ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​ព្យួរ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA


រូបឯកសារ៖ កម្មការនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

មួយ​ថ្ងៃ​បន្ទាប់​ពី​សហភាព​អឺរ៉ុប ​បាន​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែក​សព្វាវុធ» មកលើ​កម្ពុជា ក្រុម​សហជីពកម្មករ និង​អ្នក​បញ្ជាទិញ និយាយ​ថា កម្ពុជា​នឹង​រងផល​ប៉ះពាល់ ​ប៉ុន្តែពួកគេ​ថា ​វា​លឿន​ពេក​ក្នុង​ការបញ្ជាក់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​នេះ។

សហភាព​អឺរ៉ុប​បាន​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នៅ​កម្ពុជា​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»ឬ “Everything But Arms” (EBA) ​ទៅ​លើ​មុខ​ទំនិញ​មួយ​ចំនួន​ ដែល​វា​នឹង​ប៉ះពាល់ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប។

បើ​តាម​សេចក្តី​សម្រេច​ ការ​ព្យួរ​នេះ​នឹង​ប៉ះពាល់​ផលិត​ផល​ស្បែក​ជើង ​និង​សម្លៀក​បំពាក់​មួយ​ចំនួន ហើយ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករ​ ត្រូវ​បាន​សម្រេច​ព្យួរ​ទាំងស្រុង។

ក្រុម​សហជីព​និង​សហភាព​ការងារ​កម្ពុជា​ យល់​ឃើញ​ថា ផល​ប៉ះពាល់​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA គឺ​មិន​អាច​ជៀស​បាន ប៉ុន្តែ​ទំហំ​នៃ​ផល​ប៉ះពាល់​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ​ដោយសារ​តែ​វា​ឆាប់​ពេក​ក្នុង​ការ​ទស្សន៍ទាយ។

​អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​និយាយ​ថា ផល​ប៉ះពាល់​នឹង​ជៀស​មិន​រួច។

អ្នក​ស្រី​បាន​និយាយ​ប្រាប់​វីអូអេ ​កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍​នេះ​ថា៖ «មក​ដល់​ពេល​នេះ​ យើង​មិន​ទាន់​ឃើញ​សញ្ញា​អី​មួយ​ច្បាស់​លាស់​ពាក់ព័ន្ធ​ជាមួយ​នឹង​រោងចក្រ​ទេ មក​ដល់​ពេល​ថ្ងៃ​នេះ​ណា។ ប៉ុន្តែ​ ខ្ញុំ​អត់​ដឹង​ថា​ទៅ​ថ្ងៃ​ស្អែក​ខាង​ស្អែក​ឬ​ថ្ងៃ​ខាង​មុខ​ នឹង​មាន​សញ្ញាអី​ដែល​បញ្ជាក់​ថា​ រោងចក្រ​ត្រូវ​បាន​ប្រឈម​នៅ​ក្នុង​ជួរ​ការងារ​ក៏​ដូចជា​បិទ​ទ្វារ​អី​អ៊ីចឹង។ យើង​អត់​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ»។

អ្នកស្រី យ៉ាង សុភ័ណ្ឌ​ បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​សហគមន៍​អឺរ៉ុប​មួយ​នេះ​ និង​ខក​ចិត្ត​ដែលរដ្ឋាភិបាល​កម្ពុជា​មិន​បាន​ទប់ស្កាត់​បញ្ហា​នេះ។

លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​និយាយ​ថា​ សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​នេះ​ គឺ​មាន​ភាព​បន្ធូរ​បន្ថយ​ច្រើន​សម្រាប់​កម្ពុជា ដោយសារ​តែ​គេ​នៅ​ទុកពេល​ឲ្យ​កម្ពុជា​រហូត​ដល់​៦ខែ​ទៀត។ ទោះ​យ៉ាង​ណា​ក្តី នៅពេល​នេះ​លោក​ថា​ ផល​ប៉ះពាល់​តិច​ឬ​ច្រើន​ គឺ​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​បញ្ជា​ទិញ។

«អ៊ីចឹង​ខ្ញុំ​គិត​ថា​ យ៉ាង​យូរ​បំផុត​ប្រហែល​ជា​មួយ​ខែ​ហ្នឹង​ទៀត​ គឺ​គេ​សម្រេច​ថា​តើ​គេ​ត្រូវ​បន្ត​ធ្វើ​វិនិយោគ​ទុន​បន្ត​ទៅ​ទៀត​ជា​ធម្មតា ​ឬ​ក៏​គេ​នឹង​កាត់​ចំនួន​ណា​មួយ ឬក៏គេ​កាត់ភាគច្រើន​មួយ វា​អាស្រ័យ​ទៅលើ​ការ​សម្រេចចិត្ត​របស់​ពួកគេ។ ប៉ុន្តែ​គ្រាន់តែ​ថា​ពេល​នេះ​វាថ្មី ទើប​នឹង​ចាប់​ផ្តើម»។

លោក គង់ អាទិត្យ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា CCAWDU បាន​និយាយ​ថា ​វិធានការ​ដក​ការ​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អឺរ៉ុប​នេះ​គឺ​បាន​ប៉ះពាល់​ភាគី​ទាំង​សងខាង​ជា​ពិសេស​កម្មករ​រោងចក្រកម្ពុជា។ លោក​ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​និង​រដ្ឋាភិបាល​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​ដែល​សម​ស្រប​ជាង​នេះ។

