កាលពីឆ្នាំ១៩៨០ ដោយសារតែសង្គ្រាម លោក Debesai Neguse បានរត់ភៀសខ្លួនពីប្រទេសអេរីត្រេ នៃទី្វបអាហ្រ្វិកមកកាន់សហរដ្ឋអាមេរិក។ មួយឆ្នាំក្រោយមក ភរិយារបស់លោកឈ្មោះ Azeib បានមកដល់សហរដ្ឋអាមេរិក ហើយពួកគេទាំងពីរនាក់បានកសាងជីវិតថ្មីនៅលើទឹកដីនេះ ដែលស្ថិតនៅចម្ងាយ១២,០០០គីឡូម៉ែត្រ ពីប្រទេសកំណើតរបស់ពួកគេ។
នៅពេលដែលពួកគេបានចាកចេញពីប្រទេសកំណើត ដែលស្ថិតនៅភាគខាងកើតទ្វីបអាហ្រ្វិក ប្រទេស អេរីត្រេ កំពុងឆ្លងកាត់សង្គ្រាមដ៏រុំារៃ ដើម្បីទាមទារសន្តិភាពពីប្រទេស អេត្យូពី ដែលបានឈ្លានពានប្រទេសនេះ។ ជម្លោះនេះ បានសម្លាប់មនុស្សរាប់សែននាក់ បំផ្លាញសេដ្ឋកិច្ច និងបណ្តាលឲ្យប្រទេសនេះមិនមានស្ថិរភាពនឹងនរ រហូតដល់ពាក់កណ្តាលឆ្នាំ២០១៧ ទើបកិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានផ្តួចផ្តើមឡើង។
កាលពីថ្ងៃអង្គារកន្លងទៅនេះ លោក Debesia និងអ្នកស្រី Azeib បានអបអរសាទរសមិទ្ធផលដ៏ធំមួយក្នុងគ្រួសារ នៅពេលដែលកូនប្រុសម្នាក់របស់អតីតជនភៀសខ្លួន អេរីត្រេ ទាំងពីរនាក់នេះ ឈ្មោះ Joe Neguse បានឈ្នះការបោះឆ្នោតជាប់ជាសមាជិករដ្ឋសភាអាមេរិកស្បែកខ្មៅដំបូងគេម្នាក់មកពីរដ្ឋ Colorado ហើយបានក្លាយជាសមាជិករដ្ឋសភាអាមេរិកដើមកំណើត អេរីត្រេ ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
លោក Joe Neguse អាយុ៣៤ឆ្នាំ បានយកឈ្នះលោក Peter Yu ដែលជាបេក្ខជនឈរឈ្មោះលើកដំបូងមកពីគណបក្សសាធារណរដ្ឋ ដោយទទួលបានសំឡេងឆ្នោតគាំទ្រ៦០ភាគរយនៃចំនួនសន្លឹកឆ្នោតសរុប។ លោក Joe បានលើកឡើងថា ពេលធំដឹងក្តី ឪពុកម្តាយរបស់លោកបានបង្រៀនលោកអំពីសារៈសំខាន់នៃការតស៊ូ សច្ចធម៌ និងយុត្តិធម៌។ ហើយតម្លៃទាំងអស់នេះ បានលើកទឹកចិត្តឲ្យលោកចូលបម្រើនយោបាយ។
លោក Joe Neguse បានថ្លែងនៅពេលលោកទទួលបានជ័យជម្នះពីការបោះឆ្នោតថា៖ «អស់រយៈពេលជាង៣៥ឆ្នាំមកនេះ ឪពុកម្តាយខ្ញុំ បានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក ពីប្រទេសដ៏តូចមួយនៅភាគខាងកើតនៃទ្វីបអាហ្វ្រិក ហើយបានក្លាយជាជនអន្តោប្រវេសន៍ នៅលើទឹកដីអាមេរិកដែលបានស្វាគមន៍ពួកគាត់ដោយក្តីរីករាយ និងបានផ្តល់ឱកាសជាច្រើនដល់ពួកគាត់ទាំងពីរ»។
កាលពីឆ្នាំ២០១៤ លោក Joe Neguse បានឈរឈ្មោះជាបេក្ខជនមន្ត្រីជាន់ខ្ពស់ប្រចាំរដ្ឋ Colorado តែមិនបានជាប់ឆ្នោត។ លោកបានលើកឡើងនៅពេលនោះថា រឿងរ៉ាវរបស់ឪពុកម្តាយលោក បានជំរុញឲ្យលោកប្រឡូកក្នុងនយោបាយ។
លោកបានលើកឡើងនៅក្នុងវីដេអូឃោសនាបោះឆ្នោតថា៖ «វាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ។ ការណ៍ដែលខ្ញុំសម្រេចចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតនេះ គឺដោយសារតែដំណើរជីវិតតស៊ូរបស់ឪពុកម្តាយខ្ញុំ បទពិសោធន៍របស់ពួកគាត់ ហើយតម្លៃនៃសិទ្ធិបោះឆ្នោតដែលពួកគាត់បានបំផុសក្នុងចិត្តខ្ញុំ»។
