ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩​ច្រើន​ជាង​គេ​លើ​ពិភពលោក


មនុស្សម្នាពាក់​ម៉ាស​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​ដែល​ពួកគេ​កំពុង​បណ្ដើរ​ឆ្កែ​របស់​ខ្លួន​កាត់​ស្ពាន Brooklyn ក្នុងទីក្រុង​ញូវយ៉ក រដ្ឋញូវយ៉ក សហរដ្ឋអាមេិក ថ្ងៃ​សុក្រ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
មនុស្សម្នាពាក់​ម៉ាស​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​ដែល​ពួកគេ​កំពុង​បណ្ដើរ​ឆ្កែ​របស់​ខ្លួន​កាត់​ស្ពាន Brooklyn ក្នុងទីក្រុង​ញូវយ៉ក រដ្ឋញូវយ៉ក សហរដ្ឋអាមេិក ថ្ងៃ​សុក្រ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ច្រើន​ជាងគេ​បំផុត​កាល​ពី​ថ្ងៃ​សៅរ៍។ នេះ​គឺ​ជា​សុច្ចនាករ​ដ៏​សោកសៅ​ដែល​បង្ហាញ​ថា សហរដ្ឋអាមេរិក​គឺ​ជា​ចំណុច​កណ្ដាល​នៃ​ជំងឺ​ឆ្លង​រាតត្បាត​ជាសាកល​នេះ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​ម៉ោង​ក្នុង​សហរដ្ឋអាមេរិក​នេះ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន​ជាង ៥៣០.០០០ នាក់ ហើយ​មាន​ករណី​ស្លាប់​ចំនួន ២០.៦៨០ នាក់។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins University នៅ​ក្នុង​សហរដ្ឋអាមេរិក។

តួលេខ​នេះ​បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​នាំ​មុខ​គេ​លើ​ចំនួន​ករណី​ឆ្លង និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នេះ ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​លើស​ប្រទេស​អ៊ីតាលី​ជា​លើក​ដំបូង។ ​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​អ៊ីតាលី​មាន​ចំនួន ១៩.៤៦៨ នាក់។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins University ដដែល​នេះ។

សហរដ្ឋអាមេរិក​ក៏​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​បង្អស់​នៅ​ក្នុង​ពិភពលោក​ ដែល​បាន​រាយការណ៍​ថា​ មាន​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ចំនួន​ជាង ២.០០០ នាក់ ក្នុង​មួយ​ថ្ងៃ។ សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ២.១០៨ នាក់​ កាល​ពី​ថ្ងៃ​សុក្រ ដែល​នេះ​គឺ​ជា​តួលេខ​អ្នក​ស្លាប់​ខ្ពស់​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៅ​លើ​ពិភពលោក ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​ចាប់ផ្ដើម​ផ្ទុះ​រាលដាល​នៅ​ក្នុង​ប្រទេស​ចិន កាល​ពី​ចុង​ខែ​ធ្នូ​មក។ ​

រដ្ឋ​ញូវយ៉ក​គឺ​ជា​រដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​នៅ​ក្នុង​សហរដ្ឋអាមេរិក។ អភិបាល​រដ្ឋ​ញូវយ៉ក លោក Andrew Cuomo បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា មាន​អ្នក​ស្លាប់​ចំនួន ៧៨៣ នាក់ កាល​ពី​ថ្ងៃ​សុក្រ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​រដ្ឋ​នេះ​កើនឡើង​ដល់​ជាង ៨៦០០ នាក់។

ដើម្បី​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​កូវីដ​១៩​នេះ​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត អភិបាល​ក្រុង​ញូវយ៉ក នៅ​ក្នុង​រដ្ឋ​ញូវយ៉ក លោក Bill de Blasio បាន​ប្រកាស​ថា សាលារៀន​រដ្ឋ​ទាំងអស់​ដែល​កំពុងតែ​បិទ​ស្រាប់ នឹង​ត្រូវ​បន្ត​បិទ​រហូត​ដល់​ចុង​ឆ្នាំ​នេះ ដោយ​សិស្ស​សាលា​ចំនួន ១ លាន ១ សែន នាក់ មិន​អាច​ទៅ​សាលារៀន​បាន​ទេ។

លោក de Blasio បាន​ថ្លែង​ថា ការ​សម្រេច​នេះ​គឺ​ជា​ការ​សម្រេច​ដ៏ «លំបាក» មួយ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ។ វា​ច្បាស់ណាស់ នឹង​ជួយ​សង្គ្រោះ​ជីវិត​របស់​យើង​»៕

XS
SM
MD
LG