ប្រទេសអូស្ត្រាលីទំនងជាបរាជ័យក្នុងការខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្ក្រាបការសូកប៉ាន់ នេះយោងតាមការស្ទង់មតិថ្មីៗនេះដែលបានធ្វើឡើងដោយអង្គការតម្លាភាពអន្តរជាតិ Transparency International ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានទីតាំងក្នុងប្រទេសអាល្លឺម៉ង់។
អង្គការនោះបានប្រាប់ឲ្យដឹងថា បណ្តាប្រទេសអភិវឌ្ឍន៍រួមមានប្រទេសអូស្ត្រាលី ទំនងជាបរាជ័យក្នុងការខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងផ្នែកសាធារណៈ។ អង្គការនោះបានចង្អុលដល់ភាពចន្លោះប្រហោងនៃបទបញ្ញត្តិសម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភខាងនយោបាយក្នុងប្រទេសអូស្ត្រាលី ជម្លោះផលប្រយោជន៍ក្នុងការអនុម័តផែនការ ការបញ្ចុះបញ្ចូលមិនត្រឹមត្រូវនៅក្នុងគម្រោងអាជីវកម្មរ៉ែធំៗ។
ចំណាត់ថ្នាក់របស់អូស្ត្រាលីមិនមានការផ្លាស់ប្តូរ។ ប្រទេសនេះបានស្ថិតក្នុងលំដាប់លេខទី១៣ក្នុងចំណោមប្រទេស១៨០។ ប៉ុន្តែ ពិន្ទុពុករលួយរបស់អូស្ត្រាលីបានធ្លាក់ចុះ៨ពិន្ទុចាប់តាំងពីតារាងបានចាប់ផ្តើមក្នុងទម្រង់នៅពេលបច្ចុប្បន្ននេះចាប់តាំងពីឆ្នាំ២០១២មក។
ពាក់ព័ន្ធនឹងចំណាត់ថ្នាក់របស់អូស្ត្រាលីបានធ្វើឡើងនៅពេលដែលការជជែកដេញដោលបានបន្តធ្វើឡើងអំពីតម្រូវការសម្រាប់អង្គការប្រឆាំងអំពើពុករលួយដែលស្រដៀងគ្នាទៅនឹងគណៈកម្មការឯករាជ្យប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋ New South Wales។ គណៈកម្មការនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៩ហើយបានទទួលជ័យជម្នះគួរឲ្យកត់សម្គាល់ជាច្រើន រួមមានការដាក់ពន្ធនាគារពួកអ្នកនយោបាយពុករលួយរបស់រដ្ឋនោះ។
លោកសាស្ត្រាចារ្យ AJ Brown ដែលដឹកនាំគម្រោងមួយហៅថា «ពង្រឹងប្រព័ន្ធសុច្ចរិតភាពជាតិរបស់អូស្ត្រាលី» សម្រាប់អង្គការតម្លាភាពអន្តរជាតិ Transparency International និយាយថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ។
លោក Brown បាននិយាយថា៖ «យើងមិនមានអង្គការសហព័ន្ធប្រឆាំងនឹងអំពើពុករលួយក្នុងចំណោមអង្គការផ្សេងៗទៀតទេ។ ដូច្នេះ កំណត់ហេតុរបស់យើងស្តីពីការតាំងចិត្តរបស់រដ្ឋាភិបាលដើម្បីត្រួតត្រាការសូកប៉ាន់បរទេស ឬការលាងលុយកខ្វក់ហើយនិងបញ្ហាខ្លះទៀតដែលផ្នែកឯកជនខ្លះក៏មានការទាក់ទិននៅថ្នាក់អន្តរជាតិនៅមិនទាន់ខ្លាំងនៅឡើយ។ យើងកំពុងចាត់វិធានការ ក៏ប៉ុន្តែ យើងបានចាត់វិធានការយឺតណាស់ហើយក្រោយគេ ហើយមិនធំទូលាយទេ»។
នៅឆ្នាំនេះ ប្រទេសនូវែលសេឡង់ និងដាណាម៉ាកបានស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងការស្ទង់មតិរបស់អង្គការតម្លាភាពអន្តរជាតិ Transparency International ប្រទេសស៊ូដង់ខាងត្បូង និងសូម៉ាលី ស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុត។ តំបន់ដែលអនុវត្តបានល្អបំផុតគឺតំបន់អឺរ៉ុបខាងលិច ខណៈដែលតំបន់ពុករលួយខ្លាំងបំផុតគឺតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក បន្ទាប់មកតំបន់អឺរ៉ុបខាងកើតនិងតំបន់អាស៊ីកណ្តាល។
ការសិក្សាបានរកឃើញថា មនុស្សជាង៦ពាន់លាននាក់រស់នៅក្នុងប្រទេសនានាដែលមានអំពើពុករលួយ។ អង្គការតម្លាភាពអន្តរជាតិ Transparency International បានប្រាប់ឲ្យដឹងថា ប្រទេសភាគច្រើនបានខកខានមិនបានការពារបណ្តាញព័ត៌មានឯករាជ្យដែលដើរតួនាទីដ៏សំខាន់នៅក្នុងការរារាំងអំពើពុករលួយ៕
ប្រែសម្រួលដោយជឹង ប៉ូជីន