ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេវា​ពពោះ​កូន​ជំនួស​នៅ​កម្ពុជា ត្រូវ​រាយការណ៍​ថា បាន​ប្ដូរ​ទីតាំង​ទៅ​ក្រៅ​ប្រទេស​ហើយ


រូបឯកសារ៖ ស្រ្តី​ជន​ជាតិ​អូស្រ្តាលី​ម្នាក់​ឈ្មោះ​ Tammy Davis-Charles ត្រូវ​បាន​បញ្ជូនចេញ​ពី​សាសា​តំបូង​រាជធានី​ភ្នំពេញ​​ទៅ​ពន្ធនាគារ​ព្រៃស​នៅ​ថ្ងៃទី​២២ វិច្ឆិកា ២០១៦ ក្រោយ​ពី​តុលាការ​ចោទពី​បទ​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​ហើយ​និង​ស្រ្តី​ពរពោះ​និង​សុំឲ្យ​ផ្តល់​ឯកសារ​ដោយទុច្ចរិត។ (Hul Reaksmey/VOA Khmer)
រូបឯកសារ៖ ស្រ្តី​ជន​ជាតិ​អូស្រ្តាលី​ម្នាក់​ឈ្មោះ​ Tammy Davis-Charles ត្រូវ​បាន​បញ្ជូនចេញ​ពី​សាសា​តំបូង​រាជធានី​ភ្នំពេញ​​ទៅ​ពន្ធនាគារ​ព្រៃស​នៅ​ថ្ងៃទី​២២ វិច្ឆិកា ២០១៦ ក្រោយ​ពី​តុលាការ​ចោទពី​បទ​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​ហើយ​និង​ស្រ្តី​ពរពោះ​និង​សុំឲ្យ​ផ្តល់​ឯកសារ​ដោយទុច្ចរិត។ (Hul Reaksmey/VOA Khmer)

លោក​ស្រី​ ជូ​ ប៊ូអេង​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​ ប្រាប់​ VOA នា​ថ្ងៃ​ពុធ​នេះ​ថា​ អាជ្ញាធរ​កម្ពុជា​ មិន​​បាន​ផ្ដល់​ការ​គាំទ្រ​ ឲ្យ​មាន​ការ​ផ្ដល់​សេវា​ពពោះ​កូន​ជំនួស​នេះ​ទេ។

អាជ្ញាធរ​កម្ពុជា​ ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះថា​ ​ការ​ស៊ើប​អង្កេត​ទៅ​លើ​អ្នក​ផ្ដល់​សេវា​ពពោះ​កូនជំនួស​ឲ្យ​ឪពុកម្ដាយ​ពិត​ប្រាកដ​ នៅ​កំពុង​បន្ត​ទៅ​មុខ​ទៀត​ នៅ​គ្រា​ដែល​មាន​សេចក្ដី​រាយការណ៍​ថា​ ភ្នាក់​ងារ​ផ្ដល់​សេវា​ពពោះ​កូន​មួយ​ចំនួន​ ​បាន​ប្ដូរ​ទីតាំង​ចេញ​ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ប្រទេស​ឡាវ​វិញ។​

កាល​ពី​សប្ដាហ៍​មុន​ ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ឈ្មោះ​ Tammy Davis-Charles វ័យ​ ៤៩​ឆ្នាំ និង​ពលរដ្ឋខ្មែរ​ពីរ​នាក់ ក្នុង​នោះ​មាន​ឈ្មោះ​ពេញ​ រិទ្ធី​ វ័យ​ ២៨​ ឆ្នាំ​ ជា​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​ឈ្មោះ​ សំរឹទ្ធ​ចាន់ចរិយា​ វ័យ​ ៣៥​ឆ្នាំ​ ជា​គិលានុបដ្ឋាយិកា​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ភ្នំពេញ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ពី​បទ«ធ្វើ​ជា​អន្តរការី​រវាង​អ្នក​សុំ​ ហើយ​និង​ស្ត្រីពពោះ ​និង​សុំ​ឲ្យ​ផ្ដល់​ឯក​សារ​ដោយ​ទុច្ចរិត»។​

​អាជ្ញាធរ​កម្ពុជា​បញ្ជាក់​ថា​ ជន​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង​បី​នាក់​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​ ​ដោយ​សារ​ប្រទេស​កម្ពុជា​ ពុំ​មាន​ច្បាប់​បើក​ឲ្យ​ធ្វើ​ការ​ផ្ដល់​សេវា​ពពោះ​នោះ​ឡើយ។​

