ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​មាន​ទុទិដ្ឋិនិយម​អំពី​ការប្រើ​វប្បធម៌​សន្ទនា​ដោះ​លែង​មន្ត្រី​គណបក្ស​ប្រឆាំង​


លោក​ មាជ​ សុវណ្ណារ៉ា​ ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ (កណ្តាល​ឆ្វេង) សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​ផ្សេង​ទៀត​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​នាំ​ខ្លួន​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥។ REUTERS
លោក​ មាជ​ សុវណ្ណារ៉ា​ ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ (កណ្តាល​ឆ្វេង) សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​ផ្សេង​ទៀត​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​នាំ​ខ្លួន​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥។ REUTERS

អ្នក​វិភាគ​សង្គម​និង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្តែងទុទិដ្ឋិនិយម​ចំពោះ​ការ​ប្រើ​ប្រាស់​«វប្បធម៌​សន្ទនា»​ដើម្បី​សម្រួល​ដល់​ការ​ដោះ​លែង​មន្រ្តី​ និង​សកម្ម​ជន​នយោបាយ​ចំនួន១១​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​ខណៈ​ពេល​ដែល​ក្រុម​មេធាវី​កំពុង​ដុត​ដៃ​ដុត​ជើងបើក​យុទ្ធនាការ​តស៊ូ​ខាង​ផ្លូវច្បាប់​ដើម្បីជួយ​ជន​ជាប់​ពន្ធនាគារទាំង​នេះ។​

អ្នក​វិភាគ​សង្គម​ និង​នយោបាយយល់​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​វប្ប​ធម៌​សន្ទនា​សម្រាប់​ជួយ​ដោះលែង​មន្ត្រី​ និងសកម្ម​ជន​នយោបាយ​របស់​គណបក្សប្រឆាំង​ទាំង​១១​នេះមិន​អាច​ទៅ​រួច។ ការ​យល់​ឃើញ​បែប​នេះ​ កើត​មាន​ឡើង​ក្រោយ​ពី​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​ជំទាស់​ប្រកាស​ថា​ វប្បធម៌​សន្ទនា​អាច​ជា​ច្រក​ទី​បី​ដែល​អាច​ជួយ​មន្ត្រី​ និង​សកម្ម​ជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១នាក់​នេះ​ បន្ថែម​លើ​យុទ្ធនាការ​ផ្លូវ​ច្បាប់​ និង​កិច្ច​ព្រម​ព្រៀង​នយោបាយ​ចុះ​នៅ​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤។​

លោក ​អ៊ូ វីរៈ ​ប្រធានវេទិកា​អនាគត​ (Future Forum) ​ដែល​ជា​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​ បាន​ពន្យល់​ថា​ វប្បធម៌​សន្ទនា​នេះ​មិន​អាច​ប្រើ​ជា​ជំនួយ​ដើម្បី​ដោះ​លែង​អ្នក​ទាំង​១១​នាក់​នោះ​ទេ​ ប្រសិន​ជា​គ្មាន​ការ​ដោះ​ដូរ​ផ្នែក​នយោបាយ​ណា​មួយ។​

«តាម​ពិត​វប្បធម៌​សន្ទនា​ជួយ​បាន​ទាល់​តែ​ក្លាយ​ជា​វប្ប​ធម៌​ដោះ​ដូរ​ ​បាន​ន័យ​ថា​ ក្នុង​ករណី​ដោះ​ដូរ​ដោះ​លែង​អ្នក​១១​នាក់​ហ្នឹង​ថា​ តើ​គណបក្ស​សង្គ្រោះ​ជាតិ​សុខ​ចិត្ត​ដោះ​ដូរ​រឿង​អី​វិញ​ផ្សេង។​ ហើយ​បើ​តាម​ខ្ញុំ​ទាយ​គឺ​ទាល់​តែ​ឈប់​ធ្វើ​បាតុកម្ម​ ឬ​ក៏​ឈប់ធ្វើ​ការ​ខ្លាំង​ទៅ​លើ​រឿង​ព្រំដែន»។​

លោក​អ៊ូ វីរៈ​បន្ត​ថា​ វប្បធម៌​ដោះ​ដូរ​នេះ​អាច​បង្ក​បញ្ហា​ផ្លូវ​ច្បាប់​ច្រើន​ទៀត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​ព្រោះ​អ្នក​តំណាងរាស្រ្ត​៧​រូប​ផ្សេង​ទៀត​នៅ​ជាប់​បណ្តឹង​អាជ្ញានៅ​ឡើយ​ ​ហើយ​ថា​ វប្បធម៌​ដ៏​មាន​ប្រជាប្រិយភាពនេះ​ ងាយ​នឹង​ប្រេះ​ស្រាំ​ នៅ​គ្រា​ដែល​តុលាការ​មិន​ទាន់​អាច​ការ​ពារ​ឯក​រាជ្យ​ភាព​របស់​ខ្លួន​បាន​នៅ​ឡើយ។

«រឿងក្នុង​ស្រុក​ខ្មែរ​ជា​រឿង​ប្រេះ​ស្រាំ​ណាស់​ ព្រោះ​អី? ​ដោយ​សារ​យើង​អត់​ទាន់​មាន​ប្រព័ន្ធ​តុលាការ​ដែលយើង​អាច​ទុក​ចិត្ត​បាន។​ ហើយ​ដោយ​សារ​អញ្ចឹងហើយ​រឿង​ទាំង​អស់​ហ្នឹង​គឺ​រឿងប្រេះ​ស្រាំ​ ងាយមាន​បញ្ហា​ខ្លាំង​ណាស់»។​

កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​មន្ត្រី​ និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​២០​ឆ្នាំ​ទាក់ទង​នឹង​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ឆ្នាំ​២០១៤។​

មន្ត្រី​ និង​សកម្មជន​ទាំង​១១​នាក់​ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​នោះ​ រួម​មាន​មន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ មាជ​ សុវណ្ណារ៉ា​ ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ និង​លោក​ អឿ ណារិទ្ធ​ផង​ដែរ​ ដែល​ត្រូវ​តុលាការ​ចោទ​ថា​ បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ ធ្វើ​ឲ្យ​អ្នក​បម្រើ​ការ​សន្តិសុខ​របួស​ជា​ច្រើន​នាក់​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ ដែល​មាន​ការ​ចោទ​ប្រកាន់​ទៅវិញ​ទៅមក​រវាង​ក្រុម​សន្តិសុខ​ និង​ក្រុម​បាតុករ​កាលពី​ពាក់​កណ្តាល​ខែ​កក្កដា​ឆ្នាំ​២០១៤។​

នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុងការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារអ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃអាទិត្យទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)
នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» ក្នុង​អំឡុងការ​ទទួល​ទាន​អាហារ​រួម​គ្នា​រវាង​ក្រុម​គ្រួសារអ្នក​នយោបាយ​ទាំង​ពីរ នៅ​សណ្ឋាគារកាំបូឌីយ៉ាណា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃអាទិត្យទី​១២ ខែ​កក្កដា ឆ្នាំ ២០១៥។ (រូបថតដោយ​ សម រង្ស៊ី)

លោក​កែម ឡី ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​សង្គម​ យល់​ឃើញ​ថា​ ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ដើម្បី​ដោះ​លែង​ជន​ទាំង​នោះ​ ​អាច​កើត​មាន​តាម​រយៈ​វប្បធម៌​សន្ទនា​ ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ​ឈប់យក​ឈើ​មក​ចាក់​ដំបៅ​ចាស់​ ដូច​ជា​បញ្ហា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ជា​ដើម។​