លោក​បាន​និយាយ​ប្រាប់​វីអូអេ​នៅ​រសៀល​នេះ​ថា៖ «ព្រោះ​ពួក​យើង​ខាង​កម្មករ​យើង​អត់​មាន​អំណាច។ យើង​មិន​មាន​កូន​សោរ​សំខាន់​ក្នុង​ការ​ទៅ​ដោះស្រាយ​រឿង​ហ្នឹង​ទេ។ អ៊ីចឹង​យើង​នៅតែ​ស្នើ​ទៅភាគី​ទាំង​អស់​ កុំឲ្យ​រើស​យក​យន្តការ​ណាមួយ​ដែល​ប៉ះពាល់​ដល់​កម្ម​ករ​ដល់​ជីវភាព​របស់​គាត់»។

លោកស្រី Astrid Noren Nilsson សាស្ត្រាចារ្យ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អាស៊ី​ខាងកើត​និង​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ ​Lund ក្នុង​ប្រទេស​ស៊ុយអែត បាន​ប្រាប់​វីអូអេ​ថា​ ការ​សម្រេច​ចិត្ត​នេះ មិន​គួរ​ឲ្យភ្ញាក់​ផ្អើល​នោះ​ទេ ទោះ​ជា​សហគមន៍​អឺរ៉ុប​មិន​ចង់​ឲ្យ​មាន​លទ្ធផល​បែប​នេះ​ក៏ដោយ។

អ្នក​ស្រី​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា៖ «ប៉ុ​ន្តែ ដើម្បី​ឲ្យ​ការ​គំរាម​ចាត់​វិធាន​ការ​ណាមួយ​នៅ​ពេល​អនាគត ជឿ​ទុកចិត្ត​បាន សហគមន៍​មាន​ជម្រើស​តិចតួច​បន្ទាប់ពី​ដំណើរ​ការត្រួត​ពិនិត្យ​រយៈពេល​វែង​មួយ មិន​ផ្តល់​ផល​ដែល​សហគមន៍​នេះ​ចង់​បាន។ ការ​សម្រេច​នេះ​នឹង​រុញ​ច្រាន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កាន់តែ​ឃ្លាតឆ្ងាយ​ពី​សហគមន៍​នេះ»។

លោក Miguel Chanco សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ីរបស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច Pantheon Macroeconomics និយាយ​ថា​ ការសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែក​សព្វាវុធ» លើ​កម្ពុជា​នឹង​មាន​ផល​ប៉ះពាល់​ភ្លាមៗ ​នៅ​ពេល​ដែល​អ្នកបញ្ជា​ទិញ​ចាប់​ផ្តើម​វាយតម្លៃ​ការ​ចំណាយ​លើ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ផលិតកម្ម​ដែល​នឹង​កើន​ឡើង​ក្នុង​រយៈពេល​៦ខែ​ខាងមុខ។

លោក Miguel Chanco បាន​សរសេរ​តាម​សារ​អេឡិច​ត្រូនិក​ថា៖ «នៅពេល​ដែល​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ អ្នក​នាំចេញ​ទំនិញ​គោលដៅ​នឹង​រងគ្រោះ​ មុន​ពេល​ដែល​ការ​ដកការ​អនុគ្រោះ​ពន្ធ​នេះ​ចាប់ផ្តើម​ទៅ​ទៀត»។

មន្ត្រី​ទំនាក់​ទំនង របស់​ក្រុមហ៊ុន Adidas លោក Stefan Pursche បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ថា៖ «យើង​នឹង​ពិនិត្យទៅ​លើ​ការ​ប៉ះពាល់របស់​ការ​សម្រេច​ចិត្តនេះ។ សូម​យល់​ថា ដូច្នេះ​ហើយ​បាន​ជា​យើង​មិនអាច​អត្ថាធិប្បាយ​ច្រើន​ទៅ​លើ​រឿង​នេះ។ ក្រុម​ហ៊ុន Adidas​ មាន​វិធាន​ការ​ច្បាស់​លាស់​ដើម្បី​ធានា​លក្ខខណ្ខ​ការត្រឹមត្រូវ​ និង​មាន​សុវត្ថិភាព​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិត​កម្ម ហើយ ដូច្នេះ​វា​ចូលរួម​ចំណែក​ក្នុងការ​គាំទ្រ​សិទ្ធិ​មនុស្ស​នៅ​រោងចក្រ»។

លោក​បាន​បន្ថែម​ថា៖ «ឧទាហរណ៍​ និយោជិក ធ្វើការ​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម ​ក្រុមហ៊ុន​ Adidas គឺជាអ្នក​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​ឧស្សាហកម្ម​នេះ»។

លោក ខេន លូ ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ក៏​មិន​ទាន់អាច​បញ្ជាក់​ពី​ផល​ប៉ះពាល់​ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​បាន​ដែរ។

ការ​ព្យួរ​បណ្តោះ​អាសន្ន​នេះ​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ១,១០០លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ស្មើ​ប្រមាណ ​២០​ភាគរយ​នៃ​ទំហំ​ទឹក​ប្រាក់​នៃការ​នាំ​ចេញ​សរុប​ពី​កម្ពុជា​ ដែល​មាន​តម្លៃ​ប្រមាណ​ ៥,៨០០​លាន​ដុល្លារ​អាមេរិក។

សេចក្តី​សម្រេច​បញ្ជាក់​ថា ប្រសិន​បើ​គ្មាន​ការ​ជំទាស់​ពី​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​នៅ​ពេល​ខាង​មុខ​ ការ​ព្យួរ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា ​ឆ្នាំ​២០២០។

យោង​តាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨​ មាន​ទំហំ​ប្រមាណ ​៥,៨ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​ផលិត​ផល​សម្លៀក​បំពាក់​ មាន​ជាង​ ៧៣,៤​ភាគរយនៃ​ការ​នាំចេញ ស្បែក​ជើង​ប្រមាណ​១២,៧ភាគរយ កង់ ​៥,៧ភាគរយ និង​អង្ករ​ ៣ភាគរយ៕

XS
SM
MD
LG