លោក​ស្រី​ ជូ​ ប៊ូអេង​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​ ប្រាប់​ VOA នា​ថ្ងៃ​ពុធ​នេះ​ថា​ អាជ្ញាធរ​កម្ពុជា​ មិនបាន​ផ្ដល់​ការ​គាំទ្រ​ ឲ្យ​មាន​ការ​ផ្ដល់​សេវា​ពពោះ​កូន​ជំនួស​នេះ​ទេ។

តែ​ទោះ​យ៉ាង​ណា​ លោក​ស្រី ​មិន​ទាន់​អាច​បញ្ជាក់​អំពី ការ​ចាក​ចេញ​របស់​ភ្នាក់​ងារពពោះ​កូន​នេះ​ចេញ​ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ប្រទេស​ឡាវនោះ​ទេ។

«ស្រុក​ខ្មែរ​មិន​អនុញ្ញាត​ទេ​ ដោយសារ​តែ​មាន​មតិ​មួយ​ចំនួន​ថា​ វា​បាន​ លុយ​កាក់​ច្រើន​មក​លើ​ស្ត្រី​ អីចឹង​ណា៎។​ ប៉ុន្តែ​ ខ្ញុំ​ចង់​និយាយ​ថានៅ​កម្ពុជា​ ប្រហែល​ជា​មិន​យក​មុខ​របរ​នេះ​ ធ្វើ​ជា​ការ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​អី​ទេ​ ពីព្រោះ​ វា​ជា​រឿង​មុខរបរ​ ផលិត​មនុស្ស​លក់»។

បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ អ្នក​ស្រី​ Davis-Charlses ​ស្ថាបនិក​គ្លីនិក​ព្យាបាល​ Fertility Solutions PGD ​បាន​ផ្លាស់​ប្ដូរ​អាជីវកម្ម​របស់​ខ្លួន​ មក​ប្រទេស​កម្ពុជា​ កាលពី​ឆ្នាំ​ទៅ​ គឺ​នៅ​ពេល​ដែល​រដ្ឋាភិបាលយោធា​នៅ​ប្រទេស​ថៃ​ បាន​បិទ​គ្លីនិកពពោះ​កូន​ជំនួស​នៅ​ក្នុង​ប្រទេសដែល​មាន​ព្រំ​ប្រទល់​ជាប់​កម្ពុជា​នេះ។

គ្លីនិក​របស់​អ្នកស្រី​ បាន​យក​ថ្លៃ​សេវា​ពី​អតិថិជន​របស់​ខ្លួនប្រហែល​ ៥០.០០០ដុល្លារ​អាមេរិក​ពី​អតិថិជន​ និង​បាន​បង់​ប្រាក់​ចន្លោះ​ពី​ ១០.០០០​ ទៅ​ ១២.០០០ដុល្លារអាមេរិក​ ដល់​ស្ត្រី​ពពោះ​កូន​ជំនួស​ ដែល​មាន​ចំនួន​ ៥នាក់។

ស្ត្រី​ទាំង ៥នាក់​នេះ បាន​ផ្ដល់កំណើត​ដល់​កូន​ ៦នាក់ និង​មាន​ស្ត្រី​ ១៨​នាក់​ផ្សេង​ទៀត​កំពុង​ពពោះ។​

​លោក​ស្រី​ ជូ ប៊ុនអេង​ បាន​លើកឡើង​ ថា​ ការ​បង្ក្រាប​របស់​អាជ្ញាធរ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​ការបារម្ភ​ពី​ការ​ជួញដូរ​ទារក​ ដែល​គេ​អាច​យកទៅ​ចិញ្ចឹម​សម្រាប់​ការ​ផ្លាស់​ប្ដូរ​សរីរាង្គ​មនុស្ស។

យ៉ាង​ណា​ក៏​ដោយ​ លោកស្រី​ មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយអំពី​ការ​ធ្វើ​ច្បាប់​ដើម្បី​បិទ​សេវា​នេះ​ទាំងស្រុង​តែ​ម្ដង​ ឬ​យ៉ាងណា​នោះ​ឡើយ។​

«ត្រង់​បិទ​ឬ​មិន​បិទ​ យើង​កំពុង​តែ​រៀបចំ​ច្បាប់​ ពីព្រោះ​កម្ពុជា​អត់​ដែល​ទាន់​មាន​ទេ​ ប៉ុន្តែ​យើង​មាន​ចេញ​ជា​ប្រកាស​របស់​ក្រសួង​សុខាភិបាល​មួយ​ថា​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ពពោះ​ដោយ​វិទ្យាសាស្ត្រ​ តាម​បែប​វិទ្យា​សាស្ត្រ​អញ្ចឹង​ទេ»។​

លោក​ស្រី​បាន​បន្ថែម​ថា​ ​លោកស្រី​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​សហការ​ពី​ភាគី​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​ស្រាវជ្រាវ​រក​ឪពុកម្ដាយ​ ដែល​ឲ្យ​គេ​ពពោះ​កូន​ជំនួស​នោះ​មក​ទទួល​យក​កូន​របស់​ពួក​គេ​ ដើម្បី​យក​ទៅ​ចិញ្ចឹម​ក្នុង​លក្ខខណ្ឌ​ច្បាប់​ត្រឹមត្រូវ។

លោក​ស្រី​បញ្ជាក់​ថា​ តាម​ច្បាប់​កម្ពុជា​ កូន​ដែល​កើត​ចេញ​ពី​ម្ដាយ​ជន​ជាតិ​ខ្មែរ​ គឺ​ជា​កូន​របស់​ម្ដាយ​នោះ។​

យោង​ទៅតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុម​ប្រឹក្សា​ភ្នាក់​ងារ​ផ្ដល់​សេវា​ពពោះ​កូន​ជំនួស ឈ្មោះ​ថា​ ​Sensible​ Surrogacy​ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា​ ភ្នាក់​ងារ​ផ្ដល់​សេវា​ពពោះកូន​ជំនួស​នៅ​ប្រទេស​កម្ពុជា​ និង​ថៃ​ បាន​ផ្លាស់​ប្តូរ​អាជីវកម្ម​របស់​ពួកគេទៅ​កាន់​ប្រទេស​ឡាវ។​

​ក្រុម​ប្រឹក្សា​ភ្នាក់​ងារ​ផ្ដល់​សេវា​ពពោះ​កូន​ជំនួស​ដដែល​នេះ​ បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា​ ប្រទេស​ឡាវ​មិនមែន​ជា​គោលដៅ​ដែល​មាន​ចិរភាព​សម្រាប់​ប្ដី​ប្រពន្ធ​ដែល​ចង់​ទទួល​សេវា​ពពោះ​កូន​ជំនួស​នៅ​កម្ពុជា​ តែ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​នេះ។

ក្រុមប្រឹក្សា​ដដែល​នេះ​ បាន​ព្យាករណ៍​ថា​ ឡាវ​ក៏​នឹង​រឹត​បន្តឹង​សេវា​ពពោះ​កូន​ជំនួស​នេះ​ក្នុង​ពេលឆាប់ៗផង​ដែរ។

លោក​ កែវ​ ធា​ នាយក​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ថា​ អាជ្ញាធរ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចាកចេញ​របស់​ភ្នាក់ងារ​ផ្ដល់​សេវា​ព​ពោះ​កូន​ពី​ប្រទេស​កម្ពុជា​ ទៅ​ប្រទេស​ឡាវ​នោះ​ឡើយ​ តែ​លោក​អះអាង​ថា​ អាជ្ញាធរ​នៅ​បន្ត​ស៊ើប​អង្កេត​រក​អ្នក​បន្ត​ផ្ដល់​សេវា​ពពោះ​កូន​នេះ​ដដែល។

«យើង​អត់​បញ្ចប់​ទេ។ ការ​ងារ​សមត្ថ​កិច្ច ​គ្មាន​ដែន​កំណត់​ទេ»។​

លោក​ថ្លែង​បន្ថែម​ថា​ អាជ្ញាធរ​នឹង​នៅ​បន្ត​ចាត់​វិធានការ​ប្រឆាំង​ជន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បន្ត​ផ្ដល់សេវា​ពរ​ពោះ​កូន​ជំនួស​នេះ។

«បើ​កាល​ណា​មាន​បទ​ល្មើស​ គឺ​យើង​ត្រូវ​តែ​អនុវត្ត​បន្ត​ទៀត។ អញ្ចឹង​និយាយ​តែ​រឿង​ការ​អនុវត្ត​ច្បាប់​ទេ​ សុំ​ទោស​អា​រឿង​ផ្សេងៗ​ គឺ​ខ្ញុំ​អត់​ដឹង​ទេ»។​ ​

​VOA ​មិន​ទាន់​អាច​ទាក់​ទង​ លោក​ ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ និង​លោក​ លី​ សុវណ្ណអ្នក​នាំ​ពាក្យក្រសួងសុខាភិបាល​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ទាំងពីរ​រោទ៍​ តែ​ពុំ​មាន​អ្នក​ទទួល។

យ៉ាង​ណា​ក៏ដោយ​ កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ​ លោក​ ម៉ម​ ប៊ុនហេង​ បាន​ចេញ​ប្រកាស​មួយ ​ហាមមិន​ឲ្យ​មាន​ការ​ផ្ដល់​សេវា​ពពោះ​កូន​ជំនួស​នេះ​ទេ​ ដោយ​ត្រូវ​រង់ចាំ​ដល់​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សេវា​ព​ពោះ​កូន​ជំនួស​នេះ​សិន។​

នៅ​មុន​ការ​បង្ក្រាប​ដោយ​បិទ​សេវា​ពពោះ​កូន​ជំនួស​នេះ​ ប្រទេស​កម្ពុជា​ ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​រាយការណ៍​ថា​ បាន​ក្លាយ​ជា​ទីកន្លែង​ដែល​ផ្ដល់​ឱកាស​យ៉ាង​ងាយ​ស្រួល​សម្រាប់​ការ​ផ្តល់​សេវា​ពពោះ​កូន​ជំនួស​នេះ​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ប្រទេស​ឥណ្ឌា​ នេប៉ាល់​ និង​ប្រទេស​ថៃ​ បាន​បិទ​សេវា​នេះ​ទាំង​ស្រុង។​

ក្រុម​អ្នកតស៊ូ​មតិ​សម្រាប់​សេវា​ពពោះ​កូន​ជំនួស​ឈ្មោះ​ Families Through Surrogacyដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី បាន​ឲ្យដឹង​ថា​ ស្ត្រី​កម្ពុជា​ត្រូវ​បាន​បង់​ប្រាក់​ចំនួន​៤០០​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែ​ សម្រាប់​ការ​ពពោះ​កូន​ជំនួស​ឲ្យ​ឪពុកម្ដាយ​ពិតប្រាកដ។​

ស្ត្រី​ពពោះ​កូន​ជំនួស​ម្នាក់​ ទទួល​បាន​ប្រាប់​សរុប​ទាំងអស់​ប្រមាណ​ ១០.០០០ដុល្លារ​អាមេរិក​ បូករួម​ទាំង​ប្រាក់​ខែ​នោះ​ផង។​

​ជាមួយ​គ្នា​នេះ​ កាសែត​ The Sydney Morning Herald​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​អូស្ត្រាលី បានបញ្ជាក់ថា ​គ្លីនិក​របស់​អ្នកស្រី​ Davis-Charles បាន​ផ្ដល់​ប្រាក់​ដល់​ស្រ្តី​ក្រីក្រ​កម្ពុជា​ ដែល​ពពោះ​កូន​ជំនួស​នេះ​ ចំនួន​៤០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។​

ប៉ុន្តែ​ប្រាក់​ដែល​ឪពុកម្ដាយ​ដែល​ត្រូវ​ការ​សេវា​ព​ពោះ​កូន​ជំនួស​នេះ​ បាន​បង់​ទៅ​គ្លីនិក​របស់​អ្នកស្រី​ Davis-Charles ​គឺ​មាន​ចំនួន ៥០.០០០ដុល្លារ​អាមេរិក។​ ​

ទាក់ទិន​ការ​ឃុំ​ខ្លួន​អ្នកស្រី​ ​Davis-Charlesនៅ​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា មន្ត្រី​នាំ​ពាក្យ​មក​ពី​នាយកដ្ឋាន​កិច្ចការ​បរទេស​ និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​អូស្ត្រាលី​ បាន​បញ្ជាក់​ប្រាប់​VOA តាម​សារ​អេឡិចត្រូនិក​ ឬemail​ នា​ថ្ងៃ​ពុធ​នេះ​ ​ថា​ ស្ថាន​ទូត​បាន​បន្ត​ផ្ដល់​សេវា​កុងស៊ុល​ ដល់​ស្ត្រី​អូស្ត្រាលី​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។

អ្នក​ស្រី បន្ត​ថា ស្ថានទូត​បាន​បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ​បន្ថែម​ ដោយសារ​តែ​ការ​រក្សា​សិទ្ធិ​ឯក​ជន​ភាព​របស់​បុគ្គល។

ក្រុម​ប្រឹក្សា​ភ្នាក់​ងារ​ផ្ដល់​សេវា​ពពោះ​កូន​ជំនួស ឈ្មោះ​ថា​ ​Sensible​ Surrogacy​ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ ប្រទេស​ម៉ាឡេស៊ី​ ក៏​នឹង​ក្លាយ​ជា​គោល​ដៅ​របស់​ភ្នាក់​ងារ​ផ្ដល់​សេវា​ពពោះ​កូន​ជំនួស​ ដែល​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ដោយសារ​តែ​មាន​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​នោះ៕

XS
SM
MD
LG