ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សណ្ឋាគារ​ផ្កាយ​ប្រាំ​អតីត​ InterContinental ​នឹង​បិទ​ដំណើរការ​


សណ្ឋាគារវ័យចំណាស់លំដាប់ផ្កាយ៥ The Great Duke ដែលទើបទើបប្តូរឈ្មោះពីសណ្ឋាគារ InterContinental បាន​ប្រកាស​បិទទ្វារ​ជា​ផ្លូវការ​នៅ​ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាង​មុខ។ រូប​ថត​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ (កាន់ វិច្ឆិកា/VOA)
សណ្ឋាគារវ័យចំណាស់លំដាប់ផ្កាយ៥ The Great Duke ដែលទើបទើបប្តូរឈ្មោះពីសណ្ឋាគារ InterContinental បាន​ប្រកាស​បិទទ្វារ​ជា​ផ្លូវការ​នៅ​ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាង​មុខ។ រូប​ថត​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ (កាន់ វិច្ឆិកា/VOA)

ខណៈ​ពេល​ដែល​សណ្ឋាគារ​ប្រកាស​បិទ​ទ្វារ ក្រុម​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ជាង​១០០​នាក់​បាន​នាំ​គ្នា​ទាមទារ​ឲ្យ​​សណ្ឋាគារ​ផ្តល់​ប្រាក់​សំណង​ដែល​ពួកគេ​បាន​ធ្វើ​ការ​ជាច្រើន​ឆ្នាំ​មក។

អតីត​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ឈ្មោះ ​InterContinental ​បាន​ប្រកាសបិទ​ដំណើរ​ការ​ក្រោម​ហេតុ​ផលបញ្ហា​ហិរញ្ញវត្ថុ​បន្ទាប់​ពី​ប្តូរ​ឈ្មោះ​បាន​ជិត​២​ឆ្នាំ។

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ សណ្ឋាគារ ​InterContinental​ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង ​រាជធានីភ្នំពេញ ​បាន​ប្តូរ​ឈ្មោះ​មក​ជា​សណ្ឋាគារ ​The Great Duke ​ក្រោយ​ដំណើរការ​អស់​រយៈពេល​ជាង​២០​ឆ្នាំ។ មូលហេតុ​នៃ​ការ​ប្តូរ​ឈ្មោះ​នោះ​មិន​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ដោយ​សណ្ឋាគារ​នោះ​ទេ។

ក្នុង​លិខិត​មួយ​ច្បាប់ចុះ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​VOAទទួល​បាន លោក Chakrapong Paladsongkram ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​សណ្ឋាគារ The Great Duke បាន​ជូន​ដំណឹង​ដល់​បុគ្គលិក​សណ្ឋា​គារ​ទាំង​អស់​ថា«សណ្ឋាគារ​នឹង​ត្រូវ​បិទ​ដំណើរការ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​»។​

លិខិត​នោះ​បន្ថែម​ថា៖ «ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ បុគ្គលិក​ទាំង​អស់ត្រូវ​បាន​ស្នើ​ឲ្យ​សម្រាក​ មិន​បាច់​មក​ធ្វើ​ការ​ទេ។ ម្យ៉ាង​វិញ​ទៀត ​សណ្ឋាគារ​បាន​ចាត់​តាំង​ការិយាល័យមេធាវី អេច​ប៊ី​អេស (HBS) ឲ្យ​ទទួល​ដោះ​ស្រាយ​នូវ​ដំណើរ​ការ​នៃ​ការ​បិទ​សណ្ឋាគារ​នេះ ​រួម​ទាំង​គិត​គូរ​ដោះ​ស្រាយ​ពី​អត្ថប្រយោជន៍​របស់​បុគ្គលិក​ទាំងអស់​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន»។

លិខិត​ជូន​ដំណឹង​នេះ​មិន​បាន​បញ្ជាក់ថា​តើ​សណ្ឋាគារ​នេះ​ក្ស័យធន​ឬ​យ៉ាង​ណា ​ហើយ​សណ្ឋាគារ​នេះ​នឹង​ត្រូវផ្លាស់​ប្តូរ​ទៅ​ជា​បែប​ណា​បន្ត​ទៀត​នោះ​ទេ។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក Chakrapong Paladsongkram ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​សណ្ឋាគារ​បាន​នៅ​ឡើយ​ទេ។

នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដែល​ជា​កន្លែង​ប្រជុំ​អាស៊ាន​ពេលកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាល​ពី​ឆ្នាំ​២០០២ នៅ​ពេល​នេះ ប្រែ​ជា​ស្ងប់ស្ងាត់​លែង​មាន​ដំណើរ​ការ ដោយ​មាន​របង​ស័ង្កសី​ពណ៌​ខៀវ​ព័ទ្ធ​ពី​ក្រៅ​របង​សណ្ឋាគារ​និង​មាន​សន្តិសុខ​ពីរ​បី​នាក់​យាម​នៅ​ខាង​ក្រោយ​សណ្ឋាគារ។

សណ្ឋាគារវ័យចំណាស់លំដាប់ផ្កាយ៥ The Great Duke ដែលទើបទើបប្តូរឈ្មោះពីសណ្ឋាគារ InterContinental បាន​ប្រកាស​បិទទ្វារ​ជា​ផ្លូវការ​នៅ​ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាង​មុខ។ រូប​ថត​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ (កាន់ វិច្ឆិកា/VOA)
សណ្ឋាគារវ័យចំណាស់លំដាប់ផ្កាយ៥ The Great Duke ដែលទើបទើបប្តូរឈ្មោះពីសណ្ឋាគារ InterContinental បាន​ប្រកាស​បិទទ្វារ​ជា​ផ្លូវការ​នៅ​ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាង​មុខ។ រូប​ថត​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ (កាន់ វិច្ឆិកា/VOA)

លោក ជា ប៊ុនថន ​អ្នកគ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​នៅសណ្ឋាគារ The Great Duke​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​គ្រាន់​តែ​ប្រាប់​ថា សណ្ឋាគារ​នឹង​បិទ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ។

ខណៈ​ពេល​ដែល​សណ្ឋាគារ​ប្រកាស​បិទ​ទ្វារ ក្រុម​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ជាង​១០០​នាក់​បាន​នាំ​គ្នា​ទាមទារ​ឲ្យសណ្ឋាគារ​ផ្តល់​ប្រាក់​សំណង​ដែល​ពួកគេ​បាន​ធ្វើ​ការ​ជាច្រើន​ឆ្នាំ​មក។

អ្នកស្រី អ៊ិន សុវណ្ណារ៉ា អាយុ​៤៧​ឆ្នាំ អតីត​បុគ្គលិក​សណ្ឋាគារ​ផ្នែក​រៀប​ចំ​បន្ទប់​ មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ធ្វើ​ការ​នៅ​ទី​នោះ​ប្រមាណ​ជា​២៣​ឆ្នាំ ចាប់​តាំង​ពី​សណ្ឋាគារ​នោះ​នៅ​ជា​ឈ្មោះ​InterContinental ​និង​ប្តូរ​មក​ជា The Great Duke។ អ្នកស្រី​បន្ត​ថា ចាប់​តាំង​ពី​សណ្ឋាគារ​ប្តូរ​ឈ្មោះ អ្នកស្រី​ឃើញ​ថា​ភ្ញៀវ​មាន​ការ​ធ្លាក់​ចុះ​ជាង​មុន តែ​អ្នកស្រី​មិន​បាន​ដឹង​ពី​មូលហេតុ​នោះ​ទេ​។

លោក​ ទូច កុសល ​ដែល​ជា​តំណាង​ឲ្យ​បុគ្គលិក​សណ្ឋាគារ​ The Great Duke ​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ចន្ទនេះ​ថា ​ក្រោយ​ការ​ប្តូរ​ឈ្មោះ​ តម្លៃ​បន្ទប់​នីមួយៗ​ត្រូវ​ឡើង​ថ្លៃ​ខ្លាំង៖

«នៅ​ពេល​ដែល​ទម្លាក់​ស្លាក​ InterCon ហ្នឹង​ចេញ​ Brand[​យីហោ] សណ្ឋាគារ International [អន្តរជាតិ​] ហ្នឹង​ចេញ មក​ដាក់​ឈ្មោះ Local [តំបន់] ប៉ុន្តែ​តម្លៃ​បន្ទប់​វា​ទៅ​ជា​ឡើង​ថ្លៃ​មួយ​ជា​ពីរ។ ដែល​កន្លែង​ហ្នឹង​ខ្ញុំ​គិត​ថា ​វា​មិន​មែន​បញ្ហា​ចោទមក​ពី​ភ្ញៀវ​ទេ វា​អាច​ជា​បញ្ហា​អី​ដែល​មិន​អាច​ស្មាន​ដល់។​ ហើយ​តាម​ព័ត៌មាន​ថា លក់​ឲ្យ​អ្នក​នេះ លក់​ឲ្យ​អ្នក​នោះ ខ្ញុំ​ថា​ អាច​បញ្ហា​ហ្នឹង​មែន​ក៏​មិន​ដឹង​ដែរ ព្រោះ​ថា​បើ​សិន​ជាសណ្ឋាគារ​នេះ​ចង់​លក់​មែន បើ​តម្លៃ​បន្ទប់​ដូច​ដើម វា​មិន​ខ្វះ​ទេ​ភ្ញៀវ​ស្នាក់​នៅ»។

លោក​ ទូច កុសល ​បន្ថែម​ថា បុគ្គលិកដែល​បម្រើ​ការ​ទី​នោះ​មាន​ចំនួន​ប្រមាណ​ជា​១៥០នាក់ បាន​ចាប់​ផ្តើម​តវ៉ាតាំង​ពី​ខែ​កក្កដា ដោយ​សារ​សណ្ឋាគារ​មិន​បើក​ប្រាក់​អតីត​ភាព​ឲ្យ​បុគ្គលិក ក្រោយ​មក​ក៏​មាន​បញ្ហា​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ខែ ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ណាមួយ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ពួកគាត់​ [បុគ្គលិក​] បាន​រៀបចំ​ឯកសារ​អស់​ហើយ រង់ចាំ​តែ​ថ្ងៃ​ស្អែក​ទេ បើ​អត់មាន​ចំណាត់​ការ អត់មាន​ដំណោះស្រាយ ហើយ​មេធាវី​ហ្នឹង​អត់​ព្រម​ជួប​តំណាង​របស់​គាត់​ដែល​ជា​សហជីព​ហ្នឹង ពួក​គាត់​នឹង​ធ្វើ​ការ​តវ៉ា​ទៅ​ដល់​ក្រសួង ឬ​ក៏​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្រ្តី»។​

លោក លី តៃសេង ​មេធាវីដែល​ត្រូវ​បាន​ប្រគល់​សិទ្ធិ​ដោយ​សណ្ឋាគារ The Great Duke ដើម្បី​ដោះ​ស្រាយ​ជា​មួយ​បុគ្គលិក​ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​លើក​ឡើងថា ការ​និយាយ​ទូរស័ព្ទ​ជាមួយ​អ្នក​សារព័ត៌មាន ​ខុស​ទៅ​នឹង​វិជ្ជាជីវៈ​របស់​មេធាវី។

លោក តុប សុភ័ក ​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​ប្រាប់ VOAថា លោកមិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​ពី​សណ្ឋាគារ​ The Great Duke ពាក់ព័ន្ធ​នឹង​ការ​បិទ​ទ្វារ​នៅ​ឡើយ។ លោក​បន្ថែម​ថា កន្លង​មក​ មាន​បញ្ហា​ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ចុះ​នៅ​ខេត្ត​សៀម​រាប បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​នៅ​ទីនោះ ប៉ុន្តែ​លោក​ថា សម្រាប់​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ មិន​មែន​ជា​បញ្ហា​ចោទ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា៖ «អាច​ថា​ជា​ការ​ប្រកួត​ប្រជែង​ក្នុង​មុខ​ជំនួញ​របស់​គាត់ ជួនកាល​ម្ចាស់​សណ្ឋាគារ​គាត់​មាន​បញ្ហា​អី​មួយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​គាត់​អី​អញ្ចឹង​ទៅ​ អាហ្នឹង​វា​ជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​ទាក់ទង​លើ​រឿង​ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍ វិស័យ​សណ្ឋាគារ​នេះ​ យើង​មិន​មាន​បញ្ហា​ទេ»។

បើ​តាម​លោក​ តុប សុភ័ក​ នៅ​រាជ​ធានី​ភ្នំពេញមាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ចំនួន៧ ហើយនេះ​គឺ​ជា​លើក​ទី​មួយ​ ដែល​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ត្រូវបិទ​ទ្វារ​នៅ​រាជធានី​ភ្នំពេញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG