ការតែងតាំងបុត្រារបស់ព្រះមហាក្សត្រសាលម៉ាន (Salman) នៃប្រទេសអារ៉ាប៊ី សាអូឌីតគឺព្រះអង្គម្ចាស់មូហាម៉ាត់ ប៊ីន សាលម៉ាន (Mohammed bin Salman) ជារាជទាយាទថ្មី ជំនួសបងប្អូនជីដូនមួយរបស់ព្រះអង្គ ព្រះនាម មូហាម៉ាត់ ប៊ីន ណាយេហ្វ (Mohammed bin Nayef) គឺជាពាក្យចចាមអារ៉ាមជាយូរមកហើយ។ ប៉ុន្តែពេលវេលាដែលត្រូវធ្វើសេចក្តីប្រកាសដ៏ធំយ៉ាងប្រញ៉ាប់ប្រញ៉ាលនេះ អាចបណ្ដាលមកពីភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់ រួមមានសង្រ្គាមនៅក្នុងប្រទេសយេម៉ែន ភាពតានតឹងកាន់តែខ្លាំងឡើងជាមួយនឹងប្រទេសអ៊ីរ៉ង់ ហើយនិងវិបត្តិជាមួយប្រទេសកាតានាពេលថ្មីៗនេះ។ ក្នុងនាមជាអ្នកដឹកនាំជំនាន់ថ្មី រាជទាយាទថ្មីអង្គនេះ ហាក់ដូចជាមានទស្សនៈគ្រប់គ្រងលើរាជាណាចក្រនេះ តាមបែបទំនើបទាន់សម័យច្រើនជាងមុន ឬមានលក្ខណៈប្រពៃណីតិចជាងមុន។
ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអារ៉ាប៊ី សាអូឌីត បានបង្ហាញអំពីរាជទាយាទតែងតាំងថ្មី ព្រះអង្គម្ចាស់ មូហាម៉ាត់ ប៊ីន សាលម៉ាន ទទួលសច្ចាប្រណិធានបង្ហាញភក្តីភាពពីសំណាក់ម្ចាស់បងជីដូនមួយរបស់ព្រះអង្គ ព្រះនាម មូហាម៉ាត់ ប៊ីន ណាយេហ្វ កាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ។ ពិធីស្បថសច្ចានេះ បានប្រារព្ធធ្វើឡើងតាមបែបសង្គមកុលសម្ព័ន្ធជាលក្ខណៈប្រពៃណីគំរូមួយ នៅឯព្រះបរមរាជវាំង សាហ្វា(Safa) ក្នុងទីក្រុងមេកា។
រាជទាយាទថ្មី ដែលមានអំណាចខ្លាំងរួចទៅហើយ គឺជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាមនុស្សជំនិតដៃស្ដាំរបស់ព្រះបិតារបស់ព្រះអង្គ។ ព្រះអង្គម្ចាស់ មូហាម៉ាត់ ប៊ីន សាលម៉ានក៏បានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងគោលនយោបាយសេដ្ឋកិច្ចផងដែរ ហើយថែមទាំងបានបើកសម្ពោធគម្រោងដ៏ធំមួយកាលពីដើមឆ្នាំនេះ ដែលហៅថា ទស្សនៈវិស័យ «Horizon 2030» ដើម្បីផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ប្រទេស។ ព្រះអង្គម្ចាស់រាជទាយាទ ក៏មានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុននាវាដឹកប្រេង Aramco ដ៏ធំប្រចាំប្រទេសផងដែរ។
ប៉ុន្តែ ប្រហែលកិច្ចការដែលគួរកត់សម្គាល់បំផុតរបស់ព្រះអង្គមូហាម៉ាត់ ប៊ីន សាលម៉ាន គឺជា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត នៅក្នុងសង្រ្គាមនៅប្រទេសយេម៉ែន។ រាជរដ្ឋាភិបាលប្រទេសអារ៉ាប៊ី សាអូឌីត ប៉ុនប៉ងចង់បណ្តាញពួកកងជីវពល Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ចេញពីរាជធានី Sana'a ប្រទេស Yemenនិងដើម្បីជួយដល់ប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិឲ្យកាន់តំណែងឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងនេះ បានបញ្ជាក់ថា មានការចំណាយច្រើនបំផុត និងបណ្ដាលឲ្យមានការប្រយុទ្ធវាយបកកើតមានឡើង។
លោក Riad Kahwaji ជាប្រធានវិទ្យាស្ថានវិភាគទៅលើផ្នែកយោធានៅក្នុងតំបន់អាស៊ីខាងលិចនិងតំបន់ឈូងសមុទ្រ (Institute for Near East and Gulf Military Analysis) ដែលមានមូលដ្ឋាននៅទីក្រុង ឌុយបៃ បានបា្រប់ VOA ថា អ្នកសង្កេតការណ៍នៅតំបន់ឈូងសមុទ្រប្រទេសនេះ កំពុងរំពឹងទុកថាព្រះអង្គ មូហាម៉ាត់ ប៊ីន សាលម៉ាននឹងបន្តធ្វើតាមគោលដៅមួយភាគធំនៃគោលនយោបាយបរទេសរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ដែលព្រះអង្គត្រូវបានដាក់ឲ្យទទួលខុសត្រូវក្នុងការបន្តគោលនយោបាយទាំងនោះ។
«ការផ្លាស់ប្តូរផ្ទៃក្នុងនាពេលថ្មីៗនេះ និងពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់អារ៉ាប៊ី សាអូឌីត ដែលមានឥទ្ធិពលរបស់ព្រះអង្គម្ចាស់ មូហាម៉ាត់ ប៊ីន សាលម៉ាន នៅក្នុងនោះ។ ហេតុដូច្នេះហើយ ទាក់ទងនឹងគោលនយោបាយការបរទេសរបស់អារ៉ាប៊ី សាអូឌីត ខ្ញុំមិនរំពឹងថា មានការផ្លាស់ប្ដូរពិតប្រាកដណាមួយនោះទេ»។
លោកបានបញ្ជាក់ថា អ្នកវិភាគនៅតំបន់ឈូងសមុទ្រនេះជឿថា ប្រទេសអារ៉ាប៊ី សាអូឌីត នឹង«បន្តឈរលើជំហរមុតមាំចំពោះឥរិយាបថខ្លាំងក្លារបស់អ៊ីរ៉ង់ នៅក្នុងតំបន់ ជាពិសេស នៅក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្សេងៗនៅតំបន់អារ៉ាប់...ដូចជានៅក្នុងប្រទេសយេម៉ែន ស៊ីរី អ៊ីរ៉ាក់ និងកន្លែងផ្សេងៗទៀត»។
លោក Hilal Khashan ជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៅសកលវិទ្យាល័យ American University of Beirut ។ លោកបានហៅការតែងតាំងរបស់ព្រះអង្គមូហាម៉ាត់ ប៊ីន សាលម៉ាន ជារាជទាយាទថាជា «ការធ្វើរដ្ឋប្រហារក្នុងរាជវាំង» ដែលសបញ្ជាក់ឲ្យឃើញថា ប្រទេសនេះមិនត្រឹមតែបន្តគោលនយោបាយដដែលប៉ុណ្ណោះនោះទេ ប៉ុន្តែវាគឺជាការបង្កើនឥទ្ធិពលនៃគោលនយោបាយរបស់ប្រទេសអារ៉ាប៊ី សាអូឌីតនៅក្នុងតំបន់ថែមទៀតផង»។ លោក Khashan បានលើកឡើងថា ការដកតំណែងរបស់ «ព្រះអង្គមូហាម៉ាត់ ប៊ីន ណាយេហ្វ ត្រូវបានគេរំពឹងទុកជាយូរមកហើយ» ប៉ុន្តែ ការដែលការដកតំណែងនេះកើតឡើងឆាប់រហ័សនោះ អាចបណ្តាលមកពីភាពតានតឹងនានានៅក្នុងតំបន់។
«យើងបានរំពឹងពីការបណ្តេញលោកមូហាម៉ាត់ ប៊ីន ណាយេហ្វ ចេញពីតំណែងតាំងពីខែមេសាមកម្ល៉េះ បន្ទាប់ពីមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅរដ្ឋបាលប្រទេស អារ៉ាប៊ី សាអូឌីត។ ប៉ុន្តែការណ៍ដែល អន្តរកាលនេះកើតឡើងជាផ្លូវការនៅពេលនេះ មានន័យថា អារ៉ាប៊ី សាអូឌីត កំពុងប្រឈមនឹងស្ថានភាពដ៏លំបាកនៅក្នុងតំបន់ ហើយវិបត្តិជាមួយប្រទេសកាតាមានការទាមទារខ្ពស់ ហើយក៏មានការលំបាកខ្លាំង និងមិនងាយជម្នះនោះទេ»។
លោក Khashan បានចង្អុលបង្ហាញផងដែរថា ព្រះមហាក្សត្រ សាលម៉ាន ដែលបានគ្រងរាជចាប់តាំងពីព្រះរាមដែលមានមាតាទីទៃរបស់ទ្រង់ គឺមហាក្សត្រ អាប់ឌុលឡា បានសោយទីវង្គតទៅនៅដើមឆ្នាំ២០១៥នោះ ក្នុងជន្មាយុ ៨២ព្រះវស្សា ក្នុងពេលដែលទ្រង់មានសុខភាពអន់ខ្សោយខ្លាំង។ លោកនិយាយថា៖ «ខ្ញុំគិតថា ព្រះរាជសុខភាពរបស់មហាក្សត្រសាលម៉ាន នឹងមិនមានភាពប្រសើរឡើងនោះទេ ហើយមិនយូរប៉ុន្មាននោះទេ នឹងត្រូវមានការផ្ទេរអំណាច»។
ស្ដេច Abdel Aziz al-Saud ដែលជាអ្នកបង្កើតរាជវង្សសាអូឌីត បានមានព្រះបន្ទូលមុនពេលសោយទីវង្គតថា អ្នកស្នងរាជរបស់ព្រះអង្គ គួរតែជាអ្នកកើតចេញពីខ្សែស្រឡាយដោយផ្ទាល់របស់ទ្រង់ ឬព្រះរាជបុត្រា។ ស្ដេច សាលម៉ាន ដែលជាបុត្រានៅរស់ចុងក្រោយក្នុងចំណោមបុត្រាទាំងអស់របស់ស្ដេច Abdel Aziz al-Saud ពេលនេះ បានធ្វើការផ្លាស់ប្ដូរ ដោយអនុម័តលើច្បាប់ «ក្រុមប្រឹក្សាជ្រើសរើសអ្នកស្នងរាជ្យ» ដែលបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដើម្បីប្រគល់អំណាចទៅឲ្យអ្នកជំនាន់ថ្មីជាចៅរបស់ព្រះមហាក្សត្រ Abdel Aziz។
សង្គមវិទូល្បីឈ្មោះមួយរូបរបស់អេហ្ស៊ីប លោក Said Sadek បានប្រាប់ VOA ថា ស្ដេច សាលម៉ាន អាចមានការបារម្ភខ្លាច«ទ្រង់សោយទីវង្គតទៅភ្លាម» ហើយបង្កឲ្យមាន«ការដណ្តើមអំណាច»។ លោកមានមន្ទិលថា មហាក្សត្រអាចបារម្ភពីការទំនាក់ទំនងរបស់អតីតរាជទាយាទព្រះអង្គម្ចាស់ មូហាម៉ាត់ ប៊ីន ណាយេហ្វ ជាមួយនឹងប្រទេសកាតា។
«ខ្ញុំគិតថា ព្រះមហាក្សត្រទ្រង់ចង់ពន្លឿនការរៀបចំនេះ ដោយសារតែមូលហេតុជាច្រើន។ ខ្ញុំយល់ថាហេតុផលមួយ គឺដោយសារអតីតរាជទាយាទណាយេហ្វ ជិតស្និទ្ធជាមួយកាតា ហើយទ្រង់មិនសព្វព្រះទ័យចំពោះការឡោមព័ទ្ធកាតាពីសំណាក់ប្រទេសអារ៉ាប៊ី សាអូឌីត និងសម្ព័ន្ធមិត្តនៅឈូងសមុទ្រ ហើយប្រហែលជាប្រទេសកាតា ជួយជ្រោមជ្រែងទ្រង់ ជាជាងបុត្រាបង្កើតរបស់ទ្រង់ មូហាម៉ាត់ ប៊ីន សាលម៉ាន»។
លោកបានថ្លែងទៀតថា វាមានសារៈសំខាន់ដែលការផ្ទេរអំណាចទៅឲ្យរាជទាយាទថ្មីកើតឡើងក្នុងពេលឆាប់ៗ ខណៈពេលដែលស្ដេចសាលម៉ាននៅកាន់អំណាច។ លោកបន្ថែមថា «ប្រសិនបើអ្នករង់ចាំ ហើយមានអ្វីប្រែប្រួល នោះវានឹងមិនងាយស្រួលក្នុងការធានាឬការរៀបចំចាត់ចែងនៅក្នុងតំបន់ និងក្នុងប្រទេសនោះទេ ហើយអាចបង្កឲ្យមានការដណ្តើមអំណាចផងដែរ»៕
ប្រែសម្រួលដោយ សើ សាយ្យាណា