លោក Joe Neguse បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ បានឈរឈ្មោះជាបេក្ខជនសមាជិករដ្ឋសភាអាមេរិកប្រចាំសង្កាត់ទី២ នៃរដ្ឋ Colorado។ ក្រោយពីទទួលបានជ័យជម្នះពីការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារកន្លងទៅ លោកនឹងតំណាងឲ្យពលរដ្ឋចំនួន៧២០,០០០នាក់ ដែលរស់នៅក្នុងសង្កាត់នេះ និងដែលមានដើមកំណើតមកពីប្រទេសចម្រុះចំនួន១០។ លោកនឹងកាន់តំណែងជំនួសលោក Jared Polis ដែលបានបម្រើជាសមាជិករដ្ឋសភាប្រចាំសង្កាត់នេះអស់រយៈពេលជិតមួយទសវត្ស។ លោក Jared Polis នឹងក្លាយជាអភិបាលរដ្ឋវិញ។ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត លោក Joe Neguse បានរៃអង្គាសប្រាក់ចំនួន១លាន២សែនដុល្លារអាមេរិក ច្រើនជាងដៃគូប្រជែងរបស់លោក គឺលោក Peter Yu ដែលមានចំនួនតែ៦៦,០០០ដុល្លារ។
លោក Joe បានថ្លែងនៅក្នុងវីដេអូឃោសនារកសំឡេងឆ្នោតថា៖ «ខ្ញុំមិនមែនជាបេក្ខជនធម្មតាទេ។ ខ្ញុំជាកូនរបស់ជនអន្តោប្រវេសន៍ ជាកូនរបស់ជនភៀសខ្លួន ដែលបានមករស់នៅក្នុងប្រទេសនេះ។ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងគឺជាប្រទេសជាតិមួយ ដែលឲ្យតម្លៃលើការយោគយល់ និងសេចក្តីមេត្តាធម៌ ដល់មនុស្សគ្រប់រូប ដែលបានមករស់នៅសហរដ្ឋអាមេរិក ដើម្បីកសាងជីវិតថ្មីគេចផុតពីទុក្ខលំបាកដែលពួកគេបានជួបប្រទះ»។
ស្ថានទូតអាមេរិកប្រចាំទីក្រុង Asmara ប្រទេស អេរីត្រេ បានអបអរសាទរលោក Joe Neguse តាមហ្វេសប៊ុកកាលពីថ្ងៃពុធ ដោយលើកឡើងថា៖ «លោក Joe Neguse បានជ្រើសតាំងជាសមាជិករដ្ឋសភាអាមេរិកប្រចាំសង្កាត់ទី២នៃរដ្ឋ Colorado។ លោកនឹងតំណាងឲ្យភាពចម្រុះពូជសាសន៍របស់អាមេរិក និងតំណាងឲ្យចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ»។
ជ័យជម្នះរបស់លោក Joe Neguse ក៏នឹងធ្វើឲ្យលោកក្លាយជាសមាជិកដ៏វ័យក្មេងម្នាក់នៅក្នុងរដ្ឋសភាអាមេរិកអាណត្តិទី១១៦ផងដែរ។ ថ្មីៗនេះ លោកបានក្លាយជាឪពុកលើកដំបូង នៅពេលដែលភរិយារបស់លោកគឺអ្នកស្រី Adrea បានកើតកូនស្រី ឈ្មោះ Natalie។ នៅខែមករា នៅពេលលោកចូលបម្រើការងារនៅរដ្ឋសភាអាមេរិក លោក Joe Neguse ថា លោកនឹងលើកកម្ពស់ភាពចម្រុះពូជសាសន៍ និងភាពស្មើគ្នា។
ថ្លែងក្រោយពេលលោកទទួលបានជ័យជម្នះនៃការបោះឆ្នោត លោក Joe Neguse បានលើកឡើងថា៖ «ទោះបីជាការឃោសនារកសំឡេងឆ្នោតរបស់យើងបានបញ្ចប់មែន តែការងារពិតប្រាកដរបស់យើងទើបតែចាប់ផ្តើមទេ។ យើងកំពុងរស់នៅក្នុងស្ថានភាពមួយ ដែលតម្រូវឲ្យយើងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីប្រឆាំងនឹងអំពើផ្តាច់ការ និងនយោបាយពិសពុល ដែលជាបញ្ហាមួយកំពុងកើតឡើងជាញឹកញាប់នាពេលបច្ចុប្បន្ននេះ»៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត