ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាមេរិក​ថ្កោលទោស​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​នៅក្នុង​ការ​ទទួល​ស្គាល់​ខេត្ត​ផ្ដាច់ខ្លួន​ពីរ​របស់​អ៊ុយក្រែន


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ចូលរួម​នៅ​ក្នុង​សន្និសីទ​​រដ្ឋមន្ត្រី​ការបរទេស​ក្រុម​ប្រទេស Quad នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ (Hamish Blair)

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ខ្លាំងក្លា​លើ​សំណើ​របស់​រដ្ឋសភា​ប្រទេស​រុស្ស៊ី​ដែល​មាន​បំណង​ទទួលស្គាល់​តំបន់​ផ្តាច់​ខ្លួន​ពីរ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា​រដ្ឋ​ឯករាជ្យ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ចំណាត់ការ​បែប​នេះ​នឹង «រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ»។

កាលពី​ថ្ងៃ​អង្គារ រដ្ឋសភា​ប្រទេស​រុស្ស៊ី​បាន​បោះឆ្នោត​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី Vladimir Putin ទទួល​ស្គាល់​តំបន់​ផ្ដាច់​ខ្លួន​ពីរ​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ថា​ជា «រដ្ឋ​អធិបតេយ្យ​និង​ឯករាជ្យ»។

ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​អំពី​ការ​បង្កើន​កម្លាំង​កងទ័ព​របស់​រុស្ស៊ី​នៅតាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន។

ដោយ​យោង​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ជា​ប្រវត្តិសាស្ត្រ​ឆ្នាំ ២០១៤ ដែល​មាន​បំណង​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន លោក Blinken បាន​បញ្ជាក់​ថា៖ «ប្រសិនបើ​រដ្ឋាភិបាល​រុស្ស៊ី​ឯកភាព​តាម​សំណើ​នេះ នោះ​វា​មាន​ន័យ​ថា វា​ស្មើ​នឹង​ការ​ជំទាស់​ទាំងស្រុង​របស់​រុស្ស៊ី​លើ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ទីក្រុង​មីនស្កិ៍»។

លោក Blinken បាន​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​រុស្ស៊ី​សម្រេច​បែប​នេះ នោះ​វា​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ «នៅក្នុង​ការ​បន្ត​ចូលរួម​ក្នុង​ផ្លូវ​ការទូត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នេះ​ដោយ​សន្តិវិធី និង​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​និង​ម៉ឺងម៉ាត់​ពី​សហរដ្ឋ​អាមេរិក​ក្រោម​កិច្ច​សម្របសម្រួល​ពេញលេញ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក»៕

XS
SM
MD
LG