ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលារៀន​នៅ​កម្ពុជា ផ្តល់​ការសិក្សា​អប់រំ​ដល់​អ្នកធ្វើ​កិច្ចការ​សង្គម​ជំនាន់​ក្រោយ

  • Irwin Loy​

FILE - អ្នកធ្វើ​​កិច្ចការ​​សង្គម និង​​ប៉ូលិស​​និយាយ​​ថា កម្ពុជា ​បាន​​​ទទួល​​​​ឈ្មោះ​យ៉ាង​ឆាប់​រហ័ស ថា​​ជា​ប្រទេស​​​ដែល​​​ជា​​ជម្រក​​នៃ​​ការរួម​ភេទ​​ជាមួយ​កុមារ​ ជាមួយ​​កុមារា និង​កុមារី​ដែល​ត្រូវ​បាន​ធ្លាក់​ចូល​ក្នុង​ជំនួញ​នេះ​ដោយសារ​ភាពក្រីក្រ​ ដោយសារ​ឪពុក​ម្តាយ និង​ដោយសារ​អ្នក​មើល​ថែទាំ។​
ភ្នំពេញ៖ នៅ​ប្រទេស​កម្ពុជា មាន​អង្គការ​ដែល​បាន​ចុះ​ឈ្មោះ​ជា​អង្គការ​មិន​យក​ប្រាក់​កំរ៉ៃ ប្រមាណ​ជា​៣.០០០​អង្គការ។ អង្គការ​ខ្លះ បាន​ធ្វើការ​លើ​បញ្ហា​ដ៏​រសើប​យ៉ាង​ខ្លាំង​ដូចជា អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្រ្តី និង​ការជួញដូរ​មនុស្ស។ ក៏ប៉ុន្តែ មាន​ពលរដ្ឋ​កម្ពុជា​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​យ៉ាង​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ការងារ​នេះ។ ឥឡូវ​នេះ មាន​ការផ្លាស់ប្តូរ​ហើយ ដោយ​ប្រទេស​នេះ មាន​កម្មវិធី​ផ្តល់​បរិញ្ញាប័ត្រ​កំរិត​សាកល​វិទ្យាល័យ​ជា​លើក​ដំបូង​ដល់​អ្នក​ធ្វើ​កិច្ចការ​សង្គម។

នៅ​ពេល​ដែល​យឿង គីមហេង ធំ​ដឹង​ក្តី​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ភ្នំពេញ លោក​បាន​ឃើញ​បញ្ហា​សង្គម​ជា​ច្រើន​កើត​ឡើង​នៅ​ក្បែរៗ​ទីកន្លែង​ដែល​លោក​រស់​នៅ។ ក៏ប៉ុន្តែ ក្នុង​ពេល​តែ​មួយ លោក​បាន​ឃើញ​អ្នក​ដែល​មាន​តួនាទី​ក្នុងការ​ជួយ​ដោះស្រាយ​បញ្ហា​នេះ មាន​ចំនួន​តិចតួច។

«នៅ​ជិត​ភូមិ​ខ្ញុំ ជា​សហគមន៍​ដ៏​ក្រីក្រ​មួយ។ ខ្ញុំ​គិត​ថា វា​ជា​ស្ថានភាព​ដ៏​លំបាក​មួយ ពីព្រោះ​មាន​កុមារ​ជាច្រើន​បាន​ឈប់​រៀន ហើយ​សេព​សុរា និង​ប្រើ​គ្រឿង​ញៀន។ ខ្ញុំ​មិន​ដែល​ឃើញ​មាន​អ្នក​ធ្វើ​កិច្ចការ​សង្គម ឬ​អ្នកដទៃ​ទៀត​ជួយ​ពួកគេ​ទេ។ ខ្ញុំ មិន​ដែល​ឃើញ​សោះ​ឡើយ»។

ឥឡូវនេះ ដោយសារតែ​មាន​ការបង្កើត​កម្មវិធី​សាកល​វិទ្យាល័យ​នេះ លោក​គីមហេង​ខ្លួន​ឯង​ផ្ទាល់ នឹង​បាន​ទទួល​ការបណ្តុះ​បណ្តាល​ដើម្បី​ជួយ​ដល់​អ្នក​ដែល​មាន​បញ្ហា​នៅ​ក្នុង​សង្គម។ លោក​បាន​បញ្ចប់​ការសិក្សា​រយៈ​ពេល​បួន​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ ផ្នែក​កិច្ចការ​សង្គម​នេះ។ ថ្នាក់​របស់​លោក​ត្រូវ​បាន​រៀបចំ​ប្រគល់​បរិញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ចុង​ឆ្នាំ​នេះ ដែល​នេះ​ជា​ការប្រគល់​បរិញ្ញាប័ត្រ​លើក​ទី​ពីរ​ប៉ុណ្ណោះ នៅ​ក្នុង​ដេប៉ាតឺម៉ង់​នេះ។

លោក​នឹង​ធ្វើ​កិច្ចការ​នេះ រួម​ជាមួយ​អ្នកដទៃ​ទៀត​ដូចជា លោក ហេង ពុទ្ធិកា។ បុរស​វ័យ​២៣ឆ្នាំ​រូប​នេះ បាន​ទទួល​បរិញ្ញាប័ត្រ​ផ្នែក​កិច្ចការ​សង្គម​នេះ នៅ​ឆ្នាំ​មុន។ ឥឡូវ​នេះ លោក​កំពុង​ធ្វើការ​នៅ​ក្នុង​អង្គការ Transitions Global ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ​ដែល​ធ្វើការ​ជាមួយ​អ្នក​ដែល​រស់រាន​ពី​ការជួញ​ដូរ​មនុស្ស។

«ខ្ញុំ​ធ្វើការ​វាយ​តម្លៃ​គ្រួសារ ទៅ​តាម​សហគមន៍​នានា​ដើម្បី​ជួប​ជាមួយ​គ្រួសារ វាយ​តម្លៃ​អំពី​បញ្ហា​អ្វី​ខ្លះ ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​នេះ តម្រូវការ​របស់​គ្រួសារ និង​បញ្ហា​របស់​គ្រួសារ​ទាំងនោះ។ ហើយ​ព្យាយាម​រក​ធនធាន​ដែល​មាន​នៅ​ក្នុង​សហគមន៍ ដើម្បី​ភ្ជាប់​ធនធាន​ទាំងអស់​នោះ ទៅ​គ្រួសារ។ ខ្ញុំ​ព្យាយាម​ធ្វើការ​ជាមួយ​គ្រួសារ​ទាំងនោះ ដើម្បី​ជួយ​ពួកគេ»។

នេះ​ជា​ប្រភេទ​កិច្ចការ​ដែល​មាន​សារៈសំខាន់ នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​ស្តារ​ឡើង​វិញ​ក្រោយពី​សង្គ្រាម​ជា​ច្រើន​ឆ្នាំ។

ជាញឹកញាប់ អ្នកធ្វើ​កិច្ចការ​សង្គម ត្រូវ​ទាក់ទង​ជាមួយ​នឹង​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ខ្លះ​នៅ​ក្នុង​ប្រទេស ដែល​ពួកគេ​ភាគច្រើន​មាន​ជំងឺ​បាក់ស្បាត។ ទោះបី​ជា​ដូច្នេះ​ក៏ដោយ ប្រទេស​កម្ពុជា​មិន​មាន​កម្មវិធី​កំរិត​សាកល​វិទ្យាល័យ​ដើម្បី​បណ្តុះ​បណ្តាល​អ្នកធ្វើ​កិច្ចការ​សង្គម​នោះ​ទេ រហូត​ដល់​ឆ្នាំ២០០៨ ទើប​សាកល​វិទ្យាល័យ​ភ្នំពេញ បាន​បង្កើត​កម្មវិធី​នេះ​ជា​លើក​ដំបូង។

តាម​ទម្លាប់​អង្គការ ដែល​ចុះ​ជួយ​ដល់​សហគមន៍​ទាំងនេះ ពឹងផ្អែក​ទៅ​លើ​ជំនួយ​បរទេស ឬ​បុគ្គលិក​ខ្មែរ​យ៉ាង​ច្រើន​ដែល​គ្មាន​ការបណ្តុះបណ្តាល ដែល​បាន​រៀន​តាម​រយៈ​ការបំពេញ​ការងារ។

នាង​អ៊ុង គីមកន្និកា ជា​បុគ្គលិក​សិក្សា​នៃ​ដេប៉ាតឺម៉ង់​កិច្ចការ​សង្គម​នេះ។

«លោក​អ្នក​បាន​ឃើញ​ហើយ​ថា នៅ​ក្រោយ​សម័យ​អ៊ុនតាក់ ប្រទេស​កម្ពុជា​មាន​ការពឹង​ផ្អែក​លើ​ជំនួយ​បរទេស​យ៉ាង​ខ្លាំង។ មាន​ជន​បរទេស​យ៉ាង​ច្រើន ដែល​ពួកគេ​ត្រូវ​បាន​គេ​ហៅ​ថា អ្នកជំនាញការ ដែល​ពួកគេ​មក​ជួយ​ប្រទេស​កម្ពុជា​ផង​ដែរ។ ពួក​អ្នកជំនាញការ​ទាំងនោះ មិនមែន​ជា​ខ្មែរ​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា កម្ពុជា​ បណ្តុះ​បណ្តាល​អ្នកធ្វើ​កិច្ចការ​សង្គម​ដោយ​ខ្លួន​ឯង​ផ្ទាល់​ជា​រឿង​សំខាន់់​ខ្លាំង​ណាស់។ ពីព្រោះ​ស្ថានភាព​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ មាន​តែ​ពលរដ្ឋ​ខ្មែរ​ទេ​ដែល​អាច​យល់​ពី​ស្ថានភាព​នោះ​ច្បាស់»។

នេះ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដេប៉ាតឺម៉ង់​កិច្ចការ​សង្គម​នេះ ត្រូវ​បាន​បង្កើត​ឡើង។ ដោយ​សហការ​ជា​ដៃគូ​ជាមួយ​សាកល​វិទ្យាល័យWashington ផ្នែក​កិច្ចការ​សង្គម​ និស្សិត​ខ្មែរ ត្រូវ​បាន​បញ្ជូន​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​សិក្សា​យក​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ ដែល​ក្នុង​នោះ​រួម​មាន គីមកន្និកា​ម្នាក់​ផងដែរ។

ឥឡូវ​នេះ ពួកគេ​បាន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ហើយ​បាន​បង្កើត​គ្រឹះ​នៃ​ការបង្រៀន​បុគ្គលិក​នៅ​ដេប៉ាតឺម៉ង់​កិច្ចការ​សង្គម​ក្នុង​សាកល​វិទ្យាល័យ​ភ្នំពេញ។

កម្មវិធី​បង្រៀន​កិច្ចការ​សង្គម​នេះ ទំនង​ជា​នឹង​កាន់តែ​មាន​សារៈសំខាន់​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ កាន់តែ​ឈាន​ជិត​ដល់​ទីបញ្ចប់​នៃ​ការកាត់​ក្តី​មួយ​ផ្នែក​នៃ​សុំណុំ​រឿង​ប្រឆាំង​នឹង​មេដឹកនាំ​របប​ខ្មែរក្រហម។ នាង ​អ៊ុង គីមកន្និកា ថ្លែង​ថា ការចេញ​សាលក្រម​របស់​តុលាការ​ក្នុង​ពេល​ខាង​មុខ​នេះ អាច​នឹង​រើ​កកាយ​ការចងចាំ​ដែល​បាន​កប់បាត់​ជា​យូរ​មក​ហើយ​នោះ​ឡើង​វិញ នៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំងឺ​បាក់ស្បាត​ដែល​រស់រាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។

ក៏ប៉ុន្តែ ក្នុង​ពេល​ឥឡូវ​នេះ នៅ​ក្នុង​សាកល​វិទ្យាល័យ​ភ្នំពេញ​វិញ ថ្នាក់​សិក្សា​កិច្ចការ​សង្គម នឹង​ត្រៀម​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ទីមួយ។ គេ​រំពឹង​ថា និស្សិត​ក្នុង​ថ្នាក់​នេះ នឹង​បញ្ចប់​ការសិក្សា​របស់​ខ្លួន ហើយ​ទទួល​បរិញ្ញាប័ត្រ​នៅ​ឆ្នាំ២០១៧​ខាង​មុខ​នេះ៕

ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់
XS
SM
MD
LG