ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​នរណា​នៅ​ពីក្រោយ​អំពើ​ហិង្សា​ពេល​មាន​បាតុកម្ម?


បាតុករ​ដុត​ភ្លើង​នៅ​មន្ទីរ​ប៉ូលិស Minneapolis កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។
បាតុករ​ដុត​ភ្លើង​នៅ​មន្ទីរ​ប៉ូលិស Minneapolis កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។

ពួក​មន្ត្រី​ខាង​ការ​ពង្រឹង​ច្បាប់​មាន​ជំនឿ​ថា​ មាន​ពួក​អ្នក​បង្ក​ហិង្សា​នៅ​ក្នុង​ចំណោម​ក្រុម​បាតុករ​អហិង្សា​​ ក៏​ប៉ុន្តែ​ពួក​គេ​ដឹង​មិន​ប្រាកដ​ថា​តើ​ពួក​ជន​ទាំង​នេះ​មាន​ឥទ្ធិពល​ច្រើន​បែប​ណា​ទេ។

បាតុកម្ម​នៅ​ពេល​ថ្ងៃ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​មិថុនា​នៅ​ទូទាំង​ស.រ.អា.​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ​ដោយ​ភាគ​ច្រើន។​ ពួក​បាតុករ​ទាំង​នេះ​មក​ពី​ក្រុម​ជន​ចម្រុះ​ពូជសាសន៍​ក្នុង​ស្រទាប់​វណ្ណៈ​ទាំង​អស់​ ទាំង​ចាស់​ទាំង​ក្មេង។ ​ក្រុម​បាតុករ​ទាំង​នេះ​មាន​រួម​បញ្ចូល​ពួក​ម្តាយ​ដែល​ព្រួយ​បារម្ភ​ថា ​អ្វី​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​លោក ​George Floyd ​អាច​កើត​មាន​ចំពោះ​កូន​ប្រុស​របស់​ពួកគេ។​ លោក ​George Floyd ​ដែល​ជា​បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​បាន​ស្លាប់​នៅ​ក្នុង​ការ​ចាប់​ខ្លួន​ដោយ​ពួក​ប៉ូលិស​ ក្រោយពី​ប៉ូលិស​ស្បែក​ស​ម្នាក់​បាន​យក​ជង្គង់​សង្កត់​ក​លោក​ជាង​៨​នាទី។​

ក៏​ប៉ុន្តែ​ក្នុង​ពេល​ច្រើន​យប់​ចាប់​តាំង​ពី​ការ​ស្លាប់​លោក​ Floyd មក​ បាតុកម្ម​មាន​ភាព​ខុស​ប្លែក​ពី​បាតុកម្ម​ដោយ​សន្តិវិធី​គឺ​មាន​ការ​បំផ្លិច​បំផ្លាញការ​ដុត​ឱ្យ​មាន​អគ្គិភ័យ​ ការ​បំផ្លាញ​របស់​របរ​ និង​ការ​ប៉ះ​ទង្គិច​ជា​មួយ​ពួក​ប៉ូលិស​ផង​ដែរ។​ ដោយ​ឡែក​មាន​ឧប្បត្តិហេតុ​ការ​បាញ់​ប៉ូលិស​ទៀត​ផង។ ​ពួក​បាតុករ​បាន​បន្ទោស​ពួក​ប៉ូលិស​ថា ​ប្រើ​កលយុទ្ធ​ខ្លាំង​ជ្រុល​ហើយ​ថា ​ពួក​គេ​ការពារ​ខ្លួន​ឯង។​

តើ​នរណា​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​ទាំង​នេះ?​

លោក​ប្រធានាធិបតី​ Donald Trump​ និង​ពួក​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​របស់​លោក​បាន​ចោទ​ប្រកាន់​ពួក​អ្នក​ញុះញង់ ​«ឆ្វេង​និយម​ជ្រុល» ​ថា​បាន​បណ្តាល​ឱ្យ​មាន​ការច្របូក​ច្របល់​វក់វី​ទាំង​នេះ។​ លោក ​Bill Barr រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិកាំង​ បាន​ចោទ​ប្រកាន់​ «ពួក​ឆ្វេង​និយម​ជ្រុល»​ដោយ​មាន​រួម​បញ្ចូល​ពួក​ Antifa ​ដែល​ជា​បណ្តាញ​មួយ​នៃ​ពួក​ឆ្វេង​និយម​ជ្រុល​ស្វយ័ត​ដែល​ចូល​ចិត្ត​ការ​ប្រទាំង​ប្រទើស។​

ស្ត្រី​ម្នាក់​កាន់​បដា​ដែល​និយាយ​សំដៅ​ដល់​ក្រុម Antifa នៅ​ពេល​ធ្វើ​បាតុកម្ម​ទាក់ទង​នឹង​ការ​ស្លាប់​របស់​លោក George Floyd នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់​កាន់​បដា​ដែល​និយាយ​សំដៅ​ដល់​ក្រុម Antifa នៅ​ពេល​ធ្វើ​បាតុកម្ម​ទាក់ទង​នឹង​ការ​ស្លាប់​របស់​លោក George Floyd នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

ពួក​អភិបាល​រដ្ឋ​ខ្លះ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​បន្ទោស​ពួក​ស្តាំ​និយម​ជ្រុល​ដោយ​គូស​បញ្ជាក់​អំពី​សេចក្តី​ប្រកាស​មួយ​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​ Twitter ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​មិថុនា​ដែល​ថា ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​បាន​ផ្អាក​គណនី​មួយ​ដែល​មាន​ការ​ទាក់​ទិន​ជា​មួយ​ក្រុម​ជាតិ​និយម​ស្បែក​ស​មួយ​មាន​ឈ្មោះ​ Identity Evropa ​ដែល​បាន​ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា។​

គណនី​នេះ​បាន​ត្រូវ​បង្កើត​ឡើង​តាមរយៈ​ទំព័រ​គណនី​ Antifa ​ក្លែង​ក្លាយ​ហើយ​មាន​ភ្ជាប់​ជា​មួយ​គណនី​ក្លែង​ក្លាយ​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​ប្រកប​ដោយ​ការ​បង្ក​រឿង​ ដោយ​ចោទ​ប្រកាន់​អាជ្ញាធរ​ និង​ក្រុមហ៊ុន ​អ៊ីនធឺណិត​ថា រឹតត្បិត​ព័ត៌មាន​អំពី​បាតុកម្ម។​ ក្រុម​ហ៊ុន ​Facebook ​ក៏​បាន​ប្រកាស​ក្នុង​សប្តាហ៍​ទីមួយ​នៃ​ខែ​មិថុនា​ថា​ ​ខ្លួន​បាន​ព្យួរ​គណនី​មួយ​ចំនួន​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​ជាតិ​និយម​ស្បែក​សក្រោយ​គណនី​ទាំង​នេះ​បាន​អំពាវ​នាវ​ឱ្យ​ប្រជារាស្ត្រ​យក​អាវុធ​ទៅ​ជាមួយ​នៅ​ពេល​ធ្វើ​បាតុកម្ម​ក្នុង​ស.រ.អា.។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ ​មាន​ពួក​សមាជិក​នៃ​អ្វី​ដែល​ហៅ​ថា​ ចលនា ​Boogaloo ​ដែល​ជា​ក្រុម​រួម​គ្នា​គ្មាន​រូបរាង​ច្បាស់​លាស់​នៃ​ពួក​ស្តាំ​និយម​ជ្រុល​ និង​ពួក​ឆ្វេង​និយម​ជ្រុល។​ ដោយ​ពាក់​អាវ​និមិត្ត​រូប​រដ្ឋ​ហាវ៉ៃ​ ពួក​សមាជិក​នៃ​ចលនា​នេះ​មាន​សកម្ម​ភាព​នៅ​ក្នុង​បាតុកម្ម​ក្នុង​រដ្ឋ​ខ្លះ​ដូច​ជា​នៅ​ក្នុង​រដ្ឋ​ Minnesota រដ្ឋ Texas ​និង​រដ្ឋ​ Pennsylvania។ ​ពួក​សមាជិក​ខ្លះ​នៃ​ចលនា​ Boogaloo​ ក៏​ជា​សមាជិក​នៃ​ចលនា​ធំ​មួយ​របស់​ពួក​ស្បែក​ស​ដែល​យល់​ថាពួក​គេ​មាន​ឧត្តមភាព។​ ពួក​នេះ​មាន​ឈ្មោះ​ថាពួក ​accelerationists​ ដែល​ចង់​ឲ្យ​មាន​ចលាចល​ស៊ីវិល​ហើយ​ចង់​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់​ខាង​នយោបាយ​ប្រកប​ដោយ​អំពើ​ឃោរឃៅ​ដោយ​សង្ឃឹម​ថា ទីបញ្ចប់​ការ​បែក​បាក់​នេះ​នឹង​បំផ្លាញ​សណ្តាប់ធ្នាប់​នយោបាយ​បច្ចុប្បន្ន​របស់​ប្រទេស​អាមេរិក។​

មនុស្សម្នា​រួម​ទាំង​សមាជិក​ចលនា boogaloo ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បិទ​អាជីវកម្ម​ ដោយសារ​ក្តីបារម្ភអំពី​ជំងឺ​កូវីដ១៩ នៅ​អគារ State House ក្នុង​ក្រុង Concord កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។
មនុស្សម្នា​រួម​ទាំង​សមាជិក​ចលនា boogaloo ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បិទ​អាជីវកម្ម​ ដោយសារ​ក្តីបារម្ភអំពី​ជំងឺ​កូវីដ១៩ នៅ​អគារ State House ក្នុង​ក្រុង Concord កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

អង្គការ​ Counter Extremism Project ​ជា​អង្គការ​ខាង​គោល​នយោបាយ​អន្តរជាតិ​មួយ​ដែល​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​តាម​ឃ្លាំ​មើល​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម។​ ពួក​អ្នក​ស្រាវ​ជ្រាវ​របស់​អង្គការ​នេះ​និយាយ​ថាពួក​ស្បែក​ស​ដែល​យល់​ថាពួក​គេ​មាន​ឧត្តមភាព​និង​ពួក ​Nazis ​ថ្មីបាន​បង្ក​ភាព​ច្របូក​ច្របល់​វក់វីកាល​ពី​សប្តាហ៍​ទី​បួន​នៃ​ខែ​ឧសភា​នៅ​តាម​ដង​ផ្លូវ។ ​ក្នុង​ តេឡេក្រាម​របស់​ពួក​ Nazis ​ថ្មី​ដែល​ជា​ក្រុម​ឃោរឃៅ​ហើយ​ដែល​មាន​អ្នក​ដើរ​តាម​៥​ពាន់៥រយ​នាក់​នោះ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ទទួល​ការ​ណែនាំ​ថា​ បាតុកម្ម​ធំ​ជា​ឱកាស​ល្អ​សម្រាប់​ធ្វើ​ឃាតកម្ម។ ​អង្គការ​ Counter Extremism Project ​ ឲ្យ​ដឹង​ថា​ តេឡេក្រាម​មួយ​ទៀត​បាន​និយាយ​ថា​ «ដល់​ពេល​ធ្វើ​ការ​វាយ​ប្រហារ​វិហារ​ synagogues ​របស់​ពួក​ជ្វីប​ហើយ ព្រោះ​ពួក​អ្នក​ពង្រឹង​ច្បាប់​កំពុង​ជាប់​ដៃ​ទប់ទល់​ជា​មួយ​ចលាចល​ស៊ីវិល​បះបោរ»។

ក៏​ប៉ុន្តែ​គេ​ដឹង​មិន​ច្បាស់​លាស់​ទេ​ថា​ តើ​ពួក​ឆ្វេង​និយម​ជ្រុល​ ឬ​ពួក​ស្តាំ​និយម​ជ្រុល​នេះ​អាច​បង្កើត​ឱ្យ​មាន​អំពើ​ហិង្សា​ដល់​កម្រិត​ណា។​

លោក​ John Miller​ ជា​ស្នងការ​រង​ប៉ូលិស​ស៊ើបការណ៍​សម្ងាត់​និង​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​បូរី ញូវយ៉ក។ ​លោក​មាន​ជំនឿ​ថា​ ពួក​អនាធិបតេយ្យ​ និង​ពួក​ឆ្វេង​និយម​ជ្រុល​បាន​បញ្ឆេះ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​របស់​លោក។​ លោក​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា៖​ «នៅ​មុន​មាន​បាតុកម្ម​ទាំង​នេះ​ ពួក​អ្នក​រៀបចំ​ក្រុម​អនាធិបតេយ្យ​ខ្លះ​បាន​អង្គាស​ប្រាក់​សម្រាប់​ការ​បង់​ធានា​នៅ​ក្រៅ​ឃុំហើយ​ពួក​ជន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អង្គាស​ប្រាក់​នេះ​ក៏​រៀបចំ​ក្រុម​គ្រូពេទ្យ​ និង​ពួក​វេជ្ជសាស្ត្រ​ដាក់​ពង្រាយ​ត្រៀម​សម្រាប់​ពេល​មាន​ការ​ប៉ះ​ទង្គិច​ជា​មួយ​ពួក​ប៉ូលិស»។​

លោក ​John Miller ​បាន​និយាយ​បន្ថែម​ថា៖​ «ពួកគេ​បាន​ប្រុង​ប្រៀប​ធ្វើ​ឱ្យ​មាន​ការ​ខូចខាត​អគារ​ហើយ​បាន​ណែនាំ​ពួក​ជន​ដើរ​តាម​ពួក​គេ​ថា ​ការ​បំផ្លិច​បំផ្លាញ​ទាំង​នេះ​ត្រូវ​មាន​មាន​ការ​ជ្រើស​រើស​ ហើយ​ត្រូវ​ធ្វើ​តែ​នៅ​ក្នុង​តំបន់​របស់​ពួក​អ្នក​មាន​ ឬ​នៅ​ក្នុង​ហាង​លក់​ឥវ៉ាន់​ប្រណិតៗ​របស់​ក្រុម​ហ៊ុន​ធំៗ»។​

មនុស្ស​ម្នាក់​ក្នុង​បណ្តា​ពួក​ជន​៧​នាក់​ ដែល​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​បូរី​ញូវយ៉ក​ពី​បទ​ប្រព្រឹត្ត​បទ​ល្មើស​បំផ្លាញ​សណ្តាប់ធ្នាប់​សាធារណៈ​នោះ​មក​ពី​ក្រៅ​បូរី​ញូវយ៉ក ​ដែល​ពួក​មន្ត្រី​និយាយ​ថា​ នាំ​ឱ្យ​មាន​ការ​សង្ស័យ។​

ពួក​មន្ត្រី​ខាង​ពង្រឹង​ច្បាប់​នៅ​ក្នុង​រដ្ឋ​ និង​ទី​ក្រុង​មួយ​ចំនួន​ដែល​ VOA ​ទាក់​ទង​បាន​និយាយ​ថា​ ពួក​គេ​មាន​ជំនឿ​ថា ពួក​បាតុករ​មក​ពី​រដ្ឋ​ផ្សេង​បាន​បង្កប់​ខ្លួន​ក្នុង​ហ្វូង​បាតុករ​អហិង្សា​ក្នុង​សហគមន៍​ក្នុង​មូល​ដ្ឋាន។​ ក៏​ប៉ុន្តែ​ពួក​មន្ត្រី​ទាំង​នេះ​ទទួល​ស្គាល់​ថាពួក​គេ​នៅ​តែ​ខិត​ខំ​វាយ​តម្លៃ​ថា​ តើ​ពួក​អ្នក​ញុះញង់​ទាំង​នោះ​អាច​បង្កើត​ហេតុការណ៍​កម្រិត​ណា​នៅ​តាម​ដង​ផ្លូវ។​ មន្ត្រី​ខ្លះ​និយាយ​ថា​ពួក​នេះ​មិន​ត្រូវ​ការ​ពេល​ច្រើន​ទេ​ក្នុង​ការ​បញ្ឆេះ​មហា​អគ្គិភ័យ ​និងជំរុញ​ឱ្យ​ហ្វូង​មនុស្ស​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ។​