«ខ្ញុំ​មើល​ទៅ​វប្បធម៌​សន្ទនា​ហ្នឹង​ វា​គ្រាន់​តែ​ជាល្បិច​នយោបាយ​មួយរបស់​គណបក្ស​កាន់​អំណាច​ទេ។ ​អ្វី​ដែល​ចង់​ដោះ​លែង​ហ្នឹង​ ខ្ញុំ​គិត​ថា ដូច​ជា​សព្វ​មួយ​ដង​អញ្ចឹង។ ​បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ​ឈប់​កកូរ​កកាយ​ បង្ហាញ​ភាព​ជាក់​ស្តែង​ រឿង​ការ​រំលោភ​ព្រំដែន​ រឿង​អន្តោ​ប្រវេសន៍​វៀតណាម​អី​ហ្នឹង​ វាច្បាស់​ជា​មាន​ការ​សម្រប​សម្រួល​ការ​ដោះ​លែង​ហើយ»។​

លោក​បញ្ជាក់​ថា​ គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ទទួល​ការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣​ នឹង​ប្រឈម​នឹង​ហានិភ័យ​ច្រើន​បន្ត​ទៀត​ ប្រសិន​ជា​គណបក្ស​ប្រឆាំង​នេះ​ នៅ​បន្ត​ប្រើ​វប្បធម៌​សន្ទនា​ ដែល​ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច​ប្រើ​សម្រាប់​បន្ថយ​ការ​រិៈ​គន់។

លោក​បាន​ប្រដូច​វប្បធម៌​នេះ​ទៅ​នឹង​ល្បែង​នយោបាយ​ដ៏គ្រោះ​ថ្នាក់​មួយ​សម្រាប់​គណបក្ស​ជំទាស់ ដោយថ្លែងថា៖​ «ល្បែង​ហ្នឹង​អាច​បន្ត​លេង​រហូត​ដល់​ឆ្នាំ​២០១៧​ ឆ្នាំ​២០១៨​ ហើយ​ល្បែង​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​គណបក្ស​ប្រឆាំង​ទៅ​ទៀត​ ដោយសារ​អី?​ គឺ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ជាតិ​ ដែល​ទើបតែ​ធ្វើ​វិសោធន​កម្ម​ ឬ​ក៏​រៀប​ចំ​ថ្មី​ហ្នឹង​ មាត្រា​ទី​១៦២​ចែងថា​ បទ​ល្មើស​របស់បុគ្គល​ជាន់​ខ្ពស់​របស់​គណបក្ស​ជា​បទ​ល្មើស​របស់​គណបក្ស។ ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អាច​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ហ្នឹង​ឈរ​ឈ្មោះ​ ហើយ​អាច​រំលាយ​គណបក្ស​នោះ​ចោល​ អត់​ខុស​ពី​គណបក្ស​ថៃរ៉ាក់​ថៃ​របស់​ថាក់​ស៊ីន​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថៃ​រំលាយ​ចោល​ មុន​បោះ​ឆ្នោត​នោះទេ​ ហើយ​ថាក់​ ស៊ីន​រត់​ទៅ​បង្កើត​គណបក្ស​ភឿថៃ»។​

ទោះ​បី​ជា​យ៉ាង​ក៏ដោយ​ លោក ​យ៉ែម បុញ្ញឫទ្ធិ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ដឹង​ថា​ មន្ត្រី​នៃ​គណបក្ស​សង្រ្គោះ​បាន​ចាប់​ផ្តើម​ធ្វើ​ទំនាក់​ទំនង​ជាមួយ​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ប្រធាន​សំឡេង​ភាគ​ច្រើន​នៅ​រដ្ឋសភា​ជាតិ​ដើម្បី​ចរចា​ឲ្យ​ដោះ​លែង​ជនជាប់​ឃុំ​ទាំង​១១​នាក់​នេះ។​ លោក​បញ្ជាក់​ថា​ ការ​ចោទ​ប្រកាន់​នេះ​មិន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា ​និង​មិន​បង្ក​ហានិភ័យ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ដោយ​លោកបាន​បន្ថែម​ថា ​ការ​គាំទ្រ​ពី​មហាជន​ខ្មែរ​ចំពោះគណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​កើន​ឡើង​ផង​ដែរ។​

«ខ្ញុំ​មិន​គិត​អញ្ចឹង​ទេ​ ពីព្រោះ ឥឡូវ​ប្រជា​ពលរដ្ឋ​បាន​ទទួល​ព័ត៌មាន​លឿន​ និង​រហ័ស​ណាស់។​ នៅ​ពេល​ណា​ដែល​ធ្វើ​ទង្វើ​អវិជ្ជមាន​ ឬ​ក៏​ទង្វើមិន​ស្រប​ ​ ពេល​នោះ​ប្រជា​ពលរដ្ឋ​រឹត​តែ​ថ្កោល​ទោស​កាន់​តែ​ខ្លាំង ​ដូច្នេះ​សង្គ្រោះ​ជាតិ​កាន់​តែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​វិញ​ទេ»។​

រីឯ​លោក​សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឲ្យ​ VOA​ដឹង​ថា​ វប្បធម៌​សន្ទនា​នេះ​មិន​អាច​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​មន្រ្តី​ និង​សកម្ម​ជន​ទាំង​១១​នាក់​នោះ​ទេ។​

ដោយ​ឡែក​ ក្រុម​មេធាវី​ ដែល​ការពារ​ក្តី​អ្នក​ជាប់​ពន្ធនាគារ​ទាំង​១១​នាក់​នេះ​ ​ បានប្តឹង​ទៅ​សាលា​ឧទ្ធរណ៍ដើម្បី​ស្នើ​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​កាត់​ក្តី​ឡើង​វិញ​ ដើម្បី​បញ្ជាក់​ថា​ កូន​ក្តី​របស់​ពួកគេ​ទាំង​១១​នាក់​នេះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​កុប្បកម្ម​ទេ។​

លោក​ជួង ជូងី​ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្ម​ជនចំនួន​ប្រាំ​នាក់​ក្នុង​ចំណោម​១១​នាក់ មាន​ប្រសាសន៍​ថា​ លោក​បាន​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​ស្នើ​ឲ្យ​តុលាការសាលា​ឧទ្ធរណ៍​ច្រាន​ចោល​ការ​សម្រេច​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ ប៉ុន្តែ​លោក​ថា​ លោក​ពុំ​មាន​ជំនឿ​ច្រើន​ថា​ សាលា​ឧទ្ធរណ៍​អាច​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ទេ។​

«ចំពោះ​ជំនឿ​ ជាទូទៅ ​មិន​ជា​មាន​ជំនឿ​ប៉ុន្មាន​ទេ​ ពីព្រោះ​តុលាការ​ស្រុក​ខ្មែរ។ ​ ប៉ុន្តែ​យើង​អត់​មាន​ជម្រើស​ យើង​ត្រូវ​ខំ​ព្យាយាម​តតាំង​តាម​ផ្លូវ​ច្បាប់​ដែល​យើង​អាច​ធ្វើ​បាន»។​

ការ​ផ្តន្ទា​ទោស​នេះ​កើត​ឡើង​ដោយ​គ្មាន​វត្តមាន​របស់​មេធាវី​តំណាង​ឲ្យជន​ជាប់​ចោទ​១០​នាក់ក្នុង​ចំណោម​ជន​ជាប់​ចោទ១១​នាក់នៅ​ក្នុង​សវនាការ​នោះ។​ រឿង​នេះ​ត្រូវ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​ច្បាប់​និយាយ​ថា​ តុលាការ​គួរ​តែ​ពន្យារ​ពេល​សវនាការ។​

ការ​ដាក់​ទោស​ទណ្ឌ​នេះ​បាន​កើត​ឡើង​ចំ​ពេល​ ដែល​មាន​ការ​ពុះ​កញ្ជ្រោល​រឿង​ជាតិ​និយម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​នឹងប្រឆាំង​នឹងវៀតណាម​អំពី​បញ្ហា​រំលោភ​បំពាន​ព្រំដែន។​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ​ការ​ពុះ​កញ្ជ្រោល​រឿង​ជាតិ​និយម​ជា​សម្ពាធ​នយោបាយ​មួយ៕

XS
SM
MD
LG