អ្នកវិភាគវាយតម្លៃថា ការបញ្ចេញព័ត៌មានមិនពិតពាក់ព័ន្ធនឹងរឿងធ្វើរដ្ឋប្រហារនៅកម្ពុជា ដែលនាំឱ្យមានប្រតិកម្មពីឯកអគ្គរដ្ឋទូតចិន ជាការសាកល្បងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
ការលើកឡើងរបស់ពួកគេយ៉ាងដូច្នេះធ្វើឡើង ក្រោយមានព័ត៌មានមិនពិត ដែលលេចចេញជាវីដេអូឃ្លីបផ្សព្វផ្សាយតាមបណ្តាញសង្គម TikTok ដោយចោទថា អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រួមជាមួយកូនប្រុសរបស់លោកគឺលោក ទៀ សីហា ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានរៀបចំរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
អ្នកជំនាញភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី ប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «អ៊ីចឹងហើយខ្ញុំគិតថា វាគ្រាន់តែជាព័ត៌មានក្លែងក្លាយ ឬក៏ព្យាយាមធ្វើម៉េចមានចេតនាបំបែកបំបាក់ ឬក៏ធ្វើតេស្តសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជន»។
បើតាមអ្នកជំនាញរូបនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សគ្រប់គ្រងប្រទេសនៅមានភាពជិតស្និទ្ធនឹងគ្នាខ្លាំង ដែលលោកថា ការណ៍នេះមិនអាចធ្វើឱ្យមានការបែកបាក់ឬមានរដ្ឋប្រហារបាននោះឡើយ។
លោកថ្លែងថា៖ «ចំពោះខ្ញុំ ខ្ញុំមិនធ្វើសេចក្តីសន្និដ្ឋានថានឹងមានភាពបែកបាក់ទេ។ វាអាចមានភាពរកាំរកូសមួយចំនួន ការប្រទាំងប្រទើសឬការមិនយល់ស្របទៅលើកិច្ចការមួយចំនួន។ អាហ្នឹងជារឿងសាមញ្ញរបស់គណបក្សធំៗនៅលើពិភពលោក ក៏ប៉ុន្តែឱ្យឈានដល់ការបែកបាក់ឬរដ្ឋប្រហារ ដែលមានប្រទេសណាមួយនៅពីក្រោយ ខ្ញុំគិតថា នៅពេលនេះប្រហែលជាអាចពិបាកកើតឡើង»។
ភ្លាមៗក្រោយមានការបង្ហោះព័ត៌មានពាក់ព័ន្ធរដ្ឋប្រហារនៅកម្ពុជានោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក Wang Wenbin បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយប្រតិកម្មថា វាជា«ការប្រតិដ្ឋនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ»។
ឯកអគ្គរដ្ឋទូតរូបនេះបញ្ជាក់ថា៖ «យើងថ្កោលទោសចំពោះការប្រតិដ្ឋនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនឹងសហការជាមួយមិត្តភ័ក្ដិកម្ពុជាដើម្បីទប់ស្កាត់និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតចិននៅភ្នំពេញ តែគ្មានការឆ្លើយតបទៅសំណួរដែលបានផ្ញើតាមសារអ៊ីមែលនៅថ្ងៃពុធនេះ។
បណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅថ្ងៃទី ២៨ ខែសីហានេះ បានឲ្យដឹងថា គណនីបណ្តាញសង្គម Douyin (TikTok ក្នុងប្រទេសចិន) ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងទ័ពធ្វើរដ្ឋប្រហារនៅកម្ពុជា ត្រូវបានបិទចោលហើយ។
សាររបស់លោកសរសេរថា៖ «គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជាត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត»។
អ្នកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើសេចក្ដីថ្លែងការណ៍ជាវីដេអូឃ្លីបមួយដែលបង្ហោះនៅលើទំព័រហ្វេសបុករបស់ក្រសួងការពារជាតិកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ ដោយបានបដិសេធសេចក្ដីថ្លែងការណ៍ពីវីដេអូឃ្លីបមួយជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ទាក់ទិននឹងការរៀបចំគម្រោងរដ្ឋប្រហារនោះ។
អ្នកស្រីថ្លែងនៅក្នុងវីដេអូនោះថា៖ «ក្រសួងការពារជាតិសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះឃ្លីបវីដេអូមួយនេះដែលបានចោទប្រកាន់ទាំងកំរោលដោយគ្មានភស្ដុតាងមកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទដែលជានិច្ចកាលជាកងកម្លាំងស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេ ក្នុងការការពារជាតិ សាសនាព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ»។
ពាក់ព័ន្ធនឹងប្រតិកម្មរបស់ទូតចិន លោក សេង វណ្ណលី យល់ថា ចិនមានផលប្រយោជន៍ច្រើននៅកម្ពុជាទាំងប្រយោជន៍សង្គម សេដ្ឋកិច្ច និងនយោបាយ។ លោកថា អស្ថិរភាពនយោបាយនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ចិននៅកម្ពុជា។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ពាក្យចចាមអារ៉ាមនេះនឹងមិនអាចធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងឬក៏ព្រឹត្តិការណ៍រដ្ឋប្រហារកើតឡើងនោះទេ ខណៈគណបក្សកាន់អំណាចកំពុងតែធ្វើឱ្យមានសុខដុមរមនានឹងគ្នានៅក្នុងគណបក្ស។
លោកថ្លែងថា៖ «កំពុងតែព្យាយាមសម្របសម្រួលឬក៏សមាហរណកម្ម ធ្វើឱ្យមានសុខដុមរមនីយកម្មជាមួយគ្នា។ វាមិនអាចជំរុញឱ្យមានយន្តការនៃការប្រេះស្រាំនៅក្នុងដំណាក់កាលនេះទេ។ បច្ចុប្បន្នយើងអត់ទាន់មើលឃើញចរន្តនៃការប្រេះស្រាំឬក៏ធ្វើរដ្ឋប្រហារអីទេ។ បើយើងមើលឃើញ អត់មានចរន្តហ្នឹងកើតឡើងទេ»។
បើតាមលោក ឯម សុវណ្ណារ៉ា ប្រតិកម្មរបស់លោក Wang Wenbin ជាការបង្ហាញពីភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ហើយជាការចង់បន្តធ្វើឱ្យទំនាក់ទំនងកាន់តែល្អថែមទៀត៕
វេទិកាបញ្ចេញមតិ