ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​មិនឲ្យ​​ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​ក្នុង​សំណុំរឿង​ពពោះ​កូន​​​ស្ថិត​នៅ​ក្រៅ​ឃុំ​


ស្រ្តី​ជន​ជាតិ​អូស្រ្តាលី​ម្នាក់​ឈ្មោះ​ Tammy Davis-Charles ត្រូវ​បាន​បញ្ជូនចេញ​ពី​សាសា​ដំបូង​រាជធានី​ភ្នំពេញ​​ទៅ​ពន្ធនាគារ​ព្រៃស​នៅ​ថ្ងៃទី​២២ វិច្ឆិកា ២០១៦ ក្រោយ​ពី​តុលាការ​ចោទពី​បទ​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​ហើយ​និង​ស្រ្តី​ពរពោះ​និង​សុំឲ្យ​ផ្តល់​ឯកសារ​ដោយទុច្ចរិត។ (Hul Reaksmey/VOA Khmer)
ស្រ្តី​ជន​ជាតិ​អូស្រ្តាលី​ម្នាក់​ឈ្មោះ​ Tammy Davis-Charles ត្រូវ​បាន​បញ្ជូនចេញ​ពី​សាសា​ដំបូង​រាជធានី​ភ្នំពេញ​​ទៅ​ពន្ធនាគារ​ព្រៃស​នៅ​ថ្ងៃទី​២២ វិច្ឆិកា ២០១៦ ក្រោយ​ពី​តុលាការ​ចោទពី​បទ​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​ហើយ​និង​ស្រ្តី​ពរពោះ​និង​សុំឲ្យ​ផ្តល់​ឯកសារ​ដោយទុច្ចរិត។ (Hul Reaksmey/VOA Khmer)

​​សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​បណ្តឹង​សារ​ទុក​សុំ​នៅ​ក្រៅ​ឃុំ​​របស់​ស្រ្តី​ជន​ជាតិ​អូស្ត្រាលី​​ឈ្មោះ​ Tammy​ Davis​-Charles ​កាល​ពីថ្ងៃ​​ពុធ​ម្សិល​មិញ​នេះ​ ដោយតុលាការ​បញ្ជាក់​ថា​ សំណុំ​​រឿង​របស់​ស្រ្តី​ធ្វើ​អាជីវកម្ម​ក្នុង​ការ​ផ្តល់​​សេវាពរ​ពោះ​កូន​ជំនួស​រូប​នេះ​ កំពុង​បន្តនៅ​សាលា​ដំបូង​រាជ​ធានី​​ភ្នំ​ពេញ​​។​

ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​ ​Tammy Davis-Charles​ ដែល​ត្រូវបាន​ឃុំដោយ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ជាង​បី​ខែ​មក​នេះ​ ក្រោម​បទ​«ធ្វើ​ជា​អន្តរការី​រវាង​អ្នក​សុំ​ ហើយ​និង​ស្ត្រីពពោះ ​និង​សុំ​ឲ្យ​ផ្ដល់​ឯក​សារ​ដោយ​ទុច្ច​រិត» មិន​ទទួល​បាន​ការអនុញាតិ​ឲ្យ​សិ្ថត​នៅ​ក្រៅឃុំ​ពីសាលា​ឧទ្ធរណ៍​នោះ​ទេ​។​ អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​បាន​បញ្ជាក់​ថា​ សាលា​ឧទ្ធរណ៍​ពុំមាន​សមត្ថកិច្ច​ពិចារណា​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្ត្រី​ជន​ជាតិ​អូស្ត្រាលីនេះ​ឡើយ​ ខណៈដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ត្រៀម​បើកសវនា​ការ​កាត់​ទោស​ស្ត្រី​រូប​នេះ។​

សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​បណ្តឹង​សារ​ទុក​សុំ​នៅ​ក្រៅ​ឃុំរបស់​ស្រ្តី​ជន​ជាតិ​អូស្ត្រាលីឈ្មោះ​ Tammy​ Davis​-Charles ​កាល​ពីថ្ងៃពុធ​ម្សិល​មិញ​នេះ​ ដោយតុលាការ​បញ្ជាក់​ថា​ សំណុំរឿង​របស់​ស្រ្តី​ធ្វើ​អាជីវកម្ម​ក្នុង​ការ​ផ្តល់សេវាពរ​ពោះ​កូន​ជំនួស​រូប​នេះ​ កំពុង​បន្តនៅ​សាលា​ដំបូង​រាជ​ធានីភ្នំ​ពេញ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការ​ពារ​ក្តី​របស់​អ្នកស្រី​ ​Tammy Davis​-Charles និង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​។​

​អ្នក​ស្រី​ Tammy​ ​Davis​-​Charles​ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ពីរ​រូប​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ឈ្មោះ​ពេញ​ រិទ្ធី​ ​វ័យ​ ២៨​ឆ្នាំ​ ​ជា​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ឈ្មោះ​ សំរឹទ្ធ​ ចាន់ចរិយា​ វ័យ​ ៣៥​ឆ្នាំ​ ជាគិលានុ​ប្បដ្ឋា​យិកា​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ភ្នំពេញ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួនបណ្ដោះ​អាសន្ន​នៅ​ពន្ធ​នាគារ​ព្រៃ​សរ​កាល​ពី​ចុង​ឆ្នាំ​២០១៦​ ​ពី​បទ«ធ្វើ​ជា​អន្តរការី​រវាង​អ្នកសុំ​ ហើយ​និង​ស្ត្រី​ពពោះ ​និង​សុំ​ឲ្យ​ផ្ដល់​ឯក​សារ​ដោយ​ទុច្ចរិត»​។​

​លោក​ ​ឈាង សោ​ភ័ណ​ មេធាវី​ការ​ពារ​ក្តី​ អ្នក​ស្រី​ Tammy Davis-Charles ​ដែល​ជា​ស្ថាបនិក​គ្លី​និក​ព្យាបាល​ ​Fertility ​Solutions ​PGD ​បាន​ប្រាប់​ VOA ​ថា​ សាលាឧទ្ធរណ៍​មិនអនុញាតិ​ឲ្យ​កូន​ក្តី​លោកស្ថិត​នៅ​ក្រៅឃុំ​នោះ​ទេ​ ដោយ​សារ​តែ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ទើប​បញ្ចប់​កិច្ច​ស៊ើប​សួរ​ និង​ត្រៀម​បើក​សវនាការជំនុំ​ជម្រះ​។​

​«ក្នុង​សាលដីកា​គេ​ប្រកាស គេ​យល់​ឃើញថា​ រឿងហ្នឹង​ ចៅក្រម​ស៊ើប​សួរ​បាន​បិទ​ការ​ស៊ើប​សួរ​ហើយ​ ​អញ្ចឹង​គាត់​ ត្រូវ​គេ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ ដល់​អញ្ចឹង​គេ​អត់​ឲ្យ​យើង​នៅ​ក្រៅ​ឃុំ​»​។​

លោក​មេធាវី​បន្តថា​ លោក​នឹង​ព្យាយាម​សុំ​ឲ្យ​កូន​ក្តី​លោក​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ដោយសារ​បទ​ល្មើសកូន​ក្តី​របស់​លោក​ គឺជា​បទល្មើស​មជ្ឈឹម​ ខណៈ​ដែល​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​បាន​អូសបន្លាយ​ពេលអស់​ជាង​បីខែ​មក​ហើយ​។​

ជន​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង​បី​នាក់​នេះ​ ក្នុង​នោះ​មាន​អ្នក​ស្រី​ Tammy Davis-Charles​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​ ​ដោយ​សារប្រទេស​កម្ពុជា​ ពុំ​មាន​ច្បាប់​បើក​ឲ្យ​ធ្វើ​ការ​ផ្ដល់​សេវាពពោះ​នោះឡើយ​។​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បានឲ្យ​ដឹង​ថា​ ការ​តាក់​តែង​សេចក្តី​ព្រាងច្បាប់​មួយ​ដើម្បី​គ្រប់​គ្រង​សេវា​នេះ​ បាន​កំពុង​ធ្វើ​ឡើង​។​ ទោះ​ជា​យ៉ាង​ណា​ ពួក​គេមិន​អាច​បញ្ជាក់​បាន​ថា​ សេចក្តី​ព្រាង​ច្បាប់​នោះ​ នឹង​ផ្តល់​ភាព​ស្រ​បច្បាប់ដល់​សេវា​ដែល​ប្រជាពលរដ្ឋ​ខ្មែរពុំ​សូវ​ដឹង​នេះ​ឡើយ​។​

លោក​ ទូច​ ថារិទ្ធ​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​ VOA ​ថា​ សាលាឧទ្ធរណ៍​សម្រេច​ច្រាន​ចោល​បណ្តឹង​សា​រទុក្ខ​របស់​ អ្នក​ស្រី​ Tammy​ Davis​-Charles ​ដោយ​ហេតុ​ សាលា​ដំបូង​នឹង​បើកសវានា​ការ​កាត់​ទោស​ស្រ្តី​រូប​នេះ​។​

លោក​បញ្ជាក់​ថា៖

​«​សភា​ស៊ើប​សួរ​នៅ​សាលា​ឧទ្ធរណ៍​ មិន​បាន​ពិចារណា​ ទៅលើ​ការ​ស្នើ​សុំ​របស់​ជន​ល្មើស​ហ្នឹងឲ្យ​នៅ​ក្រៅ​ឃុំ​បាន​ទេ​»​។​

​លោក​បន្ថែម​ថា​៖​

«​សាលាដំបូង​ហ្នឹង​គាត់​បាន​បិទ​ការ​ស៊ើប​សួរ​ គាត់​បាន​បញ្ជូន​សំណុំ​រឿងនេះ​ ទៅ​ធ្វើការ​ជំនុំ​ជម្រះ​ នៅ​ពេល​ខាង​មុខហ្នឹង​»។​ ​

​បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ អ្នក​ស្រី​ Davis-Charlses ​ស្ថាបនិក​គ្លីនិក​ព្យាបាល​ Fertility Solutions PGD ​បានផ្ទេរអាជីវកម្ម​របស់​ខ្លួន​មកប្រទេស​កម្ពុជា​ កាលពី​ឆ្នាំ​ទៅ​ នៅ​ពេល​ដែល​រដ្ឋាភិបាលយោធា​នៅ​ប្រទេស​ថៃ​ បាន​បិទ​គ្លីនិក​ពពោះ​កូន​ជំនួស​ នៅ​ក្នុង​ប្រទេសដែល​មាន​ព្រំ​ប្រទល់​ជាប់​កម្ពុជា​នេះ​។​

​គ្លីនិក​របស់​អ្នកស្រី​បាន​យក​ថ្លៃ​សេវា​ពី​អតិ​ថិជន​របស់​ខ្លួនប្រហែល​ ៥០.០០០ដុល្លារ​អាមេរិក​ និង​បាន​បង់​ប្រាក់​ចន្លោះ​ពី​ ១០.០០០​ ទៅ​ ១២.០០០ដុល្លារអាមេរិក​ ដល់​ស្ត្រី​កម្ពុជាពពោះ​កូន​ជំនួស​ ដែល​មាន​ចំនួន​៥នាក់​។​

អ្នកធ្វើ​ការ​ពង្រឹង​សិទ្ធិ​ស្ត្រី​ បាន​បង្ហាញ​ទស្សនៈប្រឆាំង​នឹង​ការ​ធ្វើឲ្យ​មាន​ភាព​ស្រប​ច្បាប់​នៃសេវា​ពពោះ​កូន​ជំនួស​នេះ​ ព្រោះ​ស្ត្រី​ខ្មែរ​មិន​យល់​ច្រើន​ពី​លក្ខខណ្ឌស្មុគ​ស្មាញ​របស់​សេវា​នេះ​ទេ​ និង​មិនទទួល​បាន​ផល​ប្រយោជន៍​ច្រើន​នោះ​ឡើយ​៕​

XS
SM
MD
LG