តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានកាត់ទោសអ្នកស្រី Aung San Suu Kyi ដែលជាមេដឹកនាំត្រូវបានទម្លាក់ពីតំណែងនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន និងលោក Sean Turnell ដែលជាសេដ្ឋវិទូអូស្ត្រាលី ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ កាលពីថ្ងៃទី ២៨ ខែកញ្ញាកន្លងទៅនេះ ក្រោមបទចោទប្រកាន់ថាបានបំពានច្បាប់ការសម្ងាត់ផ្លូវការរបស់ប្រទេសនេះ។
អ្នកស្រី Suu Kyi និងលោក Turnell ដែលបានអះអាងថាមិនបានប្រព្រឹត្តិអ្វីខុសដូចការចោទប្រកាន់នេះ ប្រឈមនឹងការជាប់ពន្ធនាគារអតិបរមារហូតដល់ ១៤ ឆ្នាំ។
សវនាការរបស់អ្នកទាំងពីរត្រូវបានធ្វើឡើងជាសម្ងាត់។ គិតមកទល់នឹងពេលនេះ អ្នកស្រី Suu Kyi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ២០ ឆ្នាំក្រោមបទចោទជាច្រើនដែលអ្នកគាំទ្ររបស់អ្នកស្រីអះអាងថាត្រូវបានធ្វើឡើងដើម្បីរារាំងមិនឱ្យអ្នកស្រីអាចកាន់អំណាចបាន។
ទូរទស្សន៍រដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា លោក Turnell បានទទួល «ព័ត៌មានហិរញ្ញវត្ថុសម្ងាត់របស់រដ្ឋ» និងបានព្យាយាមរត់គេចចេញពីប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Penny Wong បានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលីបដិសេធសេចក្តីសម្រេចរបស់តុលាការនេះ និងអំពាវនាវឱ្យមានការដោះលែងលោក Turnell ជាបន្ទាន់។
អ្នកស្រី Wong បានបន្ថែមថា រដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា។
មិត្តភក្តិរបស់លោកTurnell មានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការផ្តន្ទាទោសលើរូបលោកនេះ។
លោក Tim Harcourt ដែលជាសេដ្ឋវិទូនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Sydney (University of Technology Sydney) បានបញ្ជាក់ថា លោក Turnell បានទទួលរងការប្រព្រឹត្តដ៏រន្ធត់មកលើរូបលោក។
លោក Harcourt បានថ្លែងដូច្នេះថា៖ «វាជារឿងហួសហេតុបំផុត។ ខ្ញុំចង់មានន័យថា លោកត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគារដោយសារតែការបំពេញកិច្ចការរបស់លោកក្នុងនាមជាទីប្រឹក្សាសេដ្ឋកិច្ច។ ខ្ញុំគិតថា រយៈពេល ៣ ឆ្នាំគឺយូរណាស់ សូម្បីតែ ៣ ថ្ងៃក៏យូរដែរ។ ប៉ុន្តែយ៉ាងហោចណាស់មានការកាត់ទោសរួចហើយ។ ដូច្នេះមានលទ្ធភាពដែលលោកអាចត្រូវបានគេចាប់បញ្ជូនចេញពីប្រទេស។ យើងសង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ របបយោធាមីយ៉ាន់ម៉ានឹងយល់ពីចំណុចនេះ និងបញ្ជូនលោកតាមយន្តហោះទៅទីក្រុងបាងកកនៃប្រទេសថៃ និងបន្ទាប់មកបញ្ជូនលោកទៅកាន់ប្រទេសអូស្ត្រាលីវិញ»។
អ្នកស្រី Suu Kyi លោក Turnell និងមនុស្សមួយចំនួនផ្សេងទៀតដែលជាផ្នែកមួយនៃក្រុមទីប្រឹក្សាសេដ្ឋកិច្ចរបស់អ្នកស្រី Suu Kyi ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួនចាប់តាំងពីពេលដែលយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់អ្នកស្រី Suu Kyi កាលពីខែកុម្ភៈឆ្នាំមុនមក។
ក្នុងចំណោមនោះ អ្នកដែលត្រូវបានឃុំខ្លួនផ្សេងទៀតមានដូចជាសមាជិកសភា អ្នកនយោបាយ និស្សិត និងអ្នកសារព័ត៌មានជាដើម។
របបយោធាមីយ៉ាន់ម៉ានៅតែអះអាងថា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានភាពឯករាជ្យ ហើយអ្នកដែលប្រឈមនឹងការចោទប្រកាន់គឺទទួលបានសិទ្ធិឱ្យមានការជំនំុជម្រះត្រឹមត្រូវ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកស្រី Ha Vu ដែលជាភរិយារបស់លោក Turnell បានបញ្ជាក់ថា ដំណឹងអំពីការកាត់ទោសលោក Turnell ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំនេះបានធ្វើឱ្យអ្នកស្រី «ស្លុតចិត្ត» និងថា លោក Turnell «បានធ្វើការដោយមិនគិតពីការនឿយហត់ដើម្បីជួយពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា»៕