ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ជនជាតិ​ភាគតិច​នៅ​ទីក្រុង​ឡូវែលប្រឈមបញ្ហាខ្វះតំណាងជាអ្នកដឹកនាំ


លោក នួន វាសនា ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ បានក្លាយជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល ក្រោយពេលដែលលោកបានជាប់ឆ្នោតកាលពីឆ្នាំ២០១១។ (រូបថតដកស្រង់ពីហ្វេសប៊ុក)
លោក នួន វាសនា ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ បានក្លាយជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល ក្រោយពេលដែលលោកបានជាប់ឆ្នោតកាលពីឆ្នាំ២០១១។ (រូបថតដកស្រង់ពីហ្វេសប៊ុក)

ទីក្រុង​ឡូវែល ដែល​ជា​តំបន់​សិប្បកម្ម​ដ៏​ធំ​មួយ​នៃ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នៅក្នុង​អំឡុង​បដិវត្ត​ឧស្សាហកម្ម កំពុង​ប្រឈម​បញ្ហា​ភាព​ស្មើគ្នា​នៃ​តំណាង​ជា​អ្នក​ដឹកនាំ នៅពេល​ដែល​ចំនួន​ប្រជាជន​សរុប​របស់​ទីក្រុង​នេះ​មួយ​ភាគធំ​គឺ​ជា​ប្រជាពលរដ្ឋ​ជនជាតិ​ភាគតិច។

ក្រុមប្រឹក្សា​ក្រុង​ឡូវែល និង​គណៈកម្មាធិការ​សាលារៀន​ប្រចាំ​ទីក្រុង​នេះ​នៃ​រដ្ឋ​ម៉ាសាឈូសេត មិន​មាន​សមាជិក​ដែល​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​ឡើយ។ ថ្មីៗ​នេះ ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​ចំនួន​១៣នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​សហព័ន្ធ ដោយ​អះអាង​ថា ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ​ហៅ​ថា at-large បង្ក​ឲ្យ​មាន​ការ​រើសអើង​មក​លើ​សមាជិក​ជនជាតិ​ភាគតិច​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល និង គណៈកម្មាធិការ​សាលារៀន​ប្រចាំ​ទីក្រុង​នេះ។

ទីក្រុង​ឡូវែល ដែល​ជា​តំបន់​សិប្បកម្ម​ដ៏​ធំ​មួយ​នៃ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) នៅក្នុង​អំឡុង​បដិវត្ត​ឧស្សាហកម្ម កំពុង​ប្រឈម​បញ្ហា​ភាពមិន​ស្មើគ្នា​នៃ​តំណាង​ជា​អ្នក​ដឹកនាំ នៅពេល​ដែល​ចំនួន​ប្រជាជន​សរុប​របស់​ទីក្រុង​នេះ​មួយ​ភាគធំ​គឺ​ជា​ប្រជាពលរដ្ឋ​ជនជាតិ​ភាគតិច។

ទោះ​ជា​ប្រជាពលរដ្ឋ​ជនជាតិ​ភាគតិច​ ដែល​មាន​កំណើត​មក​ពី​តំបន់​អាស៊ី ​អាមេរិកាំង​ឡាទីន និង​អារិកាំង​ស្បែក​ខ្មៅ មាន​ចំនួន​ស្ទើរ​តែ​ស្មើ​នឹង​ប្រជាពលរដ្ឋ​អាមេរិក​ស្បែកស​ក្តី ក៏​សមាជិក​ទាំង​ប្រាំបួន​នាក់​នៃ​ក្រុមប្រឹក្សា​ក្រុង និង​សមាជិក​ទាំង​ប្រាំមួយ​នាក់​នៃ​គណៈកម្មាធិការ​សាលារៀន គឺ​សុទ្ធ​តែ​ជា​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស​ទាំងអស់។ ការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ពី​សំណាក់​សហគមន៍​ជនជាតិ​ភាគតិច។

ជាក់ស្តែង កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ដើម​បណ្តឹង​ចំនួន​១៣នាក់ ដែល​មក​ពី​សហគមន៍​អាមេរិកាំង​ដើម​កំណើត​អាស៊ី និង​អាមេរិកាំង​ឡាទីន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​សហព័ន្ធ ដោយ​អះអាង​ថា ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ​ហៅ​ថា at-large បង្ក​ឲ្យ​មាន​ការ​រើសអើង​មក​លើ​សមាជិក​ជនជាតិ​ភាគតិច​ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជនសម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល និង គណៈកម្មាធិការ​សាលារៀន​ប្រចាំ​ទីក្រុង​ឡូវែល។

ពាក្យ​បណ្តឹង​នោះ «‍ស្នើ​សុំ​ឲ្យ​តុលាការ​សហព័ន្ធ​សម្រេច​ថា ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះ ​រំលោភ​បំពាន​លើ​កថាខណ្ឌ​ទី២​នៃ​ច្បាប់​ស្តី​ពី​សិទ្ធិ​បោះឆ្នោត ហើយ​បង្គាប់​ឲ្យ​ទីក្រុង​នេះ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ដែល​មិន​រារាំង​សំឡេង​បោះឆ្នោត​របស់​សហគមន៍​ជនជាតិ​ភាគតិច»។ នេះ​បើ​យោង​តាម​លោក Oren Sellstrom ប្រធាន​បណ្តឹង​វិវាទ​នៃ​ក្រុម​មេធាវី​របស់​គណៈកម្មាធិការ​សិទ្ធិ​ពលរដ្ឋ និង​យុត្តិធម៌​សេដ្ឋកិច្ច។

លោក Sellstrom បាន​ប្រាប់ VOA ថា៖ «‍ការ​គ្មាន​តំណាង​នេះ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដ៏​ធំធេង​លើ​សហគមន៍​ដែល​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​មិន​ត្រូវបាន​អើពើ» ហើយ​បញ្ហា​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ឱកាស​ការងារ​ដល់​ក្រុម​ជនជាតិ​ភាគតិច​ដែល​មិន​មាន​តំណាង​ជា​អ្នក​ដឹកនាំ​ផង​ដែរ។

ក្រាហ្វិកបង្ហាញពីតំណាងសមាជិកនៃក្រុមប្រឹក្សាក្រុងឡូវែលផ្អែក​តាមក្រុមពូជសាសន៍ ធៀបនឹងចំនួនប្រជាពលរដ្ឋក្នុងក្រុងផ្អែកតាមក្រុមពូជសាសន៍សម្រាប់ឆ្នាំ២០១៥។ (រូបថតដកស្រង់)
ក្រាហ្វិកបង្ហាញពីតំណាងសមាជិកនៃក្រុមប្រឹក្សាក្រុងឡូវែលផ្អែក​តាមក្រុមពូជសាសន៍ ធៀបនឹងចំនួនប្រជាពលរដ្ឋក្នុងក្រុងផ្អែកតាមក្រុមពូជសាសន៍សម្រាប់ឆ្នាំ២០១៥។ (រូបថតដកស្រង់)

ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​រារាំងតំណាងអ្នកដឹកនាំនៃក្រុមជនជាតិភាគតិច

ទីក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាឈូសេត ដែល​មាន​ចំនួន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ច្រើន​ជាង​គេ​ទី២​បន្ទាប់​ពី​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា បាន​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ​ at large កាលពី​ឆ្នាំ​១៩៥៧ បន្ទាប់​ពី​ទីក្រុង​នេះ​បាន​បោះបង់​ចោល​ប្រព័ន្ធ​បោះឆ្នោត​តាម​សង្កាត់ ដែល​តម្រូវ​ឲ្យ​បេក្ខជន​ឈរឈ្មោះ​ធ្វើ​យុទ្ធនាការ​នៅក្នុង​តែ​សង្កាត់​របស់​ខ្លួន និង​ប្រកួត​ជាមួយ​បេក្ខជន​ផ្សេង​ទៀត​សម្រាប់​តំណែង​ជា​អ្នក​ដឹកនាំ​ក្នុង​សង្កាត់​នោះ​តែ​ប៉ុណ្ណោះ។

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុងនេះ បាន​ប្រឈម​ការ​រិៈគន់​ជា​បន្តបន្ទាប់ ដោយសារ​តែ​ប្រព័ន្ធ​បោះឆ្នោត​នេះ​ តម្រូវ​ឲ្យ​បេក្ខជន​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​ពូជសាសន៍ខុសៗ​គ្នា ប្រកួត​យក​សំឡេង​បោះឆ្នោត​នៅ​ទូទាំង​ក្រុង។

លោក មុំ រ៉ាឌី ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដំបូង​គេ​បង្អស់​ដែល​បាន​ជាប់​ជា​តំណាងរាស្រ្ត​ប្រចាំ​សង្កាត់១៨ Middlesex នៅទីក្រុង​ឡូវែល​នៃ​រដ្ឋ​ម៉ាសាឈូសេត បាន​ប្រាប់ VOA កាលពី​ខែ​សីហា​កន្លង​ទៅ​នេះ​ថា តាម​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះ បេក្ខជន​ដែល​មាន​លទ្ធភាព​រៃអង្គាស​ថវិកា​ធ្វើការ​ឃោសនា​បាន​ច្រើន អាច​ទទួល​បាន​ជ័យ​ជម្នះ​នៅក្នុង​ការ​បោះឆ្នោត។ ​ការណ៍​នេះ​បង្អាក់​ជំនឿ​ទុកចិត្ត​របស់​បេក្ខជន​ដែល​ខ្វះខាត​ខាង​ថវិកា ក្នុងការ​ប្រកួត​ប្រជែង​យក​សំឡេង​គាំទ្រ។

«‍ទី១ ថវិកា​មិន​គ្រប់គ្រាន់។ បើ​យើង​មិន​មាន​ថវិកា​ដែល​យើង​រៃរក​ខ្លួន​ឯង ចេញ​ទៅ​ផ្សាយ​គ្រប់​សម្ព័ន្ធ​ទាំង​អស់។ បើ​យើង​ថវិកា​អត់គ្រប់គ្រាន់ គឺ​មិន​អាច​ធ្វើ​កើត​ទេ។ អីចឹង បាន​ថា​យើង​មាន [កត្តា​ប្រឈម] ពីរ​យ៉ាង៖ តើ​មាន​អ្នក​គាំទ្រ​យើង​ប៉ុន្មាន​នាក់ ហើយ​ថវិកា​យើង ដែល​យើង​រក​មក​ហ្នឹង បាន​គ្រប់គ្រាន់​ឬ​ទេ»។

ជាក់ស្តែង បញ្ហា​ដែល​លោក មុំ រ៉ាឌី បាន​លើក​ឡើង​នេះ កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ឡូវែល។ ទីក្រុង​នេះ​មាន​ចំនួន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​១១០.៥៥៨នាក់ ដែល​ជាង​៥១ភាគរយ​ជា​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស និង​ជិត​៤៩ភាគរយ​ជា​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ដើម​កំណើត​អាស៊ី ឡាទីន និង​អាហ្វ្រិក​ជាដើម។ នេះ​បើ​យោង​តាម​ការិយាល័យ​ជំរឿន​ពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក។

អ្នកនាង Lianna Kushi ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតជប៉ុន គឺជាជាដើមបណ្តឹងម្នាក់។
អ្នកនាង Lianna Kushi ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតជប៉ុន គឺជាជាដើមបណ្តឹងម្នាក់។

ក្នុង​ចំណោម​សមាជិក​ទាំង​ប្រាំបួន​នាក់​នៃ​ក្រុម​ប្រឹក្សា​ទីក្រុង​ឡូវែល សមាជិក​ប្រាំមួយ​នាក់ គឺ​ជា​តំណាង​មកពី​តំបន់ Belvidere ដែល​សម្បូរ​ទៅ​ដោយ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​ជា​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស។ ប្រាក់​ចំណូល​ជា​មធ្យម​ទូទៅ​នៅ​តំបន់ Belvidere នេះ មាន​ចំនួន ៦៨.៦១៨​ដុល្លារ ច្រើន​ជាង​ចំណូល​ជា​មធ្យម​ទូទៅ​នៃ​ទីក្រុង​ឡូវែល​ទាំង​មូល ដែល​មាន​ចំនួន ៤៧.៧២៧ដុល្លារ ​សម្រាប់​ឆ្នាំ​២០១៥។

