ច្បាប់សុខភាពបន្តពូជដែលបានចូលជាធរមានកាលពីឆ្នាំមុន នៅក្នុងប្រទេសហ្វីលីពីន ដែលប្រជាពលរដ្ឋភាគច្រើនជាអ្នកកាន់សាសនាកាតូលិកនោះ កំពុងប្រឈមមុខនឹងបញ្ហានៅឡើយ។ អ្នកផ្តល់សេវាកម្មសុខភាព កំពុងប្រឈមនឹងបញ្ជាថ្មីមួយពីតុលាការកំពូល ដែលកម្រិតការផ្តល់សេវាពន្យារកំណើតដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋក្រីក្រ។
សាលសម្រាលកូននៅក្នុងមន្ទីរពេទ្យសម្ភពសាធារណៈធំបំផុតនៅប្រទេសហ្វីលីពីន ពោរពេញទៅដោយស្រ្តីជាម្តាយ សម្រាកតម្រៀបគ្នាទាំងជួរៗ។ ស្ត្រីមួយចំនួនកំពុងបំបៅកូន ខណៈដែលអ្នកផ្សេងទៀត ព្យាយាមក្នុងការលួងកូនដែលទើបនឹងកើតនោះឲ្យបាត់យំ។ នៅមន្ទីរពេទ្យ Joseph Fabella Memorial នៅទីក្រុងម៉ានីល ស្ត្រីទាំងនេះនឹងចេញពីមន្ទីរពេទ្យក្រោយសម្រាកបានមួយថ្ងៃ ហើយអ្នកប្រឹក្សាយោបល់មានពេលបន្តិចបន្តួចប៉ុណ្ណោះ ក្នុងការឲ្យក្រុមគ្រួសារអ្នកទាំងនោះបានដឹងអំពីកម្មវិធីពន្យារកំណើត។
លោកវេជ្ជបណ្ឌិត Esmeraldo Ilem គឺជាប្រធានផ្នែកសេវាពន្យារកំណើតនៅឯមន្ទីរពេទ្យ Fabella ដែលផ្តល់ជម្រើសរួមមានតាំងពីការពន្យារកំណើតតាមរបៀបធម្មជាតិ ឬការពារកុំឲ្យមានកូនតាមបែបវេជ្ជសាស្ត្រ។ លោកថ្លែងថា ភាគច្រើននៃស្ត្រីដែលមានកូននៅទីនេះ មានជីវភាពក្រីក្រ ហើយជាមធ្យមមានកូន៥នាក់។ ស្រ្តីពីរបីនាក់នៅទីនេះ បាននិយាយថា ពួកគាត់បានជ្រើសយកវិធីពន្យារកំណើតមួយចំនួន បន្ទាប់ពីសម្រាលកូនរួច។
លោក Ilem និយាយថា ច្បាប់ថ្មីដែលផ្តល់ការពន្យារកំណើតដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រនោះ បានជួយច្រើនណាស់។
អស់រយៈពេលមួយឆ្នាំចាប់តាំងពីច្បាប់នេះត្រូវបានអនុម័ត ពួកយើងអាចទទួលបានសម្ភារៈសម្រាប់ពន្យារកំណើតជាច្រើន ហើយសម្ភារៈទាំងនោះត្រូវបានចែកចាយទៅតាមមណ្ឌលសុខភាព ហើយអាចផ្តល់ជូនដល់អ្នកដែលត្រូវការសម្ភារៈទាំងនោះ។
លោក Ilem ថ្លែងថា មុនពេលមានច្បាប់ដែលត្រូវបានអនុម័តនៅឆ្នាំ ២០១២នោះ មណ្ឌលសុខភាពរបស់រដ្ឋមិនមានប្រាក់ក្នុងការចែកចាយសម្ភារៈពន្យារកំណើតដោយឥតគិតថ្លៃទេ ហើយពួកគេពឹងផ្អែកទៅលើអំណោយពីប្រទេសផ្សេងៗ។ ច្បាប់ដែលត្រូវបានតាក់តែងឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ត្រូវបានប្រឆាំងពីអ្នកតាក់តែងច្បាប់ ដែលប្រកាន់យកទស្សនៈរបស់ស្ថាប័នសាសនាកាតូលិកដែលថា ការពន្យារកំណើតនោះបានសម្លាប់ជីវិតមុននឹងជីវិតអាចចាប់កំណើតបាន។
