បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton បានលើកឡើងពីគោលនយោបាយផ្ទុយគ្នារបស់ពួកគេចំពោះបញ្ហាសេដ្ឋកិច្ច និងតួនាទីរបស់សហរដ្ឋអាមេរិកនៅឯក្រៅប្រទេស នៅចំពោះមុខអ្នកបោះឆ្នោតនានាកាលពីយប់ថ្ងៃចន្ទម្សិលមិញ ស្របពេលដែលពួកគេត្រៀមប្រឈមមុខដាក់គ្នានៅក្នុងការពិភាក្សាដេញដោលតទល់គ្នាលើកទីមួយ ក្នុងចំណោមការពិភាក្សាដេញដោលទាំងបីលើក ដែលធ្វើឡើងនៅមុនការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកា ចូលមកដល់។
លោក Trump បានបញ្ជាក់ឡើងវិញចំពោះការអះអាងរបស់លោក ដែលថា លោកស្រី Clinton ខ្វះនូវភាពរឹងមាំអត់ធន់ក្នុងការធ្វើជាប្រធានាធិបតី។ លោកបាននិយាយថា គោលនយោបាយរបស់លោកស្រី Clinton បានបង្កើតនូវបញ្ហាជាច្រើនដែលសហរដ្ឋអាមេរិកកំពុងប្រឈម ដែលក្នុងនោះមានទាំងការគំរាមកំហែងដែលធ្វើឡើងដោយពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមផងដែរ។
ចំណែកឯលោកស្រី Clinton វិញ លោកស្រីបានបង្ហាញថា គោលនយោបាយសេដ្ឋកិច្ចរបស់លោក Trump គឺសំដៅបំពេញចិត្តពួកអ្នកមានច្រើនជាងអ្នកមានជីវភាពមធ្យម។ លោកស្រីបានលើកឡើងថា លោក Trump មិនចង់បង្ហាញឯកសារបង់ពន្ធប្រចាំឆ្នាំផ្ទាល់ខ្លួនរបស់លោកដល់សាធារណជនទូទៅឲ្យបានដឹង គឺដោយសារតែលោកមិនមានទ្រព្យសម្បត្តិហូរហារដូចដែលអ្វីដែលលោកធ្លាប់បានលើកឡើងនោះទេ ឬក៏លោកមានបំណងលាក់បាំងអ្វីមួយ ដែលអាចមានទំនាស់ផលប្រយោជន៍ ប្រសិនបើលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីនោះ។
លោកស្រី Clinton បាននិយាយលើកសរសើរខ្លួនលោកស្រីអំពីបទពិសោធន៍របស់លោកស្រីក្នុងការធ្វើដំណើរទៅកាន់ប្រទេសច្រើនជាង ១០០ប្រទេស នៅជុំវិញពិភពលោក និងបទពិសោធន៍របស់លោកស្រីនៅក្នុងការចរចាកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងបញ្ចប់ជម្លោះផ្សេងៗ ពេលដែលលោកស្រីធ្វើជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅក្នុងជំនាន់លោកប្រធានាធិបតី Barack Obama កាន់តំណែងនៅអាណត្តិទីមួយ។
លោក Trump បានឆ្លើយតបវិញថា បទពិសោធន៍ដែលលោកស្រី Clinton មាន គឺជា «បទពិសោធន៍អាក្រក់»។ លោកបានរិះគន់យ៉ាងខ្លាំងៗចំពោះកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក និងប្រទេសមហាអំណាច ៥ ផ្សេងទៀត បានប្រឹងប្រែងចរចាជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីដាក់កម្រិតដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប៉ុន្តែលោកស្រី Clinton ថា កិច្ចព្រមព្រៀងនេះ ជាឧទាហរណ៍នៃកិច្ចការទូតដ៏មានប្រសិទ្ធភាពដែលបានរារាំងដំណើររបស់ប្រទេសអ៊ីរ៉ង់ក្នុងការផលិតគ្រាប់បែកបរមាណូ។
ការដេញដោលតទល់រវាងបេក្ខជនប្រធានាធិបតីទាំងពីរលើកទីពីរ នឹងធ្វើនៅថ្ងៃទី ៩ ខែតុលា។ ចំណែកឯបេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរ គឺលោក Mike Pence មកពីគណបក្សសាធារណរដ្ឋ និងលោក Tim Kaine មកពីគណបក្សប្រជាធិបតេយ្យ នឹងធ្វើការដេញដោលតទល់គ្នាតែមួយលើកប៉ុណ្ណោះ គឺនៅថ្ងៃទី ៤ ខែតុលាខាងមុខនេះ៕