កាលពីពេលថ្មីៗនេះ អង្គការ Amnesty International បានបញ្ជាក់ថា កងកម្លាំងសន្តិសុខអ៊ឺរ៉ង់បានសម្លាប់អ្នកទោសជាង ៣០ នាក់ និងធ្វើឲ្យអ្នកទោសរាប់រយនាក់ផ្សេងទៀតរងរបួសនៅតាមពន្ធនាគារមួយចំនួននៅទូទាំងប្រទេស នៅពេលអ្នកទោសទាំងនោះតវ៉ាដោយសារភ័យខ្លាចឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគារ។
អង្គការ Amnesty International បានឲ្យដឹងថា ខ្លួនជឿថា កងកម្លាំងរក្សាសន្តិសុខអ៊ឺរ៉ង់បានសម្លាប់អ្នកទោសជាង ៣០ នាក់ នៅក្នុងកុប្បកម្មមួយដែលធ្វើឡើងដោយសារអ្នកទោសភ័យខ្លាចឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនៅក្នុងពន្ធនាគារ។
អង្គការ Amnesty International ដែលជាអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃទី ៩ ខែមេសាថា អ្នកទោសរាប់ពាន់នាក់នៅក្នុងពន្ធនាគារយ៉ាងហោចណាស់ចំនួន ៨ នៅទូទាំងប្រទេសអ៊ីរ៉ង់ បានធ្វើការតវ៉ាកាលពីពេលថ្មីៗនេះ ដោយសារពួកគេខ្លាចមានការឆ្លងរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មីនៅពេលពួកគេកំពុងជាប់ពន្ធនាគារ ដែលការតវ៉ាទាំងនេះបានបង្កឲ្យអ្នកទោសជាច្រើននាក់បាត់ជីវិតក្រោមស្នាដៃរបស់ឆ្មាំពន្ធនាគារ និងកងកម្លាំងសន្តិសុខ។
ដោយផ្អែកទៅលើប្រភពគួរឲ្យទុកចិត្តបាន រួមទាំងសាច់ញាតិរបស់ជនរងគ្រោះផងដែរ សេចក្ដីថ្លែងការណ៍របស់អង្គការ Amnesty International បានឲ្យដឹងថា គ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើប្រឆាំងនឹងក្រុមអ្នកទោសនៅទីតាំងពន្ធនាគារជាច្រើនកន្លែង ដោយបានសម្លាប់អ្នកទោសប្រហែល ៣៥ នាក់ និងធ្វើឲ្យអ្នកទោសរាប់រយនាក់ផ្សេងទៀតរងរបួស។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា យ៉ាងហោចណាស់នៅក្នុងពន្ធនាគារមួយកន្លែង អ្នកទោសដែលចូលរួមក្នុងការតវ៉ាត្រូវបានវាយដំដោយកងកម្លាំងសន្តិសុខ ដែលការវាយដំនេះអាចឈានទៅដល់ការបាត់បង់ជីវិតរបស់អ្នកទោសម្នាក់។
អ្នកស្រី Diana Eltahawy នាយិការងប្រចាំតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងរបស់អង្គការ Amnesty International បាននិយាយថា៖ «វាជាទង្វើមួយដែលគួរឲ្យស្អប់ខ្ពើម ដែលជាជាងការឆ្លើយតបទៅនឹងការទាមទារស្របច្បាប់របស់អ្នកទោសឲ្យមានការការពារពួកគេពីការឆ្លងរាលដាលនៃជំងឺ COVID-19 អាជ្ញាធរអ៊ីរ៉ង់ជាថ្មីម្ដងទៀត បែរជាប្រើការសម្លាប់អ្នកទោសដើម្បីបញ្ឈប់ការតវ៉ារបស់ពួកគេទៅវិញ»។
អ្នកស្រី Eltahawy បាននិយាយថា កងកម្លាំងរក្សាសន្តិសុខអ៊ីរ៉ង់គួរតែត្រូវបានធ្វើការណែនាំជាបន្ទាន់ឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងខុសច្បាប់ដ៏សាហាវ និងបញ្ចៀសការដាក់ទណ្ឌកម្មទៅលើអ្នកទោសដែលអំពាវនាវឲ្យមានការយកចិត្តទុកដាក់លើផ្នែកសុវត្ថិភាពនៃសុខភាពរបស់ពួកគេ។
អ្នកស្រីក៏បានអំពាវនាវផងដែរឲ្យមានការស៊ើបអង្កេតដោយឯករាជ្យចំពោះ «ការធ្វើទារុណកម្ម និងការស្លាប់ក្នុងពន្ធនាគារនេះ»។
កន្លងមក អ្នកទោសប្រមាណ ១ សែននាក់ត្រូវបានដោះលែងជាបណ្ដោះអាសន្ននៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុតមួយដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19។ មន្ត្រីសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃទី ០៩ ខែមេសាថា ប្រជាពលរដ្ឋអ៊ីរ៉ង់ចំនួន ៦ ម៉ឺន ៦ ពាន់ ២ រយនាក់ មានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មីនេះ ហើយចំនួន ៤ ពាន់ ១១០ នាក់បានបាត់បង់ជីវិតដោយសារមេរោគនេះ។
មន្ត្រីអ៊ីរ៉ង់ត្រូវបានរិះគន់ចំពោះការចាត់វិធានការឆ្លើយតបយឺតយ៉ាវកាលពីដំបូងៗចំពោះការឆ្លងរាតត្បាតនៃជំងឺនេះ ហើយអ្នកជំនាញមានការសង្ស័យចំពោះតួលេខផ្លូវការដែលចេញផ្សាយដោយអាជ្ញាធរអ៊ីរ៉ង់ ដែលតែងតែរិតត្បិតខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ។
កាលពីថ្ងៃទី ៩ ខែមេសា មេដឹកនាំកំពូលអ៊ីរ៉ង់ លោកAyatollah Ali Khamenei បានស្នើថា ការជួបជុំដែលមានគ្នាច្រើន ដូចជាការជួបជុំថ្វាយបង្គំព្រះជាដើម អាចនឹងត្រូវហាមឃាត់ក្នុងអំឡុងពេលពិធីបុណ្យតមអាហាររបស់សាសនាឥស្លាម ឬ Ramadan ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនេះ។
លោក Khamenei បានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «យើងនឹងហាមឃាត់មិនឲ្យមានការប្រមូលផ្ដុំគ្នាជាសាធារណៈនៅក្នុងខែនៃពិធីបុណ្យ Ramadan។ ...នៅពេលដែលគ្មានការជួបជុំគ្នាទាំងអស់នេះ សូមកុំភ្លេចធ្វើការបួងសួង និងអធិដ្ឋានដោយខ្លួនឯងនៅកន្លែងស្ងប់ស្ងាត់ដាច់ពីគេឯង»។
ស្របពេលជាមួយគ្នានេះដែរ លោកប្រធានាធិបតី Hassan Rohani បានផ្ដល់សញ្ញាផ្ទុយគ្នាមួយ ដោយនិយាយថា សេដ្ឋកិច្ចរបស់ប្រទេសនេះគួរតែចាប់ផ្ដើមបើកដំណើរការឡើងវិញបន្តិចម្ដងៗចាប់ពីសប្ដាហ៍នេះតទៅ ដែលការណ៍នេះបង្កឲ្យមានការព្រួយបារម្ភថា ប្រទេសអ៊ីរ៉ង់អាចប្រឈមមុខនឹងរលកនៃការឆ្លងរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មីនេះជាលើកទីពីរ។
សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់កំពុងរងការដាក់ទណ្ឌកម្មយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។
ពិធីបុណ្យ Ramadan ឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី ២៣ ខែមេសា រហូតដល់ថ្ងៃទី ២៣ ខែឧសភា៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា