ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​ជំរុញ​អាស៊ាន​ឱ្យ​បង្កើន​ការពង្រឹង​ផែនការ​សន្តិភាព​មីយ៉ាន់ម៉ា


រូបឯកសារ៖ ជនជាតិ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ​កាន់​រូប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ក្នុងពេល​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ ជនជាតិ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ប្រទេស​ថៃ​កាន់​រូប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ក្នុងពេល​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​អំពាវនាវ​ឱ្យ​សមាគម​អាស៊ាន (ASEAN) ចាត់​វិធានការ​បន្ថែម​ជា​បន្ទាន់​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌​និង​ជំរុញ​ទៅ​មុខ​នូវ​ដំណើរការ​សន្តិភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​គ្រប់គ្រង​ដោយ​របប​យោធា។

អាស៊ាន​បាន​ជំរុញ​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ឱ្យ​អនុវត្ត​តាម​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ចំណុច​របស់​អាស៊ាន​កាលពី​ឆ្នាំ​មុន ដោយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ​បាន​បង្ហាញ​ការ​ខក​ចិត្ត​ទាក់ទិន​នឹង​កង្វះ​ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​ផែនការ​សន្តិភាព​នេះ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ជាប់​គាំង​នៅ​ក្នុង​វដ្ដ​នៃ​អំពើ​ហិង្សា​តាំងពី​ពេល​ដែល​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​មុន និង​បាន​ធ្វើ​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​លើ​ការ​តវ៉ា​និង​អ្នក​ប្រឆាំង​មក។

លោក Saifuddin បាន​និយាយ​ថា លោក​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​អគ្គលេខាធិការ​អាស៊ាន​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ស្នើ​សុំ​នូវ​ព័ត៌មាន​ថ្មី​បំផុត​ទាក់ទិន​នឹង​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយសារតែ​លោក​មិន​ទាន់​បាន​ទទួល​របាយការណ៍​ណា​មួយ​ពី​ថ្នាក់​ដឹកនាំ​អាស៊ាន​តាំង​ពី​ពេល​ដែល​អាស៊ាន​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែ​មុន​មក។

លោក Saifuddin បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ថា៖ «លេខាធិការដ្ឋាន​អាស៊ាន​ត្រូវតែ​យល់​ឃើញ​ថា​នេះ​ជា​ស្ថានការណ៍​បន្ទាន់ ដើម្បី​ពិនិត្យ​មើល​លើ​អ្វី​ដែល​ពិតជា​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។ លោក​បាន​បន្ថែម​ថា អាស៊ាន​មិន​ត្រូវ​រង់ចាំ​រហូត​ទាល់តែ​ដល់​ពេល​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​នៅ​ខែ​វិច្ឆិកា​នោះ​ទេ។

លោក Saifuddin ក៏​បាន​អំពាវនាវ​ផង​ដែរ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​សម្រេច​ថា​តើ​ពួកគេ​នឹង​បន្ត​ធ្វើការ​ជាមួយ​នឹង​របប​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ដែរ​ឬ​ក៏​អត់ ដោយ​លោក​បាន​និយាយ​ថា ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​គ្មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​នឹង​យោធា​ឬ​ក៏​អង្គការ​ណា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​យោធា​នោះ​ទេ៕

XS
SM
MD
LG