នៅថ្ងៃអង្គារនេះ របបយោធាមីយ៉ាន់ម៉ាបានព្រមានសាធារណជនកុំឱ្យបង្ហាញការគាំទ្រចំពោះក្រុមដែលប្រឆាំងនឹងរបបយោធា ដោយបានគំរាមចាប់ដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំចំពោះការចុច «Like» ឬក៏ការចែកចាយអត្ថបទឬសារណាមួយរបស់ក្រុមប្រឆាំងតាមបណ្តាញសង្គមអនឡាញ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសមីយ៉ាន់ម៉ាត្រូវបានញាំញីដោយអំពើហិង្សាតាំងពីពេលដែលក្រុមយោធាបានដណ្ដើមគ្រប់គ្រងអំណាចកាលពីដើមឆ្នាំនេះមក ដោយមានការប៉ះទង្គិចគ្នានៅតាមតំបន់ជាច្រើនរវាងកងកម្លាំងរបស់របបយោធាមីយ៉ាន់ម៉ាជាមួយនឹងក្រុមជីវពលដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលឯកភាពជាតិ (NUG) ដែលជារដ្ឋាភិបាលស្រមោលនិងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យនានា។
លោក Zaw Min Tin ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរបស់របបយោធាមីយ៉ាន់ម៉ា បាននិយាយថា «ក្រុមភេរវករ» ស្វះស្វែងរកប្រាក់ជំនួយដើម្បីសម្លាប់មនុស្សស្លូតត្រង់នៅក្នុងយុទ្ធនាការរបស់ពួកគេដើម្បីធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាមានអស្ថិរភាព ដូច្នេះការគាំទ្រណាមួយលើពួកគេនឹងត្រូវរងវិធានការតឹងតែង។
លោកបានថ្លែងថា ការគាំទ្រណាមួយតាមបណ្តាញសង្គមអនឡាញចំពោះរដ្ឋាភិបាលស្រមោល ឬចំពោះកងកម្លាំងការពារប្រជាជន (PDF) ដែលជាសម្ព័ន្ធមិត្តប្រដាប់អាវុធរបស់ក្រុមនេះ អាចនាំឱ្យមានទោសជាប់ពន្ធនាគារពី ៣ ឆ្នាំទៅ ១០ ឆ្នាំ ហើយអាចមានទោសខ្លាំងជាងនេះសម្រាប់អ្នកណាដែលផ្តល់ប្រាក់សូម្បីតែបន្តិចបន្តួចក៏ដោយដល់ក្រុមប្រឆាំង។
លោក Zaw Min Tin បានថ្លែងនៅក្នុងសន្និសីទកាសែតដែលចាក់ផ្សាយតាមទូរទស្សន៍ថា៖ «ប្រសិនបើអ្នកផ្តល់ប្រាក់ជំនួយឬគាំទ្រពួកភេរវករទាំងនោះនិងសកម្មភាពរបស់ពួកគេ នោះអ្នកនឹងប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។ យើងធ្វើដូច្នេះដើម្បីការពារជនស៊ីវិលស្លូតត្រង់»។
ចាប់តាំងពីពេលដែលយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី Aung San Suu Kyi កាលពីឆ្នាំមុនមក ក្រុមប្រឆាំងនឹងរបបយោធាបានប្រើបណ្តាញសង្គមតាមអនឡាញដើម្បីព្យាយាមផ្ញើសារទំនាក់ទំនងរបស់ពួកគេឱ្យបានទូលំទូលាយជាងមុន ដោយក្រុមអ្នកកាសែតពលរដ្ឋជារឿយៗបានបង្ហោះរូបភាពអំពីបាតុកម្មនិងអំពើឃោរឃៅនានារបស់យោធានៅលើបណ្ដាញសង្គមអនឡាញ៕