សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានប្រកាសសាលក្រមកាត់ទោសលោករ៉ាត់ រត្នមុនី អ្នកបកប្រែឲ្យបណ្តាញព័ត៌មានទូរទស្សន៍រុស្ស៊ី RT (ឬហៅថា Russia Today) ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងត្រូវបង់ប្រាក់ជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីពីរនាក់ក្នុងម្នាក់ៗ ចំនួន៣៥លានរៀល (ឬប្រមាណជាង៨.០០០ដុល្លារសហរដ្ឋអាមេរិក)។
លោក មុនី វ័យ ៤៧ឆ្នាំ សកម្មជនសិទ្ធិពលករ និងជាអ្នកបកប្រែក្នុងការផលិតភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» របស់បណ្តាញព័ត៌មានទូរទស្សន៍ RT ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសាលសវនាការនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ ចៅក្រមជំនុំជម្រះបានប្រកាសថា៖
«ក្រោយពីបានចម្លើយជនជាប់ចោទ និងការបំភ្លឺរបស់ដើមបណ្តឹងរដ្ឋប្បវេណី ការស្នើសុំរបស់តំណាងអយ្យការ មេធាវីរបស់ជនជាប់ចោទ និងសម្តីចុងក្រោយរបស់ជនជាប់ចោទ និងក្រោយពីបានពិចារណាតាមផ្លូវច្បាប់...ទីមួយ ផ្តន្ទាទោសរ៉ាត់ រត្នមុនី ដាក់ពន្ធនាគារ២ឆ្នាំ ពីបទ ញុះញុងឲ្យមានការរើសអើង រឿងម្តាយខ្ញុំលក់ខ្ញុំ...ប្រព្រឹត្តនៅឆ្នាំ២០១៨ និងបង្គាប់ឲ្យសងសំណងខូចខាតដល់ដើមបណ្តឹងទេព សាលីម និងកែវ ម៉ាឡៃ ចំនួន៣៥លានរៀលក្នុងម្នាក់ៗ»។
លោកចៅក្រម បានបញ្ជាក់ថា គូភាគីរឿងក្តីនេះ អាចដាក់ពាក្យប្តឹងឧទ្ធរណ៍ទៅតាមនីតិវិធីច្បាប់ បន្ទាប់ពីការប្រកាសសាលក្រមនេះ។
អ្នកស្រី កែវ ម៉ាឡៃ ដើមបណ្តឹងរដ្ឋប្បវេណីមួយរូបដែលជាតួសំដែងក្នុងរឿងម្តាយខ្ញុំលក់ខ្ញុំ សុំមិនធ្វើការអធិប្បាយអ្វីច្រើនទៅលើសាលក្រមដែលតុលាការបានប្រកាសនៅថ្ងៃពុធនេះ។ អ្នកស្រីថា នឹងបញ្ចប់ក្តីក្តាំរបស់កូនស្រី និងអ្នកស្រីផ្ទាល់ នៅត្រឹមតុលាការជាន់ទាបនេះ។ អ្នកស្រីបន្ថែមថា អ្នកស្រីមិនចង់បន្តរឿងក្តីនេះទៀត ដោយសារតែវាបានរំខានដល់ការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ប៉ុន្តែ ឪពុកលោករ៉ាត់ រត្នមុនី គឺលោកធួក រ៉ាត់ វ័យ៦៩ឆ្នាំ បានប្រាប់ VOA នៅមុខសាលាដំបូងរាជធានីភ្នំពេញថា ការកាត់ក្តីនេះមិនយុត្តិធម៌សម្រាប់កូនប្រុសរបស់លោក។
លោកមានប្រសាសន៍ថា៖
«ដូចអយុត្តិធម៌ដែរអូន ព្រោះវារឿងរបស់គេ»។
កាលពីឆ្នាំ២០១៧ លោក រ៉ាត់ រត្នមុនី ត្រូវបានបណ្តាញព័ត៌មាន RT ជួលឲ្យជួយធ្វើការផលិតភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»។
ក្រោយពីវីដេអូឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»នេះត្រូវបានផ្សព្វផ្សាយនៅខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានរិះគន់ ហើយចោទថា ភាពយន្តឯកសារនោះគឺជាការប្រតិដ្ឋក្នុងគោលបំណងធ្វើឲ្យខូចកិត្តិយសរបស់កម្ពុជា។ ដោយមានការភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលកម្ពុជានោះ លោក រ៉ាត់ រត្នមុនី និងគ្រួសារលោកបានគេចទៅប្រទេសថៃ ដើម្បីស្វែងរកសុំសិទ្ធិជ្រកកោន។
