​១៤ ខែសីហា មាន​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​២.៥៣៨​នាក់ ដើម្បី​«អប់រំ និង​ពិន័យ» ហើយ​មនុស្ស​២៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ។ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា អាជ្ញាធរ​បាន​ឃាត់ខ្លួន​មនុស្សចំនួន​៤.១៥៤​នាក់ ដើម្បី«អប់រំ និងពិន័យ» ហើយ​បញ្ជូន​ទៅ​តុលាការ​ចំនួន​១៣​នាក់។

ចាប់​តាំង​ពី​ចុង​ខែ​កក្កដា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​ដាក់​បម្រាម​គោចរ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ហើយ​បាន​សម្រេច​បន្ត​ចំនួន​១​សប្តាហ៍​ទៀត គឺ​រហូត​ទៅ​ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា។ ចំណែក​វិធានការ​រឹត​ត្បិត​ការ​ជួប​ជុំ​និង​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ ក៏​ត្រូវបាន​បន្ត​ផ្អាក​ក្នុង​រយៈ​ពេល​២​សប្តាហ៍ គឺ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១។ បច្ចុប្បន្ន​បម្រាម​គោចរក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ ធ្វើ​ឡើង​នៅ​ចន្លោះ​ម៉ោង​១០​យប់ ដល់​ម៉ោង​៣​ទៀប​ភ្លឺ។

រូប​ឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរតាមដងផ្លូវអំឡុងបំរាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង ៨យប់ដល់ ៥ព្រឹក កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២ ០២១ កន្លង​ទៅ។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរតាមដងផ្លូវអំឡុងបំរាមគោចរក្នុងរាជធានីភ្នំពេញ ពីម៉ោង ៨យប់ដល់ ៥ព្រឹក កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២ ០២១ កន្លង​ទៅ។ (ទុំ ម្លិះ/វីអូអេ)

ក្នុង​ពេល​រឹត​បន្តឹង​វិធានការ​សុខាភិបាល​នោះ អាជ្ញា​ធរ​ក៏​ហាម​ឃាត់​ការ​ជួប​ជុំ ដើម្បី​សេព​គ្រឿង​ស្រវឹង​និង​ហាម​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​លើស​ពី​១៥​នាក់ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​សីហា​ដែរ។

នៅ​តាម​បណ្តា​ខេត្ត​ក៏​មាន​ការ​រឹត​បន្តឹង​វិធាន​ការ​សុខា​ភិបាល​ផង​ដែរ។ កាល​ពី​ថ្ងៃ​ទី​១៦ ខែសីហា ក្រសួង​សុខាភិបាល​បាន​កំណត់​ភូមិសាស្រ្ត​ដែល​ត្រូវ​អនុវត្ត​កាតព្វ​កិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិ​ភាព ដែល​មាន​១៥​ខេត្ត​ដូច​ជា​ខេត្ត​ពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី ក្រចេះ កំពត កំពង់ធំ និង​ត្បូង​ឃ្មុំ​ជាដើម។ ការ​ពាក់​ម៉ាស់ត្រូវ​អនុវត្ត​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​សាជា​ថ្មី។

លោក គឹម សន្តិភាព រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិ​ធម៌​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណៈ​កម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​១៩ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​វិធាន​ការ​ដែល​អាជ្ញាធរ​អាច​ធ្វើ​បាន មាន​ចែង​នៅ​ក្នុង​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​អប់រំ ពិន័យ និង​បញ្ជូន​ទៅ​តុលាការ។ លោក​បន្ថែម​ថា​ភាគ​ច្រើន អាជ្ញាធរ​អនុវត្ត​វិធាន​អប់រំ។ លោក​ឲ្យ​ដឹង​ទៀត​ថា​ការ​អប់រំ​នោះ​បាន​កើត​ឡើង​ចំពោះ​អំពើ​ល្មើស​វិធានការ​សុខាភិបាល ដែល​ក្នុង​នោះ​មាន​ការ​មិន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព នៅ​ក្នុង​តំបន់​ដែល​កំណត់​ជា​កាតព្វ​កិច្ច។ លោក​បន្ត​ថា​ករណី​ផ្សេង​ទៀត គឺ​ការ​ចេញ​ពី​ធ្វើ​ការ​យឺត​យ៉ាវ​ដែល​អាជ្ញាធរ​ប្រកាន់​វិធាន​ការ​អប់រំ ដោយ​មិន​ពិន័យ​នោះ​ទេ។

ចំពោះ​ករណី​បញ្ជូន​ទៅ​តុលាការ លោក គឹម សន្តិភាព បញ្ជាក់​ថា​ភាគ​ច្រើន​ជា​ករណី​ដែល​មាន​ការ​ជួប​ជុំ​សេព​គ្រឿង​ស្រវឹង និង​បន្ត​បើក​កន្លែង​រក​ស៊ី​ដែល​បំពាន​វិធានការ​រដ្ឋបាល​ក្នុង​ពេល​រឹត​បន្តឹង។

លោក​ប្រាប់​វីអូអេ​ថា៖ «ពាក់​ព័ន្ធ​ទៅ​នឹង​ការ​មិន​អនុវត្ត​វិធានការ​រដ្ឋបាល។ ឧទាហរណ៍​ថា​មាន​ការ​ជួប​ជុំ​ផឹក​ស៊ី ហើយ​ម្ចាស់​ទីតាំង​មួយ​ចំនួន​ដែល​គាត់​បង្កើត​ឲ្យ​មាន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​ដើម្បី​ផឹក​ស៊ី​ហ្នឹង។ កន្លែង​ខ្លះ នៅ​តែ​បើក​ខារ៉ាអូខេ អញ្ចឹង​ទោស​ទាំង​អស់​ហ្នឹង​ហើយ ដែល​ជា​មុខ​សញ្ញា​ត្រូវ​បញ្ជូន​ទៅ​តុលាការ»។

បើ​តាម​លោក គឹម សន្តិភាព ថវិកា​ដែល​បាន​មក​ពី​ការ​ផាក​ពិន័យ នឹង​ត្រូវ​បញ្ចូល​ជា​ថវិកា​ជាតិ។

លោក សាន សុខសីហា អ្នកនាំពាក្យ​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៦ ខែ​សីហា សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ចំនួន​៨៩​នាក់​នៅ​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ ដែល​ល្មើស​នឹង​បម្រាម​គោចរ និង​វិធាន​ការ​រដ្ឋបាល ដូច​ជា​ការ​បើក​កន្លែង​លេង​បាល់ទាត់ កន្លែង​ហាត់​ប្រាណ និង​ហាង​មួយ​ចំនួន។ លោក​បន្ថែម​ថា​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា អាជ្ញាធរ​បាន​បញ្ជូន​មនុស្ស​ចំនួន​១៤​នាក់​ទៅ​តុលាការ ទាក់​ទង​នឹង​ការ​ជួបជុំ​លេង​ល្បែង​ស៊ី​សង​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ។

លោក ប្លង់ សុផល អ្នក​នាំពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «មាន​ករណី​ច្រើន​ដែល​យើង​បាន​អនុវត្ត​តាម​ច្បាប់។ ដោយ​សារ​ច្រើន​ពេក មិន​ចាំ​អស់​ទេ»។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ មាន​ប្រសា​សន៍​ថា​ការ​ឃាត់​ខ្លួន​មនុស្ស ដើម្បី​អប់រំ និង​ពិន័យ មាន​ប្រមាណ​២ម៉ឺន​នាក់​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ចុង​ក្រោយ​ដែល​លោក​ថា​ជា​ចំនួន​ច្រើន ដែល​មាន​ន័យ​ថា​ប្រជា​ពលរដ្ឋ​មិន​ទាន់​ដឹង​ពី​វិធានការ​រដ្ឋបាល និង​សុខាភិបាល​នៅ​ឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ក្រៅ​តែ​ពី​ការ​អនុវត្ត​វិធាន​ការ ក៏​គួរ​តែ​បង្កើន​នូវ​ការ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​យល់​ដឹង ហើយ​និង​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​នៃការ​រីក​រាល​ដាលនៃ​កូវីដ​១៩​ហ្នឹង»។

គួរ​បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​ថាមនុស្ស​៥៥៦នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ហើយ​ករណី​ស្លាប់​ថ្មី​មាន​ចំនួន​១៤នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​មាន​ចំនួន​១.៧១៨នាក់៕

XS
SM
MD
LG