នៅពេលដែលស្វាមីកំពុងស្ថិតក្នុងពន្ធនាគារអស់រយៈពេលដប់ខែ អ្នកស្រី ឡុង គឹមហ៊ាង ដែលជាអតីតមន្រ្តីការពារសិទ្ធិយ៉ាងសកម្មម្នាក់ ត្រូវភៀសខ្លួនដោយបង្ខំចិត្តទៅក្រៅប្រទេសជាមួយកូនប្រុសតូច ដើម្បីសុវត្ថិភាព ក្រោយពីមានការព្រមានចាប់ខ្លួនដោយមន្ត្រីជាន់ខ្ពស់នគរបាលមួយរូប។
«គាត់ប្រាប់ថា បើសិនជាខ្ញុំនៅតែបន្តធ្វើការតវ៉ាដោះលែងប្តីខ្ញុំ ខ្ញុំនឹងជាប់គុកដូចប្តីខ្ញុំអញ្ចឹង»។
ប្តីរបស់អ្នកស្រី គឺលោក រ៉ាត់ រត្នមុនី ដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោយពីលោកបានបកប្រែឲ្យក្រុមថតភាពយន្តឯកសាររបស់ទូរទស្សន៍រុស្ស៊ី Russia Today (RT)។ ភាពយន្តឯកសារនោះមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចំពេលដែលរដ្ឋាភិបាលកម្ពុជាបានថ្លែងការណ៍ទៅកាន់ពិភពលោក អំពីជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងកុមារ។ ប៉ុន្តែភាពយន្តឯកសារនេះត្រូវបានចោទថា បានបរិហារអំពីការជួញដូរផ្លូវភេទ និងការជួញដូរកុមារនៅកម្ពុជា។
ភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» បានរៀបរាប់ពីម្តាយម្នាក់ ដែលមានជីវភាពក្រីក្រ និងរុំព័ទ្ធដោយបំណុល សុខចិត្តលក់កូនស្រីរបស់ខ្លួនឲ្យជនបរទេសដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាព។
រដ្ឋាភិបាលកម្ពុជាមិនសប្បាយចិត្ត ហើយបានចោទប្រកាន់ថាលោក រ៉ាត់ រត្នមុនី ស្វាមីរបស់អ្នកស្រី ឡុង គឹមហ៊ាង និងទូរទស្សន៍រុស្ស៊ីនោះ បានបង្កើតសាច់រឿង និងបានសូកលុយជនរងគ្រោះក្នុងវីដេអូ ឲ្យសម្តែងដើម្បីបង្ខូចកិត្តិយសរបស់រដ្ឋាភិបាល។
យ៉ាងណាក្តី រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការផ្លូវច្បាប់ណាមួយប្រឆាំងនឹងទួរទស្សន៍បរទេសនោះទេ ប៉ុន្តែបានចាប់ឃុំខ្លួនលោក រ៉ាត់ រត្នមុនី ដែលជាអ្នកបកប្រែ។
ក្រោយពីការចាប់ឃុំស្វាមីរបស់ខ្លួន អ្នកស្រី ឡុង គឹមហ៊ាង បានធ្វើការតវ៉ាជារៀងរាល់សប្តាហ៍នៅមុខស្ថានទូតរុស្ស៊ី មិនដែលលស់ពេលឡើយ ដើម្បីទាមទារឲ្យស្ថានទូតរុស្ស៊ីជួយអន្តរាគមន៍ដោះលែងប្តីអ្នកស្រី និងដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យពីភាពគ្មានទោសរបស់ស្វាមីអ្នកស្រី ដែលគ្រាន់តែជាអ្នកបកប្រែឲ្យការថតភាពយន្ត។
ការទាមទារជាច្រើនខែមកនេះ មិនត្រឹមតែមិនទទួលបានការដោះស្រាយបែបណាមួយនោះទេ ប៉ុន្តែអ្នកស្រីត្រូវបានរារាំង និងទទួលបានការគំរាមឲ្យបញ្ឈប់ការតវ៉ាជាញឹកញាប់។
