អ្នកឃ្លាំមើលសង្គមកម្ពុជាបានកត់សម្គាល់ថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនជាស្មារតីជាតិនិយមមួយក្នុងការការពារបូរណភាពទឹកដី តែនៅមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋដែលមិនគាំទ្រគម្រោង CLV-DTA ហើយថា ការបង្កើតមូលនិធិនេះកើតឡើងចំពេលសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពលំបាក។
មូលនិធិសម្រាប់ការអភិវឌ្ឍតំបន់នៅតាមព្រំដែនដែលផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែនត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២២ ខែសីហា គឺក្នុងពេលលោកធ្វើសេចក្តីថ្លែងការណ៍ពិសេសមួយទៅកាន់ប្រជាពលរដ្ឋខ្មែរអំពី «សមិទ្ធផល ១ ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សនិងសង្គម លោក ស៊ឹង សែនករុណា ដែលបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្តាលី ប្រាប់វីអូអេថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនគឺជាការដោះស្រាយមួយ ដែលមិនបានឆ្លើយតបចំពោះការទាមទាររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ឱ្យលុបចោលគម្រោង CLV-DTA ហើយថា ការជំរុញឱ្យមានដំណើរការអភិវឌ្ឍនៅតាមព្រំដែននេះទៀតសោត គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលមិនគួរក្លាយជាបន្ទុករបស់ពលរដ្ឋក្នុងពេលស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកមិនសូវមានកំណើនខ្លាំងនៅឡើយ។
បើតាមអ្នកឃ្លាំមើលរូបនេះ អ្នកឧកញ៉ា និងលោកឧកញ៉ា និងអ្នកជំនួញផ្សេងទៀតចូលរួមផ្តល់ថវិកាដល់មូលនិធិនេះក្នុងចំនួនដ៏ច្រើនធៀបនឹងពលរដ្ឋទូទៅ គឺដោយសារតែពួកគេខ្លាចរងការចោទប្រកាន់ពីរដ្ឋាភិបាលថា ប្រឆាំងនឹងគម្រោង CLV-DTA។
លោកថ្លែងថា៖ «អ្វីដែលខ្ញុំកត់សម្គាល់ឃើញក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋយើង និងមន្ត្រីរាជការមួយចំនួនហ្នឹង ក៏មិនទាន់មានជីវភាពអីល្អប្រើសើរអីដែរក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងតែធ្លាក់ដុនដាបអីនេះ»។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA បានក្លាយជាចំណុចរសើបមួយក្នុងនយោបាយកម្ពុជានាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងអតីតមេដឹកនាំគណបក្សជំទាស់ដែលភៀសខ្លួនចេញពីប្រទេស បានបង្ហាញក្តីបារម្ភពីការបាត់បង់បូរណភាពទឹកដីទៅភាគីវៀតណាម ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលដកខ្លួនចេញពីតំបន់ត្រីកោណនេះ។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានអះអាងថា កម្ពុជាមិនទទួលរងការខាតបង់ដូចការចោទប្រកាន់នោះទេ តែបានទទួលមកវិញនូវកំណើនសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ដែលបានជួយលើកកម្ពស់ជីវភាពពលរដ្ឋខ្មែរក្នុងខេត្តទាំងបួននៅភាគឦសានប្រទេសគឺ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ដែលស្ថិតក្នុងក្នុងតំបន់កិច្ចសហប្រតិបត្តិការនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមទូរសព្ទលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ថ្លែងថា គម្រោងកសាងផ្លូវក្រវ៉ាត់ព្រំដែនគឺមិនទាន់គ្រប់គ្រាន់ទេ ពោលគឺរដ្ឋាភិបាលគួរតែគិតគូរបន្ថែមទៀតលើការកសាងរបងព្រំដែន។ លោកបន្តថា រដ្ឋាភិបាលគួរប្រើកញ្ចប់ថវិកាជាតិ និងចំណូលប្រមូលបានពីពន្ធនានា យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន ជាជាងការប្រមូលមូលនិធិពីប្រជាពលរដ្ឋដែលអាចក្លាយជាសម្ពាធមួយលើស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវបង្ហាញគម្រោងកសាងឱ្យបានច្បាស់លាស់មានដូចជាប្រវែងផ្លូវ ទំហំឬតួលេខចំណាយ និងការចាត់ចែងមូលនិធិដើម្បីបង្ហាញពីតម្លាភាពនិងគណនេយ្យភាពនៃការអនុវត្តកញ្ចប់ថវិការបស់មូលនិធិដែលទើបត្រូវបានបង្កើតឡើងនេះ។ លោកបន្តថា រូបមន្តកសាងស្មារតីជាតិនិយមមិនអាស្រ័យលើការបង្កើតគម្រោងរៃអង្គាសប្រាក់ពីពលរដ្ឋនោះទេ ប៉ុន្តែវាអាស្រ័យលើថ្នាក់ដឹកនាំត្រូវធ្វើជាគម្រូល្អ ហើយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ឬយុវជនបញ្ចេញមតិពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ជាតិ។
លោកថ្លែងថា៖ «គ្រាន់តែបញ្ចេញមតិ បញ្ចេញទស្សនៈ សម្តែងកង្វល់អំពីបញ្ហាបូរណភាពទឹកដី អំពីបញ្ហាអធិបតេយ្យភាពនៃប្រទេសជាតិ ត្រូវបានចាប់ដាក់ពន្ធនាគារអីសព្វបែបយ៉ាងហ្នឹង។ ទោះបីបង្កើតគម្រោងនេះគម្រោងនោះបង្ហាញថា ជាតិនិយម ឬមួយការបង្កើតឱ្យមានការសាមគ្គីហ្នឹង យើងឃើញស្រាប់ហើយថា មិនអាចទៅរួចទេបាទ»។
ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនកាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានចូលរួមចំណែកដោយផ្ទាល់ជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំនិងប្រកបដោយចីរភាព រួមទាំងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក រស់ សុថា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការរៃអង្គាសនេះចាំបាច់ត្រូវមានគណៈកម្មការដើម្បីរៀបចំការគ្រប់គ្រងថវិកាឱ្យមានតម្លាភាព និងប្រសិទ្ធភាព។
លោកថ្លែងថា៖ «ហើយបើសិនជាយើងមានគណៈកម្មការមួយ គណៈកម្មការចម្រុះមួយដែលមានសមត្ថភាពឯករាជ្យគ្រប់គ្រងធនធានហ្នឹងឱ្យយើងប្រើប្រាស់់ ឱ្យយើងមានផែនការច្បាស់លាស់ដែលយើងធ្វើអ្វីខ្លះ។ ឥឡូវថវិការដ្ឋនឹងមានប៉ុន្មាន។ ឥឡូវយើងខ្វះខាតថវិកាពីខាងក្រៅប៉ុន្មានទៀត»។
គិតចាប់តាំងពីប្រកាសរបស់នាយករដ្ឋមន្ត្រីអំពីការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានចាប់ផ្តើមផ្ទេរប្រាក់ពីគណនីធនាគាររបស់ពួកគេចូលក្នុងមូលនិធិនោះ ដោយមានចំនួនចាប់ពី ២០០០ រៀលរហូតដល់ខ្ទង់លានដុល្លារ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា ប្រាប់វីអូអេថា សន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋ គឺដូចជា «ទឹកបាក់ទំនប់» ដែលបញ្ជាក់ឱ្យឃើញថា ប្រជាជនខ្មែរដ៏ច្រើនលើសលប់គាំទ្ររាជរដ្ឋាភិបាល និងរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ លោកបន្តថា កម្លាំងនៃការគាំទ្របង្ហាញថា អ្វីដែលរដ្ឋាបាលបានធ្វើជាយូរមកហើយនោះពិតជាត្រឹមត្រូវ និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការការពារបូរណភាពទឹកដី។
លោកថ្លែងថា៖ «ហើយចំពោះការរិះគន់របស់មនុស្សមួយចំនួនតូច ជាពិសេសក្រុមប្រឆាំងជ្រុលនិយមហ្នឹងវាអត់មានអីចម្លែកទេ ពីព្រោះជាទម្លាប់របស់ពួកគេទៅហើយដែលប្រឆាំងរដ្ឋាភិបាលគ្រប់រឿង រាប់ទាំងប្រឆាំងប្រយោជន៍ជាតិផងដែរ។ កាលណារដ្ឋាភិបាលធ្វើអ្វីក៏ខុសដែរ អ៊ីចឹងទុកឱ្យពួកគាត់ប្រឆាំងទៀតចុះ! សំខាន់នៅត្រង់ថា ប្រជាពលរដ្ឋដែលបរិច្ចាគពេលនេះគឺអត់មានអីប៉ះពាល់ជីវភាពក្នុងស្ថានភាពលំបាកអីដូចដែលគេលើកឡើងទេ។ សូមបញ្ជាក់ថា មូលនិធិនេះកើតឡើងដោយសារសំណូមពររបស់ប្រជាពលរដ្ឋ»។
លោកបន្ថែមថា ក៏ពុំមានបញ្ហាខ្វះតម្លាភាពកើតឡើងដែរ ព្រោះពលរដ្ឋបានផ្តល់សេចក្តីទុកចិត្តលើរដ្ឋាភិបាលដោយសារតែរដ្ឋាភិបាលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងចាយវាយថវិកាប្រកបដោយប្រសិទ្ធភាព និងចំគោលដៅនៃការចំណាយ។
បើតាមលោក ប៉ែន បូណា រដ្ឋាភិបាលតែងតែបានបង្ហាញនូវតម្លាភាពលើកិច្ចការរបស់ខ្លួនតាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈនៅតាមប្រព័ន្ធបណ្តាញសង្គមដូចជាហ្វេសបុក និងតេឡេក្រាមជាដើម៕
វេទិកាបញ្ចេញមតិ