មិនយូរប៉ុន្មានបន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត ច្បាប់ស្តីពីការទទួលខុសត្រូវជាមាតាបិតានិងសុខភាពបន្តពូជ ចេញឆ្នាំ២០១២ ត្រូវបានគេព្យួរ។ ច្បាប់នេះរងការប្រឆាំងខាងផ្លូវច្បាប់ជាច្រើនចំណុចទាក់ទងនឹងធម្មនុញ្ញភាពរបស់វា។ កាលពីឆ្នាំមុន តុលាការកំពូលរបស់ហ្វីលីពីន បានលុបចោលបទបញ្ញត្តិចំនួន ៨ ប៉ុន្តែច្បាប់ផ្សេងទៀត រួមមានច្បាប់រៀបចំសម្ភារៈពន្យារកំណើតដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រនោះ មិនត្រូវបានប៉ះពាល់ទេ។
ប៉ុន្តែនៅខែមិថុនាកន្លងមកនេះ តុលាការបានដាក់បទបញ្ជាបណ្តោះអាសន្នទៅលើរដ្ឋាភិបាល ក្នុងការដាក់កំហិតទៅលើការចែកចាយកងពន្យារកំណើត ខណៈដែលតុលាការបានមើលទៅលើពាក្យបណ្តឹង ដែលថាសម្ភារៈទាំងនោះបានបង្កឲ្យមានការរលូតកូន។ លោក Ilem ថ្លែងថា ការដាក់កងពន្យារកំណើត គឺជាវិធីពន្យារកំណើតដ៏ពេញនិយមបំផុត។ កងរាងស្តើងនិងវែងត្រូវបានដាក់ក្នុងស្បែករបស់ស្ត្រី ហើយអាចការពារការមានផ្ទៃពោះបានរយៈពេល ៣ឆ្នាំ។
លោកស្រី Mary Jane Jurilla មកពីមជ្ឈមណ្ឌល(គ្លីនិក) Likhaan សម្រាប់សុខភាពស្ត្រី ដែលមិនចំណុះរដ្ឋាភិបាលនោះ ទទួលបន្ទុកខាងការចុះជួយដល់ការងារសហគមន៍។ អ្នកស្រី ថ្លែងថា ចាប់តាំងពី គ្លីនិកសុខភាពរបស់រដ្ឋាភិបាលឈប់ផ្តល់កងពន្យារកំណើតមកនោះ ស្ត្រីមានការលំបាកក្នុងការសន្សំប្រាក់សម្រាប់ចំណាយលើថ្លៃរថយន្តក្រុងក្នុងការធ្វើដំណើរមកកាន់មជ្ឈមណ្ឌល Likhaan។
លោកស្រីថ្លែងថា៖ «ចុះចំណែកឯស្រ្តីក្រីក្រខ្លាំង ដែលពុំមានសមត្ថភាពក្នុងការចំណាយទៅលើមធ្យោបាយធ្វើដំណើរនោះ? ពួកគេគួរតែឲ្យពួកយើងដែលជាស្រ្តីនោះ ធ្វើការសម្រេចចិត្តដោយខ្លួនឯង ក្នុងការប្រើវិធីពន្យារកំណើតណាមួយដែលពួកគេចង់បាន។ ប៉ុន្តែពួកយើងត្រូវការឲ្យរដ្ឋាភិបាលផ្តល់នូវកងពន្យារកំណើតទាំងនោះដោយឥតគិតថ្លៃ»។
លោកស្រី Jurilla មានការព្រួយបារម្ភថា មជ្ឈមណ្ឌល Likhaan នឹងមានស្ថានភាពដូចកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលសម្ភារៈពន្យារកំណើតដែលរដ្ឋាភិបាលផ្តល់ដោយឥតគិតថ្លៃ ឬដែលទទួលបានតាមការឧបត្ថម្ភ មិនមានចំពោះអ្នកដែលក្រីក្របំផុតក្នុងចំណោមជនក្រីក្រទាំងនោះ ហើយបើទិញពីឱសថស្ថានវិញ វាមានតម្លៃថ្លៃហួសពីសមត្ថភាពរបស់ពួកគេ។
លោកវេជ្ជបណ្ឌិត Esmeraldo នៃមន្ទីរពេទ្យ Fabella ថ្លែងថា ខណៈដែលមានការផ្អាកវិធីពន្យារកំណើតនោះ មន្ត្រីសុខាភិបាលបានបន្តធ្វើដំណើរជុំវិញប្រទេសដើម្បី ប្រាប់ដល់ប្រជាពលរដ្ឋអំពី ទម្រង់ផែនការគ្រួសារទាំងអស់នោះផងដែរ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា