ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​បង្កើត​ស្នាដៃ​សិល្បៈ«បង្សុកូល» ដើម្បី​ផ្តល់​ក្តីសង្ឃឹម​និង​ជា​ការ​ព្រមាន


ក្រុមសិល្បករកំពុងហាត់សមសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)
ក្រុមសិល្បករកំពុងហាត់សមសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)

អ្នកស្រី Angelina Jolie បាន​ថ្លែង​ប្រាប់ VOA ​ក្រោយ​ពី​ការ​សម្តែង​​បាន​បញ្ចប់​ថា «ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​សម្តែង​ដ៏​រស់រវើក។ ការ​សម្តែង​នេះ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ល្អ។ វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ វា​ធ្វើ​ឲ្យ​អ្នក​តាំង​សមាធិ​។ វា​ប្រៀប​ដូចជា​ការ​សូត្រធម៌​រយៈពេល​មួយ​ម៉ោង​ដើម្បី​ឧទ្ទិស​កុសល​និង​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ និង​ធ្វើ​ឲ្យ​យើង​គិត​ដល់​ប្រវិត្តសាស្ត្រ​ប្រទេស​កម្ពុជា​​ គឺ​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់ និង​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​ថ្មីៗ​នេះ នាំ​យើង​ឲ្យ​គិត​ដល់​បច្ចុប្បន្នកាល និង​នាំ​យើង​ទៅ​កាន់​អនាគត​មួយ​ដ៏​មាន​សង្ឃឹម»។

អ្នកស្រី Bonna Neang Weinstein អង្គុយ​សម្រក់​ទឹកភ្នែក​ដោយ​ស្ងាត់ៗ។ លោក Howard Weinstein ដែល​ជា​ស្វាមី​របស់​អ្នកស្រី​ដែល​អង្គុយ​ក្បែរ​នោះ កាន់​ដៃ​របស់​អ្នកស្រី​ជាប់​ដើម្បី​លួងលោម​អ្នកស្រី។

អ្នកស្រី Bonna Neang Weinstein បាន​មើល​ស្នាដៃ​សិល្បៈ​មួយ​ដែល​មាន​ឈ្មោះ​ថា «បង្សុកូល៖ ការ​រំឭក​ដល់​កម្ពុជា» កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ ​ធ្នូ នៅ​ឯ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ Brooklyn Academy of Music ដែល​ហៅ​កាត់​ថា (BAM) ក្នុង​កម្មវិធី Next Wave Festival ដែល​ជា​កម្មវិធី​បង្ហាញ​ពី​ស្នាដៃ​សិល្បៈ​ច្នៃ​ប្រឌិត​ថ្មីៗ។ ក្រោយ​ពី​មើល​ការ​សម្តែង​ចប់ អ្នកស្រី​បាន​ថ្លែង​ថា «នឹក​ឃើញ​ទាំងអស់​ នឹក​ឃើញ​ខ្លួន​ឯង​ទៀត»។

«បង្សុកូល» គឺ​ជា​ស្នាដៃ​សិល្បៈ​បែប Symphony ធំ​បំផុត​ដំបូង​បង្អស់​ ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១លាន​៧សែន​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ ការ​សម្តែង​នេះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី Bonna Neang Weinstein ដែល​ជា​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​នេះ នឹក​ឃើញ​ដល់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ពេល​នោះ។

អ្នកស្រី Bonna Neang Weinstein ដែល​បាន​មក​រស់នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​១៩៨៤ បាន​និយាយ​ប្រាប់ VOA ជាមួយ​នឹង​ទឹក​ភ្នែក​រលីងរលោង​ថា «ខ្ញុំ​មើល​ទៅ​រូប​ភាព​អស់​ហ្នឹង ការ​សម្តែង​អស់ហ្នឹង ខ្ញុំ​សឹង​តែ​មិន​ជឿ​ថា​ខ្ញុំ​រស់នៅ​របៀប​ហ្នឹង​ក្នុង​ពេល​អាពត​ហ្នឹង ខ្ញុំ​សឹង​មិន​ជឿ ខ្ញុំ​រស់នៅ​របៀប​ហ្នឹង ហើយ​អាច​មាន​ជីវិត​មក​វិញ​ទៀត»។ ​

ក្រុមសិល្បករកំពុងហាត់សមសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)
ក្រុមសិល្បករកំពុងហាត់សមសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)

ស្នាដៃ​សិល្បៈ​«បង្សុកូល»​នេះ ក៏​ជា​ការ​សហការ​គ្នា​លើក​ដំបូង​បង្អស់​រវាង​លោក​បណ្ឌិត ហ៊ឹម សុភី ដែល​ជា​អ្នក​និពន្ធ​បទភ្លេង និង​លោក ប៉ាន់ រិទ្ធី ដែល​ជា​ផលិតករ​ខ្សែ​ភាពយន្ត​លំដាប់​អន្តរជាតិ ដែល​បាន​ដឹកនាំ​ស្នាដៃ​សិល្បៈ​នេះ។ លោក ប៉ាន់ រិទ្ធី គឺ​ជា​អ្នក​ដឹកនាំ​ខ្សែ​ភាពយន្ត «The Missing Picture» ដែល​បាន​ចូលរួម​ប្រកួត​យក​ពានរង្វាន់ អូស្ការ ផ្នែក​ខ្សែភាពយន្ត​បរទេស កាល​ពី​ឆ្នាំ​២០១៣។

សិល្បករ​ទាំងពីរ​រូប​នេះ​គឺ​ជា​អ្នក​ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា សិល្បករ​ប្រមាណ​៩០​ភាគរយ​ត្រូវ​បាន​សម្លាប់។ លោក​ទាំង​ពីរ​គឺ​ជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​ស្តារ​និង​អភិរក្ស​វប្បធម៌​ខ្មែរ ដែល​ស្ទើរ​តែ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​អស់ ហើយ​ក៏​ជា​អ្នក​ដែល​អប់រំ​ដល់​មនុស្ស​ជំនាន់​ក្រោយ​អំពី​កេរមរតក​ខ្មែរ​ផង​ដែរ។ ដោយសារ​ការ​សម្លាប់​ដ៏​ឃោរឃៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​រវាង​ឆ្នាំ​១៩៧៥​និង​ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​ប្រមាណ​ពាក់​កណ្តាល​មាន​អាយុ​ក្រោម​២៥ឆ្នាំ។ ​

ស្នាដៃ​សិល្បៈ​ដែល​បាន​សម្តែង​ឡើង​នៅ​ក្នុង​ទីក្រុង ញូវយ៉ក នេះ ក៏​មាន​គោលបំណង​ចង់​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា​ដែល​នៅ​ក្រៅ​ប្រទេស​ផងដែរ។ ការ​សម្តែង​សិល្បៈ​នេះ​បាន​សម្តែង​លើក​ដំបូង​នៅ​ក្នុង​ប្រទេស ​អូស្ត្រាលី ដែល​ត្រូវ​បាន​កាសែត Sydney Morning Herald ពណ៌នា​ថា «ជា​ពន្លឺ​ក្រោយ​ពី​ភាព​ងងឹត​សូន្យសុង​និង​ជា​ការរស់រាន​មាន​ជីវិត​ឡើង​វិញ...»។ ក្រោយ​ពី​ការ​សម្តែង​នៅ​ទីក្រុង បុសស្តុន រដ្ឋ Massachusetts ដែល​បាន​លក់​សំបុត្រ​អស់​គ្មាន​សល់​រួច​មក ស្នាដៃ​សិល្បៈ​នេះ​នឹង​បន្ត​ទៅ​សម្តែង​នៅ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ Philharmonie de Paris នៅ​ឆ្នាំ​ក្រោយ មុន​នឹង​ទៅ​សម្តែង​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៩ ដើម្បី​រំឭក​ខួប​ទី​៤០​ក្រោយ​ការ​បញ្ចប់​របប​ខ្មែរ​ក្រហម​។

ស្នាដៃ​សិល្បៈ«បង្សុកូល» ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ពិធី​សាសនា​ព្រះ​ពុទ្ធ​ដែល​ភាគច្រើន​ប្រជាជន​ខ្មែរ​ប្រារព្ធ​ក្នុង​ពិធី​បុណ្យ​សព។ ពិធី​បង្សុកូល​គឺ​ជា​ការ​ដាក់​ក្រណាត់​ស​គ្រប​លើ​រាងកាយ​អ្នក​ស្លាប់​និង​ដក​ក្រណាត់​នោះ​មក​វិញ​ ដើម្បី​បញ្ជូន​វិញ្ញាណក្ខន្ធ​របស់​អ្នក​ស្លាប់​ឲ្យ​ទៅ​សុគតិភព។

ចុច​មើល​វីដេអូ​ការ​សម្តែង​សិល្បៈ​«បង្សុកូល»​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ

បង្សុកូល​ក៏​ជា​ការ​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​តាម​វត្ត​អារាម ដោយ​មាន​ការ​សូត្រ​ធម៌​និង​ប្រគេន​ទ័យទាន​ដល់​ព្រះ​សង្ឃ​ផង​ដែរ។

ទស្សនិកជន​ដែល​ចូល​ទស្សនា​ការ​សម្តែង​សិល្បៈ​«បង្សុកូល»ឃើញ​មាន​ក្រណាត់​ស​មួយ​ផ្ទាំង​ដាក់​នៅ​លើ​កៅអី​របស់​ពួកគេ​រៀងៗ​ខ្លួន និង​មាន​ភ្ជាប់​ជាមួយ​នឹង​កំណត់​ត្រា​មួយ​សរសេរ​ថា «យើង​ខ្ញុំ​សូម​អញ្ជើញ​លោក​អ្នក​យក​ក្រណាត់​ស​នេះ​បង់ក​ក្នុង​អំឡុង​ពេល​ដែល​លោកអ្នក​មើល​ការ​សម្តែង​នេះ»។

ស្នាដៃ​សិល្បៈ​«បង្សុកូល»​ ច្របាច់​បញ្ចូល​គ្នា​នូវ​ភ្លេង​បុរាណ​ខ្មែរ ចម្រៀង ស្មូត ជាមួយ​នឹង​ភ្លេង​បស្ចឹម​ប្រទេស អម​ដោយ​ការ​ច្រៀង​បន្ទរ​របស់​ក្រុម​សិល្បករ​តៃវ៉ាន់ ដែល​និពន្ធ​ទំនុក​ច្រៀង​ដោយ​លោក Trent Walker។

នៅ​ក្នុង​ការ​សម្តែង​រយៈពេល​ប្រមាណ​មួយ​ម៉ោង​នេះ ក៏​មាន​វីដេអូ​និង​រូបភាព​ឯកសារ ដែល​បង្ហាញ​ពី​ជនភៀសខ្លួន​ខ្មែរ​ ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម និង​ប្រជាជន​ខ្មែរ​ស្លៀកពាក់​ឈុតខ្មៅ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ស្រែ​ចំការ ដែល​ត្រូវបាន​ដាក់​បង្ហាញ​តាមរយៈ​អេក្រង់​ធំៗ​បី​នៅ​ខាង​ក្រោយ​អ្នក​សម្តែង​ផង​ដែរ។

​វីដេអូ​នៅ​ក្នុង​ការ​សម្តែង​នោះ​ក៏​មាន​ឈុត​មួយ​ដែល​មាន​យន្តហោះ​ជាច្រើន​គ្រឿង​ទម្លាក់​គ្រាប់បែក​ និង​មាន​វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​រូប​អតីត​ប្រធានាធិបតី​អាមេរិក លោក​ Richard Nixon និយាយ​ថា «ប្រជាជន​ខ្មែរ មិន​មែន​ប្រជាជន​អាមេរិក​នោះ​ទេ ដែល​ត្រូវ​សម្លាប់​»។

ក្រុមសិល្បករកំពុងហាត់សមសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)
ក្រុមសិល្បករកំពុងហាត់សមសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)

អ្នកស្រី Bonna Neang Weinstein និយាយ​ថា «ឃើញ​គេ​ធ្វើ​ស្អី​ហ្នឹង គឺ​ខ្ញុំ​ខ្លួន​ខ្ញុំ​ទៅ​ដល់​កន្លែង​ហ្នឹង​ហ្មង។ ខ្ញុំ​មើស​ប៉ុន្មាន​ជាង​៣០​ឆ្នាំ​ជិត​៤០​ឆ្នាំ​ហើយ​ ប្រហែល​ជា​៨០​ភាគរយ​ ខ្ញុំ​នៅ​យល់​សប្តិឃើញ​ថា ខ្ញុំ​នៅ​អាពត​នៅឡើយ»។

សម្រាប់​ទស្សនិកជន​ជាច្រើន ឥទ្ធិពល​នៃ​អតីតកាល​បាន​ធ្វើ​ឲ្យ​ពួកគេ​សម្រក់​ទឹកភ្នែក​ដោយ​ស្ញៀមស្ងាត់។

អ្នកស្រី ទោ វឿន វ័យ​៧៩ឆ្នាំ រស់នៅ​ក្នុង​ទីក្រុង Alexandria រដ្ឋ Virginia បាន​និយាយ​ប្រាប់ VOA ដោយ​សម្រក់​ទឹក​ភ្នែក​ថា «បើ​ខ្ញុំ​ដឹងថា​ការ​សម្តែង​នេះ​និយាយ​អំពី​របប​ខ្មែរ​ក្រហម ខ្ញុំ​នឹង​មិន​មក​មើល​នោះ​ទេ»។

ស្វាមី​របស់​អ្នកស្រី ទោ វឿន ត្រូវ​បាន​គេ​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ដោយ​បន្សល់​នូវ​កូនៗ​ចំនួន​៧​នាក់ ​ទុក​ឲ្យ​អ្នកស្រី​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​តែ​ម្នាក់​ឯង ហើយ​បច្ចុប្បន្ន​នេះ កូន​របស់​អ្នកស្រី​ប្រាំ​នាក់​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ហើយអ្នកស្រី​ទើប​តែ​ដឹង​ថា កូន​ពីរ​នាក់​ទៀតរបស់​អ្នកស្រី​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោយពី​វង្វេង​គ្នា​កាល​ពី​របប​ខ្មែរក្រហម​បញ្ចប់។

សម្រាប់​អ្នកស្រី Bonna Neang Weinstein ដែល​ជា​ម្ចាស់​ហាង​លក់​គ្រឿង​សិល្បៈ​ខ្មែរ​Khmer Art Gallery នៅ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania ដែល​បាន​ទៅ​មើល​ការ​សម្តែង​នោះ​ជាមួយ​នឹង​ស្វាមី​និង​កូន​បី​នាក់​របស់​អ្នកស្រី ឈុត​វីដេអូ​ដែល​បង្ហាញ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ Nixon ធ្វើ​ឲ្យ​អ្នកស្រី​មាន​ការ​ឈឺចាប់។​

អ្នកស្រី​និយាយ​ថា «យំហ្នឹង​គឺ​ទឹកភ្នែក​របស់​ខ្ញុំ​ហ្នឹង​គឺ​ទឹកភ្នែក​ឈឺចិត្ត អន់ចិត្ត​ដោយសារ​រដ្ឋាភិបាល​របស់​អាមេរិក​ដែល​ទម្លាក់​ស្រុក​យើង​ឲ្យ​ទៅ​ដល់​ដំណាក់កាល​ហ្នឹង»។ នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​មនុស្ស​ជាច្រើន​ជឿជាក់​ថា ជា​ឬសគល់​បង្ក​ឲ្យ​កើត​មាន​របប​ខ្មែរ​ក្រហម។ ​

អ្នកស្រី Bonna Neang Weinstein ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ចំនួន​៨​នាក់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​បាន​ថ្លែង​ថា «ការ​ឈឺចាប់​ ការ​ខឹង អត់​បាត់​ទៅ​ណា​ទេ ព្រោះ​អី​ព្រោះ​ដោយសារ Nixon government គេ​អត់​ទទួល​ស្គាល់ គេ​អត់​សុំទោស​ខ្មែរ​យើង ម្ល៉ោះ​ហើយ​មិន​អាច ​heal កើត​ទេ»។

លោក ហ៊ឹម សុភី អ្នកនិពន្ធតន្ត្រីសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»កំពុងផ្តល់បទសម្ភាសន៍ដល់ VOA នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)
លោក ហ៊ឹម សុភី អ្នកនិពន្ធតន្ត្រីសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»កំពុងផ្តល់បទសម្ភាសន៍ដល់ VOA នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)

លោក ហ៊ឹម សុភី ដែល​ធ្លាប់​និពន្ធ​ទំនុក​ភ្លេង​សម្រាប់​ស្នាដៃ​សិល្បៈ​ធំ​ៗជាច្រើន​មក​ហើយ​ដូចជា​ស្នាដៃ​សិល្បៈ «ទីដំរី​យំ» បាន​ប្រាប់ VOA ថា ស្នាដៃ​សិល្បៈ​របស់​លោក​មួយ​នេះ មិន​ត្រឹម​តែ​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​ទេ។

លោក​បាន​ថ្លែង​ថា «ស្នាដៃ​តន្រី្ត«បង្សុកូល»​របស់​ខ្មែរ​យើង​ខុស​ពី​គេ។ យើង​ថា​រំឭក​ដល់​អ្នក​ដែល​បាន​ស្លាប់​ហើយ ក៏​ប៉ុន្តែ​យើង​ក៏​បាន​ជូនពរ​និង​ជួយ​លើក​ទឹកចិត្ត​ដល់​អ្នក​ដែល​បាន​នៅ​រស់​ដើម្បី​ជួយ​ឲ្យ​មាន​សេចក្តីសង្ឃឹម​ទៅ​ថ្ងៃ​អនាគត ដោយ​រស់នៅ​រក្សា​ផែនដី ស្រឡាញ់​មនុស្ស​ដូចគ្នា»។

លោក ហ៊ឹម សុភី បាន​ថែ្លង​បន្ត​ទៀត​ថា «ស្នាដៃ​នេះ​គឺ​ជា​ស្នាដៃ​របស់​ប្រជាជន​នៅ​លើ​ពិភពលោក​ដែល​ទទួល​រងគ្រោះ​ដោយសារ​អំពើ​ប្រល័យ​ពូជសាសន៍​សង្គ្រាម។ ហើយ​ស្នាដៃ​នេះ​គឺ​ជា​ការ​ព្រមាន​ គឺ​ជា​ការ​ប្រាប់​ទុក​មុន​ដល់​ពិភពលោក ដើម្បី​ឲ្យ​ស្គាល់ ឲ្យ​យល់ ហើយ​ឲ្យ​រក្សា​នូវ​សុខ​សន្តិភាព​នៅ​លើ​ពិភពលោក ឲ្យ​ស្រឡាញ់​មនុស្ស​ដូចគ្នា»។

សារ​ព្រមាន​នៅ​ក្នុង​ការ​សម្តែង​សិល្បៈ​នេះ​គឺ​ជា​អ្វី​ដែល​ទស្សនិកជន​ដូចជា​លោក Jonathan Hulland ដែល​ជា​មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​នៃ American Jewish World Service ក្នុង​ទីក្រុង ញូវយ៉ក ទទួល​បាន។ លោក​បាន​ថ្លែង​ប្រាប់ VOA ក្រោយ​ពីការ​សម្តែង​បាន​បញ្ចប់​ថា តាមរយៈ​ការ​បង់ក​ក្រណាត់​ស​នេះ ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា លោក​បាន​ចូលរួម​នៅ​ក្នុង​ការ​សម្តែង​សិល្បៈ​នោះ។ ​

លោក Hulland ដែល​ធ្លាប់​ទៅ​ប្រទេស​កម្ពុជា​ចំនួន​៤ដង ហើយ​ទើប​តែ​ត្រឡប់​មក​វិញ​លើក​ចុងក្រោយ​បង្អស់​កាល​ពី​ខែ តុលា កន្លង​ទៅ​នេះ បាន​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​ព្រមាន​ដែល​បាន​បង្កប់​អត្ថន័យ​នៅ​ក្នុង​ការ​សម្តែង​សិល្បៈ​នេះ។

លោក Hulland ដែល​ជា​ជនជាតិ​អង់គ្លេស ហើយ​បច្ចុប្បន្ន​មាន​សញ្ជាតិ​អាមេរិក បាន​និយាយ​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា​អាម៉ាស់​និង​មាន​កំហុស។ ឥឡូវ​នេះ​ខ្ញុំ​មាន​សញ្ជាតិ​អាមេរិក​ហើយ​ ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ប្រទេស​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង»។

លោក Joseph Melillo ផលិតករប្រតិបត្តិនៃសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក ក្រោយផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)
លោក Joseph Melillo ផលិតករប្រតិបត្តិនៃសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក ក្រោយផ្តល់បទសម្ភាសន៍ដល់ VOA កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧។ (រូបថត៖ ហុង ចិន្តា/VOA)

លោក Joseph Melillo ផលិតករ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ BAM បាន​ថ្លែង​ថា «​BAM ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ មិនមែន​តែ​នៅ​ក្នុង​ទីក្រុង ញូវយ៉ក នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​នេះ​ទាំងមូល ក្នុង​ការ​បង្ហាញ​ពី​វប្បធម៌​របស់​យើង និង​ស្នាដៃ​សិល្បៈ​នៃ​វប្បធម៌​ដទៃទៀត»។

លោក Melillo ដែល​ធ្លាប់​ទៅ​ប្រទេស​កម្ពុជា​ចំនួន​ពីរ​ដង បាន​និយាយ​ថា លោក​បាន​សម្រេច​ជ្រើសរើស​ស្នាដៃ​សិល្បៈ«បង្សុកូល» ឲ្យ​មក​សម្តែង​នៅ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ​នេះ ដោយ​សារ​តែ​លោក ព្រីម ភ្លឿន ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ «ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ចំពោះ​អ្វី​ដែល​លោក​ចង់​ធ្វើ​សម្រាប់​ប្រទេស​របស់​ខ្លួន»។​

ការ​សម្តែង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​មួយ​ ដែល​ធ្វើ​ការ​ដើម្បី​ជួយ​ស្តារ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់​ទាំងអស់។

អ្នកស្រី Mary Read ដែល​ជា​សមាជិក​ក្រុម​ទេសាភិបាល​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​មាន​ប្រសាសន៍​ថា ស្នាដៃ​សិល្បៈ​«បង្សុកូល»​បាន​បង្ហាញ​ថា «មនុស្ស​មាន​ក្តី​មេត្តាធម៌»។

អ្នកស្រី Read ដែល​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ប្រទេស អូស្ត្រាលី និង​ជា​អន្តរជាតិ​ចំពោះ​ហាង​លក់​សម្លៀកបំពាក់​ដែល​ច្នៃប្រឌិត​ជា​ពិសេស​របស់​អ្នក​ស្រី​ក្នុង​ទីក្រុង ស៊ីដនី បាន​និយាយ​ថា «សិល្បៈ​តក់​ជាប់​ក្នុង​បេះដូង។ តាមរយៈ​ការ​ព្យាបាល​បេះដូង អ្នក​អាច​ព្យាបាល​ដួងព្រលឹង​នៃ​ប្រទេស​នេះ​បាន»។​

ក្រុមសិល្បករកំពុងហាត់សមសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)
ក្រុមសិល្បករកំពុងហាត់សមសម្រាប់ការសម្តែងតន្ត្រី«បង្សុកូល»នៅសាលមហោស្រព Brooklyn Academy of Music ក្នុងទីក្រុង ញូវយ៉ក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ (រូបពីវីដេអូ៖ Ye Yuan/VOA)

ការ​សម្តែង​សិល្បៈ​នេះ​បញ្ចប់​ទៅ​ជាមួយ​នឹង​របាំ ឆៃយ៉ាំ ដ៏​សប្បាយ​រីករាយ ជាមួយនឹង​កុមារា កុមារី ពីរ​នាក់​ដែល​រៀន​រាំ​របាំ​និង​រៀន​លេង​ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ។ កុមារ​ទាំង​ពីរ​នាក់​នោះ​គឺ​ជា​ជនជាតិ​អាមេរិកាំងដើម​កំណើត​ខ្មែរ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​សម្តែង។

តារា​ហូលីវូដ​ដ៏​មាន​ឥទ្ធិពល អ្នកស្រី Angelina Jolie ដែល​មាន​សញ្ជាតិ​ខ្មែរ​និង​បាន​ដឹកនាំ​ថត​ខ្សែ​ភាពយន្ត​ «ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ជាមួយ​នឹង​លោក ប៉ាន់ រិទ្ធី បាន​ទៅ​មើល​ការ​សម្តែង​នោះ​កាល​ពី​យប់​ថ្ងៃ​ សៅរ៍​ ទី ១៦។ អ្នកស្រី Jolie បាន​នាំ​កូនប្រុស​របស់​អ្នកស្រី Maddox Jolie-Pitt ដែល​អ្នកស្រី​បាន​យក​ទៅ​ចិញ្ចឹម​ពី​ប្រទេស​ខ្មែរ និង​កូនស្រី Shiloh Jolie-Pitt ទៅ​មើល​ការ​សម្តែង​នោះ​ជាមួយ​ដែរ ហើយ​ពួកគេ​ទាំងបី​នាក់​សុទ្ធ​តែ​ពាក់​អាវ​ស​និង​ស្លៀក​ខោ​ខ្មៅ ដែល​ជា​ឈុត​សម្លៀកបំពាក់​ខ្មែរ​សម្រាប់​ពាក់​ទៅ​ពិធី​បុណ្យ​សព។​

អ្នកស្រី Jolie បាន​ថ្លែង​ប្រាប់ VOA ​ក្រោយ​ពី​ការ​សម្តែង​បាន​បញ្ចប់​ថា «ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការ​សម្តែង​ដ៏​រស់រវើក។ ការ​សម្តែង​នេះ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ល្អ។ វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ វា​ធ្វើ​ឲ្យ​អ្នក​តាំង​សមាធិ​។ វា​ប្រៀប​ដូចជា​ការ​សូត្រធម៌​រយៈពេល​មួយ​ម៉ោង​ដើម្បី​ឧទ្ទិស​កុសល​និង​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ និង​ធ្វើ​ឲ្យ​យើង​គិត​ដល់​ប្រវិត្តសាស្ត្រ​ប្រទេស​កម្ពុជា គឺ​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់ និង​ប្រវត្តិសាស្ត្រ​ក្នុង​ពេល​ថ្មីៗ​នេះ នាំ​យើង​ឲ្យ​គិត​ដល់​បច្ចុប្បន្នកាល និង​នាំ​យើង​ទៅ​កាន់​អនាគត​មួយ​ដ៏​មាន​សង្ឃឹម»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG