ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Gallup៖ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​រងទុក្ខ​វេទនា​ជាង​គេ​លំដាប់​ទីបី​លើ​ពិភពលោក


ប្រជា​ពលរដ្ឋ​ខ្មែរជិះ​ទូក មក​ទទួល​អំណោយ ពេល​មាន​ទឹកជំនន់ នៅ​ក្នុង​ឆ្នាំ២០១១។
ប្រជា​ពលរដ្ឋ​ខ្មែរជិះ​ទូក មក​ទទួល​អំណោយ ពេល​មាន​ទឹកជំនន់ នៅ​ក្នុង​ឆ្នាំ២០១១។
ភ្នំពេញ៖ ទោះបីជា​តាម​ដង​ផ្លូវ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ​ពោរពេញ​ទៅ​ដោយ​រថយន្ត​លុចស៊ីស​ទំនើប​ និង​ទីក្រុង​លម្អ​ទៅ​ដោយវីឡា​ធំៗ​ជាច្រើន​ក៏ដោយ​ ក៏​ជីវភាព​របស់​ប្រជា​ពលរដ្ឋកម្ពុជា​មួយ​ ចំនួន​ធំ​នៅតែ​មាន​ការលំបាក​តោកយ៉ាក​និង​រស់នៅ​រងទុក្ខ​វេទនា​ក្នុង​ភាពក្រីក្រ។​

«ឥឡូវ​យើង​រកស៊ី​មួយខែ​សម្រាប់​តែ​មួយ​ខែ​ទេ ​ទោះបីជា​យើង​ព្យាយាម​សន្សំ​សំចៃ​យ៉ាង​ណា​ក៏ដោយ។ យើង​ចង់​ឲ្យ​វា​ធូរ ​តែ​វា​មិន​ធូរ​ដែរ។ ​សព្វថ្ងៃ​នេះ​ជីវភាព​របស់​យើង ​វា​ពិបាក​ទៅៗ ​ពី​មួយខែទៅ​មួយ​ខែ ​យើង​រក​បាន​តិច​ទៅៗ»។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ លោក វ៉ន ប៉ុន្នី។

ស្ថិត​ក្នុងវ័យ​ ៤១ឆ្នាំ ​លោក វ៉ន ប៉ុន្នី ​គឺជា​អ្នករត់​រថយន្ត​តាក់ស៊ី ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ។​ ទោះបីជា​លោក​និង​ភរិយា​របស់​លោក​ខិតខំ​រកប្រាក់​ចំណូល​យ៉ាងណា​ ក៏​ជីវភាព​គ្រួសារ​លោក​មាន​ភាពក្រីក្រ ​ដោយសារតែ​ចំណូល​គាត់​ទាប ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ទំនិញ​នៅក្នុង​ទីផ្សារ។​ ពួកគាត់​ត្រូវ​ចាយ​ថវិកា​មួយ​ចំនួន​ធំ​ទៅ​លើ​ថ្លៃម្ហូប​ប្រចាំ​ថ្ងៃ​និង​ការសិក្សា​របស់​កូន​គាត់​ទាំង​បី​រូប។ លើសពី​នេះ​ទៅ​ទៀត​ពួកគាត់​មិន​មាន​លុយ​សន្សំ​គ្រប់គ្រាន់ ​សម្រាប់​ព្យាបាល​ជំងឺ​នៅពេល​ដែល​ឈឺ​ម្តងៗ។

លោក​បាន​ប្រាប់​VOA ​ថា៖

«នៅពេល​ដែល​យើង​ធ្លាក់​ខ្លួន​ឈឺ ​យើង​អត់​មាន​លុយ​ព្យាបាល​ទេ​ ខ្ញុំ​ទៅ​ខ្ចី​លុយ​ពី​គេ​ដើម្បី​យក​មក​មើល​ជំងឺ។ នៅ​ឆ្នាំ​២០១៣ ​ប្រពន្ធ​របស់​ខ្ញុំ​ឈឺ ​រហូត​ដល់​វះ ខ្ញុំ​ខ្ចី​លុយ​គេ​ ២​លាន​រៀល​ដើម្បី​បង់​ថ្លៃ​ពេទ្យ។ គ្មាន​នណា​ម្នាក់​ជួយ​ខ្ញុំ​ទេ»។

