សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា ប្រទេសចិនមិនបានអនុវត្តទៅតាមបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះទេ ថ្វីបើខ្លួនបានក្លាយជាសមាជិករបស់អង្គការនេះ ជាង ២០ ឆ្នាំមកហើយក្ដី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សហរដ្ឋអាមេរិកបានបន្ថែមថា ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅលើពិភពលោក «បានរក្សានិងពង្រីក» វិធីសាស្ត្រអនុវត្តដែលផ្ដល់អំណាចលើរដ្ឋ ដោយធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មនិងអ្នកធ្វើការនានានៅទូទាំងពិភពលោក។
របាយការណ៍ប្រចាំឆ្នាំរបស់ការិយាល័យអ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបង្ហាញអំពីការវាយតម្លៃរបស់រដ្ឋាភិបាលអាមេរិកលើសមាជិកភាពរបស់ចិនក្នុងអង្គការពាណិជ្ជកម្មពិភពលោក បានបញ្ជាក់ថា៖ «ប្រទេសចិនក៏មានប្រវត្តិជាយូរមកហើយផងដែរនៃការរំលោភបំពាន ការមើលស្រាល និងការគេចវេសពីបទបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីសម្រេចឲ្យបាននូវគោលដៅនៃគោលនយោបាយឧស្សាហកម្មរបស់ខ្លួន»។
កិច្ចការរបស់អង្គការពាណិជ្ជកម្មពិភពលោកគឺដើម្បីពង្រឹងបទបញ្ញត្តិដែលគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដែលក្នុងនោះរួមមានទាំងការលើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌និងពាណិជ្ជកម្មបែបបើកចំហផងដែរ។
អ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកអ្នកស្រី Katherine Tai បាននិយាយថា នៅពេលដែលចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០១ រដ្ឋាភិបាលចិនបានបញ្ជាក់ថា ខ្លួននឹងប្រកាន់ខ្ជាប់តាមគោលការណ៍ទាំងនោះ។
អ្នកស្រីបានបន្ថែមថា៖ «ប៉ុន្តែផ្ទុយទៅវិញ ចិនបានរក្សានិងពង្រីកវិធីសាស្ត្របែបដឹកនាំដោយរដ្ឋនិងមិនតាមបែបទីផ្សារ ចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្ម [របស់ខ្លួន]»។
អ្នកស្រីបានបញ្ជាក់ទៀតថា៖ «វាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ដើម្បីសម្រេចឲ្យបានតាមវិធីសាស្ត្រនេះ ចិនបានធ្វើគោលនយោបាយនិងអនុវត្តផ្ទុយទៅនឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក និងបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកធ្វើការនិងអាជីវកម្មនានានៅជុំវិញពិភពលោក ជាពិសេសនៅក្នុងឧស្សាហកម្មណាដែលជាទិសដៅរបស់ផែនការឧស្សាហកម្មរបស់ចិន»។
សហរដ្ឋអាមេរិកបានរិះគន់ជាយូរមកហើយចំពោះការអនុវត្តរបស់ចិន ដូចជាការជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិនដល់ក្រុមហ៊ុនសាធារណៈជាដើម។
រដ្ឋាភិបាលចិនក៏បានរងការចោទប្រកាន់ផងដែរថាបានលួចកម្មសិទ្ធិបញ្ញានិងបានបង្ខំឲ្យផ្ទេរវិធីសាស្ត្រនិងបច្ចេកវិទ្យារបស់ក្រុមហ៊ុនបរទេសមកឲ្យខ្លួនដើម្បីជាថ្នូរនឹងការផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុនបរទេសទាំងនោះចូលទីផ្សារចិន។
វិធីអនុវត្តរបស់ចិនទាំងអស់នេះត្រូវបានអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើកឡើង នៅពេលដែលលោកបានចាប់ផ្តើមធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងចិននៅឆ្នាំ ២០១៨៕