លោករ៉ាត់ រត្នមុនី អ្នកបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋ RT (ឬហៅថា Russia Today) បានសម្រេចប្តឹងឧទ្ធរណ៍ ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឲ្យលោកជាប់ក្នុងពន្ធនាគារពីរឆ្នាំ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមេធាវី និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៅថ្ងៃព្រហស្បតិ៍នេះ។
សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោករ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ ចំពោះការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំពាក់ព័ន្ធទៅនឹងការចេញផ្សាយខ្សែភាពយន្តឯកសាររឿង «ម្ដាយខ្ញុំលក់ខ្ញុំ» របស់បណ្ដាញទូរទស្សន៍រដ្ឋរុស្ស៊ី RT។ តុលាការក៏បានបង្គាប់ឲ្យរូបលោកបង់ប្រាក់ជំងឺចិត្តចំនួន ៧០លានរៀល ឬស្មើនឹងប្រមាណ ១៧,៥០០ដុល្លារអាមេរិកដល់ដើមបណ្តឹងរដ្ឋប្បវេណីចំនួនពីរនាក់ ដែលជាតួសម្តែងក្នុងភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» នេះ។
រឿង «ម្តាយខ្ញុំលក់ខ្ញុំ» គឺជាភាពយន្តឯកសារនិយាយអំពីការជួញដូរផ្លូវភេទស្ត្រី និងកុមារនៅកម្ពុជាដឹកនាំផលិតដោយបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT។
លោកសំ ទិត្យសីហា មេធាវីមួយរូបរបស់លោករ៉ាត់ រត្នមុនី មានប្រសាសន៍ថា កូនក្តីលោកទទួលយកមិនបានចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចឲ្យលោកមានទោសយ៉ាងអយុត្តិធម៌។
«កូនក្តីរបស់ខ្ញុំហ្នឹងគាត់អត់សុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយយល់ឃើញថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញហ្នឹង ហាក់ដូចជាធ្ងន់ធ្ងរដល់គាត់ ហើយដូចជាអយុត្តិធម៌សម្រាប់គាត់ ដោយគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់»។
លោកមេធាវីសំ ទិត្យសីហា បញ្ជាក់បន្ថែមថា លោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រុមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ហើយលោករំពឹងថា តុលាការសាលាឧទ្ធរណ៍នឹងពិចារណាផ្តល់យុត្តិធម៌ជូនកូនក្តីលោក ដែលមានតួនាទីត្រឹមតែជាអ្នកបកប្រែ។
លោកថា ខាងភាគីទូរទស្សន៍ RT ក៏ធ្លាប់ជូនដំណឹងទៅប្រធានបេសកកម្មការទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ីថា លោក មុនី ពិតជាមានតួនាទីត្រឹមតែជាអ្នកបកប្រែសម្រាប់ការផលិតព័ត៌មានជាភាពយន្តឯកសាររឿង «ម្តាយខ្ញុំលក់ខ្ញុំ» តែប៉ុណ្ណោះ ពោលគឺលោកគ្មានតួនាទីសម្រេចចិត្តដើម្បីដឹកនាំសាច់រឿង ឬផលិតរឿងនេះឡើយ។
មុនពេលតុលាការក្រុងភ្នំពេញសម្រេចឲ្យលោករ៉ាត់ រត្នមុនី មានទោសនោះ អ្នកស្រី Ekaterina Yakovleva ប្រធានផ្នែកផលិតភាពយន្តឯកសាររបស់បណ្តាញព័ត៌មាន RT បានសរសេរលិខិតមួយទៅលោក កែ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ដោយបានបញ្ជាក់ជាថ្មីថាលោក មុនី ពិតជាអ្នកបកប្រែ និងសម្របសម្រួលការទំនាក់ទំនងឲ្យបណ្តាញព័ត៌មាន RT ប្រាកដមែន។ នេះបើយោងតាមលិខិតរបស់បណ្តាញព័ត៌មាន RT ដែល VOA បានទទួលកាលពីពេលកន្លងមក។
លោកយី សុខសាន្ត មន្ត្រីឃ្លាំមើលជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc)មានប្រសាសន៍ថា តុលាការសាលាឧទ្ធរណ៍គួរពិចារណាពិនិត្យលើកលែងការកាត់ទោសប្រឆាំងនឹងលោក មុនី ដោយសារតែគាត់បានបំពេញការងារក្នុងនាមត្រឹមជាអ្នកបកប្រែឲ្យបណ្តាញព័ត៌មាន RT តែប៉ុណ្ណោះ។
«មិនគួរណាដែលគាត់ គ្រាន់តែបកប្រែ ឲ្យគេមានទោស អាហ្នឹងហើយដែលគាត់ វាអយុត្តិធម៌ សម្រាប់គាត់ ហើយខ្ញុំគិតថា សាលាឧទ្ធរណ៍អាចនឹងពិចារណាលើទោសរបស់គាត់ និងសំណងរបស់គាត់នៅថ្ងៃខាងមុខនេះបាទ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកទូច ថារិទ្ធ មន្ត្រីនាំពាក្យសាលាឧទ្ធរណ៍បានទេ ដោយទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
ការកាត់ទោសលោក រ៉ាត់ រត្នមុនី បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការសិទ្ធិមនុស្ស។ ហើយក្រុមអង្គការការពារសិទ្ធិមនុស្សក៏បានទាមទារឲ្យដោះលែងរូបលោកដោយគ្មានលក្ខខណ្ឌ។
ក្នុងសារអេឡិចត្រូនិក ឬអ៊ីមែលរបស់ស្ថានទូតសហរដ្ឋអាមេរិកដែល VOA បានទទួលកាលពីថ្ងៃសុក្រសប្តាហ៍មុន ស្ថានទូតបានបញ្ជាក់ថា៖
«សហរដ្ឋអាមេរិកគាំទ្រសេរីភាពក្នុងការបញ្ចេញមតិនៅទូទាំងពិភពលោក ដោយចាត់ទុកវាជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចតាមលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យមនុស្សគ្រប់រូបអនុវត្តដោយសេរីនូវសិទ្ធិនេះ ដែលត្រូវបានការពារនៅក្រោមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ដោយគ្មានរងការគំរាមកំហែងសងសឹក»៕