នៅទីក្រុងឡូវែល ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាង៣ម៉ឺននាក់រស់នៅ ក្រុមប្រឹក្សាក្រុងនេះ កំពុងប្រឈមនឹងពាក្យបណ្តឹងទាក់ទងនឹងប្រព័ន្ធបោះឆ្នោត ដែលត្រូវបានចោទថារើសអើងលើក្រុមសហគមន៍ជនជាតិភាគតិច។
ស្របពេលជាមួយគ្នានោះ ក្រុមប្រឹក្សាក្រុងនេះបានបង្កើតអនុគណៈកម្មាធិការពិសេសមួយ ដើម្បីស្វែងរកដំណោះស្រាយតាមវិធីផ្ទៃក្នុង លើការទាមទារឲ្យមានការផ្លាស់ប្តូរប្រព័ន្ធដឹកនាំរដ្ឋាភិបាលក្នុងក្រុង ដែលត្រូវបានចោទសួរមួយផ្នែកនៅក្នុងពាក្យបណ្តឹងនេះដែរ។
ចំនួនពលរដ្ឋអាមេរិកាំងមកពីសហគមន៍ជនជាតិភាគតិចនៅទីក្រុងឡូវែល គឺស្ទើរតែស្មើនឹងចំនួនពលរដ្ឋអាមេរិកាំងស្បែកស គឺ៤៩.២ភាគរយនៃជនជាតិភាគតិច និង៥០ភាគរយនៃពលរដ្ឋអាមេរិកាំងស្បែកស។ ដូច្នេះ ការមានតំណាងដឹកនាំដែលមកពីសហគមន៍ជនជាតិភាគតិចពិតជាសំខាន់សម្រាប់សហគមន៍នេះ និងសម្រាប់មុខមាត់នៃទីក្រុងនេះ ដែលមានមោទនភាពលើភាពចម្រុះពូជសាសន៍។
ក៏ប៉ុន្តែ មេដឹកនាំក្រុងនេះ រួមមានក្រុមប្រឹក្សាក្រុងដែលមានសមាជិក៩នាក់ និងគណៈកម្មាធិការសាលារៀនដែលមានសមាជិក៦នាក់ គឺសុទ្ធតែជាពលរដ្ឋអាមេរិកាំងស្បែកស។
នាពេលបច្ចុប្បន្ននេះ សមាជិកនៃសហគមន៍ជនជាតិភាគតិចមួយចំនួន កំពុងតែទាមទារឲ្យមានការផ្លាស់ប្តូរជួរអ្នកដឹកនាំក្រុង។ ពួកគេបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធ ដោយចោទប្រកាន់ក្រុមអ្នកដឹកនាំក្រុងថា បន្តអនុវត្តប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬហៅថា At-Large ដែលប៉ះពាល់ដល់សំឡេងបោះឆ្នោតរបស់ក្រុមជនជាតិភាគតិច និងបង្កជាឧបសគ្គនានាដល់ភាពជោគជ័យនៃការឈរឈ្មោះបោះឆ្នោតរបស់បេក្ខជនមកពីសហគមន៍ជនជាតិភាគតិច។
នៅថ្ងៃទី១៧ ខែតុលាសប្តាហ៍ក្រោយនេះ សវនាការមួយស្តីពីបណ្តឹងនេះ នឹងបើកដំណើរការជាលើកដំបូង ក្រោយពេលដែលសហគមន៍ជនជាតិភាគតិចបានដាក់ពាក្យបណ្តឹងតាំងពីខែឧសភាមក។ តុលាការសហព័ន្ធសហរដ្ឋអាមេរិក នៅទីក្រុង Boston នឹងសម្រេចថា តើត្រូវច្រានចោលការស្នើសុំរបស់ក្រុមប្រឹក្សាក្រុង ឲ្យតុលាការនេះច្រានចោលពាក្យបណ្តឹងរបស់សហគមន៍ជនជាតិភាគតិចឬក៏យ៉ាងណា។
ស្របពេលដែលក្រុមប្រឹក្សាក្រុងបន្តរឿងក្តីក្តាំជាមួយនឹងសហគមន៍ជនជាតិភាគតិចនៅទីក្រុងឡូវែល ក្រុមប្រឹក្សាក្រុងនេះក៏បានបង្កើតអនុគណៈកម្មាធិការពិសេសមួយ ដើម្បីស្វែងរកដំណោះស្រាយតាមវិធីផ្ទៃក្នុង លើការចង់ឲ្យមានការផ្លាស់ប្តូរប្រព័ន្ធដឹកនាំក្រុង និងការទាមទារឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬ At Large ដែលត្រូវបានចោទនៅក្នុងពាក្យបណ្តឹងនេះ។ រហូតមកដល់ពេលនេះ អនុគណៈកម្មាធិការពិសេសនេះ បានធ្វើកិច្ចប្រជុំពិភាក្សាសាធារណៈចំនួនពីរលើក លើកទីមួយ គឺបានធ្វើឡើងកាលពីខែសីហា និងលើកទីពីរ គឺកាលពីខែកញ្ញា។
លោក James Leary សមាជិកក្រុមប្រឹក្សាក្រុងម្នាក់ និងជាសមាជិកម្នាក់នៃអនុគណៈកម្មាធិការពិសេសនេះ បានប្រាប់ VOA ថា កិច្ចការរបស់អនុគណៈកម្មាធិការពិសេសនេះ គឺដើម្បីពិភាក្សាគ្នាជាសាធារណៈជាមួយនឹងអ្នកជំនាញ និងពលរដ្ឋក្នុងក្រុង ក្នុងការស្វែងរកដំណោះស្រាយរួមគ្នាមួយ ថាតើ ត្រូវផ្លាស់ប្តូរប្រព័ន្ធដឹកនាំក្រុងឬក៏យ៉ាងណា។ នេះក៏មានន័យថា តើត្រូវផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតក្នុងក្រុងឬក៏យ៉ាងណា។
តាមការយល់ឃើញផ្ទាល់ខ្លួន លោក Leary បានលើកឡើងថា ទីក្រុងឡូវែលគួរតែមានប្រព័ន្ធបោះឆ្នោតចម្រុះ ដោយរួមមានការបោះឆ្នោតទូទាំងក្រុង និងតាមតំបន់ និងប្រព័ន្ធដឹកនាំរដ្ឋាភិបាលមួយ ដែលអនុញ្ញាតឲ្យពលរដ្ឋមានលទ្ធភាពជ្រើសរើសចៅហ្វាយក្រុងដោយខ្លួនឯង។
លោកបានមានប្រសាសន៍ថា៖ «វាជាជម្រើសល្អប្រសើរសម្រាប់យើង និងពលរដ្ឋនៅក្នុងក្រុង ឲ្យមាន[ប្រព័ន្ធបោះឆ្នោត] ដែលបញ្ជូលតំណាងតាមសហគមន៍នៅក្នុងជួរអ្នកដឹកនាំ និងប្រព័ន្ធបោះឆ្នោតទូទាំងក្រុង។ ហើយវាក៏ជាជម្រើសល្អប្រសើរមួយ ដែលពលរដ្ឋក្នុងក្រុងអាចបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងដោយផ្ទាល់បាន»។
សព្វថ្ងៃនេះ ទីក្រុងឡូវែល ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរចំនួនជាង៣ម៉ឺននាក់រស់នៅ កំពុងអនុវត្តប្រព័ន្ធរដ្ឋាភិបាលមួយដែលមានឈ្មោះថា Plan E។ តាមរយៈប្រព័ន្ធរដ្ឋាភិបាលនេះ ពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង និងគណៈកម្មាធិការសាលារៀន ហើយក្រុមប្រឹក្សាក្រុង ជាអ្នកជ្រើសរើសចៅហ្វាយក្រុង។
បន្ថែមលើនេះ តាមប្រព័ន្ធនេះ ការបោះឆ្នោត គឺធ្វើឡើងទូទាំងក្រុង មានន័យថា បេក្ខជនឈរឈ្មោះត្រូវធ្វើយុទ្ធនាការស្វែងរកសំឡេងគាំទ្រនៅទូទាំងក្រុង។ បេក្ខជនណាដែលទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ និងខ្ពស់តាមលេខរៀងជាបន្តបន្ទាប់ នឹងទទួលបានអាសនៈចំនួន៩ នៅសាលាក្រុង និងអាសនៈចំនួន៦ នៅក្នុងគណៈកម្មាធិការសាលារៀន។
តាមការពិភាក្សាដែលអនុគណៈកម្មាធិការពិសេសបានរៀបចំឡើងនាពេលកន្លងមក មតិសាធារណៈមួយចំនួនចង់រក្សាប្រព័ន្ធរដ្ឋាភិបាលដដែល ក៏ប៉ុន្តែ មតិសាធារណៈមួយចំនួនទៀត ចង់ឲ្យមានប្រព័ន្ធបោះឆ្នោតចម្រុះរវាងប្រព័ន្ធបោះឆ្នោតទូទាំងក្រុង (at-large) និងប្រព័ន្ធបោះឆ្នោតតាមតំបន់ (district representation)។ នេះបើតាមការប៉ាន់ស្មានរបស់លោក Leary។
លោកបានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះអនុគណៈកម្មាធិការពិសេស នឹងផ្តល់សេចក្តីណែនាំមួយចំនួន ដល់ក្រុមប្រឹក្សាក្រុងទាក់ទងនឹងដំណោះស្រាយលើប្រព័ន្ធដឹកនាំក្រុង ហើយសង្ឃឹមថា នឹងដាក់សេចក្តីសម្រេចជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងក្រុងបោះឆ្នោតសម្រេច នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសសមាជិកតំណាងរាស្ត្រក្នុងរដ្ឋ ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
នៅពេលសួរថាតើ ការចាត់វិធានការរបស់អនុគណៈកម្មាធិការពិសេសនេះ ធ្វើឡើងជាបន្តបន្ទាប់ ដោយសារតែសម្ពាធនៃពាក្យបណ្តឹងរបស់សហគមន៍ជនជាតិភាគតិចឬយ៉ាងណានោះ លោក James Leary បានអះអាងថា កិច្ចការរបស់អនុគណៈកម្មាធិការពិសេសនេះ គឺធ្វើឡើងដោយសារតែវាជាជម្រើសល្អ ហើយកិច្ចការនេះមិនមានពាក់ព័ន្ធនឹងពាក្យបណ្តឹងនៅតុលាការសហព័ន្ធនោះទេ។
កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅនេះ ក្រុមប្រឹក្សាក្រុងបានឆ្លើយតបជាលើកដំបូងលើពាក្យបណ្តឹងរបស់សមាជិកនៃសហគមន៍ជនជាតិភាគតិចក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត ដោយស្នើឲ្យតុលាការសហព័ន្ធច្រានចោលពាក្យបណ្តឹងនោះចោល។
លោក Oren Sellstrom មេធាវីម្នាក់នៃដើមបណ្តឹង និងជានាយកផ្នែកបណ្តឹងវិវាទនៃគណៈកម្មាធិការមេធាវីដើម្បីសិទ្ធិពលរដ្ឋ និងយុត្តិធម៌ខាងសេដ្ឋកិច្ច បានប្រាប់ VOA ថា ការឆ្លើយតបរបស់ក្រុមប្រឹក្សាក្រុងឡូវែល មិនមែនជាការភ្ញាក់ផ្អើលនោះទេ។
មេធាវីជនជាតិអាមេរិកាំងរូបនេះបានលើកឡើងថា ការអះអាងរបស់ក្រុមប្រឹក្សាក្រុងក្នុងការស្នើសុំឲ្យតុលាការច្រានចោលពាក្យបណ្តឹងនេះ គឺមិនមានមូលដ្ឋានច្បាស់លាស់ ហើយលោកសង្ឃឹមថា នៅក្នុងដំណើរការសវនាការនៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ ចៅក្រមនឹងសម្រេចសេចក្តីច្រានចោលការស្នើសុំរបស់ក្រុមប្រឹក្សាក្រុង។
លោក Sellstrom បានប្រាប់ VOA ថា៖ «នៅពេលដែលយើងឈានដល់ដំណើរការកាត់សេចក្តីពេញអង្គ ក្រុមមេធាវីរបស់យើងមានជំនឿទុកចិត្តក្នុងការអះអាងថា [នៅទីក្រុងឡូវែល] មានតំបន់ដែលត្រូវការប្រព័ន្ធបោះឆ្នោតតាមសហគមន៍»។
ទីក្រុងឡូវែល ដែលពលរដ្ឋជនជាតិភាគតិចមានចំនួនស្ទើរតែស្មើនឹងជនជាតិអាមេរិកាំងស្បែកស មានមោទនភាពលើភាពចម្រុះពូជសាសន៍របស់ក្រុង។
ក៏ប៉ុន្តែ លោក Sellstrom បានចោទសួរថា តើមេដឹកនាំក្រុងនេះមានបំណងចង់មានប្រព័ន្ធបោះឆ្នោតមួយ ដែលបង្ហាញពីភាពចម្រុះពូជសាសន៍នៃជួរអ្នកដឹកនាំរដ្ឋាភិបាល ឲ្យដូចគ្នានឹងលក្ខណៈប្រជាសាស្ត្ររបស់ខ្លួនឬក៏យ៉ាងណា។
នេះគឺជាសំណួរមួយ ដែលមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយទេ៕