ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អារ៉ាខាន់ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា កំពុង​រើស និង​ហ្វឹកហ្វឺន​សមាជិក​ថ្មី


រូបភាព​ឯកសារ៖ កង​ទ័ពឧទ្ទាម Arakan Army ធ្វើ​ការ​រើស​សមាជិក​ថ្មី នៅ​ជំរំ​ហ្វឹកហ្វឺន​ក្នុង​រដ្ឋ​កាឈីន។
រូបភាព​ឯកសារ៖ កង​ទ័ពឧទ្ទាម Arakan Army ធ្វើ​ការ​រើស​សមាជិក​ថ្មី នៅ​ជំរំ​ហ្វឹកហ្វឺន​ក្នុង​រដ្ឋ​កាឈីន។

ខណៈ​ដែល​ជម្លោះ​រវាង​ក្រុម​ជនជាតិភាគតិច​ប្រដាប់​អាវុធ​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​កងកម្លាំង​របស់​រដ្ឋាភិបាល​ កំពុងតែ​មាន​ការកើនឡើង ​កងទ័ព​ឧទ្ទាម​ Arakan Army កំពុង​រើស​ និង​ហ្វឹកហ្វឺន​សមាជិក​ថ្មីៗ​របស់​ខ្លួន។

ជម្លោះ​រវាង​ក្រុម​ជនជាតិភាគតិច​ប្រដាប់​អាវុធ​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​កងកម្លាំង​របស់​រដ្ឋាភិបាល​ កំពុងតែ​មាន​ការកើនឡើង។ សមាជិក​ថ្មីៗ បាន​ចូលរួម​ក្នុង​ក្រុម​នានា​ដូចជា ក្រុម​កង​ទ័ពឧទ្ទាម Arakan Army (AA) ដែល​បាន​បង្កើត​ជំរំ​ហ្វឹកហ្វឺន​នៅក្នុង​រដ្ឋ​កាឈីន​ដែល​ជា​មូលដ្ឋាន​របស់​សមាជិក​សម្ព័ន្ធមិត្ត​ខាងជើង​ដែល​ជា​កងទ័ព​ឯករាជ្យ​កាឈីន ហៅ​កាត់​ថា (KIA)។

នៅ​តាម​ជើង​ភ្នំ​មួយ​នៅ​រដ្ឋកាឈីន​ដែល​ស្ថិត​នៅ​ភាគខាងជើង​ប្រទេស​មីយ៉ាន់ម៉ា​កងទ័ព​វ័យក្មេង​ជាច្រើន​រយ​នាក់ ចាប់ផ្តើម​រត់​ហាត់សម​នៅ​តាម​ផ្លូវ​នៅ​ពេលព្រឹក​ព្រលឹម។

កងទ័ព​វ័យក្មេង​ថ្មី​ទាំងនេះ ចូលរួម​ក្នុង​ក្រុម​ដូច​ជា​ក្រុម​កងទ័ព​អារ៉ាខាន់ ដែល​បាន​បង្កើត​ជំរំ​ហ្វឹកហ្វឺន​នៅ​រដ្ឋកាឈីន​ដែល​ជា​មូលដ្ឋាន​របស់​សមាជិក​សម្ព័ន្ធមិត្ត​ខាងជើង​ដែល​ជា​កងទ័ព​ឯករាជ្យ​កាឈីន ហៅ​កាត់​ថា (KIA)។

ក្រុម​ឧទ្ទាម​អារ៉ាខាន់ ដែល​ហៅ​កាត់ថា (AA) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ ហើយ​បច្ចុប្បន្ន​កំពុងវាយ​ប្រយុទ្ធ​នៅ​រដ្ឋ Rakhine ប្រឆាំងនឹង​កងកម្លាំង​រដ្ឋាភិបាលនៅក្នុង​ការវាយ​ប្រយុទ្ធ​គ្នា​ដែល​មាន​ការ​កើនឡើង​នៅក្នុង​ប៉ុន្មាន​ខែថ្មីៗ​នេះ​ ចំ​ពេល​ដែល​មាន​កិច្ចចរចា​បញ្ឈប់​បទឈប់​បាញ់​គ្នា។

ក្រុម​ឧទ្ទាម​អារ៉ាខាន់​នេះ គឺជា​ក្រុម​ប្រដាប់​អាវុធ​ដែល​នៅ​ក្រោម​ចំណុះ​របស់​សម្ព័ន្ធភាព​សហភាព​អារ៉ាខាន់​ដែល​មាន​ទីស្នាក់ការ​ធំ​នៅក្នុង​ក្រុង Laiza។ ក្រុង Laiza គឺជា​រដ្ឋធានី​របស់​រដ្ឋកាឈីន​ដែល​គ្រប់គ្រង​ដោយ​កងទ័ព​ឯករាជ្យ​កាឈីន ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ចិន។

ក្រុម​កងទ័ព​ឧទ្ទាម​អារ៉ាខាន់ និយាយ​ថា​ពួកគេ​មាន​កងកម្លាំង ៧.០០០ នាក់​នា​ពេល​បច្ចុប្បន្ន។ ដូចជា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ភាគច្រើន​នៅក្នុង​ប្រទេស​នេះ​ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ដែរ ក្រុម​ឧទ្ទាម​អារ៉ាខាន់​និយាយ​ថា ពួកគេ​កំពុង​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព និង​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​លើ​ទឹកដី​របស់​ពួកគេ។

ស្ត្រី​ម្នាក់​ឈ្មោះ Soe Soe ដែល​កំពុង​ស្ពាយ​កាំភ្លើង AK-74 នៅ​លើ​ស្មា​និយាយ​ថា៖ «មូលហេតុ​ដែល​ខ្ញុំ​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​អារ៉ាខាន់ និង​ហ្វឹកហ្វឺន​ជា​ទាហាន​ស្រី​គឺ​ដោយសារតែ​ខ្ញុំ​មិន​ចង់ឃើញ​កងទ័ព​មីយ៉ាន់ម៉ា​ជិះជាន់​និង​សម្លាប់​ប្រជាពលរដ្ឋ Rakhine ទៀត​ទេ។

កងទ័ព​មីយ៉ាន់ម៉ា​សម្លុត​និង​ធ្វើបាប​យើង​យ៉ាងខ្លាំង​តាម​គ្រប់​មធ្យោបាយ​ដែល​ពួកគេ​អាច​ធ្វើ​បាន។ ខ្ញុំ​មិន​អាច​ទទួល​យក​វា​បាន​ទេ ដូច្នេះ​ខ្ញុំ​បាន​សម្រេចចិត្ត​បម្រើ​ជាតិ​និង​កងទ័ព​របស់​ខ្ញុំ»។

ដូចជា​ក្រុម​ប្រដាប់​អាវុធ​ដទៃទៀត​នៅក្នុង​សម្ព័ន្ធមិត្ត​ភាគខាងជើង​របស់​ពួកគេ​ដែរ​ដែល​រួមមាន​កងទ័ព​ឯករាជ្យ​កាឈីន (KIA) កងទ័ព​រំដោះ Ta-ang (TNLA) កងទ័ព​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ​ជាតិ​មីយ៉ាន់ម៉ា (MNDAA) និង​ក្រុម​ឧទ្ទាម​អារ៉ាខាន់ កំពុង​ស្ថិត​នៅក្នុង​ការប្រយុទ្ធគ្នា​យ៉ាងខ្លាំង ស្របពេល​ដែល​ការចរចា​អំពី​បទឈប់បាញ់គ្នា​កំពុង​បន្ត​ធ្វើឡើង​ជាមួយ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង សានស៊ូជី និង​យោធា​មីយ៉ាន់ម៉ា។

ការវិនិយោគ​អន្តរជាតិ​និង​ការអភិវឌ្ឍ​នៅ​ក្នុង​តំបន់​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​ឡើង​ថ្លៃ​ហើយ​និង​បង្កើន​សម្ពាធ​ទៅ​លើ​ក្រុម​ដែល​កំពុង​ធ្វើ​សង្គ្រាម ឲ្យ​បង្កើត​សន្តិភាព​និង​ស្ថិរភាព​ដល់​ដែនដី​ដែល​មាន​ធនធាន​ដែល​អាច​រក​ប្រាក់​ចំណូល​បាន ឬ​អាច​ធ្វើ​ជា​ច្រក​របៀង​ដើម្បី​ដឹកជញ្ជូន​ទំនិញ។

មេបញ្ជាការ​រង​កងទ័ព​អារ៉ាខាន់ គឺ​លោក​វេជ្ជបណ្ឌិត Nyo Tun Aung ដែល​ជា​អ្នកពិនិត្យ​មើល​ការបណ្តុះបណ្តាល​ផ្នែក​វេជ្ចសាស្រ្ត​នៅ​ឯ​ជំរំ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Laiza និយាយ​ថា មិនមែន​មាន​តែ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ប៉ុណ្ណោះ​ទេ ដែល​រង​ការវាយប្រហារ​នៅ​រដ្ឋ Rakhine នោះ។

លោក Nyo Tun Aung ពន្យល់​ថា៖

«នៅ​ពេល​ជនជាតិ​បេងហ្គាលី​នៅ​រដ្ឋ Rakhine មាន​បញ្ហា ពិភពលោក​បាន​យកចិត្ត​ទុកដាក់ និង​អាណិត​អាសូរ​ពួកគេ។ យើង​ចង់​អង្វរករ​ដល់​ពិភពលោក​ថា សូម​ក្រឡេក​មើល​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​អារ៉ាខាន់​ផង ហើយ​និង​អាណិត​អាសូរ យើង​ដែរ។ យើង​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ជនជាតិ​បេងហ្គាលី​ដែរ»។

ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅ​រដ្ឋ Rakhine ជាញឹកញាប់​ត្រូវបាន​ប្រជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​ចាត់ទុក ថា ជា​ជនជាតិ​បេងហ្គាលី ដែល​នេះ​ជា​ពាក្យ​មើលងាយ​ថា​ពួកគេ​មកពី​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិត​ខាង។

ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង ៧ម៉ឺន ៥ ពាន់​នាក់​ត្រូវ​បាន​បណ្តេញចេញ​ពី​រដ្ឋ Rakhine ក្នុង អំឡុង​ពេល​ប្រតិបត្តិ​ការបោស​សម្អាត​ដោយ​កងទ័ព​មីយ៉ាន់ម៉ា​ក្នុង​ឆ្នាំ ២០១៧។

ឥឡូវ​នេះ​មនុស្ស​ជាង ៩០០.០០០ នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ជំរំ​ជនភៀស​ខ្លួន​បង់ក្លាដែស ហើយ​មន្រ្តី​ជាន់ខ្ពស់​មីយ៉ាន់ម៉ា​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ដោយ​ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​អន្តរជាតិ​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ទោះបី​ប្រជាពលរដ្ឋ​ស៊ីវិល​នៅ​រដ្ឋ Rakhine ភាគច្រើន​ជា​អ្នកកាន់​សាសនា​ព្រះពុទ្ធ​ក៏ដោយ ក៏​អ្នកស្រុក​ទាំងនោះ​នៅតែ​ជា​គោលដៅ​របស់​កងទ័ព​ភូមា​កណ្ដាល​ដែរ។

តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​រដ្ឋ Rakhine ហើយនឹង​ដែល​ទទួល​បាន​ការឧបត្ថម្ភ​ថវិកា​ពី​ប្រទេស​ចិន​និង​ឥណ្ឌា បាន​នាំ​ឱ្យ​មាន​ការផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ធំ ទាំង​អ្នកកាន់​សាសនា​ព្រះពុទ្ធ​ និង​អ្នកកាន់​សាសនា​ឥស្លាម។ គម្រោង​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ​ថា Kaladan មាន​ទឹក​ប្រាក់ ៤៨៤ លាន​ដុល្លារ គ្រោង​ភ្ជាប់​កំពង់​ផែ Sittwe ទៅនឹង​កំពង់​ផែ​សមុទ្រ Kolkata នៅ​ភាគខាងកើត​ប្រទេស​ឥណ្ឌា គ្រាដែល​ប្រទេស​ចិន កំពុងតែ​គាំទ្រ​ការសាងសង់​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​មួយ​នៅ Kyaukphyu ដែល​គេ​ប៉ាន់ស្មាន​ថា អស់​ប្រាក់​ចំនួន​ប្រមាណជា ១ពាន់ ៣ រយ​លានដុល្លារ​អាមេរិក។

បំពង់​បង្ហូរ​ប្រេង​ដែល​តម្លៃ​សាងសង់​ប្រមាណ​ជា ១ពាន់ ៥រយ​លាន​ដុល្លារ​ក៏​នឹង​ដំណើរការ​ផងដែរ ពី​ឈូង​សមុទ្រ​បេងហ្គាល់​ទៅ​កាន់​ប្រទេស​ចិន។

ខណៈពេល​ដែល​បំពង់​បង្ហូរ​ប្រេង និង​កំពង់ផែ​សមុទ្រ​ជ្រៅ​នេះ នឹង​ផ្តល់​ប្រេង​និង​ឧស្ម័ន​ដល់​ប្រទេស​ជិត​ខាង ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ មិន​ទាន់​បាន​ឃើញ​ពី​ប្រយោជន៍​ដែល​បាន​មកពី​បំពង់​បង្ហូរ​ប្រេង និង​កំពង់ផែ​សមុទ្រ​ជ្រៅ​នេះ នៅ​ឡើយ​ទេ៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG