កាលពីថ្ងៃអង្គារ បេក្ខជនប្រធានាធិបតីស.រ.អា.ទាំងពីរនាក់គឺលោកស្រី Hillary Clinton និងលោក Donald Trump បានវិលត្រឡប់ទៅធ្វើការឃោសនាបោះឆ្នោតវិញ មួយថ្ងៃក្រោយការជជែកដេញដោលគ្នាដែលមានការមិនចុះសម្រុងគ្នាច្រើន។
ក្រុមអ្នកវិភាគឯករាជ្យភាគច្រើនយល់ស្របគ្នាថា លោកស្រី Clinton មានជ័យជម្នះហើយអាចឱ្យលោកស្រីមានការគាំទ្រច្រើនជាងមុននៅក្នុងការស្ទង់មតិនៅទូទាំងប្រទេសជាតិក្នុងពេល៦សប្តាហ៍មុនការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខនេះ។
ការស្ទង់មតិនយោបាយនៅមុនការជជែកដេញដោលគ្នានេះបានបង្ហាញថាបេក្ខជនទាំងពីរនាក់នេះមានការប្រកួតប្រជែងគ្នាប្រកៀកប្រកិតគ្នាដោយលោកស្រី Clinton បេក្ខជនខាងគណបក្សប្រជាធិបតេយ្យមានការគាំទ្រ២ភាគរយលើសលោក Trump។
ក៏ប៉ន្តែ លោក Alan Abramowitz អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Emory ក្នុងក្រុង Atlanta រដ្ឋ Georgia និងលោក Nate Silver ដែលជាអ្នកធ្វើការស្ទង់មតិ ទាំងពីរនាក់បាននិយាយថា លោកស្រី Clinton អាចមានកំណើនការគាំទ្រ២ភាគរយថែមទៀតនៅក្រោយលោកស្រីបានធ្វើឱ្យលោក Trump ឋិតនៅក្នុងភាពការពារខ្លួនក្នុងរយៈពេលភាគច្រើននៃការជជែកដេញដោលគ្នានេះ ដោយលោកស្រីបានវាយប្រហារលោក Trump ថាប្រកែកមិនព្រមផ្សព្វផ្សាយឱ្យគេដឹងអំពីឯកសារពន្ធដាររបស់លោក ថាលោកមិនបានបង់ប្រាក់ឱ្យអ្នកធ្វើការជាប់កុងត្រាខ្លះដែលលោកបានជួលឱ្យស្ថាបនាកន្លែងលេងហ្គោលហ៍ និងកន្លែងលេងល្បែងស៊ីសងរបស់លោកនិងប្រវត្តិដ៏វែងអន្លាយរបស់លោកក្នុងការនិយាយបង្កាច់ពួកស្ត្រី។
លោក Abramowitz បាននិយាយប្រាប់វីអូអេថា៖ «ខ្ញុំគ្មានការភ្ញាក់ផ្អើលទេប្រសិនបើតួលេខគាំទ្រលោកស្រីនៅក្នុងការស្ទង់មតិកើនឡើងបន្តិច។ ខ្ញុំគិតថាការគាំទ្រនេះប្រហែលកើនឡើងពីរភាគរយ។ ខ្ញុំយល់ថាកើនឡើងនេះអាចឱ្យលោក Trump ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋមានការពិបាកជាងមុនក្នុងការទទួលការគាំទ្រភាគច្រើនក្នុងចំណោមក្រុមប្រតិភូអ្នកបោះឆ្នោតពីព្រោះការបោះឆ្នោតប្រធានាធិបតីស.រ.អា.ត្រូវសម្រេចដោយផ្អែកលើលទ្ធផលតាមរដ្ឋនីមួយៗជាជាងតាមសន្លឹកឆ្នោតដែលប្រជារាស្ត្របោះនៅទូទាំងប្រទេស»។
លោក Abramowitz បានហៅការថ្លែងរបស់លោកស្រី Clinton នៅក្នុងការជជែកដេញដោលគ្នានេះថា «មានភាពស្ងប់ស្ងៀម មិនឆេវឆាវនិងប្រកបដោយការមូលអារម្មណ៍» ហើយលោកបានថ្លែងថាលោកស្រី«អាចមានប្រសាសន៍អំពីបញ្ហានានាបាន»។ លោកបានពណ៌នាលោក Trump ថាបាន«បំភ្លៃវោហារនិងមានគំនិតសើៗ។ខ្ញុំយល់ថាលោកមានការពិបាកអំពីបញ្ហាពូជសាសន៍និងបញ្ហាយិនឌ័រ»៕