ពួក​អ្នក​វិភាគ​និង​ពួក​អ្នក​ស្រាវ​ជ្រាវ​ដែល​តាមដាន​ក្រុមជ្រុល​និយម​និយាយ​ថា​ ពួក​គេ​មានការ​សង្ស័យ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​ថា​ ពួកជ្រុល​និយម​មិន​មាន​ទាក់​ទិន​នៅ​ក្នុង​ចលាចល​ធំៗ​និង​បាតុកម្ម​ប្រកប​ដោយ​កំហឹង​នោះ។​ លោក ​Brian Levin ​ជា​សាស្ត្រចារ្យ​ខាង​យុត្តិធម៌​ ឧក្រិដ្ឋកម្ម​នៅ​ឯ​សាកល​វិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ San Bernardino ​និង​ជា​នាយក​នៃ​មជ្ឈមណ្ឌល​ខាង​ការ​សិក្សា​អំពី​ភាព​ស្អប់ និង​ភាព​ជ្រុល​និយម។​ លោក​បាន​និយាយ​ប្រាប់ VOA ​ថា៖​ «គេ​ត្រូវ​ការ​ពេល​ដើម្បី​រក​ឱ្យ​ឃើញ​ថា​ តើ​បណ្តាញ​ពួក​ជ្រុល​និយម​មាន​ការ​ទាក់​ទិន ​ឬ​គ្មាន​ការ​ទាក់​ទិន​នឹង​បាតុកម្ម​ហិង្សា​ទាំង​នេះ»។​

លោក ​Brian Levin ​បាន​ថ្លែង​បន្ថែម​ថា៖​ «មនុស្ស​ខ្លះ​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ហាក់​ដូច​ជា​មាន​ការ​ទាក់​ទិន​ជាមួយ​ពួក​ឆ្វេង​និយម​ជ្រុល​ ក៏​ប៉ុន្តែ​ពួក​ជន​ខ្លះ​ទៀតហាក់​ដូច​ជា​មក​ពី​ក្រុម​ស្តាំ​និយម​ជ្រុល។​ ជន​ខ្លះ​ក្នុង​បណ្តា​ពួក​មនុស្ស​ទាំង​នេះ​គ្រាន់​តែ​ជា​ពួក​មនុស្ស​បំផុស​បំផុល​ជំរុញ​ទឹក​ចិត្ត​ ឬ​ជា​ពួក​ឱកាស​និយម​ហើយ​មិន​មែន​ជា​ពួក​មាន​មនោគមវិជ្ជា​អ្វី​ទេ។​ អ្នក​ឯ​ទៀត​ជា​ពួក​មនុស្ស​មាន​ឥទ្ធិពល​ និង​មាន​លក្ខណៈសម្បត្តិ​មិន​ប្រាកដ​ប្រជា។​ ការ​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នារវាង​ពួក​បាតុករ​ទាំង​នេះ​គឺ​ជា​ការ​ពិបាក។​

លោក ​Brian Levin​ នៃ​សាកល​វិទ្យាល័យ​រដ្ឋ​កាលីហ្វ័រញ៉ា​នៅ​ San Bernardino ​បាន​ពោល​បន្ថែម​ថា៖​ «ក៏​ប៉ុន្តែ​ទិដ្ឋភាព​ខាង​សង្គម​និង​ខាង​នយោបាយ​របស់​យើង​មាន​ការបែក​បាក់​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​អាមេរិក​នៅ​ពេល​នេះ។ ហើយ​នៅ​ពេល​ដែល​ស្ថាប័ន​កំពុង​មាន​បញ្ហា​ស្រាប់ ដូចជា​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ និង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​ជិត​មក​ដល់ ​នោះ ​ខ្ញុំ​យល់​ថា​យើង​ត្រូវ​តែ​វាយ​តម្លៃ​ជា​ថ្មី​អំពី​វិធានការ​ផ្អែក​លើ​ការ​ស៊ើប​ការណ៍​សម្ងាត់​ស្តី​ការ​គំរាម​កំហែង​ក្នុង​ប្រទេស​និង​ពី​ក្រៅ​ប្រទេស។ ​អាច​មាន​ការ​ជ្រើសរើស​ពួក​ជន​ជ្រុល​និយម​ច្រើន​នាក់​ផង​ដែរ»៕​

ប្រែសម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG