ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តុលាការ​កាត់ទោស​មនុស្ស​បី​នាក់​ឲ្យ​ជាប់​ពន្ធនា​គារ​ ​១៨ខែ​ ​ពាក់ព័ន្ធ​នឹង​ការ​ជួល​ស្រ្តី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស


រូបឯកសារ៖ ស្រ្តី​ជនជាតិ​អូស្រ្តាលី​​ម្នាក់​ ​​ឈ្មោះ​ ​Tammy Davis-Charles​ ​អាយុ​ ​៤៩ឆ្នាំ​ ជាអ្នក​ផ្តើម​គំនិត​ ​និង​រៀបចំ​សេវាកម្ម​ពពោះ​ជំនួស​ ចូល​សាលាដំបូងរាជធានីភ្នំពេញ នា​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧។
រូបឯកសារ៖ ស្រ្តី​ជនជាតិ​អូស្រ្តាលី​​ម្នាក់​ ​​ឈ្មោះ​ ​Tammy Davis-Charles​ ​អាយុ​ ​៤៩ឆ្នាំ​ ជាអ្នក​ផ្តើម​គំនិត​ ​និង​រៀបចំ​សេវាកម្ម​ពពោះ​ជំនួស​ ចូល​សាលាដំបូងរាជធានីភ្នំពេញ នា​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧។

​​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​សម្រេច​ឲ្យ​ស្រ្តី​ជនជាតិ​អូស្រ្តាលី​ម្នាក់​និង​បុរស-ស្រ្តី​ជនជាតិ​ខ្មែរ​២​នាក់ទៀត​ ​ជាប់​ពន្ធនាគារ​ ​១៨​ខែ​ ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជួល​ស្រ្តី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស។​ ​នេះ​ជា​ការ​សម្រេច​​​លើក​ដំបូង​បង្អស់​​ក្នុង​សវនាការ​នៃ​តុលាការ​កម្ពុជា​ ​ខណៈ​ដែល​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស​នៅ​មិន​ទាន់​កើត​មាននៅ​ឡើយ។​

បន្ទាប់​ពីសេវា​ស៊ី​ឈ្នួល​ពពោះ​ជំនួស​ ​ត្រូវ​បានហាម​ប្រាម​ក្នុង​ប្រទេស​ថៃ​ ​ឥណ្ឌា​ ​និង​នេប៉ាល់​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​នេះ​ ​កម្ពុជាបាន​ក្លាយ​ជា​គោលដៅ​ដ៏​ពេញ​និយម​ថ្មី​មួយ​ក្នុង​ការ​ផ្តល់​សេវា​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ ជា​សេវា​ខុស​ច្បាប់​នេះ។​ ​បើ​ទោះបី​ជា​កម្ពុជា​មិនទាន់​មាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​នេះ​ក្តី​ ​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​តុលាការ​បាន​កាត់​ទោស​មនុស្ស​បី​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​១ឆ្នាំ​កន្លះ​ ​ពី​បទ​អន្តរការ​រវាង​អ្នក​សុំ​កូន​ ​និង​ស្ត្រី​ពពោះ។

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​សម្រេច​ឲ្យ​ស្រ្តី​ជនជាតិ​អូស្រ្តាលី​ម្នាក់​និង​បុរស-ស្រ្តី​ជនជាតិ​ខ្មែរ​២​នាក់ទៀត​ ​ជាប់​ពន្ធនាគារ​ ​១៨​ខែ​ ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជួល​ស្រ្តី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស។​ ​នេះ​ជា​ការ​សម្រេច​លើក​ដំបូង​បង្អស់ក្នុង​សវនាការ​នៃ​តុលាការ​កម្ពុជា​ ​ខណៈ​ដែល​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស​នៅ​មិន​ទាន់​កើត​មាននៅ​ឡើយ។​

ក្នុង​សវនាការ​ដែល​មាន​ការ​រឹតបន្តឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ថត​សំឡេង​ ឬ​រូបភាព​ ​ចៅក្រម​ជំនុំ​ជម្រះ​ ​លោកស្រី ស៊ លីណា​ ​បាន​ប្រកាស​សាលក្រម​កាត់​ទោសជាប់​ចោទ​៣នាក់ ក្នុង​សំណុំ​រឿង​នេះ​។ ​ក្នុងនោះ​មាន​ស្រ្តី​ជនជាតិ​អូស្រ្តាលីម្នាក់​ ឈ្មោះ​ ​Tammy Davis-Charles​ ​អាយុ​ ​៤៩ឆ្នាំ​ ជាអ្នក​ផ្តើម​គំនិត​ ​និង​រៀបចំ​សេវាកម្ម​ពពោះ​ជំនួស​ បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ​ ​ពេញ រិទ្ធី​ ​អាយុ​ ២៨ឆ្នាំ​ ​ជា​អ្នកទាក់ទង​ស្រ្តី​ខ្មែរ​ឲ្យ​ពពោះ និង​ស្រ្តី​ជនជាតិ​ខ្មែរ​ម្នាក់ឈ្មោះ សំរឹទ្ធ ចាន់ចរិយា អាយុ​ ៣៦​ឆ្នាំ ជាអ្នកបកប្រែ។ ​

លោកស្រី ស៊ លីណា​ ​បាន​អាន​សេចក្តី​សង្ខេប​អង្គហេតុ​ក្នុងសវនាការ​កាលពី​ខែ​មុន​ ​និង​បានលើកឡើង​ថា​ ​ចម្លើយ​របស់​ជនជាប់​ចោទ​ទាំង​៣​នាក់​ ​និង​ចម្លើយ​របស់​សាក្សី​ ​ព្រម​ទាំង​ភស្តុតាង​ដែល​ប្រមូល​បាន​ ​មាន​ភាព​ស៊ី​សង្វាក់​គ្នា។​ ​ក្រោយអាន​សេចក្តី​សង្ខេប​អង្គហេតុ​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​ ​លោកស្រី​ ​ស៊ លីណា​ ប្រកាសថា​ ​ដាក់​ទោស​ស្រ្តី​ជនជាតិ​អូស្រ្តាលី​ ​ឈ្មោះ​ ​Tammy Davis-Charles​ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​ ​៦ខែ​ ​និង​ពិន័យ​ជា​ប្រាក់​៤លានរៀល​ ​និង​ដាក់ទោស​ឈ្មោះ​ ​ពេញ រិទ្ធី​ ​និង​ឈ្មោះ សំរិទ្ធ ចាន់​ចរិយា​ ​ម្នាក់ៗ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១ឆ្នាំ ៦ខែ​ និង​ពិន័យ​ជា​ប្រាក់​ ​២លាន​រៀល។

ចៅ​ក្រម​ដដែល​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ជនទាំង៣​ ​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ក្នុង​បទ​ល្មើស​ចំនួន២​ ​គឺ​ពីបទ​អន្តរការ​រវាង​អ្នក​សុំ​កូន​ ​និង​ស្ត្រី​ពពោះ​តាម​មាត្រា​៣៣២​ ​និង​បទ​សុំ​ឲ្យ​ផ្តល់​ឯកសារ​ដោយ​ទុច្ចរិត​តាម​មាត្រា ​៦៣២​ ​នៃ​ក្រម​ព្រហ្មទណ្ឌ។

ជនជាប់​ចោទ​ទាំង​៣​ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី១៨​ ​ខែ​វិច្ឆិកា​ ឆ្នាំ២០១៦​ ​ក្នុង​ការ​បង្ក្រាប​ដ៏​កម្រ​មួយ​ចំពោះ​ការ​ជួលស្ត្រីខ្មែរ​ឲ្យ​ពពោះ​ជំនួសជ​នបរទេស​ក្នុងប្រ​ទេស​កម្ពុជា​ ​ដែល​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ។​

​បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ​អ្នក​ស្រី​ Tammy Davis-Charlses ស្ថាបនិក​គ្លីនិក​ព្យាបាល​ Fertility Solutions PGD ​បាន​ផ្ទេរ​អាជីវកម្ម​របស់​ខ្លួន​មក​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​ទៅ​ នៅ​ពេល​ដែល​រដ្ឋាភិបាលយោធា​នៅ​ប្រទេស​ថៃ​ បាន​បិទ​គ្លីនិក​ពពោះ​កូន​ជំនួស​នេះ។​ គ្លីនិករបស់​អ្នកស្រី​បានយក​ថ្លៃ​សេវា​ពី​អតិ​ថិជន​របស់​ខ្លួនពី​ ៥០.០០០​ ​ទៅ​ ៧០.០០០ ដុល្លារ​អាមេរិក​ និង​បានបង់​ប្រាក់​ចន្លោះ​ពី​ ១០.០០០​ ទៅ​ ១២.០០០​ដុល្លារ​អាមេរិក​ ដល់​ស្ត្រី​កម្ពុជា​ដែល​ជាអ្នក​ពពោះ​កូន​ជំនួស។​ យ៉ាងហោច​ណាស់​មាន​ស្ត្រី​ខ្មែរ​២៣រូប​ដែល​បាន​ពពោះ​ឱ្យ​ ​ជនបរទេស​ ​ហើយ​យ៉ាងហោច​ណាស់​មាន​ទារក​៦នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស។

យ៉ាង​ណា​ក៏​ដោយ​ ​Davis-Charlses​ ​ស្ថាបនិក​គ្លីនិក​ព្យាបាល​ ​Fertility Solutions PGD​ ​ធ្លាប់​បញ្ជាក់​ប្រាប់​ចៅក្រម ​និង​អង្គ​ជំនុំជម្រះ​ ​កាល​ពី​ពេល​កន្លង​ទៅ​ថា​ ខ្លួន​មិន​បាន​ដឹង​ថា ​ការ​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស​គឺ​ មាន​ទោស​ទណ្ឌ​ និង​ផ្ទុយ​ពី​ច្បាប់​កម្ពុជា​នោះ​ទេ។​

លោកស្រី​ ​រស់ សុភាព​ ​នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ​ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ​(GADC)​ ​ប្រាប់​ VOA​ ​ថា​ ​លោកស្រី​សុំ​មិនបញ្ចេញ​មតិ​លើ​ការ​កាត់​ទោសមនុស្ស​ទាំង​៣​នាក់​ ពាក់ព័ន្ធ​នឹង​ការផ្តល់​សេវា​ពពោះ​ជំនួស​នេះ។​ ​ទោះជា​យ៉ាងណា​លោកស្រី​ថា​ ​មាន​ផល​វិបាក​ជាច្រើន​ដែល​កើត​ចេញ​ពី​ការ​ពពោះ​ជំនួស ដោយ​សារ​ស្រ្តី​ដែល​ស៊ីឈ្នួល​ពពោះ​ជំនួស​ភាគច្រើន​ជាស្រ្តី​ដែល​មាន​ជីវភាព​ក្រីក្រ​ ​និង​មិន​សូវ​មាន​ចំណេះដឹង​ ​ដូច្នេះ​ពួកគេ​នឹង​ពិបាក​យល់​ពី​ផ្លូវ​ច្បាប់​ ​ពាក់ព័ន្ធ​នឹង​កិច្ច​សន្យា​ផ្សេងៗ​ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹង​ក្លាយ​ជា​ជន​រងគ្រោះ។​

លោកស្រី​ រស់ សុភាព​ ​បញ្ជាក់​ថា៖​

«គាត់​ហ្នឹង​ក៏​មិន​សូវ​បានដឹង​ ​ឬក៏​យល់ពី​ច្បាប់​ ​អញ្ចឹង​នៅ​ពេល​ដែលគេ​ធ្វើ​កិច្ចសន្យា​មាន​លក្ខខណ្ឌ​ច្រើន​ដែល​យើង​មិនអាច​ដឹងបាន​ ​ហើយ​មិនអាច​ការពារសិទ្ធិ​របស់​គាត់​បាន ចំណុចហ្នឹង​មាន​លក្ខណៈ​ស្មុគស្មាញ។​ ​ទី២​ ​ដោយ​សារ​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ហ្នឹងពិបាករក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ ​ដែល​ប្រជាពលរដ្ឋ​យើង​គាត់​មាន​ការពិបាកក្នុង​ការ​ស្វែងរក​យុត្តិធម៌​ឲ្យ​គាត់ អាហ្នឹង​ក៏ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​គាត់ពិបាក​ដែរ។ គាត់​ធ្លាក់​ទៅ​ក្នុង​ការ​ប្រើប្រាស់ ឬ​ក៏​ខ្លួន​របស់​គាត់​ត្រូវ​បាន​គេ​យក​ធ្វើ​ការ​ជួញដូរ ឬ​កេង​ចំណេញ​ក៏​ថា​បាន​ដែរ»។

លោកស្រី​ ​រស់ សុភាព​ ​បន្ថែម​ថា​ ​វប្បធម៌​ប្រពៃណី​ ទំនាស់​ក្នុង​គ្រួសារ​រវាង​ប្ដី​ ​និង​ប្រពន្ធ​ដែល​ត្រូវ​បាន​គេ​ជួល​ឲ្យ​ពពោះ​ ​សុខភាព​ផ្លូវកាយ​ ​និង​ជំងឺ​ផ្លូវចិត្ត​ក្រោយ​ពេល​សម្រាល​កូន​ជាដើម​ ​សុទ្ធ​តែ​ជា​មូល​ហេតុ​ដែល​ស្រ្តី​ពពោះ​ជំនួស​អាច​នឹង​ប្រឈម។​

ក្នុង​រយៈពេល​ជាងពីរ​ឆ្នាំ​មកនេះ​ ​កម្ពុជាបាន​ក្លាយ​ជា​គោលដៅ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ឪពុក​ម្តាយ​ ​ដែល​មាន​បំណង​ស្វែងរក​ឲ្យ​មាន​ការ​ស៊ី​ឈ្នួល​ពពោះ​ជំនួស​ ​បន្ទាប់​ពី​សេវា​នេះត្រូវ​បានហាម​ប្រាម​ក្នុង​ប្រទេស​ថៃ​ ​ឥណ្ឌា​ ​និង​នេប៉ាល់។​ ​ប្រទេស​កម្ពុជា​មិន​មាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ពពោះទេ ប៉ុន្តែចាប់​តាំង​ពី​ឆ្នាំ​២០១៦មក​ ​រដ្ឋាភិបាលបាន​ចាប់​ផ្តើមបំណងក្នុង​ការ​ហាម​ប្រាមមិន​ឲ្យ​មាន​សេវា​កម្មនេះ៕

XS
SM
MD
LG