នៅទូទាំងក្រុងខ្មែរ Cambodia Town ដែលជាសហគមន៍ជនអន្តោប្រវេសន៍ខ្មែរអាមេរិកាំងមួយ នៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក គេឃើញមានហាងអាជីវកម្មនិងទីតាំងជំនួញជាច្រើនកន្លែង។ ហាងអាជីវកម្មនិងទីតាំងជំនួញទាំងនោះគឺជាការរំឭកដល់អ្វីដែលបានកើតឡើងនៅយប់មួយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។
នៅពេលដែលកាមេរ៉ាព័ត៌មានថតយករូបភាពអ្នកដែលចូលលួចរបស់របរក្នុងហាង ដែលហាងខ្លះមានអ្នកចូលទៅលួចនៅគ្រប់ច្រកល្ហកនោះ លោក Rumpo Chim កំពុងស្ថិតនៅក្នុងហាងភីហ្សារបស់លោក ដោយមិនចេញទៅណាឡើយ ដើម្បីការពារហាងរបស់លោក។
លោកបានលើកឡើងក្នុងសម្ដីដើមថា៖ «វាជារឿងគួរអោយខ្លាចណាស់។ វាដូចជារឿងកុនដែលគេថតអញ្ចឹង។ មានអ្នកចង់លួចឥវ៉ាន់សម្រុកចូលមកពីខាងឆ្វេង ពីខាងស្តំា គឺពីគ្រប់ជ្រុងទាំងអស់។ ខ្ញុំត្រូវភ្ជង់កាំភ្លើងដាក់ពួកគេ។ ខ្ញុំបានប្រាប់ពួកគេទាំងនោះថា អ្នកឯងត្រូវចាកចេញឥឡូវនេះ»។
បន្ទាប់មកទៀត លោក Chim បានត្រឡប់ទៅផ្ទះវិញជាមួយនឹងបងថ្លៃស្រីរបស់លោកដែលជាម្ចាស់ហាងលក់គ្រឿងអលង្ការមួយនៅក្នុងអគារតែមួយ។ នៅពេលដែលលោកត្រឡប់មកហាងភីហ្សារបស់លោកវិញនៅយប់ដដែលនោះ ហាងរបស់លោកត្រូវបានគេវ៉ៃបំផ្លាញ ហើយហាងលក់គ្រឿងអលង្ការរបស់បងថ្លៃស្រីរបស់លោកក៏ត្រូវបានគេដុតឲ្យឆេះផងដែរ។
ការចូលលួចឆក់ប្លន់ក្នុងហាងនានាក្នុងក្រុងឡុងប៊ិច បានកើតឡើងនៅពេលដែលក្រុមជនជាតិផ្សេងៗនៅទូទាំងសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងតវ៉ានឹងករណីស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ឈ្មោះ George Floyd ដែលបានស្លាប់ក្នុងទីក្រុង Minneapolis នៅពេលដែលប៉ូលិសឃាត់ខ្លួនរូបគាត់។
មន្ត្រីប៉ូលិសស្បែកស លោក Derek Chauvin ត្រូវបានគេចោទប្រកាន់ពីបទឃាតកម្មដោយមិនមានការគិតទុកជាមុន បន្ទាប់ពីឃ្លីបវីដេអូមួយបានបង្ហាញថា មន្ត្រីប៉ូលិសរូបនេះ បានសង្កត់ជង្គង់របស់ខ្លួនទៅលើករបស់លោក Floyd អស់ពេលជិត៩នាទី ទោះបុរសស្បែកខ្មៅរូបនេះបានស្រែកថា ខ្លួនមិនអាចដកដង្ហើមរួចនោះទេ។ មន្រ្តីប៉ូលិសបីនាក់ផ្សេងទៀតនៅកន្លែងកើតហេតុ ក៏រងការចោទប្រកាន់ពីបទព្រហ្មទណ្ឌផងដែរ។ លោក Derek Chauvin ពីដំបូងឡើយរងបទចោទប្រកាន់អំពើឃាតកម្មដោយអចេតនា(កម្រិតទី៣) និងបទមនុស្សឃាតមិនមានការគិតទុកជាមុន(កម្រិតទីពីរ)តាមច្បាប់រដ្ឋ Minnesota។
នៅពេលដែលមនុស្សជាច្រើនធ្វើបាតុកម្មដោយសន្ដិវិធីប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងភាពអយុត្តិធម៌សង្គមនោះ មានក្រុមមនុស្សមួយចំនួនបានបំផ្លាញ និងចូលលួចទំនិញក្នុងហាងមួយចំនួន។ សម្រាប់លោក Chim និងអ្នករស់នៅក្នុងក្រុងខ្មែរ Cambodia Town អំពើហិង្សានេះ បានធ្វើឲ្យគេនឹកឃើញនូវការឈឺចាប់កាលពីអតីតកាល។