អ្នក​នាង Lianna Kushi ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ជប៉ុន ដែល​បាន​រស់នៅ​ទីក្រុង​ឡូវែល​ ជាង​១០ឆ្នាំ​មក​នេះ គឺជា​ដើម​បណ្តឹង​ម្នាក់។ អ្នកនាង​យល់​ថា ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះ មាន​លក្ខណៈ​រើសអើង ហើយ​ថា ទីក្រុង​ឡូវែល​ត្រូវតែ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​នេះ។

«‍ខ្ញុំ​ជឿ​ថា ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះ​ មិនមាន​លក្ខណៈ​ស្មើភាព​គ្នា ហើយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​គ្រប់រូប​អាច​ក្លាយ​ជា​តំណាង​នៅ​ក្នុង​ក្រុមប្រឹក្សា​ក្រុង និង​គណៈកម្មាធិការ​សាលារៀន​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ចូលរួម​ក្នុង​ពាក្យ​បណ្តឹង​នេះ»។

សមាជិក​ក្រុមប្រឹក្សាក្រុងច្រានចោលការអះអាងរបស់ក្រុមជនជាតិភាគតិច

ក៏ប៉ុន្តែ លោក James Leary ដែល​ជាសមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល និង​ជា​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ស អះអាង​ថា ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​ មិនមែន​ជា​បញ្ហា​បង្ក​ឲ្យ​មាន​ការ​ខ្វះតំណាង​ជា​អ្នក​ដឹកនាំ​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​នោះទេ។ បញ្ហា​នេះ​គឺ​មក​ពី​បេក្ខជន​ខ្លួន​ឯង។

លោក Leary បាន​លើក​ឡើង​ថា «‍បេក្ខជន​ដែល​ឈរឈ្មោះ​ទាំង​នោះ ត្រូវតែ​ខំ​ធ្វើការងារ​ច្រើន ដើម្បី​ឈ្នះឆ្នោត»។ លោក Leary បាន​បម្រើ​ការងារ​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​សាលារៀន​ប្រចាំ​ទីក្រុង​ឡូវែល​អស់​រយៈពេល​ជិត​១០ឆ្នាំ ហើយ​លោក​ទើប​តែ​បាន​ឈ្នះ​ការ​បោះឆ្នោត​ក្លាយ​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​នៅ​ឆ្នាំ២០១៦​នេះ។

លោក Leary ក៏​បាន​បន្ថែម​ទៀត​ថា់៖ «‍ខ្ញុំ​យល់​ថា បេក្ខជន​ភាគ​ច្រើន​ដែល​ឈរ​ឈ្មោះ មិន​ចង់​ចំណាយ​ពេល និង​ខំ​ប្រឹងប្រែង​ខ្លាំង ដើម្បី​ជាប់ឆ្នោត​នោះ​ទេ»។

លោក នួន វាសនា ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ បាន​ខិតខំ​ប្រឹងប្រែង​រក​សំឡេង​ឆ្នោត។ លោក​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ជា​លើក​ទី១ កាលពី​ឆ្នាំ​២០១០ ហើយ​លោក​បាន​ទទួល​ជ័យជម្នះ។ ក៏ប៉ុន្តែ លោក នួន វាសនា បាន​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ តែ​លោក​មិន​បាន​ទទួល​ជ័យ​ជម្នះ​ឡើយ។ ប៉ុន្តែ លោក​នៅ​តែ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត នៅ​ខែវិច្ឆិកា ឆ្នាំ២០១៧​នេះ។

បទពិសោធន៍​របស់​លោក នួន វាសនា ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​នៃ​ការ​ខ្វះខាត​តំណាង​ជា​អ្នក​ដឹកនាំ​ដែល​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​នៅ​ទីក្រុង​ឡូវែល​នេះ។ តាំង​ពី​ឆ្នាំ​១៩៩៩​មក សមាជិក​នៃ​សហគមន៍​ជនជាតិ​ភាគតិច​ចំនួន​បួន​នាក់​ប៉ុណ្ណោះ បាន​ក្លាយ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ក្រុង​ឡូវែល ដែល​មើល​ការ​ខុសត្រូវ និង​គ្រប់គ្រង​ការ​ចំណាយ​ក្នុង​ក្រុង។ មិនមាន​សមាជិក​ណាម្នាក់​នៃ​គណៈកម្មាធិការ​សាលារៀន គឺ​ជា​តំណាង​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​ឡើយ។

ក្រាហ្វិកបង្ហាញពីចំនួនប្រជាជនសរុបនៃទីក្រុងឡូវែលផ្អែកតាមក្រុមពូជសាសន៍ពីឆ្នាំ១៩៨០ដល់ឆ្នាំ២០១៥។ (រូបថតដកស្រង់)
ក្រាហ្វិកបង្ហាញពីចំនួនប្រជាជនសរុបនៃទីក្រុងឡូវែលផ្អែកតាមក្រុមពូជសាសន៍ពីឆ្នាំ១៩៨០ដល់ឆ្នាំ២០១៥។ (រូបថតដកស្រង់)

ទោះ​ជា​យ៉ាង​ណា​ក្តី លោក James Leary បាន​អះអាង​ថា សមាជិក​នៃ​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ឡូវែល ដោយ​មិន​ប្រកាន់​ពូជសាសន៍ និង​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​ឡើយ។

«‍ខ្ញុំ​មិន​ជឿ​ថា ប្រជា​ពលរដ្ឋ​មិន​ចង់​បោះឆ្នោត​ឲ្យ​បេក្ខជន​ ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ដោយ​សារ​តែ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះ​ទេ។ សូម​អ្នក​លើក​ឧទាហរណ៍​ដែល​ជា​ការពិត ដែល​អាច​បញ្ជាក់​ថា ខ្ញុំ​មិន​តំណាង​ឲ្យ​នរណា​ម្នាក់។ ខ្ញុំ​មិន​យល់​ថា ខ្ញុំ​មិន​តំណាង​ឲ្យ​នរណា​ម្នាក់​នោះ​ទេ ហើយ​ក៏​គ្មាន​ពលរដ្ឋ​ណា​ម្នាក់ មក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​តំណាង​ឲ្យ​ពួក​គេ​ដែរ»។

តាំង​ពី​ពាក្យ​បណ្តឹង​ត្រូវបាន​ដាក់​ចូល​តុលាការ​សហព័ន្ធ​នៅ​ថ្ងៃទី១៨ ខែ​ឧសភា​កន្លង​ទៅ​នេះ ក្រុម​ប្រឹក្សា​ទីក្រុង​ឡូវែល មិន​បាន​ធ្វើការ​ឆ្លើយតប​អ្វី​នោះ​ទេ។ ក៏ប៉ុន្តែ ប្រជា​ពលរដ្ឋ​ដែល​តាមដាន​លើ​បញ្ហា​នេះ ចង់​ឃើញ​ការ​សន្ទនា​គ្នា​មួយកើត​ឡើង។ VOA បាន​ទាក់ទង​ទៅ​ការិយាល័យ​ចៅហ្វាយ​ក្រុង​ឡូវែល គឺ​លោក Ed Kennedy ប៉ុន្តែ​លោក​ថា លោក​មិន​ទាន់​មាន​អ្វី​ឆ្លើយតប​នឹង​ពាក្យ​បណ្តឹង​នេះ​ទេ។

ការពិភាក្សាគ្នាដោយបើកចំហរ

លោក លាង ស៊ីដនី ប្រធាន​គម្រោង​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​នៃ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍​ឡូវែល ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ សង្ឃឹមថា​ «‍ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល នឹង​ពិភាក្សា​អំពី​ពាក្យ​បណ្តឹង​នេះ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង»។

លោក​បាន​លើក​ឡើង​ថា៖ «‍ដូច្នេះ ខ្ញុំ​ជឿជាក់​ថា តទៅ​មុខ​ទៀត ក្រោយ​ពេល​ការ​ពិភាក្សា​ជាមួយ​សាលាក្រុង និង​គណៈកម្មការ​មួយ​ចំនួន ដោយ​អាច​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​បាន ខ្ញុំ​ជឿជាក់​ថា សឹង​តែ​១០០ភាគរយ នឹង​មាន​បងប្អូន​ខ្មែរ​យើង ចូល​បម្រើ​សាលាក្រុង​ច្រើន​ជាង​លើក​មុន»។

លោក លាង ស៊ីដនី ជឿ​ថា ទីក្រុង​ឡូវែល គួរ​តែ​មាន​អ្នក​ដឹកនាំ​ដែល​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច ដោយសារ​ការណ៍​នេះ​ នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ពូជសាសន៍​ចម្រុះ​នៃ​ទីក្រុង​នេះ។

ជាមួយ​គ្នា​នោះ​ដែរ លោក James Leary សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា បើសិន​ជា​ប្រជាពលរដ្ឋ​ភាគច្រើន​ចង់​បាន​ការ​ផ្លាស់ប្តូរ​នេះ នោះ​ក្រុមប្រឹក្សា​ក្រុង​ នឹង​រៀបចំ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ដោយ​បើក​ចំហរ​អំពី​រឿង​នេះ។

ក៏​ប៉ុន្តែ អ្នកនាង Lianna Kushi បាន​ខក​ចិត្ត​លើ​ក្រុមប្រឹក្សា​ក្រុង​ឡូវែល ដោយសារ​តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​សហគមន៍​ជនជាតិ​ភាគតិច​ ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ទទួល​ស្គាល់​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ មិន​ត្រូវបាន​អើពើ។

អ្នកនាង​ Lianna Kushi បាន​បន្ថែម​ទៀត​ថា៖ «‍ដូច្នេះ បញ្ហា​នេះ​មិន​មែន​កើត​ឡើង​តែ​សម្រាប់​សហគមន៍​អាមេរិកាំង​អាស៊ី និង​អាមេរិកាំង​ឡាទីន​នោះ​ទេ។ នេះ​គឺជា​បញ្ហា​នៃ​ការ​ខ្វះខាត​សំឡេង​នៃ​ពលរដ្ឋ​គ្រប់រូប នៅក្នុង​ប្រព័ន្ធ​នយោបាយ។ បើ​សិន​ជា​យើង​មាន​តំណែង​ក្រុម​ប្រឹក្សា​ក្រុង​ចំនួន​ប្រាំបួន ហើយ​តំណែង​គណៈកម្មាធិការ​សាលារៀន​ចំនួន​ប្រាំមួយ នោះ​តំណែង​ទាំង​នោះ​ មិន​គួរ​តំណាង​ឲ្យ​តែ​ការ​ព្រួយបារម្ភ​របស់​សហរគមន៍​មួយ​ទេ»។

រូបឯកសារ៖ ស្ត្រីជរាម្នាក់​ដើរកាត់​ផ្លាក​សញ្ញាបោះឆ្នោតដែល​ភ្ជួរជាប់នឹង​របង​សាលារៀន​មួយ​នៅ​ទីក្រុងឡូវែល កាលពី​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ ស្ត្រីជរាម្នាក់​ដើរកាត់​ផ្លាក​សញ្ញាបោះឆ្នោតដែល​ភ្ជួរជាប់នឹង​របង​សាលារៀន​មួយ​នៅ​ទីក្រុងឡូវែល កាលពី​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។

កិច្ចផ្តួចផ្តើមឲ្យមានកំណែទម្រង់បរាជ័យនៅឆ្នាំ២០០៩

កាលពី​ឆ្នាំ២០០៩ ការ​ផ្តួចផ្តើម​ឲ្យ​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ទៅជា​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ​មួយ ដោយ​រួមមាន​ប្រព័ន្ធ​បោះឆ្នោត​តាម​សង្កាត់ និង​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​សម្រាប់​តំណែង​ទាំង​ប្រាំបួន​នៃ​ក្រុមប្រឹក្សា​ក្រុង​ឡូវែល​នេះ បាន​បរាជ័យ ដោយ​សារ​សំឡេង​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នេះ​មាន​ចំនួន ៥.១៣៦​សំឡេង តិច​ជាង​សំឡេង​ប្រឆំាង​ដែល​មាន​ចំនួន ៦.៧៨៦សំឡេង។ កាលពី​ដើម​ឆ្នាំ​២០១៦ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ម្នាក់ គឺ​លោក Rodney Elliott ក៏​បាន​ផ្តួចផ្តើម​សំណើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះ​ដែរ ក៏​ប៉ុន្តែ មិនមាន​សមាជិក​ផ្សេង​ទៀត​គាំទ្រ។

ពាក្យ​បណ្តឹង​ស្តី​ពី​សិទ្ធិ​បោះឆ្នោត​ ដែល​បាន​ដាក់​នៅ​តុលាការ​សហព័ន្ធ​នេះ កើត​ឡើង​ជាញឹកញាប់ ហើយ​ករណី​ភាគច្រើន​អ្នក​ដាក់​ពាក្យ​បណ្តឹង​ទទួល​បាន​ជ័យ​ជម្នះ។ ជាក់ស្តែង កាលពីខែ​សីហា ឆ្នាំ២០០៦ ពាក្យបណ្តឹង​ដូចគ្នា​នឹង​ពាក្យ​បណ្តឹង​នៅ​ទីក្រុង​ឡូវែល​នេះ បាន​នាំ​ឲ្យ​ក្រុមប្រឹក្សា​ក្រុង Springfield នៅ​រដ្ឋ​ម៉ាសាឈូសេត ផ្លាស់​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​របស់​ខ្លួន ទៅ​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​ចម្រុះ​ ដែល​រួមមាន​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង និង​ប្រព័ន្ធ​បោះឆ្នោត​តាម​សង្កាត់ នៅ​ឆ្នាំ​២០០៩។

ការ​ផ្លាស់ប្តូរ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង Springfield រដ្ឋ​ម៉ាសាឈូសេត​នេះ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៦០គីឡូម៉ែត្រ​ពី​ទីក្រុង​ឡូវែល បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​សហគមន៍​ជនជាតិ​ភាគតិច ដូចជា​លោក នួន​ វាសនា អតីត​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល។

លោក​ នួន វាសនា បាន​លើក​ឡើង​ថា៖ «‍អារឿង​ថា​ឈ្នះ វា​នឹង​ឈ្នះ​ហើយ ខ្ញុំ​ហ៊ាន​ភ្នាល់​ទៀត។ [វា​សំខាន់] ពេល​យូរ ហើយ​នឹង​ឆាប់​[តែប៉ុណ្ណោះ]»។

នៅ​ថ្ងៃទី២៧ ខែ​មិថុនា​ខាង​មុខ​នេះ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ទាំង​ប្រាំបួន​នាក់ នឹង​បើក​កិច្ច​ពិភាក្សា​មួយ​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក James Leary។ កិច្ច​ពិភាក្សា​នេះ អាច​នឹង​សម្រេច​ថា តើ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល គួរតែ​ប្តឹងតតាំង​នឹង​ដើម​បណ្តឹង ឬ​គួរ​តែ​បោះជំហាន​ទៅ​រក​ការ​បោះឆ្នោត​ប្រជាមតិ ដែល​អ្នក​បោះឆ្នោត​ជា​អ្នក​សម្រេច​ថា តើ​ទីក្រុង​ឡូវែល​គួរតែ​ផ្លាស់ប្តូរ​ ឬ​ក៏​បន្ត​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះ​តទៅ​ទៀត៕

XS
SM
MD
LG