ការតវ៉ាចុងក្រោយរបស់អ្នកស្រីឡុង គឹមហ៊ាង ដើម្បីឲ្យមានការដោះលែងនិងលើកលែងការចោទប្រកាន់លើស្វាមីអ្នកស្រី នៅខាងមុខស្ថានទូតរុស្ស៊ី គឺនៅខែមេសា ឆ្នាំ២០១៩នេះ។ នៅពេលនោះ មានស្រ្តីវ័យកណ្តាលមួយក្រុមប្រមាណជាជិត១០នាក់ ពាក់ម៉ាស់ និងមិនបង្ហាញអត្តសញ្ញាណ បានចាប់អ្នកស្រីចេញពីមុខស្ថានទូត។
«ខ្ញុំអត់ជឿ ហើយខ្ញុំនៅតែបន្តតវ៉ា។ ហើយទីបំផុតទៅយើងឃើញមានស្រ្តីពាក់ម៉ាសអីមកចូលរំខានការធ្វើសកម្មភាពតវ៉ារបស់ខ្ញុំ រួមទាំងអូសរុញច្រាន មានទាំងអាជ្ញាធរប៉ុនប៉ងចង់ចាប់ខ្ញុំ អីចឹងធ្វើឲ្យខ្ញុំដឹងថាអ្វីដែលខ្ញុំទទួលបានព័ត៌មានអំពីការប៉ុនប៉ងចង់ចាប់ខ្ញុំហ្នឹង គឺជារឿងពិត»។
កាលពីចុងខែមិថុនា ឆ្នាំ២០១៩ ស្វាមីរបស់អ្នកស្រី ឡុង គឹមហ៊ាង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
រហូតមកដល់ពេលនេះ អ្នកស្រី ឡុង គឹមហ៊ាង នៅតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងស្វាមីរបស់អ្នកស្រីឲ្យមានសេរីភាព ដោយអះអាងថា វីដេអូដែលស្វាមីអ្នកស្រី បានបកប្រែឲ្យសារព័ត៌មាន Russia Today គឺជារឿងពិតដែលរដ្ឋាភិបាលត្រូវតែទទួល និងដោះស្រាយ។
អ្នកស្រី ឡុង គឹមហ៊ាង និយាយជាមួយ VOA ដោយសម្តីមាំៗ នៅក្នុងបន្ទប់ស្នាក់នៅរបស់អ្នកស្រី មិនខុសប៉ុន្មានពីសកម្មភាពដែលអ្នកស្រីធ្លាប់តស៊ូមតិការពារសិទ្ធិដីធ្លីកន្លងមកនោះទេ។
«នៅពេលដែលអ្នកនិយាយថា យើងចង់ឲ្យប្រទេសជាតិយើងរីកចម្រើន ប៉ុន្តែបែរជាអ្នកទាំងអស់គ្នាចំណាយពេលមកចាប់អ្នកដែលបានចំណាយពេលពេលវេលា លះបង់កម្លាំងរបស់ពួកគេធ្វើការងារដើម្បីសង្គមជាតិ លើកយករឿងពិត បញ្ហាពិតប្រាប់អ្នកទាំងអស់គ្នា អ្នកទាំងអស់បែរជាព្រងើយកន្តើយ ទាត់រឿងហ្នឹងចោល ហើយចាប់គេដាក់គុក? តើមន្រ្តីរដ្ឋាភិបាលមិនខ្មាសគេទេឬ ដែលនិយាយថាខ្ញុំចង់ឲ្យប្រទេសកម្ពុជាក្លាយជាអ្នកមាន ប្រទេសកម្ពុជាសន្តិភាព។ សួរថាតើប្រទេសកម្ពុជានឹងបានសុខដោយវិធីណា? ពលរដ្ឋនឹងមានសេចក្តីសុខដោយរបៀបណា បើគ្រាន់តែអ្នកនិយាយការពិតត្រូវបានគេចាប់យកទៅដាក់គុក ឯជនរងគ្រោះនៅតែរងគ្រោះ នៅតែប្រឈម នៅតែមានបញ្ហា?»។
ស្វាមីត្រូវចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ គឺជាបន្ទុកមួយរបស់អ្នកស្រី គឹមហ៊ាង ដើម្បីពុះជ្រែកការងារប្រឈមចំនួនពីរដំណាលគ្នា។ នោះគឺភារកិច្ចត្រូវមើលថែរក្សាកូនតូចអាយុជាង១មួយឆ្នាំ និងការព្យាយាមតស៊ូដើម្បីឲ្យមានការដោះលែងស្វាមីអ្នកស្រីមកវិញ។
ទីបំផុតអ្នកស្រីបានបោះបង់ចោលការតស៊ូក្នុងការតវ៉ា ដោយភ័យខ្លាចថាមានការចាប់ខ្លួនអ្នកស្រី និងការបោះបង់កូនតូចចោល ប្រសិនបើប្តីប្រពន្ធពីរនាក់នេះត្រូវជាប់ពន្ធនាគារ។
អ្នកស្រី ឡុង គឹមហ៊ាង បានចាកចេញពីប្រទេសកម្ពុជាកាលពីខែឧសភា ដោយមានការគាំទ្រពីឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR)។
អ្នកស្រីរស់នៅក្នុងបន្ទប់ជួលតូចមួយ ជាមួយកូនប្រុសដែលមិនទាន់ដឹងក្តី ហើយអ្នកស្រីត្រូវប្រឈមនឹងទិដ្ឋភាពថ្មីៗទៀតក្នុងទីតាំងបណ្តោះអាសន្ននេះ។
«ដោយសារយើងអត់ស្គាល់គេ យើងអត់មានកន្លែងនៅទេ យើងត្រូវទៅជួលម្តងកន្លែងនេះ ម្តងកន្លែងនោះ ហើយពេលខ្លះតម្លៃគឺថ្លៃមែនទែន ទម្រាំតែខ្ញុំបានមកដល់កន្លែងនេះ គឺខ្ញុំពិបាកខ្លាំងណាស់។ មួយទៀតគឺខ្ញុំបារម្ភ ដោយសារតែខ្ញុំជាស្រ្តីម្នាក់ឯង មានតែកូនតូច ទាក់ទិនហ្នឹងអសុវត្ថិភាពផ្ទាល់ខ្លួន ខ្ញុំចាប់ផ្តើមយល់មែនទែនហើយដែលថាស្រ្តីងាយរងគ្រោះ ធ្វើឲ្យខ្ញុំយល់ថាងាយរងគ្រោះយ៉ាងម៉េច? ពិតណាស់ យើងម្នាក់ឯងជាស្រ្តី ហើយមានកូនតូច ការដើរហើររបស់យើងងាយនឹងមានការបៀតបៀន ទាំងការបៀតបៀនផ្លូវភេទ ទាំងការបៀតបៀនពាក្យសម្តី និងការបៀតបៀនផ្នែកអារម្មណ៍»។
អ្នកស្រី ឡុង គឹមហ៊ាង ត្រូវគេស្គាល់ថាជាអតីតសកម្មជនការពារសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋាន ចំណែកស្វាមីរបស់អ្នកស្រីគឺជាអតីតសកម្មជនការពារសិទ្ធិពលករ។ អ្នកទាំងពីរតែងតែត្រូវគេឃើញចូលរួមក្នុងការតវ៉ាដើម្បីការការពារសិទ្ធិជនដែលទទួលរងការបំពារបំពាន។
វ័យ៣៤ ឆ្នាំ អ្នកស្រី ឡុង គឹមហ៊ាង កំពុងធ្វើការជាអ្នកបកប្រែភាសាខ្មែរ និងអង់គ្លេសក្រៅម៉ោងឲ្យអង្គការមួយនៅជិតកន្លែងភៀសខ្លួនរបស់អ្នកស្រី ដើម្បីរកកម្រៃទប់ទល់ហ្នឹងជីវភាពដែលកំពុងខ្វះខាត។ យ៉ាងណាក្តី អ្នកស្រីនៅតែបារម្ភថា អ្នកស្រីអាចនឹងត្រូវបានអាជ្ញាធរនៃប្រទេសដែលអ្នកស្រីកំពុងភៀសខ្លួនបញ្ជូនទៅកម្ពុជាវិញ។
«គេហៅយើងសួរ រកកាតសម្គាល់ខ្លួនរបស់យើង ហើយសួរយើងមកពីណា មកធ្វើអី ហើយពេលខ្លះគេអត់សួរទេ ពេលខ្លះគេថតរូបយើងបណ្តោយ។ នេះជារឿងដែលខ្ញុំបារម្ភរហូតដល់ថ្នាក់ពេលខ្លះធ្វើឲ្យយើងភ័យ យើងគេងអត់លក់ទេ យើងលោះព្រលឹង។ ថតរូបរបស់យើងហើយទៅបាត់ មិនដឹងថាបំណងអី រឿងអី ហើយជាញឹកញយទៀត។ ឲ្យតែយើងដើរជាញឹកញាប់ ជាសាធារណៈ អាជ្ញាធរ គឺប៉ូលិសហ្នឹងតែម្តង ថតរូប»។
ជាមួយគ្នានេះ អ្នកស្រី ឡុង គឹមហ៊ាង បានអំពាវនាវឲ្យអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិទាំងអស់តាមឃ្លាំមើលករណីរបស់ក្រុមគ្រួសារអ្នកស្រីឲ្យបានដិតដល់ ជាពិសេសស្ថានភាពស្វាមីរបស់អ្នកស្រីដែលកំពុងស្ថិតក្នុងពន្ធនាគារព្រៃស៕