លើសពី​នេះ​ទៅ​ទៀត ​លោក​បាន​ឲ្យ​ដឹង​ថា​លោក​និង​ភរិយា​របស់​លោក ​ត្រូវ​ខិតខំ​ចាយលុយ​ត្បិតត្បៀត ​ដើម្បី​រក្សា​ថវិកា​មួយ​ចំនួន​ ទុក​សងបំណុល​ដែល​លោក​បាន​ខ្ចី​សម្រាប់​ព្យាបាល​ជំងឺ​របស់​ភរិយា​របស់​លោក​កាលពី​ដើម​ឆ្នាំ​នេះ។

លោក​ប៉ុន្នី​បាន​ថ្លែង​ដូច្នេះ​ថា៖ «រាល់​ថ្ងៃ​នេះ​ការហូបចុក​របស់​យើង​គឺ ​ទៅ​តាម​ការរក​របស់​យើង។​ ថ្ងៃណា​ខ្ញុំ​រក​បាន​ច្រើន​ យើង​ទិញ​ម្ហូប​ល្អៗ ​មាន​ជីវជាតិ​ឲ្យ​កូន​ញាំ​ទៅ។ តែ​ថ្ងៃ​ណា​យើង​រកលុយ​មិនសូវបាន ​យើងទិញម្ហូបតិចតួចអត់សូវមាន​ជីវជាតិ​ឲ្យ​កូន​ញាំ​ទៅ»។

លោក វ៉ន ប៉ុន្នី​គឺជា​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ ដែល​កំពុង​រស់ ​នៅក្នុង​ជីវភាព​ក្រីក្រ​លំបាក។

យោងតាម​ការស្ទង់​មតិ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​របស់​សហរដ្ឋ​អាមេរិក​ ដែល​មាន​ឈ្មោះថា ​ហ្កាឡុប ​(Gallup)​ ហើយ​បាន​ចេញផ្សាយ​កាលពី​កាលពី​ដើមខែ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ​ជាប់​ចំណាត់​ថ្នាក់​ទីបី​ក្នុង​ចំណោម ​ប្រទេស​ដែល​មាន​ប្រជា​ពលរដ្ឋ​រស់នៅ​ «រងទុក្ខ​វេទនា»​ ពី​ភាព​ទីទាល់ក្រ ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៤៣ លើ​ពិភពលោក ​បន្ទាប់ពី​ប្រទេស ប៊ុលហ្គារី​និង​ប្រទេស​អាមេនី។

នៅក្នុង​ការស្ទង់​មតិ ​នា​ឆ្នាំ២០១២ ​របស់​ក្រុមហ៊ុន​មួយ​នេះ​ គេ​បាន​ធ្វើការសម្ភាស ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​១.០០០​នាក់ ​តាម​រយៈ​ទូរសព្ទ​និង​ដោយ​ផ្ទាល់មាត់។ ​ក្នុងនោះ​ប្រជា​ពលរដ្ឋ​ ៣៤​ភាគរយ​បាន​បង្ហាញ​បា្រប់​ថា ​ពួកគាត់​កំពុង​រស់នៅ​ «រងទុក្ខ​វេទនា»។ ចំនួន​នេះ​មាន​ការកើន​ឡើង​ ១២​ភាគរយ ​បើប្រៀបធៀប​ទៅនឹង​ការស្ទង់​មតិ​កាលពី​ឆ្នាំ២០១១​ ដែល​មាន​ចំនួន​ត្រឹមតែ ២៦ ​ភាគរយ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ផងដែរ​ថា ​មនុស្ស​ដែល​មាន​ការរស់នៅ «រងទុក្ខវេទនា»​ ជា​មនុស្ស​ដែល ​មាន​បញ្ហា​ច្រើន​ក្នុង​ជីវិត​ ខ្វះខាត​អាហារ​ប្រចាំ​ថ្ងៃ ​គ្មាន​កន្លែង​ជ្រកកោន​ និង​មានការបាក់​ទឹកចិត្ត​ក្នុង​ការតស៊ូ​រស់នៅ​ប្រចាំថ្ងៃ។ ភាគច្រើន​ពួកគាត់​មាន​ឱកាស​តិចតួច​ក្នុង​ការទទួល​បាន​សេវា​សុខភាព ​ហើយ​ពួកគាត់​អាច​មាន​ជំងឺ​ប្រចាំកាយ​ទៀត​ផង។

ក្រុមហ៊ុន​Gallup ​បានធ្វើ​ចំណាត់​ថ្នាក់​ជីវភាព​ជា​បី​គឺ ​«លូតលាស់» ​«ត្រដាបត្រដួស» ​និង «រងទុក្ខវេទនា» ​តាម​រយៈ​ការ​កំណត់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ​ក្នុងពេល​បច្ចុប្បន្ន​និង​អនាគត របស់​ប្រជាពលរដ្ឋ​កម្ពុជា​ពី​កម្រិត​សូន្យ​ដល់​ទីដប់។ ក្រុមហ៊ុន​នេះ​បាន ​ឲ្យ​ចំណាត់​ថ្នាក់​មនុស្ស​ដែល​រស់​ក្នុង​ជីវភាព ​«រងទុក្ខវេទនា»​ ប្រសិនបើ​ជីវភាព​របស់​ពួកគេ​ស្ថិត​ក្រោម​ កម្រិត​ទី៤​ក្នុង​រយៈពេល​តិច​ជាង​៥ឆ្នាំ។

លោក ប៉ុន្នី​ បាន​យល់ស្រប​ចំពោះ​ការស្ទង់​មតិ​នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​កម្ពុជា ​ជាច្រើន​រស់នៅ​ក្នុង​ភាពក្រីក្រ​នៅឡើយ ​ដោយ​សារតែ​កម្សោយ​នៃ​ការគ្រប់គ្រង​រដ្ឋ ​សេវា​សង្គម​និង​សុខភាព​មិន​ល្អ ​តម្លៃ​ទំនិញ​ក្នុង​ទីផ្សារ​ និង​ ប្រាក់​បៀវត្សរ៍​តិចតួច។

ស្របគ្នា​នេះ​ដែរ ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​អ្នកស្រាវជ្រាវ​លើ​បញ្ហា​សង្គម​បាន​ទទួល​ស្គាល់​ការស្ទង់​មតិ​របស់​ក្រុមហ៊ុន​Gallup ​ថា​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ខែ្មរនិង សម្ពាធ​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​នេះ។

អ្នកវិភាគ​ឯករាជ្យ​លើ​បញ្ហា​សង្គម​ លោក កែម ឡី​ បាន​មាន​ប្រសាសន៍​ថា​វាជា​ការពិត​ដូច្នេះ​មែន​បើមើល​ទៅ​លើ​គម្លាត​រវាង​អ្នក​មាននិង​អ្នកក្រ ​វិសមភាព​នៅក្នុង​សង្គម ​វិសមភាព​ក្នុង​ការ​ទទួល​ផល​ពី​ការរីកចម្រើន​សេដ្ឋកិច្ច ​និង​សេវា​សង្គម​មិនល្អ ​ជាពិសេស​នោះ​គឺ​ការំលោភ​ដីធ្លី​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅក្នុង​រយៈ​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ។

«ការស្ទង់​មតិ​នេះ ​គឺវាត្រឹមត្រូវ​អាចជឿ​ទុកចិត្ត​បាន ​ព្រោះអី​វា​ដូច​ទៅ​នឹង​របាយការណ៍​ផ្សេង​ទៀត។​ ការរងទុក្ខវេទនា​នេះ​មិនមែន​ទើបតែ​កើតមាន​ឡើង​ក្នុង​ពេលថ្មីៗ​នេះ​ទេ ​វាបាន​កើត​ឡើង​ចាប់​តាំង​ពី​បួន​ទៅប្រាំឆ្នាំ​កន្លង​មក​ហើយ ​ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​គ្មាន​ជម្រើស​ក្រៅពី​ធ្វើការ​ប្រថុយ​ប្រថាន​ធ្វើចំណាក​ស្រុក​ទៅ​ប្រទេស​ជិតខាង»។

លោក​បាន​បន្ថែម​ទៀត​ថា៖ បើយោងតាម​ការស្ទង់​មតិ​របស់​ សមាគម​ប្រទេស​អាស៊ី​អាគ្នេយ៍ ហៅកាត់​ថា​អាស៊ាន​ (ASEAN) ​នៅក្នុង​ឆ្នាំ២០១២ ​ប្រជា​ពលរដ្ឋ​លើសពី​ ៥៧​ភាគរយ​រកចំណូល​បាន​ក្រោម​ ២ដុល្លារ​ក្នុង​មួយថ្ងៃ។​ ហើយ​បើ​តាម​កាសិក្សា​ មួយ​ផ្សេង​ទៀត​របស់​ក្រសួង​សុខាភិបាល​និង​ក្រសួង​ផែនការ ​បានប​ង្ហាញ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ​៥១​ភាគរយ​ រស់​ក្នុង​ភាពក្រីក្រ​និង​ក្រីក្រ​បំផុត។ លើសពីនេះ​ទៅ​ទៀត ​លោក​បាន​មាន​ប្រសាសន៍​ថា​ បើទោះជា​សេដ្ឋកិច្ច​របស់ ​ប្រទេស​កម្ពុជា​មាន​ភាព​រីកចម្រើន​នៅក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ​តែ​មាន​ប្រជាពលរដ្ឋ​ត្រឹមតែ​១៥​ភាគរយ​ប៉ុណ្ណោះ​ដែល​ស្រូបទាញ​ផលចំណេញ​ពី​ការរីក​លូតលាស់​នេះ ​ហើយ​៨៥​ភាគរយ​ផ្សេង​ទៀត​បាន​ទទួលផល​ចំណេញ​ត្រឹមតែ​១៥​ ភាគរយ​ប៉ុណ្ណោះ។

លោក​កែម ឡី​បញ្ជាក់​ថា៖​

«បើទោះជា​ហេដ្ឋា​រចនាសម្ព័ន្ធ​និង​សេដ្ឋកិច្ច​មាន​ការរីកចម្រើន​ក្នុង​រយៈពេល​ជិត​២០ឆ្នាំ​នេះ​ក៏​ដោយ ​ក៏​ប៉ុន្តែ​គម្លាត​អ្នកមាន​និង​អ្នកក្រវា​មានកាន់តែ​ធំទៅៗ​...​ស្ថានភាព​នេះ​វា​នឹង​បន្ត​អូស​បន្លាយ​កាន់តែយូរ​ទៅ ​ពីព្រោះ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល» ។

លោក​បាន​បន្ត​ទៀត​ថា៖​ «អ្វី​ដែល​ខ្ញុំមាន​ការព្រួយបារម្ភ​នោះ​គឺ ​យោង​តាម​ការស្ទង់​មតិ​នេះ​ នៅពេល​ដែល​ប្រជាជន​គាត់​កាន់តែក្រ​ទៅៗ ​វា​នឹងធ្វើ​ឲ្យ​មានអសន្តិសុខ​នៅក្នុង​សង្គម​ដូចជា​អំពើ​លួចប្លន់»។​

មន្ត្រី​កម្មវិធី​សិទ្ធិការងារ​នៃ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ ​លោក មឿន តុលា ​មាន​យោបល់​ស្របគ្នា​ទៅនឹង​លោក កែមឡី​ផង​ដែរ។ លោក​មាន​ប្រសាសន៍​ថា៖

«វា​ត្រឹមត្រូវ​ដែល​ប្រជាជន​ខ្មែរ​នៅ​រស់​រងទុក្ខ​វេទនា​ពី​ភាពក្រីក្រ​ ព្រោះ​ទី១ ​គ្មាន​ការកំណត់​ប្រាក់ខែ​គោល​សម្រាប់​ចំណូល​របស់​ប្រជាជន​ និង​គ្មាន​ប្រព័ន្ធ​ការពារ​សង្គម»។

លោក​មើល​ឃើញ​ថា​ស្ថានភាព​ការងារ​គ្មាន​ស្តង់ដា ​ខ្វះខាត​ប្រព័ន្ធ​ការពារ​សង្គម​ដែល​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះថ្នាក់​និង​បាត់បង់​ការងារ។​ លើស​ពី​នេះទៅ​ទៀត​រដ្ឋាភិបាល​កម្ពុជា​បាន​តែ​កម្រិត​ប្រាក់ខែ​គោល​ឲ្យ​តែ​ផ្នែក​កម្មករ​រោងចក្រ​កាត់ដេរ​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​មិនទាន់​បាន​កម្រិត​ប្រាក់ខែ​គោល​សម្រាប់​ការងារ​ផ្នែក​ផ្សេងៗ។

ប្រជាពលរដ្ឋ​ទាំងនោះ​នឹង​ត្រូវ​ធ្លាក់​ខ្លួន​ទៅក្នុង​ភាពក្រីក្រ​និង​ជំពាក់​បំណុល​គេ​ប្រសិនបើ​ពួក​គាត់​ធ្លាក់​ខ្លួន​ឈឺ ​មាន​គ្រោះថ្នាក់​ការងារ ​បាត់បង់​ការងារ​ពីព្រោះ​គ្មាន​អ្នកណា​ម្នាក់​ធានា​បើក​ប្រាក់ខែ​ជូន​ពូកគាត់​នោះ​ទេ។

លោក​មឿន តុលា​បាន​បន្ថែម​ទៀត​ថា៖​

«ប្រព័ន្ធ​ការពារ​សង្គម​គឺ​វា​នៅ​ខ្សោយ ​នៅ​ពេល​ដែល​ប្រជាជន​គាត់ធ្លាក់​ខ្លួន​ឈឺ ​ពួកគាត់​ត្រូវ​ចំណាយ​ថវិកា​ខ្លួន​គាត់​ជាច្រើន​ លើស​ពីនេះ​ទៅ​ទៀត​គាត់​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​ដើម្បី​ឲ្យ​កូន​គាត់​ទៅ​រៀន»។

លោកមឿន តុលា​បាន​បន្ថែម​ទៀត​ថា ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់ បាន​ធ្វើចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​ដូចជា​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី​ដើម្បីទទួល​បាន​លក្ខខណ្ឌ​ការងារ​ល្អ​និង​ប្រាក់បៀវត្សរ៍​ប្រសើរ។

«នៅពេល​នេះ​យើង​អត់​មាន​ស្តង់ដា​ការងារ។​ អញ្ចឹង​ហើយ​ប្រជាពលរដ្ឋ​គាត់​អត់អាច​ទ្រាំរស់​នៅ​បាន​ជាមួយនឹ​ង​ប្រាក់ខែ​តិចតួច​ហ្នឹង​បាន ​គាត់បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅធ្វើការ​នៅ​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី»។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ការ​សង្ស័យ​លើ​ការ​រកឃើញរបស់​ក្រុមហ៊ុន​ ហ្កាឡុប (Gallup) ដោយអះអាង​ថា​ស្ថានភាព​មិន​ធ្ងន់ធ្ងរ​ដូច​នេះ​ពេក​ទេ។​

លោក ថេង បញ្ញាធន ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផែនការ​ របស់​ក្រសួង​ផែនការ​បាន​លើក​ឡើងថា ​ការស្ទង់មតិ​របស់​ក្រុមហ៊ុន​Gallup​ នេះ​មាន​ភាព​មិន​ច្បាស់​លាស់ ​ជាពិសេស​គឺ​វិធី​សាស្រ្ត​ក្នុងកាស្រាវជ្រាវ​មិនមាន​ភាពប្រាកដ​ ហើយ​មិន​បាន​បញ្ជាក់​ពី ​ទីតាំង​ពិត​ប្រាកដ​នៃ​ការធ្វើ​ការស្ទង់មតិ​មួយ​នេះ។

លោក​បាន​បន្ថែម​ទៀត​ថា ​លទ្ធផល​នៃ​ការស្ទង់​មតិ​នេះ​មាន​ភាពផ្ទុយគ្នា​ទាំងស្រុង​បើ​ប្រៀប​ធៀបទៅនឹង​ការស្ទង់​មតិ​របស់​ក្រសួង​ផែនការ ​ដែល​បានរកឃើញ​ថា ​មាន​ប្រជា​ពលរដ្ឋ​ត្រឹមតែ​១៩​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​រស់​ក្នុង​ភាពក្រីក្រ​នា​ឆ្នាំ២០១១។

លោកបាន​ប្រាប់ ​VOA​ថា៖ «សម្រាប់​ខ្ញុំវា​មិន​មាន​ភាព​ច្បាស់​លាស់​ទាល់តែសោះ ​ហើយ​វា​មិន​អាច​ទទួលយក​បាន​នោះ​ទេ។​ពួកគាត់​ធ្វើការ​ស្ទង់មតិ​ទៅលើ​មនុស្ស​ចំនួន​តិចតួច​តែបែរ​ជា​កំណត់ប្រជាជន​ទូទាំង​ប្រទេស។ ការស្ទង់​មតិ​នេះ​គឺ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ​ហើយ​វាផ្ទុយពី​របាយការណ៍​របស់​យើង​ដែល​មាន»។

បើយោង​តាម​របាយការណ៍​ស្តីពី​ភាពក្រីក្រ​របស់​ក្រសួង​ផែនការ​ដែល​បាន​ចេញ​ផ្សាយ​នា​ឆ្នាំ​២០១៣​នេះ ​បាន​ឲ្យ​ដឹង​ថា​មាន​ប្រជា​ពលរដ្ឋ​ត្រឹមតែ​១៩,៨​ភាគរយ​តែ​ប៉ុណ្ណោះ ​ដែល​រស់​ក្នុង​ភាពក្រីក្រ​នៅ​ក្នុងឆ្នាំ​២០១១ ​ហើយ​ចំនួន​នេះ​មាន​ការធ្លាក់​ចុះជា​យ៉ាងខ្លាំង​បើប្រៀបធៀប​ទៅនឹង​ ឆ្នាំ២០០៨​ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​២៩​ភាគរយ​នៃ​ប្រជាជន​សរុប​ទូទាំង​ប្រទេស។
លោក ថេង បញ្ញាធន​ ក៏បាន​រិះគន់​ដល់​ការ​ស្ទង់​មតិ​របស់​Gallup ​ផង​ដែរ៖​

«ខ្ញុំ​សុំ​ឲ្យ​អ្នកដែល​ធ្វើការស្ទង់​មតិ​នេះ​បង្ហាញ​ពី​បច្ចេកទេស​និង​ វិធី​សាស្រ្ត​នៃ​ការស្ទង់​មតិ​នេះ​ ឲ្យ​បាន​ច្បាស់លាស់។ ការធ្វើ​ប្រើប្រាស់​វិធីសាស្ត្រ​មិនត្រឹមត្រូវ ​និង​ ទិន្នន័យ​តិចតួច​ អាច​ធ្វើឲ្យ​មាន​ការយល់​ច្រឡំ​និង​ការ​បកស្រាយ​ខុសពី​ការណ៍ពិត។ ប្រសិន​បើ​យើង​យក ​ការតាង (Samples) ​របស់​យើង​តូច​ដើម្បី​តាង​ឲ្យ​ប្រទេស​ទាំងមូល ​លទ្ធផល​ដែល​បង្ហាញ​ចេញ​មក​នេះ​មិន​មាន​សុក្រិតភាព​នោះ​ទេ»។

ទាក់ទិន​ទៅនឹង​បញ្ហា​សេវា​សុខភាព​និង​សង្គម​ លោក ​បញ្ញា​ធន​បាន​មាន​ប្រសាសន៍​ការពារ​គោល​នយោបាយរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ថា ​វា​កំពុងតែ​ដើ​លើ​ផ្លូវ​ត្រូវ ​ហើយ​ភាព​ក្រី​ក្រ​លំបាករបស់​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​កំពុងតែ​កាត់បន្ថយ។ លោក​បាន​លើក​ឧទាហរណ៍​ចំៗ​ថា​ រាជរដ្ឋាភិបាល​បាន​សាងសង់​មន្ទីពេទ្យ​និង​មណ្ឌល​សុខភាព​ជាច្រើន​ ឲ្យ​ខិត​ទៅ​ជិត​ប្រជា​ពលរដ្ឋ​ ដើម្បី​ផ្តល់​សេវា​សុខភាព​ជូន​ពួកគាត់ ​លើស​ពីនេះ​ទៀត​រដ្ឋាភិបាល​បាន​បង្កើន​កញ្ចប់​ថវិកា ​ជាច្រើន​ដើម្បី​ចំណាយ​ទៅលើ​ផ្នែក​នេះ។

«ទោះបីជា​សេវា​ទាំងនោះ​បាន​រីកដុះដាល​ជាច្រើន​ក៏ដោយ​ តែវា​មិនអាច​បំពេញ​តម្រូវការ​របស់ ប្រជា​ពលរដ្ឋ​យើង​១០០​ភាគរយ​នោះ​ទេ។ ប៉ុន្តែ​ក្នុង​នាមជា​អ្នកគោលនយោបាយ ​ខ្ញុំ​បាន​ឃើញ​ថា ​សេវា​ទាំង​នោះ​បាន​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដាច់​ស្រយ៉ាល​ហើយ»។

រដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ១​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​តាម​រយៈ ​ការពង្រឹង​សេវាសង្គម​ វិស័យ​កសិកម្ម​ សេវាកម្ម ​សេដ្ឋកិច្ច ​បង្កើន​ធនធាន​មនុស្ស ​និង​សមត្ថភាព​ការងារ​របស់​ប្រជា​ពលករ។ ក៏ប៉ុន្តែ​ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​រិះគន់​ចំៗ​ថា​គោលនយោបាយ​ទាំងនោះ​មិន​ឆ្លើយតប​ក្នុង​ការកាត់​បន្ថយ​ភាពក្រីក្រ​នោះ​ទេ ​ដោយ​គោលនយោបាយ​ទាំងនោះ​មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​ទៅដល់​គ្រួសារ​ជនក្រីក្រ៕
XS
SM
MD
LG