ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ពន្យារ​ពេល​ប្រកាស​ពី​ការដំឡើង​ពន្ធ​នាំចូល​លើ​ផលិតផល​ដែក​ និង​អាលុយមីញ៉ូម


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ​ ស្តាប់​ការ​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​អំពី​ដែក​និង​អាលុយមីញ៉ូម​ នៅ​សេតវិមាន​ រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០១ មីនា ២០១៨។

លោក​ប្រធានាធិបតី Donald Trump បាន​ពន្យារ​ពេល​ប្រកាស​អំពី​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ផលិតផល​ដែក​និង​អាលុយមីញ៉ូម​ នៅ​ស្រប​ពេល​មាន​ការ​ប្រឆាំង​ក្នុង​ចំណោម​មន្រ្តី​នៅ​ក្រោម​រដ្ឋបាល​របស់​លោក។ នេះ​បើ​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Donald Trump ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​នាំ​ចូល​លើ​ផលិតផល​ដែក​ និង​អាលុយមីញ៉ូម​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូល​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ផលិតផល​ដែក​ និង​អាលុយមីញ៉ូម​របស់​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​កិច្ចប្រជុំ​កាល​ពី​ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ​ឥឡូវ​នេះ​កិច្ចប្រជុំ​នេះ​បាន​ប្តូរ​ទៅ​ជា​កិច្ចប្រជុំ​ដើម្បី​ស្តាប់​ទៅ​វិញ។

លោកTrump បាន​បង្ហោះសារ​នៅ​លើ Twitter កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា «ឧស្សាហកម្ម​ដែក​ និង​អាលុមីញ៉ូម​របស់​យើង​ ត្រូវ​បាន​បំផ្លាញ​ដោយ​ពាណិជ្ជកម្ម​អយុត្តិធម៌​អស់​រាប់​ទសវត្សរ៍​មក​ហើយ​ និង​ដោយ​គោលនយោបាយ​អាក្រក់​ជាមួយ​នឹង​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក។ យើង​មិន​ត្រូវ​បណ្តោយ​ឲ្យ​ប្រទេស​ ក្រុមហ៊ុន​នានា​ និង​កម្មករ​របស់​យើង​ ត្រូវ​គេ​កេង​យក​ប្រយោជន៍​បន្ត​ទៀត​បាន​ទេ។ យើង​ចង់​បាន​ពាណិជ្ជកម្ម​សេរី យុត្តិធម៌​ និង​វៃឆ្លាត»។

រដ្ឋបាល​របស់​លោកTrump បាន​បង្ហាញ​ពី​គម្រោង​យក​ពន្ធ​ពី​ការ​នាំ​ចូល​ដែក​ជាច្រើន​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ។ នា​ពេល​ថ្មីៗ​នេះ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ថា​ ក្រសួង​បាន​រក​ឃើញ​ពី​បរិមាណ​ និង​ស្ថានភាព​នៃ​ការ​នាំ​ចូល​ដែក​និង​អាលុយមីញ៉ូម​ បាន​គំរាម​កំហែង​ដល់​ឱនភាព​នៃ​សន្តិសុខ​ជាតិ។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក Wilbur Rossបាន​ណែនាំ​ដល់​លោក​ប្រធានាធិបតី Trumpឲ្យ​កំណត់​ពន្ធ​យ៉ាង​ហោច​ណាស់៥៣ភាគរយ​ទៅ​លើ​ការ​នាំ​ចូល​ដែក​ទាំងអស់ពី​ប្រទេស​ចិន​ និង​ពី១១ប្រទេស​ផ្សេង​ទៀត ​និង​កំណត់ពន្ធ​ចំនួន២៣,៦ ភាគរយ​លើ​ផលិតផល​អាលុយមីញ៉ូម​នាំ​ចូល​ពី​ប្រទេសចិន​ ហុងកុង​ រុស្ស៊ី​ វ៉េណេហ្សុយអេឡា និង​ប្រទេស​វៀតណាម៕

XS
SM
MD
LG