លោក Chim បាននិយាយទាំងខឹងសម្បារថា៖ «យើងបានរស់រានពីរបបខ្មែរក្រហម ហើយបានមករស់នៅទីនេះ ត្រូវបានគេវ៉ៃដំកាលពីនៅក្មេង មុននឹងធំដឹងក្តីក្នុងទឹកដីសហរដ្ឋអាមេរិកនេះ។ ពេលនេះ រឿងរ៉ាវទាំងនេះធ្វើអោយយើងនឹកឃើញរឿងទាំងអស់នោះឡើងវិញ»។
ជនអន្តោប្រវេសន៍ខ្មែរជាច្រើន ដែលធ្វើការនិងរស់នៅក្នុងក្រុងឡុងប៊ិច បានរត់គេចពីអំពើព្រៃផ្សៃក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងអំឡុងទសវត្ស១៩៧០។ ដូចពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិកជាច្រើននាក់ទៀតដែរ លោក Chim បានលើកឡើងថា ពលរដ្ឋខ្មែរអាមេរិកាំងក៏ប្រឈមនិងការរើសអើងពូជសាសន៍ដែរ នៅពេលដែលពួកគេបានមកដល់សហរដ្ឋអាមេរិក និងបានធ្វើការងាររាប់ទសវត្ស ដើម្បីស្តារជីវិតរបស់ពួកគេឡើងវិញ។
ដោយមានកូនតូចៗកំពុងរស់នៅក្នុងបន្ទុកផង លោក Chim និងភរិយារបស់លោក ជួបទុក្ខលំបាកដោយសារការបាត់បង់ចំណូលពីការបិទហាង ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។ ប៉ុន្តែគ្រាន់តែប្រទេសទាំងមូលចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញ ហាងជំនួញដែលកំពុងតែស្ថិតក្នុងដំណើរការយ៉ាប់យ៉ឺនស្រាប់ផងនោះ ក៏បានធ្លាក់ក្នុងកណ្តាប់ដៃក្រុមជនដែលបានចូលមកបំផ្លាញនិងឆក់ប្លន់ភ្លាមៗតែម្តង។
លោក Chim បាននិយាយក្នុងសម្ដីដើមថា៖ «មនុស្សគ្រប់គ្នាអាចនិយាយថា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ ឬ black lives matter» ចុះជីវិតរបស់ជនជាតិអាស៊ី ឬជីវិតរបស់អ្នកដទៃទៀតជាទូទៅតើយ៉ាងមេចដែរ? លោកបន្ថែមថា ជនជាតិភាគតិចដទៃទៀត ក៏បានឆ្លងកាត់នូវបទពិសោធន៍នៃការរើសអើងពូជសាសន៍និងភាពអយុត្តិធម៌ក្នុងសង្គមផងដែរ ដែលលោកថា លោកមិនចង់ឲ្យមានការបំភ្លេចចោលនោះទេ។
សម្រាប់លោក Chim ស្លាកស្នាមនៃអំពើអយុត្តិធម៌ បានប្រែក្លាយទៅជាអគារហាងជំនួញ ដែលកើតចេញពីការខិតខំប្រឹងប្រែងការងារអស់រយៈពេលរាប់ទសវត្ស ដែលក្រុមគ្រួសារសាច់ញាតិ របស់លោក បានប្រមូលធនធានដើម្បីបើកមុខរបរអាជីវកម្មរួមគ្នា។
ក្នុងអំឡុងទសវត្ស១៩៩០ លោក Charles Song ដែលជាពូថ្លៃរបស់លោក Chim ធ្លាប់ធ្វើជាម្ចាស់ហាងគ្រឿងអលង្ការក្នុងក្រុងខ្មែរ Cambodia Town ប៉ុន្តែឥឡូវនេះ ក្មួយស្រីរបស់លោកម្នាក់ជាអ្នកកាន់កាប់ហាងនេះវិញ។ លោក Charles Song បានឃើញផ្ទាល់នឹងភ្នែកនូវអំពើហិង្សាស្រដៀងគ្នាដែលបានកើតមានឡើងនៅឆ្នាំ១៩៩២ ដែលក្រោយមកមន្ត្រីប៉ូលិសទីក្រុង Los Angeles ចំនួន៤នាក់ ត្រូវបានតុលាការលើកលែងការចោទប្រកាន់ពីបទវាយធ្វើបាបពលរដ្ឋស្បែកខ្មៅម្នាក់ឈ្មោះ Rodney King។
លោក Charles Song ថ្លែងក្នុងសម្ដីដើមអំពីហេតុការណ៍កាលពីពេលនោះថា៖
«កាលហ្នឹងខ្ញុំនៅចាំច្បាស់។ ខ្ញុំមានកាំភ្លើង AK 47 ជាមួយមិត្តភក្ដិរបស់ខ្ញុំដែលមានកាំភ្លើងខ្លី។ យើងទាំងពីរនាក់ឈរនៅលើដំបូលត្រៀមលក្ខណៈជាស្រេច មិនមែនត្រៀមលក្ខណៈចាំបាញ់សម្លាប់អ្នកណាទេ គឺយើងត្រៀមលក្ខណៈដើម្បីការពារមិនឲ្យអ្នកណាម្នាក់ចូលមកគាស់កាយនៅហាងរបស់យើងបាន។ ពេលនោះយើងអាចការពារហាងរបស់យើងបាន»។
លោក Song បន្ថែមទៀតថា លោកយល់ពីអារម្មណ៍ខឹងសម្បាររបស់សហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក ពីប្រវត្តិអយុត្តិធម៌សង្គម និងអំពើឃោរឃៅប៉ូលិសប្រព្រឹត្តមកលើលោក Floyd។ លោកថា លោកគាំទ្រចំពោះការប្រឆាំងដើម្បីរកយុត្តិធម៌សង្គម ព្រោះអ្វីដែលបានកើតឡើងចំពោះលោក Floyd វាបានកើតឡើងចំពោះជនជាតិអាស៊ី ចំពោះជនជាតិខ្មែរ និងចំពោះជនជាតិភាគតិចដទៃផ្សេងៗទៀត។ វាគ្រាន់តែថា អ្វីដែលកើតឡើងចំពោះជនជាតិអាស៊ីប្រហែលជាមិនត្រូវបានគេដឹងតែប៉ុណ្ណោះ។
លោក Song បន្តទៀតថា លោកមិនយល់ថាហេតុអ្វីបានជាពួកគេគ្រប់គ្នា បានឆ្លៀតកេងចំណេញពីការប្រឆាំងតវ៉ានោះ ដោយប្រព្រឹត្តអំពើឧក្រិដ្ឋទៅវិញទេ។
លោកបន្ថែមក្នុងសម្ដីដើមទៀតថា៖ «ការប្រយុទ្ធដើម្បីយុត្តិធម៌សង្គមជារឿងមួយ ប៉ុន្តែទន្ទឹមនឹងនេះ មានមនុស្សមួយក្រុមផ្សេងទៀត បានឆ្លៀតឱកាសកេងចំណេញពីការតវ៉ារកយុត្តិធម៌សង្គម ដោយប្រែក្លាយសកម្មភាពនោះឲ្យទៅជាអំពើហិង្សានិងមានការឆក់ប្លន់ទៅវិញ។
លោកស្រី Laura Som នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលព្យាបាលជំងឺបាក់ស្បាតឈ្មោះ Maye Center បានចំណាយពេលជាច្រើនរបស់លោកស្រី ក្នុងការជួយដល់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ដើម្បីជួយឲ្យពួកគេមានស្ងប់ផ្លូវចិត្ត ចំពោះអ្វីដែលបានកើតមានទៅលើពួកគេក្នុងពេលកន្លងមក និងផ្តល់សំឡេងដល់ជនអន្តោប្រវេសន៍ក្នុងក្រុងខ្មែរ Cambodia Town។
អ្នកស្រីបានថ្លែងក្នុងសម្ដីដើមថា៖
«ខ្ញុំចង់បញ្ជាក់ថា យើងមិនបានបន្ទោសដល់អ្នកលួចឆក់ប្លន់ទាំងនោះថាជាដើមហេតុនោះទេ។ អ្នកស្រីបន្តថា «វាគឺជាប្រព័ន្ធសង្គមទៅវិញដែលជារឹសគល់នៃអំពើទាំងនោះ»។
ទន្ទឹមនឹងពេលដែលលោកស្រី Laura Som ជួយបោសសម្អាតកម្ទេចកម្ទីក្នុងហាងមិត្តភក្តិរបស់លោកស្រី លោកស្រីប្រាប់ថា លោកស្រីទទួលស្គាល់នូវរោគសញ្ញានៃជំងឺភ័យខ្លាចនេះ។
លោកស្រីនិយាយក្នុងសម្ដីដើមយ៉ាងដូចនេះថា៖ «ខ្ញុំដឹងថា អ្នកលួចឆក់ប្លន់ទាំងនោះមានការឈឺចាប់ ខ្ញុំដឹងថា ពលរដ្ឋក្នុងសហគមន៍របស់ខ្ញុំមានការឈឺចាប់ ហើយខ្ញុំដឹងថា សហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្រ្វិក ក៏មានការឈឺចាប់ដែរ»។
លោកស្រី Som បានអំពាវនាវដល់ក្រុមអ្នកចូលលួចប្លន់ទាំងនោះថា៖
«សូមកុំប្រើអំពើហិង្សា ដើម្បីបញ្ចប់នូវជំងឺបាក់ស្បាត។ លោកស្រីបន្ថែមថា៖ «យើងអាចទទួលបាននូវយុត្តិធម៌ដោយសន្តិវិធី»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