ប៉ុន្តែបន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលថៃក៏បានចាប់ខ្លួននិងបញ្ជូនលោកមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០១៨។
លោក យី សុខសាន្ត មន្ត្រីឃ្លាំមើលជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដែលបានតាមដានសំណុំរឿងលោកមុនី ប្រាប់ VOA ថា លោកមុនីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមប្រកាសដោយសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា លោកមុនីបានក្លាយជាជនរងគ្រោះ នៃវិជ្ជាជីវៈរបស់គាត់ ដែលបានបំពេញតួនាទីត្រឹមតែជាអ្នកសារព័ត៌មាន និងជាអ្នកបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT ប៉ុណ្ណោះ។
«តុលាការរាជធានីភ្នំពេញមេត្តា ឬមួយក៏ទៅឧទ្ធរណ៍ មេត្តាទម្លាក់ចោលការចោទប្រកាន់មកលើរូបគាត់ ពីព្រោះគាត់ជាអ្នកសារព័ត៌មានម្នាក់ដែរ អ៊ីចឹងគាត់ចង់បានព័ត៌មានពិត ផ្សាយជូនប្រជាពលរដ្ឋ ដើម្បីឲ្យពិចារណា ហើយអ្វីដែលគាត់ធ្វើនេះ គឺក្នុងនាមគាត់ ជាអាជីពអ្នកសារព័ត៌មាន ហើយគាត់ជាអ្នកបកប្រែទេ។ អ៊ីចឹង អាការណ៍អ្នកបកប្រែ បើយើងនិយាយទៅគេ ដូច ដូចស៊ីឈ្នួលគេបកប្រែ គេឲ្យប៉ុន្មាន យើងយកប៉ុណ្ណឹងទៅ ហើយអ៊ីចឹង ការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយមិនមែនគាត់ទេ»។
ភ្លាមៗ ក្រោយការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកមុនីឲ្យជាប់ពន្ធនាគារ២ឆ្នាំគិតចាប់តាំងពីការឃុំខ្លួនមកនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបន្តអំពាវនាវឲ្យ «លុបចោលការកាត់ទោសលោកមុនីជាបន្ទាន់ ដើម្បីឲ្យលោកមានសេរីភាពជួបជុំគ្រួសារ និងកូនប្រុសរបស់លោក»។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានថ្លែងក្នុងសេចក្តីប្រកាសមួយចេញផ្សាយនៅរសៀលថ្ងៃពុធនេះ តាមន័យដើមថា៖ «រ៉ាត់ រត្នមុនី គួរតែមិនត្រូវបានចាប់ខ្លួនតែម្តង ដើម្បីទទួលការកាត់ក្តី និងកាត់ទោស ទោះតិចឬច្រើន ចំពោះសកម្មភាពរបស់លោកក្នុងនាមជាអ្នកសម្របសម្រួលយកព័ត៌មាន និងបកប្រែឲ្យក្រុមផលិតភាពយន្តឯកសារRT។ បទចោទប្រកាន់ប្រឆាំងនឹងលោក គឺជាការបន្ទាបតម្លៃដល់សេរីភាពសារព័ត៌មាន»។
លោកបានបន្ថែមថា៖
«ហេតុការណ៍ពិតនៃបញ្ហានេះ គឺកម្ពុជាកំពុងព្យាយាមបិទបាំងភាពក្រីក្រមានលក្ខណៈធ្ងន់ធ្ងរ ដែលបានបង្ខំឲ្យអ្នករស់នៅទីក្រុងជាច្រើននាក់លើកទឹកចិត្តកូនស្រីរបស់ពួកគេឲ្យ ចូលទៅក្នុងរបររកស៊ីផ្លូវភេទដើម្បីរស់ដោយការក្បិតក្បៀត។ ការសម្រេចដាក់ពន្ធនាគារលោកមុនី គឺជាឧទាហរណ៍មួយរបស់កម្ពុជា ដែលកំពុងដាក់ការស្តីបន្ទោសដល់អ្នកដែលបានប្រាប់សហគមន៍អន្តរជាតិអំពីការណ៍ពិត ដែលបង្កភាពមិនស្រណុកក្នុងចិត្ត និងដែលរដ្ឋាភិបាលចង់លាក់បាំងឧស្សាហកម្មផ្លូវភេទនៅកម្ពុជាដែលមានរាប់បញ្ចូលកុមារអាយុក្រោម១៨ឆ្នាំ ហើយដែលរដ្ឋាភិបាលបរាជ័យក្នុងការចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះ»៕